កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អង្គការអូតង់និងប្រទេសរុស្ស៊ីបានឆ្លើយឆ្លងពាក្យសម្តីគ្នាដ៏ក្តៅគគុកដែលធ្វើឲ្យគេនឹកឃើញឡើងវិញពីសម័យសង្គ្រាមត្រជាក់ដោយមានការចោទប្រកាន់ពីគម្រោងផ្នែកភូមិសាស្រ្តនយោបាយដ៏គួឲ្យភ័យខ្លាចហើយនិងរំលោភសិទ្ធិមនុស្សនៅទូទាំងតំបន់ដែលមានការបែកបាក់គ្នាកាន់តែខ្លាំងឡើងនោះ។
លោក Alexander Vershbow មន្រ្តីស៊ីវិលកំពូលរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការអូតង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីដែលមានការខឹងសម្បារ និងចង់សើរើប្រវត្តិសាស្រ្តឡើងវិញកំពុងធ្វើអ្វីៗដើម្បីបង្កើតតំបន់អឺរ៉ុបមួយឡើងវិញ រួមមានការគូសខ្សែបន្ទាត់ព្រំដែនឡើងវិញដោយប្រើកម្លាំងដើម្បីធ្វើឲ្យសម្រេចគោលដៅរបស់ខ្លួន។
លោក Vershbow អគ្គលេខាធិការរងរបស់សម្ព័ន្ធមិត្តបានប្រាប់សន្និសីទនៅក្នុងប្រទេសឡេតូនី (Latvia) ថា គោលបំណងរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ហាក់ដូចជាបង្វែរប្រទេសអ៊ុយក្រែនឲ្យទៅជារដ្ឋបរាជ័យមួយហើយដើម្បីបង្ក្រាបនិងដើម្បីបង្ខូចសំឡេងប្រឆាំងនៅក្នុងប្រទេសរុស្ស៊ីដែលពួកគេការពារដល់ការងើបបះបោរដែលបានបណ្តេញលោក Viktor Yanukovych ដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូហើយនិងជាប្រធានាធិបតីកាលពីឆ្នាំទៅ។
លោកបានធ្វើការចោទប្រកាន់ខ្លាំងៗប្រឆាំងនឹងរដ្ឋាភិបាលវិមានក្រឹមឡាំង។
លោក Vershbow មានប្រសាសន៍ទៀតថា នៅក្រោមការដឹកនាំរបស់លោក Putin ប្រទេសរុស្ស៊ីបានអភិវឌ្ឍប្រភេទនៃសង្គ្រាមថ្មីគឺ ការបំភិតបំភ័យខាងយោធា ការធ្វើអន្តរាគមន៍តាមបែបក្លែងបន្លំ ការផ្គត់ផ្គង់អាវុធ និងប្រព័ន្ធអាវុធដោយលាក់កំបាំង ការយកសេដ្ឋកិច្ចជាចំណាប់ខ្មាំង។
នៅក្នុងទីក្រុងម៉ូស្គូវិញ អនុរដ្ឋមន្រ្តីការពារប្រទេសរុស្ស៊ី លោក Anatoly Antonov បានរិះគន់ប្រទេសលោកខាងលិចចំពោះការព្យាយាមប្រើឆន្ទៈរបស់ខ្លួនលើប្រទេសដ៏ទៃហើយនិងចាត់ទុករុស្ស៊ីជាសត្រូវ។ លោកបានថ្កោលទោសការសម្រេចរបស់អង្គការអូតង់ដើម្បីបង្កើតមជ្ឈមណ្ឌលបញ្ជាការនិងត្រួតត្រានៅបណ្តារដ្ឋក្នុងសមុទ្របាល់ទិកហើយនឹងប្រទេស៣ទៀតជាសម្ព័ន្ធមិត្តនៅក្នុងអឺរ៉ុបខាងកើត ហើយនិងធ្វើឲ្យប្រសើរឡើងនូវកងឯកភាពទីបញ្ជាការក្នុងប្រទេសប៉ូឡូញ (Poland) ដែលហៅចំណាត់ការទាំងនោះថាជាសញ្ញាដ៏ច្បាស់ច្បាស់មួយដែលសម្ព័ន្ធមិត្តចាត់ទុករុស្ស៊ីដូចទៅនឹងអ្វីដែលពួកគេបានធ្វើចំពោះសហភាពសូវៀត៕