ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​រិះគន់​លើ​ការ​ដាក់​ទណ្ឌកម្ម​និង​ស្តី​បន្ទោស​​ប្រទេស​លោក​ខាង​លិច​ចំពោះ​​វិបត្តិ​ស្បៀង​អាហារ


ស្ត្រី​ម្នាក់​ឈរ​នៅ​មុខ​អគារ​មួយ​ដែល​ត្រូវ​បំផ្លាញ​ដោយ​ការ​វាយប្រហារ​មួយ​នៅ​ទីក្រុង Irpin ជាយ​រដ្ឋធានី​កៀវ​របស់​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២២។
ស្ត្រី​ម្នាក់​ឈរ​នៅ​មុខ​អគារ​មួយ​ដែល​ត្រូវ​បំផ្លាញ​ដោយ​ការ​វាយប្រហារ​មួយ​នៅ​ទីក្រុង Irpin ជាយ​រដ្ឋធានី​កៀវ​របស់​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២២។

រដ្ឋាភិបាល​ក្រុង​មូស្គូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ជំរុញឱ្យ​ប្រទេស​លោក​ខាង​លិច​លុប​ចោល​ការ​ទណ្ឌកម្មប្រឆាំង​នឹង​ខ្លួន​ទាក់ទិន​នឹង​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដោយ​បាន​ស្វះស្វែង​បង្វែរ​ការ​ស្តីបន្ទោស​លើ​វិបត្តិ​ស្បៀង​អាហារដែលកំពុង​កាន់តែ​អាក្រក់​ឡើង​នេះមួយ​ផ្នែក​ដោយសារ​តែ​អសមត្ថភាព​របស់​អ៊ុយក្រែន​ក្នុង​ការ​ដឹក​ជញ្ជូនគ្រាប់​ធញ្ញជាតិ​រាប់​លាន​តោន​និង​ផលិតផលកសិកម្មផ្សេងៗ​ទៀត​ ដោយ​សារតែ​រុស្ស៊ី​បាន​បង្ក​សង្គ្រាម​នៅ​ក្នុង​ប្រទេស​នេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ចក្រភព​អង់គ្លេស​បាន​ចោទ​ប្រកាន់​ប្រទេស​រុស្ស៊ី​ភ្លាមៗ​ចំពោះ​ការ​ព្យាយាម​ចាប់​ពិភពលោក​ធ្វើ​ជា​ចំណាប់​ខ្មាំង​ ហើយ​បាន​និយាយ​ថា នឹង​មិន​មាន​ការ​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំងរុស្ស៊ី​នោះ​ឡើយ ហើយ​មន្ត្រី​ការ​ទូតកំពូលអាមេរិក​ម្នាក់​ក៏​បាន​ថ្កោល​ទោស​រុស្ស៊ី​ចំពោះ​ការឈ្លានពានលើ​អ៊ុយក្រែនដោយ​រុស្ស៊ី​បាន​ប្រព្រឹត្ត​អំពើសាហាវ​ព្រៃផ្សៃនិង​គ្មាន​ច្បាប់​ទម្លាប់​ផង​ដែរ។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ប្រាប់​នាយករដ្ឋមន្ត្រី​អ៊ីតាលីលោក Mario Draghi ថា ​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ត្រៀម​ខ្លួនដើម្បីធ្វើ​វិភាគទាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ដោះស្រាយវិបត្តិ​ស្បៀង​អាហារ​តាម​រយៈ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​និង​ជី​នៅ​ក្រោម​លក្ខខណ្ឌ​ដែល​ថា ការ​ដាក់​ទណ្ឌកម្ម​តឹងតែង​ដែល​មាន​លក្ខណៈ​នយោបាយ​ប្រឆាំង​នឹងរុស្ស៊ី​ដោយ​ប្រទេស​លោក​ខាង​លិច​នឹង​ត្រូវ​លុបចោល។ នេះ​បើ​តាមខ្លឹម​សារ​នៃ​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​រដ្ឋាភិបាលវិមាន​ក្រឹមឡាំង។

