ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​សន្យា​​ផ្តល់​ថវិកា​ នៅ​ក្នុង​ពិធី​បើក​សន្និសីទ​កំពូលG-20 តាម​ប្រព័ន្ធ​អនឡាញស្តីពី​ប្រទេស​អាហ្វហ្គានីស្ថាន


អេក្រង់​បង្ហាញ​មេដឹកនាំ​ពិភពលោក​ចូលរួម​កិច្ចប្រជុំG20 តាម​អនឡាញ​អំពី​ប្រទេស​អាហ្វហ្គានីស្ថាន​កាលពីថ្ងៃ​ទី១២ ខែតុលា ឆ្នាំ២០២១។ (Filippo Attili/Palazzo Chigi Press Office/Handout via REUTERS)

មេដឹកនាំ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​២០​ឬហៅ​ថា G-20 បាន​ចូលរួម​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​សន្និសីទ​កំពូល​តាម​ប្រព័ន្ធ​អនឡាញ​ ដែល​ផ្តោត​ទៅ​លើ​ការឆ្លើយតប​វិបត្តិ​មនុស្ស​ធម៌​ដែល​រីក​កាន់តែ​ធំឡើង​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​សហភាព​អឺរ៉ុប ​បាន​ចាប់ផ្តើម​ដំណើការ​នៃ​កិច្ច​ប្រជុំ​នោះ​ ដោយ​បាន​ប្រកាស​កញ្ចប់​ជំនួយ​ដែល​មាន​ទឹក​ប្រាក់​ចំនួន​១ពាន់២រយ​លាន​ដុល្លារ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ស្ថិត​នៅ​ក្នុង​ចំណោម​មេដឹកនាំ​ដែល​បានចូលរួម​សន្និសីទ​កំពូល​អនឡាញ​ដែល​រៀបចំ​ឡើងដោយ​ប្រទេស​អ៊ីតាលី បើ​ទោះ​បី​ជា​ប្រធានាធិបតី​ចិន​លោក Xi Jinping និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បញ្ជូន​អ្នក​តំណាង​ចូលរួម​ក្នុងសន្និសីទ​កំពូល​នេះ​ក្តី។

នៅពេល​ដែល​ការពិភាក្សា​បាន​ចាប់ផ្តើម​ឡើង​ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​ស្រី Ursula von der Leyen បាន​ប្រកាស​នូវ​កញ្ចប់​ជំនួយ​ដើម្បី​ជួយ «បញ្ចៀស​ការដួល​រលំផ្នែក​មនុស្សធម៌​និង​សេដ្ឋកិច្ច​សង្គម​ដ៏​សំខាន់»នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

សេចក្តីថ្លែងការណ៍​មួយ​ បាន​បញ្ជាក់​ថា ថវិកា​ជំនួយ​នេះ​ គឹបន្ថែម​ទៅ​លើ​ថវិកា​ចំនួន​២៥០​លាន​អឺរ៉ូ​ទៅ​៣០០​លាន​អឺរ៉ូ ដែល​បាន​ប្រកាស​កាលពី​ពេល​មុន​ដោយ​សហភាព​អឺរ៉ុប​ សម្រាប់​តម្រូវការ​ជំនួយ​មនុស្សធម៌​ក្នុង​គ្រា​បន្ទាន់ ហើយ​ថវិកា​នៅ​សល់​នឹង​បាន​ទៅ​ប្រទេស​ជិត​ខាង​របស់​អាហ្វហ្គានីស្ថាន ​ដើម្បី​ទទួល​យក​ពលរដ្ឋអាហ្វហ្គានីស្ថាន​ដែល​រត់គេច​ចេញពី​ក្រុម​តាលីបង់។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បន្ថែម​ទៀតថា ថវិកា​របស់​សហភាព​អឺរ៉ុប​ជា «ការជួយ​ឧបត្ថម្ភ​ដោយ​ផ្ទាល់» ដល់​ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន​ហើយ​នឹង​ត្រូវ​ធ្វើ​ឡើង​តាមរយៈ​អង្គការ​អន្តរជាតិ​ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​នោះ មិន​មែន​តាម​រយៈ​រដ្ឋាភិបាល​អន្តរកាល​របស់​ក្រុម​តាលីបង់​ដែល​សហភាព​អឺរ៉ុប មិន​ទទួល​ស្គាល់​នោះ​ឡើយ។

ក្រោយពី​ជំនួប​របស់​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿនលឿន​ទាំង៧ហៅ​ថា G-7 ស្តីពីអាហ្វហ្គានីស្ថាន​បន្ទាប់ពី​ការកាន់កាប់​អំណាច​ដោយ​ក្រុម​តាលីបង់​មក នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​លោក Mario Draghi បាន​ជំរុញ​ឲ្យ​មាន​ការពិភាក្សា​កាន់តែ​ទំលំទូលាយ​ឡើង​ដែល​ទាក់ទិន​នឹង​ប្រទេសមហា​អំណាច​ផ្សេង​ៗ​ទៀត៕

XS
SM
MD
LG