កាលពីថ្ងៃអាទិត្យ ប្រជាជនអេស្តូនី បានបោះឆ្នោតជ្រើសរើសក្រុមសមាជិកសភាជាតិ។ គេរំពឹងថារដ្ឋាភិបាលចម្រុះមួយដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Taavi Roivas នឹងឈ្នះឆ្នោត នៅពេលដែលប្រទេសក្នុងតំបន់សមុទ្របាល់ទិច (Baltic) មួយនេះក្លាយជាប្រទេសសមាជិកមួយនៃសម្ព័ន្ធភាពយោធាអូតង់របស់ពួកបស្ចឹមប្រទេស ដែលពីមុនមកអេស្តូនីធ្លាប់ជាផ្នែកមួយនៃសហភាពសូវៀត ប្រឈមមុខជាមួយប្រទេសរុស្សីដែលមានកម្លាំងយោធាទ្បើងវិញ និងជាមួយគណបក្សប្រឆាំងលម្អៀងទៅខាងអាជ្ញាធរវិមានក្រឹមទ្បាំង។
នៅពេលពាក់កណ្តាលថ្ងៃត្រង់ ៤២ភាគរយនៃអ្នកបោះឆ្នោតជនជាតិអូស្តូនី ជិតមួយលាននាក់បានបោះឆ្នោតរួចហើយ ដោយមានរួមបញ្ចូលប្រជាជនចំនួន ១សែន៧ម៉ឺន៦ពាន់នាក់ដែលបានបោះឆ្នោតតាមបណ្តាញអ៊ីនធឺណែតផងដែរ។
លោក Roivas បានសម្តែងការព្រួយបារម្ភអំពីការជ្រៀតជ្រែករបស់រុស្សីក្នុងប្រទេសអេស្តូនី បន្ទាប់ពីរុស្សីបានចូលកាន់កាប់ឧបទ្វីបគ្រីម៉េ (Crimea)របស់ប្រទេសអ៊ុយក្រែនកាលពីឆ្នាំទៅមិញ។លោកបានអំពាវនាវឲ្យមានទាហានអូតង់និងសម្ភារៈទំនើបច្រើនជាងមុនសម្រាប់ឃ្លាំមើលសមយុទ្ធយោធារបស់រុស្សីនៅផ្នែកម្ខាងទៀតនៃព្រំដែនក្នុងរយៈពេលប៉ុន្មានថ្ងៃមុនការបោះឆ្នោតនេះ៕