ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

រុស្ស៊ី​សោកស្តាយ​ចំពោះ​ការ​ស្លាប់​កងទ័ព​ខ្លួន​​ថា​ជា​សោកនាដកម្ម​​ ខណៈ​អ៊ុយក្រែន​ត្រៀម​ខ្លួន​​ចំពោះ​ការវាយប្រហារ​បន្ថែម​ទៀត​ពី​រុស្ស៊ី


ទាហាន​អ៊ុយក្រែន​ម្នាក់​ដើរ​​លើ​រថក្រោះ​រុស្ស៊ី​មួយ​ដែល​ត្រូវ​បាន​បោះបង់​ចោល​នៅ​ទី​ក្រុង Andriivka ប្រទេស​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ​២០២២។ (AP)

ប្រទេស​រុស្ស៊ី​បាន​ផ្តល់​ការ​វាយ​តម្លៃ​មួយ​បែប​ទុទិដ្ឋិនិយម​បំផុត​រហូត​មក​ដល់​ពេល​នេះ​ ជុំវិញ​ការ​ឈ្លានពាន​របស់​ខ្លួនទៅ​លើ​ប្រទេស​អ៊ុយក្រែន​ ដោយ​បាន​ហៅ​ការបាត់បង់​អាយុ​ជីវិត​កងទ័ព​ខ្លួន​និង​ការដាក់​ទណ្ឌកម្មសេដ្ឋកិច្ច ថា ជា​សោដកម្ម​មួយ ខណៈពេល​ដែល​ពលរដ្ឋ​អ៊ុយក្រែនជា​ច្រើន​នាក់ ត្រូវ​បានជម្លៀស​ចេញ​ពីទីក្រុងមួយ​ចំនួន​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ មុន​មាន​ការ​វាយ​ប្រហារដ៏​សំខាន់​មួយ​ទៀត​ដោយ​កង​ទ័ព​រុស្ស៊ី​ ដែល​គេ​រំពឹង​ថា​នឹង​កើត​មាន​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​ នេះ​បើតាម​ការចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការឈ្លានពាន​របស់​រុស្ស៊ីទៅ​លើ​អ៊ុយក្រែន​ដែល​មាន​រយៈពេល​៦សប្តាហ៍​កន្លង​ទៅ​ហើយ​នោះ មាន​មនុស្ស​ប្រមាណ​ជាង​៤លាន​នាក់​ បានរត់គេច​ចេញ​ទៅ​កាន់​ប្រទេស​ក្រៅ​ ហើយ​មនុស្ស​រាប់​ពាន់​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​សម្លាប់​ និង​រង​របួស និង​ទីក្រុង​មួយ​ចំនួនត្រូវ​បាន​ប្រែក្លាយជា​ទីកន្លែងផេះផង់ដោយសារ​តែ​ការវាយ​ប្រហារ​ ក៏​ដូច​ជា​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំង​ទៅ​លើ​មេដឹកនាំ​និង​ក្រុមហ៊ុន​រុស្ស៊ី​ជា​ច្រើន​ផង​ដែរ។

នៅ​ក្នុង​ចំណាត់ការ​ជា​និម្មិតរូបមួយ មហា​សន្និបាត​អង្គការ​សហប្រជាជាតិ បានបោះឆ្នោត​ដក​សមាជិកភាព​ប្រទេស​រុស្ស៊ី​ពី​ក្រុមប្រឹក្សា​ស​សិទ្ធិមនុស្ស​របស់ស្ថាប័ន​នេះ​ ដោយ​បង្ហាញ​នូវ​ក្តីបារម្ភ​ដ៏​ខ្លាំង​របស់​ខ្លួនអំពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​វិបត្តិ​មនុស្សធម៌​ ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ ប្រទេស​រស្ស៊ី​បន្ទាប់​មក​ទៀត​ក៏​បានចាក​ចេញ​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ។

រុស្ស៊ី​កាលពីពេល​មុន បាន​ទទួល​ស្គាល់​ការវាយ​ប្រហារ​របស់​ខ្លួន​ដែលមិន​ចម្រើនទៅ​មុខដូច​អ្វី​ដែល​ខ្លួន​ចង់​បាន​នោះឡើយ​ ហើយ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​លោក Dmitry Peskov បាន​សម្តែងការសោកស្តាយ​ ចំពោះ​ការបាត់បង់​អាយុជីវិត​កងទ័ព​រុស្ស៊ីដែលកំពុងកើន​ឡើង​នោះ។

លោក​បាន​ប្រាប់​ទូរទស្សន៍ Sky News ថា៖ «យើង​បានបាត់​បង់កងទ័ព​ក្នុង​ចំនួន​ដ៏​ធំ​មួយ។ នេះ​ជា​សោដនាកម្មដ៏​ធំ​មួយ​សម្រាប់​យើង»។

អគ្គសេនាធិការយោធា​អ៊ុយក្រែន បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា កង​កម្លាំង​រុស្ស៊ី​ កំពុង​ផ្តោតទៅ​លើ​ការដណ្តើម​យក​ទីក្រុង​កំពង់​ផែ Mariupol ភាគ​ខាង​ត្បូង​អ៊ុយក្រែន ដែលពួក​គេ​កំពុង​ឡោមព័ទ្ធ​ហើយ​បាន​ធ្វើ​ការវាយ​ប្រហារ​ទីក្រុង Izyum ដែល​នៅ​ភាគ​ខាង​កើត​ក្បែរ​នោះ និង​ការវាយបំបែក​ដោយ​កង​កម្លាំងអ៊ុយក្រែននៅ​ជិត​តំបន់ Donetsk។អ៊ុយក្រែន​និយាយ​ថា ខ្លួនមាន​បំណង​បង្កើត​ច្រក​របៀង​មនុស្សធម៌​ចំនួន​១០​កន្លែង​នៅ​ថ្ងៃ​សុក្រ​នេះ​ ហើយ​ជន​ស៊ីវិល​ដែល​ព្យាយាម​ចាក​ចេញ​ពី​ទីក្រុង Mariupol ត្រូវ​ប្រើប្រាស់​រថយន្តឯកជនផ្ទាល់​ខ្លួន។

នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោកMikhail Mishustin បាន​និយាយ​ថា រុស្ស៊ី​កំពុង​ប្រឈម​ស្ថានភាព​លំបាក​ខាង​សេដ្ឋកិច្ច​យ៉ាង​ខ្លាំងបំផុត​ក្នុង​រយៈពេល​៣​ទសវត្សរ៍​នេះ​ ដោយសារ​តែ​ការដាក់​ទណ្ឌកម្មដែលពុំ​ធ្លាប់​មាន​ពី​មុន​មក​ ដោយ​ប្រទេស​លោក​ខាងលិច។ សភាអាមេរិក​ក៏​បានដក​ចេញ​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ដល់​រុស្ស៊ី​ផង​ដែរ ដែល​ជា​ការវាយ​សំពង​មួយ​ទៀត​ ទៅ​លើ​ប្រទេស​នេះ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy បាន​និយាយ​នៅ​ក្នុង​វីដេអូ​មួយ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «អ៊ុយក្រែន​ ត្រូវការ​អាវុធ​យុទ្ធភ័ណ្ឌ​ដែល​នឹង​ធ្វើ​ឲ្យខ្លួន​មាន​មធ្យោបាយ​ដើម្បី​យក​ឈ្នះលើ​សមរភូមិប្រយុទ្ធ​ ហើយ​វា​ជាទណ្ឌកម្ម​ដ៏ខ្លាំង​បំផុត​ប្រឆាំង​នឹង​រុស្ស៊ី»៕

XS
SM
MD
LG