ឆន ចាន់ស៊ី ជាកុមារក្នុងទសវត្សរ៍ទី៨០ ប៉ុន្តែមិនមែនទសវត្សរ៍ទី៨០នៅសហរដ្ឋអាមេរិកដែលគេអាចនឹកឃើញពីតន្ត្រីរ៉ក់ និងខោខោវប៊យពពាលនោះទេ គឺទសវត្សរ៍ទី៨០នៅប្រទេសកម្ពុជា ដែលគេអាចនឹកឃើញពីសម័យកាលដែលអ្នកភូមិមកផ្ដុំគ្នាស្ដាប់វិទ្យុតែមួយជុំគ្នា ហើយស្ដាប់បានតែអ្វីដែលវិទ្យុពួកគេអាចបើកស្ដាប់ឮតែប៉ុណ្ណោះ។
ក្នុងសម័យកាលនោះ ប្រទេសកម្ពុជាស្ថិតក្រោមការដឹកនាំដោយរបបគ្រប់គ្រងរដ្ឋបែបកុម្មុយនិស្តឯកបក្សដោយមានជំនាញការ និងប្រឹក្សាអមពីក្រោយដោយសម្ងាត់ពីរដ្ឋាភិបាលវៀតណាម។ ព័ត៌មានអាចនឹងគ្មានទេសម្រាប់ក្រុមគ្រួសារលោក ចាន់ស៊ី និងអ្នកជិតខាងរបស់លោក។ ការស្ដាប់កម្មវិធីផ្សាយបរទេស ស្ទើរតែគ្មានទាល់តែសោះ ដោយសារតែវាជាអំពើខុសច្បាប់។ នៅពេលប្រជាជនមានវិទ្យុនៅក្បែរខ្លួន ពួកគេស្ដាប់ចម្រៀង និងសូររហ៊ឹមៗនៃចម្រៀងចាប៉ី ឬ បទចម្រៀងលោក ស៊ិន ស៊ីសាមុត ដែលជាបទចម្រៀងសំឡេងមាសក្នុងទសវត្សរ៍ទី៦០ ហើយបទចម្រៀងដែល លោក ចាន់ស៊ី ពេញចិត្ត មានចំណងជើងថា «ផ្កាយព្រឹក» ដែលចាប់ផ្តើមដោយឃ្លាថា «យប់អើយយំជ្រៅ ខ្ញុំនៅឯកា...»។
ឪពុកម្ដាយរបស់លោក ចាន់ស៊ី ប្រកបរបរធ្វើស្រែ ហើយជីដូនជីតារបស់លោក ក៏ធ្វើស្រែចម្ការដែរ។ នៅពេលដែលចាន់ស៊ី ចេះដើរ មិនទាន់បានប៉ុន្មានឆ្នាំផង លោកត្រូវទៅមើលគោរបស់គ្រួសារលោក កុំឲ្យស៊ីស្រូវក្នុងស្រែ។ ឪពុកម្ដាយលោក គិតថាលោកជាក្មេងវៃឆ្លាតម្នាក់ពីព្រោះលោកអាចឃ្វាលគោម្តងបាន ៦ក្បាល។ ដើម្បីឲ្យលោកបានការរៀនសូត្រ និងឱកាសក្នុងការមានជីវិតប្រសើរឡើង ឪពុកម្ដាយរបស់ចាន់ស៊ី បានបញ្ជូនលោកឲ្យទៅរស់នៅក្នុងមណ្ឌលកុមារកំព្រាមួយកន្លែង។
ឆ្នាំនេះ ចាន់ស៊ី មានអាយុ៣៤ឆ្នាំ ហើយក៏ជាអ្នកសារព័ត៌មានដ៏ពូកែបំផុតមួយរូបក្នុងចំណោមអ្នកសារព័ត៌មានពូកែៗមួយចំនួននៅប្រទេសកម្ពុជា។ លោកបានចំណាយពេលយ៉ាងច្រើនក្នុងរយៈពេលដប់ឆ្នាំកន្លងទៅនេះ ធ្វើការងារជានិពន្ធនាយកបោះពុម្ពនៅសារព័ត៌មាន The Cambodia Daily ដោយបានអភិវឌ្ឍទេពកោសល្យរបស់លោកពីការឃ្វាលគោ ទៅកាន់តំណែងគ្រប់គ្រងអត្ថបទសារព័ត៌មានរបស់អ្នកសារព័ត៌មានចំនួន ១៤នាក់វិញ។
ប៉ុន្តែជាអកុសល លោកបានបាត់បង់ការងារនេះកាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ នៅពេលរដ្ឋាភិបាលប្រទេសកម្ពុជាបង្ខំឲ្យសារព័ត៌មានមួយនេះ បង់ពន្ធយ៉ាងច្រើនក្រៃលែងគិតជាប្រាក់៦,៣លានដុល្លារ ហើយបានបិទកាសែតមួយនេះ។ ទង្វើបែបនេះគឺជាផ្នែកមួយនៃការបង្ក្រាបយ៉ាងកំរោលលើការបញ្ចេញមតិដោយសេរីនិងការរិះគន់ផ្នែកនយោបាយដែលធ្វើឲ្យមនុស្សម្នាមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង។
បន្ទាប់ពីហេតុការណ៍នេះ កើតឡើង លោក ចាន់ស៊ី បានរំឭកពីរឿងអតីតកាល និងគិតពីអនាគតដែលមើលទៅហាក់បីដូចជាសូន្យសុងតែម្ដង។ លោកបាននិយាយថា៖
«ខ្ញុំមិនដឹងថា ខ្ញុំត្រូវធ្វើអ្វីទៀតទេ។ ខ្ញុំកំពុងព្រួយបារម្ភពីស្ថានការណ៍ដែលកំពុងកើតឡើងចំពោះសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា។ ខ្ញុំបារម្ភក្រែងលោមានតែសំឡេងមួយ តែមួយជ្រុង ដូចអ្វីដែលមាននៅអតីតកាលដែលយើងធ្លាប់មានតែប៉ុស្តិ៍វិទ្យុហ្វ្រេកង់AM មួយគត់ដូច្នេះដែរ។ ខ្ញុំបារម្ភក្រែងលោរឿងនេះ នឹងកើតឡើងម្ដងទៀត»។
ក្នុងពេលអង្គុយក្នុងហាងកាហ្វេតាមមាត់ទន្លេក្នុងរាជធានីភ្នំពេញកាលពីខែមុន និងបង្ហាញអារម្មណ៍មិននៅក្នុងខ្លួនខ្លះដោយសារតែលោកទើបតែបាត់បង់ការងារថ្មីៗនោះ លោក ចាន់ស៊ី នៅតែសញ្ជឹងតាមដានតាមព័ត៌មានដែលលោតសញ្ញាបង្ហាញ និងការផ្ដល់តម្រុយព័ត៌មានពីប្រភពផ្សេងៗ ដែលលេចឡើងជាហូរហែក្នុងទូរស័ព្ទរបស់លោក។ លោក នៅមានគំនិតយោបល់គ្រប់គ្រាន់ដើម្បីសរសេរអត្ថបទបាន ប៉ុន្តែមិនដឹងថាត្រូវបោះពុម្ពផ្សាយនៅទំព័រណាឡើយ ដែលស្ថានភាពបែបនេះ គេហៅថាជាការធ្វើបាបអ្នកសារព័ត៌មាន។