រុស្ស៊ី​ជា​ប្រទេស​ដែល​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ដ៏​សំខាន់​មួយ​ផង​ដែរ​ ហើយ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​លោក Dmitri Peskov បាននិយាយ​ថា បស្ចិមប្រទេស​ត្រូវតែ​លុបចោលការសម្រេច​ចិត្ត​ខុស​ច្បាប់​របស់​ខ្លួន​ដែល​បានរារាំង​ដល់​កប៉ាល់​ដឹកជញ្ជូននិង​ការនាំចេញគ្រាប់​ធញ្ញជាតិ។ ការ​លើក​ឡើង​របស់​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​រូប​នេះហាក់​ដូចជា​ចង់​សំដៅ​លើកិច្ចប្រឹងប្រែងដែល​បានបិទ​ខ្ទប់ដល់​ការនាំចេញ​របស់​អ៊ុយក្រែន​ជាមួយ​អ្វី​ដែល​រុស្ស៊ី​និយាយ​ថា ជា​ការ​លំបាកក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​របស់​ខ្លួន។

មន្តី្រប្រទេស​លោក​ខាងលិច​មួយ​ចំនួន​បាន​ច្រានចោល​ការ​អះអាងទាំង​នោះ។ រដ្ឋមន្ត្រី​ការបរទេសអាមេរិក​លោក Antony Blinken បាន​និយាយ​កាល​ពី​សប្ដាហ៍​មុន​ថា ស្បៀងអាហារ ជី​និង​គ្រាប់ធញ្ញជាតិ​មិន​ត្រូវ​បាន​ហាម​ប្រាមនៅ​ក្នុងការ​ដាក់​ទណ្ឌកម្មដោយ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជា​ច្រើន​ទៀត​នោះ​ឡើយ ហើយ​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​កំពុង​ធ្វើការដើម្បី​ធានា​ថា ប្រទេស​នានា​ដឹង​ពី​ការ​អនុញ្ញាតឱ្យ​មាន​ការ​ដឹកជញ្ជូន​ទំនិញ​ទាំង​នោះ ដោយ​មិន​មាន​ការ​ប៉ះ​ពាល់ដោយ​ការ​ដាក់​ទណ្ឌកម្ម​នោះ។

ដោយ​សង្គ្រាមក្នុង​ប្រទេស​អ៊ុយក្រែន​កំពុង​បន្តកើតឡើងយ៉ាង​ខ្លាំង​នោះ មេដឹកនាំ​ពិភពលោក​កំពុង​ប្រឹងប្រែង​ព្យាយាម​ដើម្បី​ស្វែងរក​ដំណោះស្រាយ។ អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ លោក Ngozi Okonjo-Iweala បាន​និយាយ​ថា គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែន​ប្រមាណ​២៥លាន​តោន​កំពុង​ស្ថិត​នៅក្នុង​ឃ្លាំង​នៅ​ឡើយ​ ហើយផលិតផលធញ្ញជាតិប្រមាណ​២៥លាន​តោន​ទៀត អាច​នឹង​ត្រូវ​ប្រមូល​ផល​នៅខែ​ក្រោយ​នេះ។

ប្រទេសមួយ​ចំនួន​ក្នុង​ទ្វីប​អឺរ៉ុប​បាន​ព្យាយាម​សម្រួល​ដល់​វិបត្តិ​នេះ​ដោយ​បាន​ដឹក​ជញ្ជូន​គ្រាប់​ធញ្ញជាតិ​ចេញ​ពី​ប្រទេស​របស់​ខ្លួនតាមរថភ្លើង ក៏ប៉ុន្តែរថភ្លើងអាច​ដឹក​ជញ្ជូន​ផលិតផល​បានក្នុងកម្រិត​មួយ​តិច​ប៉ុណ្ណោះ​ ​ទៅ​លើអ្វី​ដែល​ប្រទេស​អ៊ុយក្រែន​ផលិត​បាន​នោះ​ ហើយ​ការ​ដឹក​ជញ្ជូន​តាម​កប៉ាល់​ត្រូវ​ការចាំបាច់​ដែល​អាច​ដឹក​បាន​ក្នុង​ចំនួន​ច្រើន៕

XS
SM
MD
LG