ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ជាមួយ​ចិន​និង​ប្រទេស​ផ្សេង​ទៀត


រូបផ្តល់​ឱ្យ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ក្រសួង​ការពារជាតិ​រុស្ស៊ី​នេះ ​បង្ហាញ​ទាហាន​ចិន​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ភូមិ Grodekovo ដែនដី Primorsky Krai របស់​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២២។
រូបផ្តល់​ឱ្យ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ក្រសួង​ការពារជាតិ​រុស្ស៊ី​នេះ ​បង្ហាញ​ទាហាន​ចិន​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ភូមិ Grodekovo ដែនដី Primorsky Krai របស់​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២២។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​រុស្ស៊ី​បាន​ចាប់ផ្ដើម​ការ​ធ្វើ​សមយុទ្ធ​យោធា​រយៈពេល​មួយ​សប្ដាហ៍ ដែល​មាន​ការ​ចូលរួម​ពី​កង​កម្លាំង​មកពី​ប្រទេស​ចិន​និង​ប្រទេស​ផ្សេង​ទៀត ដើម្បី​បង្ហាញ​អំពី​កិច្ច​សហ​ប្រតិបត្តិការ​កើនឡើង​ផ្នែក​ការពារ​រវាង​រដ្ឋាភិបាល​រុស្ស៊ី​និង​រដ្ឋាភិបាល​ចិន ស្រប​ពេល​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​ប្រឈម​នឹង​ភាព​តានតឹង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press (AP)។

សមយុទ្ធ​នេះ​ក៏​មាន​គោល​បំណង​បង្ហាញ​ផង​ដែរ​ថា រដ្ឋាភិបាល​រុស្ស៊ី​មាន​អានុភាព​យោធា​គ្រប់គ្រាន់​សម្រាប់​ការ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ បើ​ទោះបីជា​កងទ័ព​របស់​ខ្លួន​កំពុង​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​ក៏ដោយ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​ថា សមយុទ្ធ Vostok ឆ្នាំ ២០២២ (សមយុទ្ធ​បូព៌ា​ឆ្នាំ ២០២២) នេះ​នឹង​ធ្វើ​រហូត​ដល់​ថ្ងៃ​ទី ៧ ខែ​កញ្ញា​ខាង​មុខ​នៅ​ឯ​កន្លែង​ធ្វើ​សមយុទ្ធ​ចំនួន ៧ កន្លែង​នៅ​តំបន់​ចុង​បូព៌ា​នៃ​ប្រទេស​រុស្ស៊ី​និង​នៅ​សមុទ្រ​ជប៉ុន (Sea of Japan) និង​មាន​ការ​ចូលរួម​ពី​ទាហាន​ជាង ៥០.០០០ នាក់ និង​សព្វាវុធ​ជាង ៥.០០០ គ្រឿង​ដែល​ក្នុង​នោះ​រួម​មាន​ទាំង​យន្តហោះ​ចម្បាំង ១៤០ គ្រឿង និង​នាវា​ចម្បាំង ៦០ គ្រឿង​ផង​ដែរ។

នាយ​អគ្គសេនាធិការ​កងទ័ព​រុស្ស៊ី​លោក​នាយ​ឧត្តមសេនីយ៍ Valery Gerasimov គឺ​ជា​អ្នក​ដែល​មើល​ការ​ខុស​ត្រូវ​ដោយ​ផ្ទាល់​លើ​សមយុទ្ធ​នេះ ដែល​មាន​ការ​ចូលរួម​ពី​ប្រទេស​ចិន ឥណ្ឌា ឡាវ ម៉ុងហ្គោលី នីការ៉ាហ្គា ស៊ីរី និង​ប្រទេស​ចំនួន ៧ ដែល​ធ្លាប់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សហភាព​សូវៀត។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​កត់​សម្គាល់​ថា ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​សមយុទ្ធ​នេះ កងទ័ព​ជើង​ទឹក​របស់​រុស្ស៊ី​និង​ចិន​នៅ​សមុទ្រ​ជប៉ុន​នឹង «អនុវត្ត​វិធានការ​រួម​ដើម្បី​ការពារ​ការ​ទំនាក់ទំនង​តាម​ផ្លូវ​សមុទ្រ​និង​តំបន់​សកម្មភាព​សេដ្ឋកិច្ច​ដែន​សមុទ្រ ក៏​ដូចជា​ដើម្បី​គាំទ្រ​ដល់​ទាហាន​ជើង​គោក​នៅ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​ផង​ដែរ»។

សមយុទ្ធ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ទំនាក់ទំនង​កើនឡើង​ផ្នែក​ការពារ​រវាង​ប្រទេស​រុស្ស៊ី​និង​ចិន ដែល​បាន​រីក​ចម្រើន​កាន់តែ​ខ្លាំង​ជាង​មុន​តាំងពី​ពេល​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បញ្ជូន​កងទ័ព​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ចាប់ពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​មក៕

XS
SM
MD
LG