លោកបាននិយាយថា អ្វីដែលលោកចងចាំបំផុតក្នុងវ័យកុមារក្នុងទសវត្សរ៍១៩៨០នោះ គឺអ្វីៗទាំងអស់ស្ថិតក្នុងសភាពស្ងៀមស្ងាត់ អ្វីៗទាំងអស់គឺទទេ លើកលែងតែសូរសំឡេងក្នុងរដូវកាលធ្វើស្រែចម្ការ និងការស្វះស្វែងប្រកបរបរចិញ្ចឹមជីវិតតែប៉ុណ្ណោះ។ លោកបាននិយាយថា៖
«កាលណោះ យើងមិនបានដឹងថាពិភពលោកធំប៉ុណ្ណាទេ»។
លោក ចាន់ស៊ី បានកើតនៅ ៤ឆ្នាំក្រោយពីរបបខ្មែរក្រហមបានបញ្ចប់ ដែលប្រជាជនកម្ពុជាប្រហែល២,២លាននាក់ស្មើនឹង១ភាគ៥នៃចំនួនប្រជាជនសរុប ត្រូវបានសម្លាប់ និងអត់អាហារដែលជាផ្នែកនៃការឆ្ពោះទៅរកការបង្ខំឲ្យអនុវត្តផែនការដ៏អាក្រក់នៃមនោគមវិជ្ជាកសិកម្មបែបម៉ៅនិយម និងការកសាងប្រជាជាតិមួយដែលប្រជាជនធ្វើតែស្រែចម្ការ។ របបខ្មែរក្រហមបានផុតរលត់ក្នុងឆ្នាំ១៩៧៩ តាមរយៈការចូលឈ្លានពានពីកងទ័ពវៀតណាម ដែលដឹកនាំដោយក្រុមទាហានកម្ពុជាមួយក្រុមតូចចុះចូលនឹងវៀតណាម ប៉ុន្តែសង្គ្រាមស៊ីវិលនៅតែបន្តកើតមាននៅតាមបណ្ដោយព្រំដែនជាប់នឹងប្រទេសថៃ។ អស់រយៈពេល១ទសវត្សរ៍ក្រោយមក រដ្ឋាភិបាលកុម្មុយនិស្តដែលលើកបន្តុបដោយវៀតណាម បានចាប់ផ្ដើមគ្រប់គ្រងប្រទេសនេះយ៉ាងតឹងរ៉ឹង។
ក្នុងឆ្នាំ១៩៩១ បន្ទាប់ពីកិច្ចចរចាស្វែងរកសន្តិភាពអស់រយៈពេលជាច្រើនឆ្នាំមក អង្គការសហប្រជាជាតិ បានចូលមកប្រទេសកម្ពុជា ដើម្បីបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយ ដែលត្រូវបានគេចាត់ទុកថា ជាបេសកកម្មធំជាងគេបំផុតមួយក្នុងទម្រង់បេសកកម្មការងារបែបនេះ។ អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ឬ ហៅកាត់ថាអ៊ុនតាក់ (UNTAC) ត្រូវបានបង្កើតឡើងក្នុងគោលបំណងកសាងសន្តិភាព និងកសាងមូលដ្ឋានគ្រឹះសម្រាប់ «ការបោះឆ្នោតដោយសេរី និងយុត្តិធម៌» ក្នុងឆ្នាំ១៩៩៣។ កងយោធា មន្ត្រីប៉ូលិស និងមន្ត្រីរដ្ឋបាលនានាមកពីប្រទេសប្រមាណ១០០ បានមកចូលរួមបេសកកម្មនេះ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺមានបុគ្គលិកបរទេសប្រហែល ២១០០០នាក់ក្នុងប្រទេសមួយដែលមានប្រជាជនត្រឹមតែ១០លាននាក់ប៉ុណ្ណោះ។ បម្រាមគោចរត្រឹមម៉ោង៩យប់ដែលមានជាយូរមកហើយ ត្រូវបានលុបចោល ហើយការស្ដាប់កម្មវិធីផ្សាយវិទ្យុបរទេស ក៏ត្រូវបានគេអនុញ្ញាត និងក្លាយជារឿងស្របច្បាប់ដែរ។ វិទ្យុចាប់ផ្ដើមមានពាសពេញប្រទេសរហូតដល់ភូមិរបស់លោក ចាន់ស៊ី បន្ទាប់ពី UNTAC បានចែកចាយដល់អ្នកភូមិរាប់សិបម៉ឺនគ្រឿង ហើយក៏ជាលើកទី១ដែរ ដែលចាន់ស៊ី បានឮសំឡេងពិភពលោកខាងក្រៅ។ លោកបាននិយាយថា៖
«យើងបានដឹងរឿងសំខាន់ៗ និងរឿងតូចតាចជាច្រើន រឿងពាក់ព័ន្ធនឹងនយោបាយសំខាន់ៗនៅប្រទេសកម្ពុជា ពាណិជ្ជកម្ម កសិកម្ម ទំនាស់ដីធ្លី សិទ្ធិមនុស្ស និងសង្គម។ អ្វីៗហាក់ដូចជាបានផ្លាស់ប្ដូរទាំងអស់»។
ពិភពលោក បានបោះជំហានចូលក្នុងប្រទេសកម្ពុជា ដោយមានបំណងចង់ជួយប្រទេសនេះឲ្យចេញផុតពីអតីតកាលរបស់ខ្លួន។ គិតត្រឹមទសវត្សរ៍ឆ្នាំ២០០០ ប្រទេសកម្ពុជាអាចរាប់ចាត់ថាជាប្រទេសដែលមានអង្គការមិនមែនរដ្ឋាភិបាល (NGO ) ច្រើនបំផុតក្នុងពិភពលោក។ មណ្ឌលកុមារកំព្រា បានកើនចំនួនលឿនជាងកុមារកំព្រា។ ជាក់ស្ដែង មណ្ឌលកុមារកំព្រាទាំងនោះចិញ្ចឹមក្មេងៗជាច្រើនតួយ៉ាងដូចជា ចាន់ស៊ី ដែលចង់បានការរៀនសូត្រនោះ សុខចិត្តចាកចោលក្រុមគ្រួសារ ហើយទៅស្នាក់នៅអគាររួមគ្នាជាមួយនឹងអ្នកដទៃទៀតអស់រយៈពេលជាច្រើនឆ្នាំ។ ជំងឺអេដស៍ បានចាប់ផ្តើមចូលមកក្នុងប្រទេសកម្ពុជា។ ម្ចាស់ជំនួយបរទេស បានចំណាយប្រាក់ជាច្រើនសម្រាប់តម្រូវការចាំបាច់នានារបស់ប្រទេសនេះ ហើយនឹងនៅតែបន្តផ្ដល់ជំនួយ បើទោះជាបានដឹងច្បាស់ថា ថ្នាក់ដឹកនាំលួចជាតិប្រទេសកម្ពុជា កំពុងតែយកចំណែកប្រាក់យ៉ាងច្រើនលើសលប់ដាក់ចូលក្នុងហោប៉ៅរបស់ពួកគេក៏ដោយ។
