ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន IKEA បិទ​ហាង​បណ្តោះ​អាសន្ន​ក្នុង​ប្រទេសរុស្ស៊ី​ដោយសារ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន


រូបឯកសារ៖ ស្លាកសញ្ញាក្រុមហ៊ុន IKEA​​ ដែលជា​ក្រុមហ៊ុន​ផលិត​គ្រឿង​សង្ហារឹម​របស់​ប្រទេសស៊ុយអែត។
រូបឯកសារ៖ ស្លាកសញ្ញាក្រុមហ៊ុន IKEA​​ ដែលជា​ក្រុមហ៊ុន​ផលិត​គ្រឿង​សង្ហារឹម​របស់​ប្រទេសស៊ុយអែត។

ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន​ផលិត​គ្រឿង​សង្ហារឹម IKEA របស់​ប្រទេសស៊ុយអែត​កាល​ថ្ងៃព្រហស្បតិ៍​បាន​ប្រកាស​ថា ខ្លួន​នឹង​បិទ​ហាង​ទាំងឡាយ​របស់​ខ្លួន​នៅក្នុង​ប្រទេស​រុស្ស៊ី​ជា​បណ្តោះអាសន្ន និង​ឈប់​ទិញ​ទំនិញ​ពី​រុស្ស៊ី​និង​បេឡារុស ដោយ​សារ​ការ​ឈា្លនពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

ម្ចាស់​ក្រុមហ៊ុន Inter IKEA Holding និង Ingka Group បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ថា «សង្គ្រាម​បំផ្លិចបំផ្លាញ​ក្នុង​ប្រទេសអ៊ុយក្រែន គឺ​ជា​សោកនាដកម្ម​មនុស្សជាតិ ហើយ​យើង​សូម​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ និង​បារម្ភ​យ៉ាងខ្លាំង​ជាមួយ​នឹង​ពលរដ្ឋ​រាប់​លាន​នាក់​ដែល​ទទួល​រង​ផលប៉ះពាល់»។

ក្រុមហ៊ុន​ទាំងពីរ​បាន​និយាយ​ទៀត​ថា «សង្គ្រាម​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ពលរដ្ឋ និង​កំពុង​បង្អាក់​ដល់​សង្វាក់​ផ្គត់ផ្គង់ និង​ការធ្វើ​ពាណិជ្ជកម្ម​យ៉ាងធ្ងន់ធ្ងរ។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុមហ៊ុនទាំងពីរ សម្រេច​ផ្អាក​ប្រតិបត្តិការ​របស់ក្រុមហ៊ុន ​IKEA ក្នុង​ប្រទេសរុស្ស៊ី​ជា​បណ្តោះអាសន្ន»។

ការ​សម្រេច​នេះ​ នឹង​ប៉ះពាល់​ដល់​បុគ្គលិក​ប្រមាណ១៥.០០០នាក់ និង​ហាង​លក់​រាយ​ចំនួន១៧កន្លែង ក្នុង​ប្រទេសរុស្ស៊ី​និង​បេឡារុស។

ក្រុមហ៊ុន​ IKEA បាន​ឲ្យ​ដឹងថា «ក្រុមហ៊ុន​មេ​នឹង​ធានា​រក្សា​ការងារ ប្រាក់​ចំណូល និង​ផ្តល់​ការ​គាំទ្រ​ដល់​បុគ្គលិក​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​ក្នុង​តំបន់»។

ផ្សារ​ទំនើប​ទាំង​១៤របស់​ក្រុមហ៊ុន Ingka Group ក្នុង​ប្រទេស​រុស្ស៊ី​ នឹង​បន្ត​បើក​ធម្មតា«ដើម្បី​ធានា​ថា​ មនុស្ស​ជាច្រើន​ក្នុង​ប្រទេស​រុស្ស៊ី​ អាច​ទិញ​ទំនិញ​ចាំ​បាច់​ប្រចាំ​ថ្ងៃ​បាន ជាពិសេស ​គឺ​ម្ហូបអាហារ គ្រឿងទេស និង​ថ្នាំពេទ្យ»។ នេះ បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន។

ទីភ្នាក់ងារ​ព័ត៌មាន Reuters រាយការណ៍​ថា ​ក្រុមហ៊ុន IKEA បាន​ប្រកាស​រួច​ហើយ​ថា ក្រុមហ៊ុន​នឹង​តំឡើង​ថ្លៃ​ទំនិញរបស់ខ្លួន ១២% ជា​មធ្យម​នៅ​ទូទាំង​សាកលលោក ដោយ​សារ​អតិផរណា​ និង​បញ្ហា​នៅ​ក្នុង​សង្វាក់​ផ្គត់ផ្គង់។

ចំណាត់ការ​របស់​ក្រុមហ៊ុន IKEA នេះ​ធ្វើ​ឡើង ខណៈ​ក្រុមហ៊ុន​ជា​ច្រើន ដូច​ជា​ក្រុមហ៊ុន Boeing Apple Honda និង​ក្រុមហ៊ុន​ជាច្រើន​ផ្សេង​ទៀត​ប្រកាស​ថា​ ពួកគេ​នឹង​បញ្ឈប់​ ឬ​កាត់​បន្ថយ​ប្រតិបត្តិការ​ក្នុង​ប្រទេស​រុស្ស៊ី ដោយ​សារ​ការ​ឈ្លាន​ពាន​នេះ»៕

ព័ត៌មាន​មួយចំនួន​នៅក្នុង​សេចក្ដីរាយការណ៍នេះ ត្រូវបាន​ដកស្រង់​ពីទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG