ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ច្រាន​ចោល​វិធានការ​ថ្មីៗ ទោះ​ចំនួន​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​មាន​កម្រិត​ខ្ពស់


រូបឯកសារ៖ ស្ត្រី​ម្នាក់​ឈរ​ពាក់​ម៉ាស់​នៅក្នុង​រថភ្លើង​ក្នុង​ទីក្រុង​មូស្គូ​កាលពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។ (AFP)
រូបឯកសារ៖ ស្ត្រី​ម្នាក់​ឈរ​ពាក់​ម៉ាស់​នៅក្នុង​រថភ្លើង​ក្នុង​ទីក្រុង​មូស្គូ​កាលពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។ (AFP)

រដ្ឋាភិបាល​រុស្ស៊ី កាលពី​ថ្ងៃ​ចន្ទ​បាន​ពណ៌នា​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ថា «មាន​ចំនួន​ខ្ពស់» ហើយ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេសមាន​ចំនួន​ទាបក្នុង​កម្រិត​ដែល​«មិនអាចទទួល​យក​បាន» ស្រប​ពេល​ដែល​​ខ្លួន​បាន​ច្រានចោល​វិធានការ​ថ្មីៗ​ក៏​ដោយ ដើម្បី​ការពារ​សេដ្ឋកិច្ច។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានAFP។

ពួក​មន្ត្រី​កាលពី​ថ្ងៃ​ចន្ទ​បាន​កត់ត្រាមនុស្ស​ស្លាប់​ថ្មី​ដោយសារជំងឺ​កូវីដ១៩​ មាន​ចំនួន​៩៥៧​នាក់​នៅ​ក្នុង​រយៈពេល​២៤​ម៉ោង ដែល​បាន​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​ទាំង​អស់​នៅ​ក្នុង​ប្រទេស​រុស្សី​ ឡើង​ដល់​ចំនួន​២១៧.៣២៧​នាក់ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​នៅ​ក្នុង​ទ្វីប​អឺរ៉ុប បើ​ទោះបី​នៅពេល​ដែល​ពួក​អាជ្ញាធរ បាន​រងការចោទប្រកាន់​ពីការ​និយាយ​សម្រួល​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការផ្ទុះឡើង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ក៏ដោយ។

ទីភ្នាក់ងារ​ស្ថិតិ Rosstat បាន​រាយការណ៍​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា ការស្លាប់​កាន់តែ​ច្រើន​ឡើង​ទាក់ទិន​នឹង​វីរុសកូវីដ១៩នោះ​ កាលពី​ចុង​ខែ​សីហា មនុស្ស​ជាង​៤សែន​នាក់​នៅ​ក្នុង​ប្រទេស​រុស្ស៊ីបាន​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា។

ចំនួន​មនុស្ស​ស្លាប់​បាន​កើនឡើង​ដោយ​សារ​ការ​ឆ្លងវីរុស​ ​នៅពេល​ដែល​យុទ្ធនាការ​នៃ​ការ ចាក់​វ៉ាក់សាំង​កូវីដ១៩​នៅ​ក្នុង​ប្រទេសរុស្ស៊ី ​ត្រូវ​បាន​ជាប់​គាំង។ រហូត​មក​ទល់​នឹង​ថ្ងៃ​ចន្ទ​ម្សិល មិញ ពលរដ្ឋ​រុស្ស៊ី​ជាង​៣០ ភាគរយ​ប៉ុណ្ណោះ បាន​ចាក់​វ៉ាក់សាំង​២ដូស​រួចរាល់។ នេះ​បើ​តាម​គេហទំព័រGogov របស់​រុស្សី​ ដែល​កត់ត្រា​ទិន្នន័យជំងឺកូវីដ១៩​មកពី​តំបន់​នានានោះ។

អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​លោក Dmitry Peskov បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ថា «ជា ការពិត កម្រិត​នៃ​ការចាក់​វ៉ាក់សាំង​ដែល​យើង​មាន នៅ​មាន​ចំនួន​តិចនៅ​ឡើយ គឺតិច​ដែល​មិន​អាច​ទទួល​យក​បាន»។ លោក​និយាយ​ទៀត​ថា នេះ​ជា​មូលហេតុ​ដែល​មាន«អត្រា​ស្លាប់​ខ្ពស់​បែប​នេះ»។

ក៏​ប៉ុន្តែ​លោក​បាន​ច្រានចោលនូវការយល់​ឃើញ​ថា ពួក​អាជ្ញាធរ​អាច​ធ្វើ​កាន់តែ​ច្រើន​ថែម​ទៀត ដោយ​និយាយ​ថា​ពួក​គេ​បាន​ធ្វើ​អ្វីៗ​ដើម្បី​ផ្តល់​ឲ្យ​សាធារណជន​នូវ​ឱកាស​ដើម្បី«ជួយ​សង្គ្រោះអាយុ​ជីវិត​របស់​ពួកគេ​ដោយ​ការចាក់​វ៉ាក់សាំង»។

លោក​បាន​និយាយ​បន្ថែម​ទៀត​ថា ភារកិច្ច​របស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង ​គឺ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ដើម្បី​កម្រិត​ការរាលដាល​នៃ​វីរុស​ និង​ការធ្វើ​ឲ្យ​ប្រាកដ​ថា «សេដ្ឋកិច្ច​បន្ត​ដំណើការ» ផង​ដែរ៕

XS
SM
MD
LG