បន្ទាប់មក ម្ចាស់ជំនួយបរទេសបានផ្តល់ថវិកា ដើម្បីជួយបង្កើតច្បាប់ប្រឆាំងអំពើពុករលួយ និងស្ថាប័នប្រឆាំងអំពើពុករលួយ ដែលក្នុងឆ្នាំ២០១០ បានប្តូរកន្លែងទៅកាន់ទីចាត់ការដ៏ធំមួយ និងចាប់ផ្ដើមប្រើចំណាត់ការតាមនីតិវិធីតុលាការលើសត្រូវនយោបាយរបស់លោកនាយករដ្ឋមន្រ្តី។ ម្ចាស់ជំនួយបរទេសចំណាយប្រាក់កាសព្រាងច្បាប់នានាដែលតឹងរ៉ឹង និងទាមទារឲ្យរដ្ឋធម្មនុញ្ញមួយដែលធានាសិទ្ធិផ្សេងៗជាច្រើនសម្រាប់បុគ្គល។ ជំនួយរបស់ម្ចាស់ជំនួយភ្ជាប់មកជាមួយនូវលក្ខខណ្ឌ គឺការធ្វើប្រជាធិបតេយ្យូបនីយកម្ម ប៉ុន្តែបើទោះជាលក្ខខណ្ឌទាំងនោះមិនបានបំពេញក៏ដោយ ប្រាក់ជំនួយនៅតែបន្តហូរចូលមកដដែល។
ការធ្វើអន្តរាគមន៍របស់បស្ចិមប្រទេសទាំងប៉ុន្មាននៅប្រទេសកម្ពុជាពីចម្ងាយ បង្ហាញពីការបណ្ដុះមនោគមវិជ្ជាមួយបែប ដែលរួមផ្សំធាតុរបស់ប្រជាធិបតេយ្យបែបបស្ចិមប្រទេសសម្រាប់នាំចូលមកប្រទេសអាស៊ីអាគ្នេយ៍ដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម ហើយនឹងសង្ឃឹមថា ប្រទេសទាំងនោះអាចចាក់ឫសចាក់គល់ និងស្វះស្វែងប្រឹងប្រែងខ្លួនឯងបន្តទៅមុខទៀត។ ក៏ប៉ុន្តែ ក្នុងរូបភាពជាក់ស្ដែង សង្គមកម្ពុជានៅតែបន្តរស់តាមទម្លាប់ដែលធ្លាប់មាន គឺងាកចេញពីរូបភាពនៃ «ការកសាងស្ថាប័ន» និងសិទ្ធិបុគ្គលទៅរកទំនាក់ទំនងបក្សពួកសាច់ញាតិជាប់សែស្រឡាយនឹងគ្នា ហើយបុរសខ្លាំងបានយកខ្លួនធ្វើជាខ្នងបង្អែកសម្រាប់ក្រុមមនុស្សមានបុណ្យស័ក្ដិតូចតាចជាងខ្លួន ប៉ុន្តែជាថ្នូរវិញពួកគេត្រូវគោរពស្មោះស្ម័គ្រដោយឥតជំទាស់អ្វីឡើយ។ លោក ស្ទីវ ហ៊ីឌរ (Steve Heder) បញ្ញវន្តដ៏លេចធ្លោមួយរូប ដែលសិក្សាពីនយោបាយខ្មែរសម័យទំនើប បានដាក់ឈ្មោះឆាកល្ខោននយោបាយសព្វថ្ងៃថា «ដូចជារដ្ឋមួយដែលវិលទៅរកសភាពដើមវិញ» គឺមានការតាំងចិត្តសើៗសម្រាប់ការឈានទៅរកលទ្ធិប្រជាធិបតេយ្យដែលកំពុងស្ថិតក្រោមអំពើហិង្សា និងការកេងប្រវ័ញ្ច។
ខ្នងដែលធំបំផុតសម្រាប់ពេលបច្ចុប្បន្ននិងប៉ុន្មានសិបឆ្នាំកន្លងទៅនេះ គឺសំដៅលើលោក ហ៊ុន សែន ដែលជាអតីតទាហានខ្មែរក្រហម និងដែលបានឡើងកាន់អំណាចក្នុងឆ្នាំ១៩៨៥ ដែលកាលនោះជាមន្ត្រីវ័យក្មេងថ្មីថ្មោងតែងតាំងដោយរដ្ឋាភិបាលវៀតណាមដែលកំពុងកាន់កាប់ប្រទេសកម្ពុជានៅពេលនោះ។ ប្រសិនបើអ្នកគិតថា ភាពវ័យក្មេងនិងការខ្វះបទពិសោធន៍របស់លោក ធ្វើឲ្យលោកអាចងាយរងឥទ្ធិពលពីគេនោះ នោះអ្នកនឹងយល់ខុសហើយ។ លោកបង្ហាញខ្លួនថា លោកជាមនុស្សឆ្លាតវៃម្នាក់ ជាអ្នកនយោបាយព្រៃផ្សៃ ដែលគិតធ្វើអ្វីតាមតែគំនិតខ្លួនឯង។ លោកមិនបានបោះបង់ចោលតំណែងជានាយករដ្ឋមន្ត្រីតាំងតែពីដើមរៀងមក បើទោះជាចាញ់ឆ្នោតជាក់ស្ដែងក្នុងការបោះឆ្នោតឆ្នាំ១៩៩៣ដែលរៀបចំឡើងដោយUNTAC។ រាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៩៣ និងការបោះឆ្នោតបន្តបន្ទាប់នៅឆ្នាំ១៩៩៨, ២០០៣, ២០០៨, និង២០១៣ ដែលទោះបីជាការបោះឆ្នោតទាំងនោះមើលពីខាងក្រៅថាសេរី និងយុត្តិធម៌ក៏ដោយ ក៏អំណាចនៅតែវិលត្រឡប់ទៅរកក្រុមមនុស្សមួយក្ដាប់តូចដដែល។ លោក ហ៊ុន សែន បានចំណាយពេល និងប្រើយុទ្ធសាស្ត្រក្ដោបក្ដាប់ពង្រឹងអំណាចខ្លួនអស់រយៈពេល៣២ឆ្នាំ ជាដំបូងគឺកម្ចាត់ក្រុមប្រដាប់អាវុធដែលជាដៃគូប្រយុទ្ធរបស់ខ្លួន បន្ទាប់មកបោសសម្អាតក្រុមប្រឆាំងដែលគាំទ្ររាជានិយមតាំងពីទសវត្សរ៍១៩៩០ បន្ទាប់មកទៀតផ្ដួលក្រុមគូប្រជែងរបស់លោកក្នុងជួរគណបក្សរបស់ខ្លួនឯងផ្ទាល់ ដែលជារឿយៗ ប្រើប្រាស់ច្បាប់ជាអាវុធ។ ឥឡូវនេះ លោកបានបកមកជម្រះបញ្ជីជាមួយនឹងក្រុមសេសសល់ដែលជាក្រុមប្រឆាំងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ និងវត្តមានបរទេសដែលនៅសេសសល់តាំងពីសម័យកាល UNTAC មកនោះ។ ការបង្ក្រាបនៅពេលបច្ចុប្បន្ននេះ នាំឲ្យមានអារម្មណ៍មួយថា វាមិនអាចចៀសផុតពីស្ថានការណ៍ដូចពីពេលមុនបានឡើយ។ បច្ចុប្បន្ន គឺឆ្នាំ២០១៧ ប្រទេសកម្ពុជាបានក្លាយជារដ្ឋមួយដែលមានគណបក្សតែមួយ ដឹកនាំដោយក្រុមតែមួយស្ទើរនឹងដូចគ្នានឹងក្រុមមនុស្សដែលបានកាន់អំណាចតាំងតែពី ចាន់ស៊ី នៅវ័យជាកុមារម៉េ្លះ។
សារព័ត៌មាន The Cambodia Daily គឺជាផ្នែកមួយនៃការធ្វើអន្តរាគមន៍ដែលមានវត្តមានចាប់តាំងពីក្នុងសម័យកាល UNTAC និងពេលក្រោយបន្ទាប់មកទៀត។ សារព័ត៌មាននេះ ជាកាសែតមានទំហំតូចបង្កើតឡើងដោយលោក Bernie Krisher អតីតអ្នកកាសែតសរសេរព័ត៌មានឲ្យទស្សនាវដ្តី Newsweek។ លោកជាមនុស្សម្នាក់ចូលចិត្តកាសែត និងចូលចិត្តធ្វើអ្វីប្រញាប់ប្រញាល់ ហើយក៏ជាចាស់ទុំមួយរូបដែលជឿលើមនោគមវិជ្ជាដែលនាំធាតុនៃលទ្ធិប្រជាធិបតេយ្យចូលមកប្រទេសកម្ពុជា ដោយសង្ឃឹមថាធាតុនេះនឹងចាក់ឫសចាក់គល់ និងប្រឹងលូតលាស់ដោយខ្លួនឯងបន្តទៅមុខទៀត។
សារព័ត៌មាន The Cambodia Daily គឺជាបេសកកម្មការងារដែលមានលក្ខណៈបរទេសយ៉ាងច្បាស់លាស់ គឺបង្កើតសារព័ត៌មានដែលសេរីមួយប្លែកពីគេនៅក្នុងប្រទេសកម្ពុជាដែលស្ថានភាពព័ត៌មានក្នុងប្រទេសនេះ គឺស្ទើរតែគ្រប់ប្រភពព័ត៌មានត្រូវធ្វើឡើងតម្រូវទៅតាមក្រុមណាមួយ ឬ ក្រុមផ្សេងទៀត។ ចាប់តាំងពីការកកើតមក កាសែតThe Cambodia Daily បានដំណើរការច្រើនណាស់ដែរ ច្រើនជាងថាមភាព និងឆន្ទៈដ៏មុតមាំរបស់លោក Bernie ដែលនៅតែរីករាយ ឬឈ្មុសឈ្មុលរាល់ឧបសគ្គទាំងអស់។
ខ្ញុំចូលធ្វើការឲ្យសារព័ត៌មានThe Cambodia Daily នៅរាជធានីភ្នំពេញក្នុងឆ្នាំ២០០៩ ហើយចាប់ផ្ដើមចាប់អារម្មណ៍ពីភាពរាយប៉ាយ និងស្ថានភាពស្ថាប័នការងារប្រៀបដូចជាមិនមែនស្ថាប័នមួយនេះ បើទោះជាខ្ញុំប្រឹងរំងាប់ចិត្តនឹងរឿងរ៉ាវដែលមិនសមស្រប និងភាពអយុត្តិធម៌នានាយ៉ាងណាក៏ដោយ។ ខ្ញុំស្រឡាញ់ភាពក្លាហានមោះមុតរបស់មិត្តរួមការងារជនជាតិខ្មែរ បើទោះជាពួកគេមិនចូលចិត្តសំញែងភាពវ័យឆ្លាតរបស់ពួកគេ ហើយនឹងការនិយាយលេងសើចបែបលេបខាយដែលមិនអាចកើតមាននៅកន្លែងធ្វើការរបស់ជនជាតិអាមេរិកក៏ដោយ ដូចជាពាក្យនិយាយត្រង់ៗថា អ្នកឯងធាត់ ជាដើម។ ពួកគេ ត្រូវជិះម៉ូតូរាប់ម៉ោងតាមផ្លូវដីហ៊ុយ ដើម្បីស្វែងរកព័ត៌មាន ប៉ុន្តែពួកគេនៅតែមកដល់ការិយាល័យធ្វើការ ត្រឹមពេលបាយថ្ងៃត្រង់ ដោយយកបាយ និងសម្លត្រីមកហូបជុំគ្នាជាមួយមិត្តរួមការងារ។ ជាធម្មតា អ្នករាយការណ៍ព័ត៌មានចូលថ្មី ត្រូវចំណាយពេលរាប់ខែដើម្បីស្វែងយល់ពីខ្លឹមសាររួមនៃការស្រង់សម្ដីដើមរបស់ប្រភពនិងសាច់រឿងដែលពួកគេចង់សរសេរ។ ប៉ុន្តែ ពួកគេទាំងនោះបានប្រឹងប្រែងពុះពារខ្លាំងណាស់ដើម្បីសម្រេចបានជោគជ័យ ដូចជាការសរសេរអ្វីដែលថ្មីៗនិងព័ត៌មានពិតទៅកាន់ពិភពលោក។
ក្នុងពេលដំណាលគ្នានេះដែរ សារព័ត៌មាននេះ ដូចការចូលអន្តរាគមន៍ពីបរទេសផ្សេងៗទៀតក្នុងប្រទេសកម្ពុជាដែរ មានការខុសឆ្គង។ យើងទាំងអស់គ្នាដែលជាជនបរទេសទទួលបានប្រាក់ខែទាប ប៉ុន្តែបុគ្គលិកជាជនជាតិខ្មែរ ទទួលបានប្រាក់ខែ រឹតតែទាបជាងពួកយើងទៀត។ លោក Bernie ខ្លួនលោកផ្ទាល់ អាចត្រូវបានគេចាត់ថាជាមនុស្សចិត្តល្អខ្លាំងណាស់ បើទោះជាលោកជាមនុស្សក្រអឺតក្រទមក៏ដោយ។ ពេលខ្លះ លោកតឹងតែង សូម្បីតែរឿងប្រើក្រដាសបង្គន់។ លោកចង់ជ្រើសរើស ឬបណ្ដេញបុគ្គលិកតាមតែចិត្តលោកចង់ បង្គាប់អ្នកយកព័ត៌មានឲ្យបែកពីមិត្តស្រីរបស់ខ្លួន។ លោកកាត់ប្រាក់ខែបុគ្គលិកពេលបុគ្គលិកគ្រាន់តែប្រព្រឹត្តសកម្មភាពដែលមើលទៅមិនធ្ងន់ធ្ងរសោះ ដូចជាអង្គុយនៅលើកៅអីដែលលោកទុកឲ្យអ្នកដែលលោកចូលចិត្ត ដែលកម្របង្ហាញមុខនៅកន្លែងធ្វើការជាដើម។ នៅពេលដែលអ្នកយកព័ត៌មានជនជាតិខ្មែរ មានបំណងបង្កើតសហជីព លោកបានបំបែកការជួបជុំរបស់ពួកគេដោយជ្រើសរើសបុគ្គលិកខ្មែរថ្មី ពីកន្លែងធ្វើការផ្សេងរបស់លោកឲ្យចូលមកធ្វើការ។ លោកមិនខ្វល់នោះទេ បើទោះជាអ្នកថ្មីនោះ មិនមែនជាអ្នកមានវិជ្ជាជីវៈសារព័ត៌មានក៏ដោយ។
ក្នុងចំណោមអ្នកថ្មីទាំងនោះ ក៏មាន លោក ចាន់ស៊ី មួយរូបផងដែរ ដែលកាលពីមុនលោកគឺជាគ្រូបង្រៀន ក្រោយពីបានរៀនភាសាអង់គ្លេសក្នុងមណ្ឌលកុមារកំព្រាមួយ។ វាមិនមែនជាការចៃដន្យទេ គឺមណ្ឌលកុមារកំព្រានោះ ឧបត្ថម្ភដោយលោក Bernie។ លោក ចាន់ស៊ី នៅចាំមិនភ្លេចអំពីការភិតភ័យរបស់លោកនៅពេលដែលគេហៅលោកចេញពីផ្ទះដ៏តូចក្នុងតំបន់ជនបទវិញ ដែលជាកន្លែងភរិយាលោកប្រកបរបរលក់ពងមាន់ ពងទា និងសាំងក្នុងតូបជាប់មាត់ផ្លូវ ដើម្បីមកជួបប្រជុំនៅសណ្ឋាគារទំនើប InterContinental ក្នុងរាជធានីភ្នំពេញ។ លោកត្រូវបានគេប្រាប់ដោយខ្លីថា ឥឡូវនេះលោកលែងជាគ្រូបង្រៀនទៀតហើយ គឺជាអ្នកសារព័ត៌មានវិញ។ លោកមិនទាំងបានដឹងថា អ្នកសារព័ត៌មានធ្វើអ្វីខ្លះផង។
សម្រាប់ខ្ញុំ រឿងរ៉ាវបែបនេះ បង្ហាញឲ្យឃើញពីភាពរញ៉េរញ៉ៃនៃសារព័ត៌មាន The Cambodia Daily។ ប៉ុន្តែសារព័ត៌មានមួយនេះ ក៏មានផ្នែកមួយចំនួនអស្ចារ្យផងដែរ។ ខ្ញុំមានការអាក់អន់ចិត្តចំពោះការខ្វះការប្ដេជ្ញាចិត្តរបស់លោក Bernieក្នុងការកសាងស្ថាប័នសារព័ត៌មានមួយនេះ ឬ និរន្តរភាពរបស់វា ប៉ុន្តែរឿងទាំងនេះហាក់ដូចជាធ្វើឲ្យខ្ញុំអាក់អន់ចិត្តខ្លាំងជាងបុគ្គលិករួមការងារជាមួយខ្ញុំ។ ជីវិតរបស់ពួកគេ ត្រូវប្រឈមនឹងគ្រោះថ្នាក់ក្រោមរបបបុគ្គលផ្ដាច់ការអាត្មានិយម លោភលន់ ដែលពួកគេអាចនឹងគិតថា កំហឹងរបស់ខ្ញុំ ជារឿងចម្លែកណាស់ ទៅវិញ។ រហូតមកទល់ថ្ងៃនេះ លោក ចាន់ស៊ី ចាត់ទុកលោក Bernie ដែលកំពុងតែជរាហើយឈឺ និងមិនបានមកប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយនោះ ជាឪពុកទី២របស់លោក និងជាមនុស្សដែលជួយស្រោចស្រង់លោក និងផ្ដល់ជីវិតថ្មីដល់លោក។ លោក ចាន់ស៊ី បាននិយាយថា៖
«ខ្ញុំស្មោះត្រង់នឹងលោក Bernieជារៀងរហូត»។
ការចាក់ឫសដ៏ជ្រៅនៃទម្លាប់អាងខ្នង ឬ បណ្ដាញចាក់ស្រេះនៃភាពស្មោះត្រង់ និងការការពារគ្នាទៅវិញទៅមក ដែលបង្កើតឡើងដោយលោក Bernie គឺជាមូលហេតុមួយដែលសារព័ត៌មាន Daily អាចមានអាយុកាលរហូតដល់ពេលថ្មីៗនេះ ប៉ុន្តែការណ៍នេះ ក៏ប្រហែលជាបង្កឲ្យមានការធ្លាក់ចុះនៃកាសែតនេះដែរ ពេលដែលលោកBernie ធ្លាក់ខ្លួនឈឺធ្ងន់ នៅពេលដែលលោកបានផ្ទេរភារកិច្ចនៃការគ្រប់គ្រងសារព័ត៌មានមួយនេះ ទៅឲ្យកូនស្រីរបស់លោក។ តាមចក្ខុវិស័យ និងទំនាក់ទំនងបែបបុគ្គលរបស់លោក Bernie ជារឿយៗ លោកធ្វើហាក់ដូចជា ការងារពាក់ព័ន្ធនឹងឯកសារ និងនីតិវិធី អាចមានគ្រោះថ្នាក់តិចណាស់។ ទឹកប្រាក់៦,៣ លានដុល្លារដែលត្រូវបង់ពន្ធ ដូចជាច្រើនជ្រុលហួសហេតុពេក ពីព្រោះសារព័ត៌មាន Daily ស្ទើរតែមិនដែលទទួលប្រាក់ចំណេញសោះឡើយ។ វាក៏ជាការពិតដែរ ដែលថាក្នុងរយៈពេលភាគច្រើននៃប្រតិបត្តិការសារព័ត៌មាននេះ កាសែតនេះ មិនបានបង់ពន្ធ ហើយក៏មិនបានចុះបញ្ជីជាក្រុមហ៊ុន ឬ ជាអង្គការក្រៅរដ្ឋាភិបាលដែរ។ កាសែតនេះ បានកេងចំណេញក្នុងរបបដឹកនាំដែលមិនសូវពឹងច្បាប់ទម្លាប់របស់កម្ពុជាមួយនេះ ទោះជាអ្នកសារព័ត៌មាននៃស្ថាប័ននេះ បានសរសេររិះគន់របបបែបនេះជាសាធារណៈក៏ដោយ។ ក្នុងឆ្នាំ១៩៩៩ លោក Bernie បានប្រាប់ទស្សនាវដ្ដី Wired ថា៖
«ពេលខ្លះ ខ្ញុំមានចរិតដូចជាជនផ្ដាច់ការដែលជឿជាក់លើលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ មិនបានអនុវត្តតាមលទ្ធិប្រជាធិបតេយ្យសោះឡើយ»។
សារព័ត៌មានមួយនេះ ក៏ដូចគ្នានឹងប្រទេសកម្ពុជាដែរ គឺមានលក្ខណៈដូចជានឹងរដ្ឋមួយដែលវិលទៅវិលមក។
បើទោះការជ្រើសរើសលោក ចាន់ស៊ីមកធ្វើការ ជារឿងមិនសមស្រប (ហើយអាចជារឿងខុសច្បាប់ក៏ថាបាន) ក៏លោក ចាន់ស៊ី បានពុះពារប្រឹងប្រែងធ្វើការសម្រាប់សារព័ត៌មាន Daily ។ បើតាមគំនិតរបស់លោក Bernie ដើម្បីក្លាយជាអ្នកសារព័ត៌មានល្អម្នាក់ គឺការយល់ដឹងអំពីពិភពលោក និងភាពស្មុគស្មាញក្នុងពិភពលោក មានសារៈសំខាន់ ជាងការបណ្តុះបណ្តាលនិងបទពិសោធន៍។ ដំបូងឡើយ លោក ចាន់ស៊ី សរសេរព័ត៌មានភាគច្រើនអំពីអ្វីដែលលោកដឹងយ៉ាងលម្អិត ដូចជារឿងទឹកជំនន់ គ្រោះរាំងស្ងួត ដីធ្លីនិងស្រូវអង្ករជាដើម។ បើទោះជាបុគ្គលិកជនជាតិខ្មែរដទៃទៀត មើលឃើញថា លោកជាមនុស្សមិនសូវមានបទពិសោធន៍ និងដឹងជ្រៅជ្រះក៏ដោយ ក៏លោកនៅតែខំធ្វើការ និងរៀនសូត្របន្ថែមទៀត។ របៀបសរសេរភាសាអង់គ្លេសរបស់លោក មានលក្ខណៈច្របូកច្របល់ប៉ុន្តែ ល្អ។ ជារឿយៗ យើងបានយកអត្ថបទព័ត៌មានរបស់លោកឲ្យមិត្តរួមការងារមើល ហើយឆ្ងល់ថា ហេតុអ្វីបានជាវាដូចជាកំណាព្យទៅវិញ។ អត្ថបទព័ត៌មានដែលលោកសរសេរ មានលក្ខណៈវែង និងមានគំនិតទូលាយច្រើន។ ខ្ញុំនៅតែតាមដានលោក ពេលលោកកាន់តំណែងជានិពន្ធនាយកបោះពុម្ព។ លោកចាប់ផ្ដើមមានទូរស័ព្ទទំនើបប្រើជាលើកដំបូង និងចាប់ផ្ដើមរៀនចង់ដឹងចង់ឮពីរឿងក្នុង និងក្រៅកន្លែងធ្វើការ។ អត្ថបទដែលលោកសរសេរ ជាពិសេសការផ្ដោតលើការច្បាមយកដីធ្លីពាសវាលពាសកាលក្នុងទីក្រុងរបស់បក្សពួកលោកហ៊ុន សែន បានចាប់ផ្តើមនាំឲ្យមានផលប៉ះពាល់ជាក់ស្ដែង ប៉ុន្តែសូម្បីតែមកដល់ពេលនេះ លោកនៅតែប្រយ័ត្នប្រយែងក្នុងការនិយាយយ៉ាងច្បាស់អំពីតួនាទីរបស់លោកក្នុងនាមជាអ្នកកាសែត។ លោកបាននិយាយថា៖
«យើងមិនមែនជាចៅក្រមទេ យើងមិនមែនជារដ្ឋាភិបាលទេ ដូច្នេះយើងមិនអាចកាត់ក្ដីរឿងមនុស្សណាមួយឡើយ ពេលដែលលោកអ្នកមានបញ្ហា។ យើងមិនអាចកំណត់ថាអ្នកណាឈ្នះ ឬអ្នកណាចាញ់ឡើយ ប៉ុន្តែអ្វីដែលយើងអាចធ្វើ គឺបោះពុម្ពផ្សាយអត្ថបទ និងផ្សព្វផ្សាយដល់សាធារណជន សង្គម និងរដ្ឋាភិបាល ហើយលោកអ្នកអាចដឹងឮរឿងនោះ»។
អ្វីៗ បានផ្លាស់ប្ដូរទៅតាមពេលវេលា។ ជាពិសេស ប្រព័ន្ធអ៊ីនធឺណិត បានធ្វើឲ្យប្រទេសកម្ពុជាមានសេរីភាព និងមានលក្ខណៈបើកចំហច្រើនជាងមុន។ ក្នុងឆ្នាំ២០០៩ ការទាក់ទងជាមួយប្រភពព័ត៌មាននៅតំបន់ដាច់ស្រយាល មានលក្ខណៈពិបាកខ្លាំង។ ពេលខ្លះ អ្នកកាសែតអាចទាក់ទងជាមួយពួកគេបានត្រឹមតែរយៈពេលមួយភ្លែត នៅពេលដែលពួកគេអាចខ្ចីទូរស័ព្ទពីអ្នកផ្សេងបាន។ ពេលខ្លះ ពួកគេត្រូវធ្វើដំណើរទៅការិយាល័យយើងដើម្បីចែករំលែកព័ត៌មានរបស់ពួកគេ។ អ្នករាយការណ៍ព័ត៌មានទទួលប្រាក់ខែជាសាច់ប្រាក់ក្នុងស្រោមសំបុត្រដែលផ្ញើតាមអ្នកបើករថយន្តក្រុងទៅតាមខេត្តនានា ហើយសង្ឃឹមថា ស្រោមសំបុត្រនោះ បានទៅដល់អ្នកទទួល ដោយមិនរហែក។ មកទល់នឹងពេលដែលសារព័ត៌មានDaily បិទ លោក ចាន់ស៊ី ជារឿយៗ បានទាក់ទងក្រុមសកម្មជនព្រៃឈើតាមរយៈការផ្ញើសារឆ្លើយឆ្លងក្នុង App និងការទទួលបានប្រាក់បៀវត្សរ៍តាមរយៈបណ្ដាញទូរស័ព្ទ។ នៅដើមឆ្នាំនេះ នៅពេលដែលខ្ញុំសរសេរអំពីការបោះឆ្នោតថ្នាក់ជាតិឲ្យសារព័ត៌មាន The New York Times ខ្ញុំដូចជាមានអារម្មណ៍សុទិដ្ឋិនិយមចំពោះរបៀបដែលប្រទេសមួយនេះ បានផ្លាស់ប្ដូរ។ ព័ត៌មានអំពីការបោះឆ្នោតផ្សព្វផ្សាយបានរហ័ស និងទូលំទូលាយ។ គណបក្សប្រឆាំងបែបប្រជាធិបតេយ្យដែលបង្កើតឡើងក្នុងឆ្នាំ២០១២ បានទទួលសំឡេងយ៉ាងច្រើនគួរឲ្យភ្ញាក់ផ្អើល គឺបានឈ្នះជាង៣០ភាគរយនៃអាសនៈរដ្ឋសភា។ មនុស្សជាច្រើនជឿជាក់ថា គណបក្សប្រឆាំងអាចផ្ដួលលោក ហ៊ុន សែន ក្នុងពេលបោះឆ្នោតជ្រើសរើសសមាជិកសភានៅឆ្នាំក្រោយ។
ការទទួលបានសំឡេងឆ្នោតដ៏ច្រើនបែបនេះ ត្រូវបានបង្អាក់តាមរយៈការបង្ក្រាបដ៏ធ្ងន់ធ្ងរបំផុតលើការរិះគន់នយោបាយ និងការបញ្ចេញមតិដោយសេរីក្នុងរយៈពេល២ទសវត្សរ៍នេះ។ ក្រៅពីការបិទសារព័ត៌មាន Daily វិទ្យុអាស៊ីសេរី (RFA) ក៏ត្រូវបង្ខំចិត្តបិទការិយាល័យរបស់ខ្លួនក្នុងរាជធានីភ្នំពេញដែរ។ សំឡេងសហរដ្ឋអាមេរិក (VOA) ក៏កំពុងស្ថិតក្រោមការគំរាមកំហែងពីស្ថាប័នពន្ធដារ ហើយវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ (NDI) ក៏ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជាផងដែរ។ ស្ថានីយ៍វិទ្យុឯករាជ្យចំនួន១៩ ត្រូវបានបង្ខំឲ្យបិទការផ្សាយ ដែលជាការផ្ដាច់ប្រភពព័ត៌មានដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជានៅតំបន់ជនបទភាគច្រើន។ ប្រធានគណបក្សប្រឆាំង ត្រូវបានចាប់ខ្លួនទាំងកណ្ដាលយប់ជ្រៅស្ងាត់កាលពីថ្ងៃទី៣ ខែកញ្ញា ដោយគ្មានដីកាចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគារមួយដែលមានសន្តិសុខយាមកាមយ៉ាងតឹងរ៉ឹងបំផុតនៅតំបន់ដាច់ស្រយាល។ លោក កឹម សុខា ដែលជាមេដឹកនាំគណបក្សសង្គ្រោះជាតិ ត្រូវបានគេឃុំខ្លួននៅទីនោះ ដោយរងការចោទពីបទចូលរួមក្នុងផែនការសម្ងាត់ក្បត់ជាតិចូលដៃជាមួយរដ្ឋាភិបាលអាមេរិក។ ព្រឹត្តការណ៍ទាំងអស់នេះ បានកើតឡើងយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពយ៉ាងគួរឲ្យភ័យខ្លាច។
