ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

រុស្សី​ថា​ ពុំ​មាន​ដំណោះ​ស្រាយ​ណា​មួយ​​ក្នុង​កិច្ច​​ពិភាក្សា​ជាមួយ​អាមេរិក​ស្តីពី​ជម្លោះ​ស្ថាន​ទូត​នោះ​ទេ


រូបឯកសារ៖ ទង់ជាតិ​រុស្ស៊ី​និង​អាមេរិក​នៅ​ក្បែរ​រោងចក្រ​ផលិត​រថយន្ត​ Ford ដែល​សហការ​រវាង​អាមេរិក​និង​ដៃគូ​រុស្ស៊ី​នៅក្រុង​ Vsevolozhsk ក្នុង​តំបន់ Leningrad នៃ​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។ (Reuters)

អនុរដ្ឋម​ន្ត្រី​ក្រសួង​ការបរទេស​រុស្សី​លោក Sergei Ryabkov បាន​និយាយ​ថា រុស្សីនិង​សហរដ្ឋ​អាមេរិក បាន​បរាជ័យ​ក្នុង​ការ​ធ្វើឲ្យ​ជឿនលឿនដ៏​សំខាន់ ជុំវិញ​ជម្លោះ​ស្តីពីដំណើរការនៃ​ស្ថាន​ទូត​របស់ប្រទេស​ទាំង​ពីរ​ នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ដែលត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​មូស្គូកាល​ពី​ថ្ងៃ​អង្គារម្សិល​មិញ​ ហើយ​អាច​មាន​ហានិភ័យ​ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​កាន់​តែ​អាក្រក់​ខ្លាំង​ថែម​ទៀត​ទៅ​លើ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មានReuters។

ដោយ​ទំនាក់​ទំនងក្រោយ​សង្គ្រាម​ត្រជាក់ បាន​ធ្លាក់​ដល់​កម្រិត​ទាប រុស្សី​និង​សហរដ្ឋ​អាមេរិក​ កំពុង​មាន​ជម្លោះ​ទាក់ទិន​នឹង​បេសកកម្ម​ការទូត​របស់​ខ្លួន​ ដែល​ក្នុង​នោះ​ក៏រួមមានចំនួន​អ្នក​ការ​ទូត​ ដែល​ត្រូវបញ្ជូនទៅ​ធ្វើ​ការ​នៅ​ក្នុង​ស្ថានទូត​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

អនុរដ្ឋមន្ត្រី​ការបរទេស​រុស្សី​លោក Ryabkov ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន​រុស្សី Interfax ដក​ស្រង់​សម្តី​ក្រោយ​ជំនួប​ជា​មួយ​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោកស្រី Victoria Nuland មកចុះ​ផ្សាយ​ថា «ខ្ញុំ​មិន​អាច​និយាយ​ថា​ យើង​ទទួល​បាន​នូវ​ការជឿនលឿនទៅមុខពី​កិច្ច​ប្រជុំ​នោះ​ទេ។ វា​មាន​ហានិភ័យ​ដែល​អាចធ្វើ​ឲ្យ​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត»។

គេនៅ​ពុំ​ទាន់​ឃើញ​មានការបញ្ជាក់​ភ្លាមៗ​ណា​មួយ​ ពី​ខាង​ភាគី​សហរដ្ឋ​អាមេរិក​នោះ​ទេ។​

កាល​ពី​សប្តាហ៍​មុន ក្រសួង​ការបរទេស​រុស្សីបាន​លើក​ឡើង​ថា ការស្នើ​របស់​សភា​អាមេរិក​ក្នុង​ការ​បណ្តេញ​អ្នក​ការទូត​រុស្សី​ចំនួន​៣០០​នាក់​ចេញ​ពី​សហរដ្ឋ​អាមេរិក​នោះ នឹង​នាំ​ទៅ​ដល់​ការ​បិទ​ស្ថាន​បេសកកម្ម​ការទូត​របស់​សហរដ្ឋ​អាមេរិកនៅ​ក្នុង​ប្រទេស​រុស្សី​ ប្រសិន​បើ​សំណើ​នេះ​ត្រូវ​បាន​អនុវត្ត​នោះ។

លោក Ryabkov និយាយ​ថា​ កិច្ច​ប្រជុំ​ជា​មួយ​លោកស្រី Nuland មាន​លក្ខណៈ​បើក​ចំហរ​ និង​មាន​សារៈសំខាន់​ ប៉ុន្តែជំហររបស់​ភាគី​ទាំង​ពីរ​នៅតែ​មិន​ទាន់​ចុះ​សម្រុង​គ្នា​នៅ​ឡើយ។

រដ្ឋាភិបាល​ក្រុង​មូស្គូមិន​បដិសេធ​ពី​លទ្ធភាព​នៃ​ការ​បិទ​ស្ថាន​បេសកកម្ម​ការ​ទូតរវាង​រុស្សី​និង​សហរដ្ឋ​អាមេរិក​នោះ​ឡើយ ប៉ុន្តែ​ខ្លួន​ចង់​បញ្ចៀស​នូវ​ស្ថាន​ភាព​នេះ។ នេះ​បើតាមទី​ភ្នាក់​ងារ​ព័ត៌មាន Interfax ដែល​បាន​ស្រង់​សម្តីអនុរដ្ឋមន្ត្រី​ការបរទេសរុស្សី​លោក Ryabkov។

លោក​បន្ថែម​ថា​ ភាគី​ទាំង​ពីរ​នឹងបើក​ការ​ពិគ្រោះ​យោបល់​គ្នា​ជា​ថ្មី​ម្តង​ទៀត​ ដើម្បី​ធ្វើ​ការពិគ្រោះ​អំពី​បញ្ហា​អ្នក​ការ​ទូត​និង​ទិដ្ឋាការ តែ​គេមិន​ទាន់​កំណត់​ថ្ងៃ​ជួប​ប្រជុំ​គ្នា​នៅ​ឡើយ​នោះ​ទេ៕​

XS
SM
MD
LG