ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​វិភាគ​រំពឹង​ថា កម្ពុជា​និង​អាស៊ាន អាច​ទាញ​ផល​ចំណេញ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក អូបាម៉ា ទៅ​កាន់​ប្រទេស​វៀតណាម

  • ហ៊ាន សុជាតា

រូបឯកសារ៖ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា (ស្តាំ)​ជួបប្រជុំ​ជាមួយ ​លោក​អគ្គលេខាធិការ​គណបក្ស​កុម្មុយនិស្ត​វៀតណាមNguyen Phu Trong នៅក្នុង​ការិយាល័យ​រាង​ពងក្រពើ​ក្នុង​សេតវិមាន នៅថ្ងៃ​ទី ០៧ ខែ កក្កដា ឆ្នាំ២០១៥ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (AP Photo/Evan Vucci)

សហ​រដ្ឋ​អាមេរិក​ ​និង​ប្រទេស​វៀតណាម​ ​បាន​ផ្ដើម​​​​ចំណង​ការ​ទូត​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៥០​ ​ក៏​ប៉ុន្តែ​ចំណង​ការទូត​នេះ​ ​មាន​ភាព​រកាំរកូស​ពេល​មាន​សង្គ្រាម​ត្រជាក់​រវាង​ប្លុក​សេរី​នឹង​ ​កុម្មុយនិស្ត​ ​និង​សង្គ្រាម​រវាង​អាមេរិក​និង​វៀតណាម​នា​អំឡុង​​ ទសវត្សរ៍​៦០​និង​​៧០។​

ស្រប​ពេល​ដែល​មេ​ដឹក​នាំ​កំពូល​នៃ​មហា​អំណាច​អាមេរិក គឺ​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​សម្រាប់​រយៈពេល​ពីរ​ថ្ងៃ​កន្លះ​នៅ​ដើម​សប្ដាហ៍​ក្រោយ ​ ​អ្នកវិភាគ​និង​អ្នក​នយោបាយ​កម្ពុជា​ ​មើល​ឃើញ​ពី​ផល​ចំណេញ​និង​ការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្មបន្ថែម​ទៀត​រវាង​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​និង​មហា​អំណាច​លោក​ខាង​លិច។

​ដោយ​ឡែក​ពួក​គេ ​ក៏​រំពឹង​ថា​ ប្រទេស​កម្ពុជា ​ក៏​នឹង​អាច​ទទួល​ផល​ចំណេញ​ ដោយ​ប្រយោល​ផង​ដែរ។

​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់លោក​ប្រធានាធិបតី​ ​អូបាម៉ា​ ​ក្នុង​ប្រទេស​កុម្មុយនិស្តវៀតណាម​នេះ​ ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​បង្អស់​របស់​លោក​ក្នុង​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ក្រោយ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ ​កំពុងតែ​អនុវត្ត​គោល​នយោបាយ​ការបរទេស​មួយ​របស់​ខ្លួន​ដែល​គេ​ស្គាល់​ថា​ជា ​«ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច​ឡើង​វិញ​ទៅ​កាន់​តំបន់​អាស៊ី​‍» ឬ​ជា​ភាសា​អង់គ្លេស​ថា​ "The U.S. Rebalance to Asia” ។

​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ ​សេតវិមាន​ដែល​ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ ​ឲ្យ​ដឹង​ថា​ ការ​ពង្រឹង​ពាណិជ្ជ​កម្ម​ទ្វេភាគី​ ​សន្តិសុខ​និង​សិទ្ធិ​មនុស្ស​ ​គឺ​ជា​របៀប​វីរ​សំខាន់ៗ​ដែល​នឹង​លើក​យក​ទៅ​ពិភាក្សា​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ។​

​យ៉ាង​ណា​ក៏​ដោយ​ ​លោក ​ផៃ ​ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី បាន​ប្រាប់​ VOA​ ថា​ ​ដំណើរ​ទស្សនកិច្ច​របស់លោក​ អូបាម៉ា​ នេះ​ គឺ​ជា​ជោគជ័យ​មួយ​នៃ​គោល​នយោបាយ​ការបរទេស​របស់អាស៊ាន​ ​ដែល​កម្ពុជា​ក៏​ធ្លាប់​ជា​ប្រធាន​ផង​នោះ។