ទោះបីជាយុទ្ធវិធីបែបនេះភាគច្រើន ត្រូវបានគេមើលឃើញថាជាឆាកល្ខោនរបស់លោក ហ៊ុន សែនក្នុងការបង្ក្រាបក៏ដោយ ក៏ការបង្ក្រាបនានានៅពេលថ្មីៗនេះ លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ និងអ្នកនយោបាយប្រឆាំង បានរីករាលដាល ហើយការបង្រ្កាបនេះ ក៏បានដាស់អារម្មណ៍ និងដួងចិត្តមនុស្សម្នាទាំងក្នុងប្រទេសកម្ពុជា និងនៅបរទេស ប្រហែលជាដោយសារវិធានការទាំងនេះ ហាក់ដូចជាកំណត់ពីអវសាននៃរយៈពេល២៥ឆ្នាំនៃការមានសន្តិភាព ភាពរីកចម្រើននិងសេរីជាងមុន បើទោះជានៅមានបញ្ហាជាច្រើនក៏ដោយ។ ទសវត្សរ៍ឆ្នាំ១៩៩០ និងឆ្នាំ២០០០ គឺជារយៈកាលដែលសម្បូរដោយរឿងឃាតកម្ម ការជះទឹកអាស៊ីត អំពើពុករលួយដ៏ធំធេង និងការប្រយុទ្ធបង្ហូរឈាមគ្នា ប៉ុន្តែរឿងទាំងអស់នោះ យើងអាចពន្យល់បកស្រាយថា វាជាសំណល់តាំងពីអតីតកាលដ៏បង្ហូរឈាមជាងនេះទៅទៀត។ ប៉ុន្តែ បញ្ហា ដែលលេចឡើងក្នុងពេលនេះ គឺជាបញ្ហាបច្ចុប្បន្ន និងអនាគត ដែលមានទំនាក់ទំនងនឹងសកលភាវូបនីយកម្ម និងការងើបឡើងរបស់ចិន ហើយនិងវិធីសាស្ត្រផ្ដាច់ការរបស់លោក ហ៊ុន សែនផ្ទាល់ ដែលបង្ហាញឲ្យឃើញកាន់តែច្បាស់ នៅពេលដែលការគំរាមកំហែងពីខាងក្រៅ បានចាប់ផ្ដើមថមថយ។
ប្រទេសកម្ពុជា បានងើបក្លាយជាប្រទេសដែលមានប្រាក់ចំណូលកម្រិតមធ្យមក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ហើយលំហូរជំនួយពីបស្ចិមប្រទេស នឹងថយចុះយ៉ាងខ្លាំងនៅពេលឆាប់ៗ។ ក៏ប៉ុន្តែ រដ្ឋាភិបាលចិន បានប្រកាសខ្លួនរួចជាស្រេចថា ខ្លួននឹងផ្ដល់ជំនួយដើម្បីភាពរីកចម្រើនក្នុងប្រទេសកម្ពុជា និងបានកំណត់យ៉ាងច្បាស់ថា ប្រាក់ជំនួយរបស់ខ្លួនគ្មានលក្ខខណ្ឌអ្វីទាំងអស់ លើកលែងតែភាពស្មោះត្រង់មួយគត់។ (ក្នុងចំណោមម្ចាស់ជំនួយធំៗរបស់ប្រទេសកម្ពុជា មានតែរដ្ឋាភិបាលទីក្រុងប៉េកាំងមួយគត់ដែលបង្ហាញការគាំទ្រលើការគាបសង្កត់របស់រដ្ឋាភិបាលដែលកំពុងធ្វើសព្វថ្ងៃនេះ)។ ស្របពេលជាមួយគ្នានេះដែរ ឱកាសថ្មី ក៏កើតមានសម្រាប់ប្រជាជនធម្មតាតាមរយៈការកើនឡើងទ្រព្យសម្បត្តិនិងលទ្ធភាពនៃការដើរហើរកាន់តែច្រើនឡើង។ ការចងចាំពីសម័យកាលសង្គ្រាម និងការខ្វះមុខខ្វះក្រោយ បានថមថយហើយបានធ្វើឲ្យប្រជាជនស្រេកឃ្លានចង់បានជម្រើសនយោបាយដ៏ពិតប្រាកដមួយ។ ស្ថានភាពបែបនេះ ហាក់ដូចជាបានធ្វើឲ្យលោកហ៊ុន សែន នៅមិនស្ងៀម ទោះជាស្ថានភាពបែបនេះ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ជ័យជំនះរបស់លោកក៏ដោយ។
រហូតមកដល់ពេលនេះ ស្ថានភាពនេះ បានបង្ហាញរូបភាពយ៉ាងច្បាស់ថា លោកហ៊ុន សែន គិតថា រាល់អ្វីដែលប្រឆាំងនឹងនយោបាយរបស់លោក គឺស្មើនឹងទោសក្បត់ជាតិ។ ការថ្លែងសន្ទរកថាពាសវាលពាសកាលរាប់ម៉ោង ដែលជាទម្លាប់របស់លោកទៅហើយ ដែលរំលេចពីការគំរាមបំភិតបំភ័យ និយាយកំប្លែងលេងសើច និងធ្វើសេចក្ដីប្រកាសផ្សេងៗដែលមានអានុភាពជាច្បាប់ បង្ហាញយ៉ាងច្បាស់ថា លោកមានជំនឿថា ខ្លួនឯង និងគណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំប្រទេស ហើយនឹងប្រទេសកម្ពុជា គឺជារបស់តែមួយដដែល និងគ្មាននរណាអាចរំលោភបំពានបានឡើង។ ដោយមិនខ្វល់ថា ការបោះឆ្នោតឆ្នាំ២០១៨ និងឆ្នាំ២០២៣ នោះលោក ហ៊ុន សែន បានប្រកាសថា លោកមានបំណងដឹកនាំប្រទេសនេះយ៉ាងតិចបំផុត១០ឆ្នាំទៀត។ លោកបានថ្លែងចំអកដល់អ្នកដឹកនាំផ្សេងទៀតក្នុងពិភពលោកថា៖
«តើអ្នកកំពុងច្រណែននឹងខ្ញុំឬ?»
