ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Lukashenko ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោក Putin ត្រូវ​គេ​រំពឹង​ថា នឹង​បញ្ជូន​កងទ័ព​បេឡារុស​ចូល​អ៊ុយក្រែន


រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin (ស្ដាំ) ជជែក​ពិភាក្សា​ជាមួយ​នឹង​សមភាគី​បេឡារុស​របស់​លោក គឺ​លោក​ប្រធានាធិបតី Alexander Lukashenko ក្នុង​អំឡុងពេល​នៃ​ជំនួប​របស់​ពួកគេ​ទាំង​ពីរ​នៅ​វិមាន​ក្រឹមឡាំង ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin (ស្ដាំ) ជជែក​ពិភាក្សា​ជាមួយ​នឹង​សមភាគី​បេឡារុស​របស់​លោក គឺ​លោក​ប្រធានាធិបតី Alexander Lukashenko ក្នុង​អំឡុងពេល​នៃ​ជំនួប​របស់​ពួកគេ​ទាំង​ពីរ​នៅ​វិមាន​ក្រឹមឡាំង ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

ផ្នែក​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​រំពឹង​ថា ប្រធានាធិបតីបេឡារុស​លោក Aleksander Lukashenko នឹង​បញ្ជូន​កងទ័ពដ៏​ខ្លាំង​របស់​បេឡារុស​ប្រមាណ៤ម៉ឺន៨ពាន់​នាក់ទៅ​ធ្វើសង្គ្រាមនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដើម្បី​ជួយ​អន្តរាគមន៍​ដល់​កងកម្លាំង​រុស្ស៊ី​ដែល​កំពុងវាយប្រហារ​ឈ្លានពានលើ​ប្រទេស​អ៊ុយក្រែន។

រហូត​មក​ដល់​ពេល​នេះ បេឡារុស​ត្រូវ​បានប្រើប្រាស់​ជា​ទីតាំងសម្រាប់​កងកម្លាំង​រុស្ស៊ី​នៅក្នុង​ការវាយ​ប្រហារលើ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន មកពី​ទិស​ខាង​ជើង​ហើយ​កងកម្លាំងពិសេស​របស់​បេឡារុសមួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​គេ​ជឿ​ថា បានចូលរួម​នៅក្នុង​ការ​វាយ​ប្រហារ​ទាំង​នោះ។ ក៏ប៉ុន្តែ ដោយ​ការឈ្លានពាន​របស់​រុស្ស៊ី​កំពុងប្រឈម​នឹង​ការ​តស៊ូ​ដ៏​ស្វិតស្វាញ​ជាង​ការ​រំពឹងទុក​របស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង ហើយ​រដ្ឋធានី​កៀវ​នៅ​មិន​ទាន់​ធ្លាក់​ចូល​ក្នុង​កណ្តាប់​ដៃ​របស់​រុស្ស៊ី​នោះ ប្រធានាធិបតី​រុស្ស៊ី​លោកVladimir Putin ទំនង​ជា​ងាក​ទៅ​រកការ​ជួយ​អន្តរាគមន៍​ពី​បេឡារុស​ដែល​ជា​សម្ព័ន្ធមិត្តដ៏​យូរអង្វែង​របស់​លោក​ដើម្បី​ជួយ​ជំរុញ​ក្នុង​ការ​វាយ​ប្រហារ​លើ​អ៊ុយក្រែន។

សារ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យបណ្តា​អង្គការ​ក្រៅ​រដ្ឋាភិបាល​និងគម្រោង​មួយ​ចំនួន​ដែល​ផ្តល់​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​បានដកស្រង់ចេញពី​ការវាយតម្លៃរបស់​ទីភ្នាក់ងារ​ស៊ើប ការណ៍​សម្ងាត់​របស់​អាមេរិក​នោះ បាន​ព្រមានថា៖ «ទីក្រុង​នានា​នៅផ្នែក​ខាង​លិច​របស់​អ៊ុយក្រែន​ត្រូវ​បាន​ចាត់​ទុក​ថា​លែង​មាន​សុវត្ថិភាព​ទៀត​ហើយ​នៅ​ពេល​នេះ។ បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ត្រូវ​បាន​គេស្នើ​ឲ្យ​ស្វែងរក​ទីជម្រក​សុវត្ថិភាព​នៅ​តាម​ភូមិ​តូចៗ​ជិតព្រំដែន​ដែល​ជា​កន្លែង​ដែល​អាច​មាន​សុវត្ថិភាពផុតពី​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​ដែល​ដៅ​លើទីក្រុង​និង​ទីប្រជុំជន​ធំៗ។

ប្រធានាធិបតី​បេឡារុស​លោកAlyaksandr Lukashenko បាន​និយាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា កង​កម្លាំង​របស់​លោក​នឹង​មិន​ចូលរួម​ក្នុង​សកម្មភាព​យោធា​ណា​មួយ​ប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន​នោះ​ឡើយ។ កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ក្រោយ​កិច្ចប្រជុំ​មួយ​ជាមួយលោកPutin លោក Lukashenkoប្រកាស​ថា លោក​បាន​យល់ព្រម​ឲ្យ​ដាក់កងកម្លាំង​រុស្ស៊ី​ឈរជើង​នៅ​ក្នុង​ប្រទេសបេឡារុស។ ចាប់តាំង​ពី​ពេលនោះ​មក លោក Lukashenko និយាយ​ថា អ៊ុយក្រែន​កំពុង​ចាញ់​សង្រ្គាម​ ហើយ​លោក​បានស្នើ​រៀបចំ​ឲ្យ​មាន​កិច្ចពិភាក្សាសន្តិភាព។

បេឡារុស​បាន​និយាយ​នៅ​ថ្ងៃចន្ទ​នេះ​ថា ខ្លួន​បាន​ត្រៀមទីកន្លែង​ដើម្បី​បើក​កិច្ច​ចរចា​មួយ​ រវាង​គណៈប្រតិភូ​មក​ពី​ប្រទេស​អ៊ុយក្រែន​និង​ប្រទេស​រុស្ស៊ី៕

XS
SM
MD
LG