ក៏ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នេះ​យល់​ថា​អាស៊ាន​១០​ប្រទេស​ ​គ្រាន់​តែ​ចាត់​ទុក​ប្រទេស​មហាអំណាច ​ជា​ដៃ​គូ​ប៉ុណ្ណោះ​ មិន​មែន​ជា​សម្ព័ន្ធ​មិត្ត​ឡើយ។​

«សម័យ​កាល​ឥឡូវ​ហ្នឹង​ត្រូវ​តែ​ដើរ​ចេញ​ពី​ភូមិសាស្ត្រ​នយោបាយ​ ហើយ​ប្រែ​ពី​សម្ព័ន្ធមិត្ត​ មក​ជា​សហការ​ដើម្បី​កំណើន​សេដ្ឋកិច្ច​។ ចំណុច​ទី​២​ ខ្ញុំ​ឃើញ​ថា​ ជា​ការ​វិល​ត្រលប់​របស់​សហរដ្ឋ​អាមេរិក​មក​កាន់​វៀតណាម​ដែល​ធ្លាប់​ជា​សត្រូវ​សូរ​ពូជ​ គឺ​ជា​ការ​ផ្សះផ្សា​ដំបៅ​ចាស់។​ ទី៣​ ហាក់​ដូច​ជា​មាន​គោល​ដៅ​ភូមិសាស្ត្រ​នយោបាយ​ច្រើន​ ដែល​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​វៀតណាម​ មិន​ទាន់​អាច​ឆ្លើយ​តប​ទៅ​នឹង​បំណង​របស់​អាមេរិក​ទេ»។​

លោក​ ​ផៃ ​ស៊ីផាន​ ​ដែល​មានសញ្ជាតិ​អាមេរិក​ផង​នោះ​ បាន​លើក​ឡើង​ថា ​ទស្សនកិច្ច​របស់​ប្រធានាធិបតីអាមេរិក​ ​គឺ​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ និង​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់​ ​ដែល​កម្ពុជា​បាន​ដើរ​មួយ​ជំហាន​ផុត​អ្វី​ ​ដែល​សហរដ្ឋ​អាមេរិក​ចង់​ឃើញ​នៅ​ក្នុង​ប្រទេស​ដទៃ​រួច​ទៅ​ហើយ។​

លោក​ក៏​បង្ហាញ​ជំហរ​មិន​គាំ​ទ្រ​ ​ចំពោះ​គម្រោង​ដែល​ថា​អាមេរិក​នឹង​ពិភាក្សា​ជាមួយ​ប្រទេស​វៀតណាម​អំពី​ការ​ពង្រឹង​សមត្ថភាព​យោធា​នៃ​ប្រទេស​វៀតណាម។​

«ហើយ​យើង​លឺ​ព័ត៌មាន​ថា​ នឹង​អនុញ្ញាត​ឲ្យ​វៀតណាម​អា​ច​ពង្រឹងសមត្ថភាព​ខាង​ផ្លូវ​អាវុធ​ធ្វើសង្គ្រាម។ កម្ពុជា​យើង​អត់​ត្រូវ​ការ​អាវុធ​ យុទ្ធភណ្ឌ​ទេ​ ព្រោះ​យើង​ចង់​ឲ្យ​ពិភព​លោក​មាន​សន្តិភាព។ ដូច្នេះ​ការ​ពង្រឹង​សមត្ថភាព​វៀតណាម​ឲ្យ​មាន​អាវុធ​ កម្ពុជា​អត់​ត្រូវ​ការ​ទេ​ អត់​គាំទ្រ​ទេ»។​