ស្របពេលដែលមិនមានកាសែតតទៅទៀត លោក ចាន់ស៊ី និងអតីតមិត្តរួមការងាររបស់លោក បានចែករំលែកសាច់រឿង និងព័ត៌មានពីរឿងរ៉ាវនៃការបង្ក្រាបនេះតាមរយៈការឆ្លើយឆ្លងសារឆ្លងឆ្លើយជាក្រុមឯកជនក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលពួកគេដាក់ឈ្មោះថា Ladies Men ដែលជាការដាក់ឈ្មោះក្នុងន័យចំអកខ្លួនឯង។ សព្វថ្ងៃនេះ ព័ត៌មានត្រូវបានដឹងឮមុនគេនៅក្នុងក្រុម Ladies Men នេះឯង។ នៅពេលដែលខ្ញុំចង់ដឹងពីស្ថានភាពនយោបាយ ខ្ញុំចូលទៅក្នុងក្រុមនេះ។ មិនមានអ្វីមួយដែលគួរឲ្យតូចចិត្តជាងនេះទៀតទេ គឺថា ក្រុមអ្នកសារព័ត៌មានដ៏ពូកែបំផុតក្នុងប្រទេសនេះ កំពុងតែគាស់កកាយព័ត៌មាន និងបញ្ជូនព័ត៌មានទាំងនោះក្នុងរង្វង់មួយបិទជិត និងអាចអានបានត្រឹមតែមនុស្សក្នុងក្រុមអ្នកសារព័ត៌មានដែលបាត់បង់ការងារតែប៉ុណ្ណោះ។
នៅក្រោមបរិយាកាសជជែកជាលក្ខណៈឯកជនបែបនេះ មានការភ័យបារម្ភពីអនាគតនៃស្ថានការណ៍កំពុងកើតឡើងនេះសម្រាប់មនុស្សជំនាន់នេះ ដែលភ័យខ្លាចក្រែងលោស្ថានការណ៍នឹងប្រែក្លាយអាប់អួម្ដងទៀត។ មិត្តម្នាក់ដែលធ្លាប់ធ្វើការឲ្យកាសែត Daily បានសរសេរសារយ៉ាងក្រៀមក្រំលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនកាលពីពេលថ្មីៗនេះថា៖ «តោះ កនយើង ត្រឡប់ទៅធ្វើស្រែចម្ការវិញ ម៉េចដែរ?»។
រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ប្រទេសកម្ពុជា ដែលមានតួនាទីត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានចុច likeលើសារនោះ ដែលជាសារមិនអាចរំលងពីមិត្តភក្តិរបស់ខ្ញុំបានឡើយ។
លោក ចាន់ស៊ី នៅតែនិយាយពីរឿងបោះបង់ចោលអាជីពអ្នកកាសែត ហើយត្រឡប់ទៅដាំដំឡូងនៅស្រុកវិញ ប៉ុន្តែលោកមិនប្រាកដថា នឹងធ្វើដូច្នេះទេ។ លោកលែងត្រូវបានគេហៅថា ជាអ្នកស្រុកស្រែ តទៅទៀតហើយ ចាប់តាំងពីពេលដែលលោក បានចាកចេញពីស្រុកកំណើតក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងបានទៅរស់នៅក្នុងមណ្ឌលកុមារកំព្រារបស់លោក Bernie។ ដូច្នេះអ្វីដែលមើលទៅហាក់ដូចជាបរាជ័យដ៏ច្បាស់ក្រឡែតនៃការអន្តរាគមន៍របស់បស្ចិមប្រទេសក្នុងប្រទេសកម្ពុជា អាចនឹងក្លាយជាជោគជ័យដ៏ធំធេងមួយទៅវិញ។ ស្ថាប័នសារព័ត៌មាន មិនស្ថិតស្ថេរ ឬមិនត្រូវបានរៀបចំឲ្យមានស្ថិរភាពមែន ប៉ុន្តែ ធនធានអ្នកសារព័ត៌មាន មានស្ថិរភាព។ យើងបានដឹងរឿងទាំងអស់នេះក្នុងក្រុម Ladies Men ដែលការណ៍នេះ ជំរុញឲ្យមានការចែករំលែកព័ត៌មាន និងការបង្ហោះបញ្ចេញទៅពិភពខាងក្រៅមិនងាយបាត់បង់ឡើយ។ បើទោះជា លោក ចាន់ស៊ី មិនមានរឿងត្រូវសរសេរក៏ដោយ ក៏លោកនៅតែតាមដានមើល និងអានព័ត៌មានក្នុងទូរស័ព្ទទំនើបរបស់លោកដដែល។ កូនប្រុស និងកូនស្រីរបស់លោក នឹងធំដឹងក្ដីក្នុងប្រទេសមួយដែលស្គាល់ជីវិតដែលមានសន្តិភាព ឬ ទូរស័ព្ទទំនើប។ ពួកគេដឹងថាពិភពលោកធំប៉ុណ្ណា៕
Julia Wallace គឺជាអ្នកកាសែតដែលកំពុងរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាអតីតនិពន្ធនាយកសារព័ត៌មាន The Cambodia Daily ។
ប្រែសម្រួលដោយ កោះ សុគន្ធី