ទីភ្នាក់ងារសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ីបានបញ្ជាក់នៅថ្ងៃចន្ទនេះថា លោក Robert Shonov ដែលជាអតីតបុគ្គលិករបស់ស្ថានកុងស៊ុលសហរដ្ឋអាមេរិកនៅក្នុងទីក្រុង Vladivostok ប្រទេសរុស្ស៊ី ត្រូវបានចោទប្រកាន់ថា បានប្រមូលព័ត៌មានអំពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននិងការតវ៉ានៅក្នុងប្រទេសរុស្ស៊ីឱ្យសហរដ្ឋអាមេរិក។
សេចក្ដីថ្លែងការណ៍របស់ទីភ្នាក់ងារ FSB បានលើកឡើងថា លោក Shonov បានប្រមូលព័ត៌មានគិតចាប់ពីខែកញ្ញា ឆ្នាំ២០២២ មក ដែលក្នុងនោះរួមមានទាំងព័ត៌មានអំពីយុទ្ធនាការកេណ្ឌទាហានរបស់រុស្ស៊ីផងដែរ។
កាលពីខែឧសភា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្កោលទោសការចាប់ខ្លួនលោក Shonov នេះ ដោយបានបញ្ជាក់ថា ការចោទប្រកាន់លើរូបលោកគឺ «គ្មានមូលដ្ឋានត្រឹមត្រូវទាំងស្រុង»។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក Shonov បានធ្វើការនៅស្ថានកុងស៊ុលអាមេរិកអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ មុនពេលធ្វើការឱ្យទីភ្នាក់ងារខាងក្រៅមួយដែលផ្ដល់សេវាដល់ស្ថានទូតអាមេរិកនៅក្នុងរដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី។
លោក Miller ថ្លែងដូច្នេះថា៖ «តួនាទីតែមួយគត់របស់លោក Shonov នៅពេលដែលលោកត្រូវគេចាប់ខ្លួនគឺការប្រមូលចងក្រងសេចក្ដីសង្ខេបនៃព័ត៌មាននានាពីប្រភពប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីដែលមានជាសាធារណៈ។ ការដៅគោលដៅលើរូបលោកនៅក្រោមលក្ខន្តិកៈ «កិច្ចសហប្រតិបត្តិការសម្ងាត់» នេះបង្ហាញឱ្យឃើញអំពីការប្រើប្រាស់ដោយឥតលាក់លៀមនិងគ្មានការអៀនខ្មាសរបស់រុស្ស៊ីនូវច្បាប់ដែលមានលក្ខណៈកាន់តែជិះជាន់ឡើងប្រឆាំងនឹងពលរដ្ឋរបស់ខ្លួន»។
សម្រាប់ព័ត៌មានដាច់ដោយឡែកមួយទៀត យោធាអ៊ុយក្រែនបានរាយការណ៍នៅថ្ងៃចន្ទនេះថា រុស្ស៊ីបានវាយប្រហារដោយប្រើមីស៊ីលកាលពីយប់មិញ ចំណែកឯរុស្ស៊ីវិញបានបញ្ជាក់ថា អ៊ុយក្រែនបានប្រើដ្រូនជាច្រើនគ្រឿងដើម្បីវាយប្រហារសំដៅលើដែនដីរបស់រុស្ស៊ី។
អគ្គសេនាធិការកងទ័ពអ៊ុយក្រែនបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានកម្ទេចមីស៊ីលស្វ័យនាំផ្លូវពីរគ្រឿងនិងមីស៊ីលបញ្ជាពីរគ្រឿងរបស់រុស្ស៊ី ប៉ុន្តែថា អគារឧស្សាហកម្មស៊ីវិលមួយកន្លែងត្រូវបានបាញ់ចំនៅក្នុងតំបន់ Poltava។
លោក Andriy Yermak ដែលជានាយកខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់តាម Telegram ថា ការវាយប្រហារនៅតំបន់ Poltava បានសម្លាប់មនុស្ស ២ នាក់នៅឯរោងចក្រប្រេងបន្លែមួយកន្លែង។ អភិបាលតំបន់ Poltava លោក Dmytro Lunin បាននិយាយថា មនុស្ស ២ នាក់ផ្សេងទៀតដែលរងរបួសបន្តិចបន្តួចត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕
ព័ត៌មានមួយចំនួនសម្រាប់សេចក្តីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Agence France-Presse និង Reuters។