​ក៏ប៉ុន្តែ​សម្រាប់​លោក ​សុន ឆៃ​ ប្រធាន​ក្រុម​អភិបាល​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ ​យល់​ថា​កម្ពុជា​មិន​អាច​ទទួល​បាន​ផល​ចំណេញចេញ​ពី​ដំណើរ​ទស្សនកិច្ច​មួយ​នេះ​ទេ​ ​ដោយ​ហេតុ​ថា​ទស្សនកិច្ច​មួយ​នេះ ​ធ្វើ​ឡើង​ ​ដោយ​ចំពោះ​តែ​ប្រទេស​វៀតណាម​ប៉ុណ្ណោះ។​

«ដែល​វៀតណាម​ប្រកាស​ថា​ ប្រទេស​ចិន​ឈ្លានពាន​ ហាក់​ដូចជា​មាន​ការ​ឈ្លាន​ពាន​មក​លើ​ប្រជុំ​កោះ​របស់​គេ​ ហើយ​គេ​ត្រូវ​ការ​ពឹង​ពាក់​សហរដ្ឋ​អាមេរិក​ឲ្យ​ជួយក្នុង​ការ​ធានា​អធិបតេយ្យភាព​របស់​គេ។ ហើយ​វិស័យ​ពាណិជ្ជកម្ម​ ដែល​វៀតណាម​ជា​អ្នក​ផ្ដួចផ្ដើម​ជាមួយ​អាមេរិក​ដែរ​ នៅ​ក្នុង​ទីផ្សារអាស៊ី​ប៉ាស៊ីហ្វិក​ ដែល​ខ្មែរ​មិន​មែន​ជា​សមាជិក​នោះ​ទេ»។​

សហ​រដ្ឋ​អាមេរិក​ ​និង​ប្រទេស​វៀតណាម​ ​បាន​ផ្ដើមចំណង​ការ​ទូត​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៥០​ ​ក៏​ប៉ុន្តែ​ចំណង​ការទូត​នេះ​ ​មាន​ភាព​រកាំរកូស​ពេល​មាន​សង្គ្រាម​ត្រជាក់​រវាង​ប្លុក​សេរី​នឹង​ ​កុម្មុយនិស្ត​ ​និង​សង្គ្រាម​រវាង​អាមេរិក​និង​វៀតណាម​នា​អំឡុង ទសវត្សរ៍​៦០​និង៧០។​

លោក​ប្រធានាធិបតី​ ​បារ៉ាក់ អូបាម៉ា​ ​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ សហរដ្ឋអាមេរិក​ទី​បី​ ដែល​បាន​ធ្វើ​ទស្សនកិច្ច​ទៅប្រទេស​កុម្មុយនិស្ត​មួយ​នេះ​ ​បន្ទាប់​ពី​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ​Bill Clinton ​និង​លោក​ ​George W. Bush ។

លោក​ ​គង់ ភោគ​ ​ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​ស្រាវជ្រាវ​ផ្នែក​យុទ្ធសាស្ត្រ​ក្នុង​ប្រទេស​កម្ពុជា​ លើក​ឡើង​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក អូបាម៉ា​លើក​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​ការ​បរទេស​ ​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច​ឡើង​វិញ​ទៅ​កាន់​តំបន់​អាស៊ី​ ​ដើម្បី​ពង្រឹង​ចំណង​ទំនាក់​ទំនង​អាមេរិក​ជាមួយ​ប្រទេស​ក្នុង​តំបន់។

លោក​យល់​ថា​ពាណិជ្ជកម្ម​ គឺ​ជា​កិច្ច​ពិភាក្សា​សំខាន់​ចំពោះ​ទស្សនកិច្ច​លើក​នេះ​ ​ហើយ​កម្ពុជា​ ​ក៏​ដូចជា​សមាជិក​អាស៊ាន​ដទៃ​ទៀត ក៏​អាច​ទាញ​យក​ប្រយោជន៍​ពី​ជំនួប​នេះ​ផង​ដែរ។ ក៏​ប៉ុន្តែ​វា​ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម​ឲ្យ​បាន​ទូលំ​ទូលាយ​បន្ថែម​ទៀត។

