កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសរុស្ស៊ីបានកោះហៅអ្នកការទូតសហរដ្ឋអាមេរិកប្រចាំនៅក្រុងមូស្គូដើម្បីតវ៉ាជាផ្លូវការអំពីផែនការឆែកឆេរបរិវេណការទូតរុស្ស៊ីនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ក្នុងសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបានប្រាប់ឲ្យដឹងថា ខ្លួនបានកោះហៅលោក Anthony F. Godfrey អនុប្រធាននៅស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងមូស្គូអំពីផែនការឆែកឆេរអាគារការទូតរុស្ស៊ីខុសច្បាប់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលមានគម្រោងបិទនៅថ្ងៃសៅរ៍។
រុស្ស៊ីបានហៅផែនការឆែកឆេរនេះថា ជាសកម្មភាពដ៏គគ្លើនដែលមិនធ្លាប់មានកាលមុនហើយបាននិយាយទៀតថា ពួកអាជ្ញាធរសហរដ្ឋអាមេរិកប្រហែលប្រើប្រាស់ការឆែកឆេរនេះជាឱកាសមួយដើម្បីដាក់បង្កប់ឧបករណ៍ផ្សេងៗនៅក្នុងបរិវេណការទូតរុស្ស៊ី។
អាគារការទូតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាទីកន្លែងមួយនៃទីកន្លែងដែលត្រូវបានបញ្ជាឲ្យបិទនៅពេលដែលសហរដ្ឋអាមេរិកនិងរុស្ស៊ីបានទាក់ទិនក្នុងការចាត់វិធានការប្រឆាំងគ្នាទៅវិញទៅមកក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ អាគារការទូត២កន្លែងផ្សេងទៀតបានត្រូវបញ្ជាឲ្យបិទគឺនៅនៅក្រុង San Francisco និងទីក្រុងញូយ៉ក។
ការកោះហៅលោក Godfrey បានកើតមានឡើងមួយថ្ងៃបន្ទាប់ពីក្រសួងការបរទេសរុស្ស៊ីក៏បានចោទប្រកាន់ទីភ្នាក់ងារ FBI មានផែនការឆែកឆេរស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងទីក្រុង San Francisco បន្ទាប់ពីបញ្ជាឲ្យបិទនៅថ្ងៃព្រហស្បតិ៍។សហរដ្ឋអាមេរិកមិនបាននិយាយថាតើខ្លួនមានបំណងឆែកឆេរអាគារការទូតទាំងអស់នោះដែរឬទេ។
លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីនិយាយថា ការឆែកឆេរនោះនឹងធ្វើឲ្យមានការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខរបស់ពលរដ្ឋរុស្ស៊ី៕