«អញ្ចឹង​ការ​ធ្វើ​ដំណើរ​របស់​គាត់​ហ្នឹង​ គឺ​ជា​ការ​បញ្ជាក់​បន្ថែម​ថា​ អាមេរិក​នឹង​មាន​វត្តមាន​បន្ត​នៅ​ក្នុង​តំបន់​កាន់​តែ​ខ្លាំង។ យើង​ដឹង​ថា​បច្ចុប្បន្ន​ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ គឺ​ជា​មជ្ឈ​មណ្ឌល​សេដ្ឋកិច្ច​ដែល​ទ្រទ្រង់​ដល់​សេដ្ឋ​កិច្ច​ពិភព​លោក។ អញ្ចឹង​គ្រប់​ប្រទេស​លើ​ពិភព​លោក​សុទ្ធតែ​មាន​ចំណាប់​អារម្មណ៍​មក​លើ​បណ្ដា​ប្រទេស​ក្នុង​តំបន់។ មិន​ត្រឹម​តែ​មហា​អំណាច​សេដ្ឋកិច្ច​ក្នុង​តំបន់​ដូចជា​ជប៉ុន​ ចិន​ កូរ៉េ​ខាង​ត្បូង​ទេ​ តែ​ក៏​ជាមួយ​អាស៊ាន​យើង​ដែរ»។​

ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​រូប​នេះ​ ធ្វើឡើង​ ស្រប​ពេល​ដែល​ ទំនាស់​សមុទ្រ​ចិន​ខាង​ត្បូង​រវាង​ប្រទេស​ចិន​និង​សមាជិក​អាស៊ាន​មួយ​ចំនួន​ ​រួម​ទាំង​ប្រទេសវៀតណាម​ផង​នោះ​ ​ចេះ​តែ​ឡើង​កម្ដៅ ​ជា​បន្ត​បន្ទាប់​ ​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ។​

ក្នុង​នោះ​វៀតណាម​ដែល​ជា​ ​ភាគី​ជម្លោះ ​បាន​ចេញ​មុខ​ជំទាស់​ខ្លាំង​ ​ចំពោះ​ការ​សាងសង់​មូលដ្ឋាន​ទ័ព​របស់​ចិន​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ ​កំពុង​ប្រទាញ​ប្រទង់​គ្នា​នោះ។​

លោក គង់ ភោគ​ ​ពន្យល់​ប្រាប់​VOAថា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ក៏​ជា​ប្រធាន​បទ​សំខាន់​មួយ​ដែល​ត្រូវ​ពិភាក្សា​ផង​ដែរ​ ​ដោយ​សារ​តែ​វា​អាច​ប៉ះពាល់​ដល់ស្ថិរភាព​ក្នុង​តំបន់​ និង​សន្តិភាព​ពិភព​លោក។

​រីឯ​ ​លោក​បណ្ឌិត​ ​ចន ស៊ៀអ័រស៊ៀរី​ ​(John D. Ciorciari )​ ​សាស្ត្រាចារ្យ​ផ្នែក​គោល​នយោបាយ​សាធារណៈ​នៃ​សាកល​វិទ្យាល័យ​ ​Michigan​ ​នៃ​សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​ថា​ ​ការ​ចូល​រួម​ដោះ​ស្រាយ​បញ្ហាសមុទ្រ​ចិន​ខាង​ត្បូង​របស់​អាមេរិក​នេះ​ ​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​អាមេរិក​ ​និង​វៀតណាម​កាន់​តែ​ស្និត​ស្នាល​ជាង​មុន​ ​ក្រោយ​ពី​ភាព​រកាំរកូស​នៃ​ទំនង​ការទូត​ ជា​ច្រើន​ឆ្នាំ​រួច​មក។

តាម​ការ​ឲ្យ​ដឹង​របស់​សេតវិមាន​ ​លោកបារ៉ាក់ អូបាម៉ា​ ​ក៏​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន​ផង​ដែរ​ ​ក្រោយ​ពី​ពេល​ដំណើរ​ទស្សន​កិច្ច​លើកទី​១​របស់​លោក​ ​ទៅ​កាន់​ប្រទេស​កុម្មុយនិស្ត​វៀតណាម​នោះ៕

XS
SM
MD
LG