ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​អ៊ុយក្រែន ក្នុង​តំបន់​ក្រុងមូស្គូ


ក្នុង​រូបថត​ដែល​ចេញ​ផ្សាយ​ដោយ​អភិបាល​តំបន់​មូស្គូ លោក Andrei Vorobyev តាម​តេឡេក្រាម​ផ្លូវការ​បង្ហាញ​ពី​កន្លែង​ដែល​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ុយក្រែន​ធ្លាក់​ក្នុង​ក្រុង Krasnogorsk ខាង​ក្រៅ​ក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
ក្នុង​រូបថត​ដែល​ចេញ​ផ្សាយ​ដោយ​អភិបាល​តំបន់​មូស្គូ លោក Andrei Vorobyev តាម​តេឡេក្រាម​ផ្លូវការ​បង្ហាញ​ពី​កន្លែង​ដែល​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ុយក្រែន​ធ្លាក់​ក្នុង​ក្រុង Krasnogorsk ខាង​ក្រៅ​ក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

រុស្ស៊ីនិយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួនបាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូនអ៊ុយក្រែន​ជា​ច្រើនគ្រឿង​ ក្នុង​តំបន់​ក្រុង​មូស្គូ និង​តំបន់​ Bryansk​ ​ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ីនិយាយ​ថា​ យន្តហោះ​ដ្រូន​អ៊ុយក្រែន​២​គ្រឿងធ្វើ​ការវាយប្រហារលើតំបន់​ក្រុង​មូស្គូ​ ហើយ​ថា​ គេ​មិន​ឃើញ​មាន​សេចក្តី​រាយការណ៍​ណា​មួយ​ពី​ការ​ខូច​ខាត​ ដែល​បណ្តាល​មក​ពី​ការវាយប្រហារ​នោះ​ឡើយ។​

អភិបាល​រដ្ឋធានី​មូស្គូ​ លោក​ Sergei Sobyanin​ បាន​បង្ហោះសារ​ក្នុង​តេឡេក្រាម​ថា​ យន្តហោះដ្រូន​មួយ​គ្រឿង​ត្រូវ​បាន​បាញ់​ទម្លាក់​ក្នុង​តំបន់​ Krasnogorsk​ នៅ​ភាគពាយ័ព្យក្រុងមូស្គូ​ ហើយមួយ​គ្រឿង​ទៀត​នៅតំបន់​ Chastsy ភាគខាងលិច​ក្រុងមូស្គូ។​ ​

ទី​ភ្នាក់ងារ​សារព័ត៌មាន ​Reuters រាយការណ៍ថា​ មាន​ការ​ខូចខាត​បន្តិចបន្តួច ទៅ​លើ​អគារ​លំនៅ​ដ្ឋាន​ខ្ពស់​មួយ​កន្លែង​ក្នុង​ទីក្រុង​ Krasnogorsk ហើយ​បំណែក​ដ្រូន​ដែលធ្លាក់​នោះ​បាន​ធ្វើ​ឱ្យ​ខូច​ខាតរថយន្ត​មួយ​ចំនួន​នៅ​លើ​ដី។

ក្រសួងការពារ​ជាតិ​រុស្ស៊ី​ថា​ យន្តហោះដ្រូន​អ៊ុយក្រែន​២​គ្រឿង​ដែល​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយប្រើ​ប្រព័ន្ធ​គាំងដំណើរ​ការ​នោះ​ ​បាន​ធ្លាក់ក្នុងទីក្រុង Bryansk ​ ដោយ​មិន​បណ្តាល​ឱ្យ​មាន​ការ​ខូច​ខាតអ្វី​នោះ​ឡើយ។​

រុស្ស៊ី​ក៏​បាន​និយាយផង​ដែរ​ថា​ យន្តហោះ​ប្រយុទ្ធ Sukhoi របស់​ខ្លួន​ បាន​បំផ្លាញ​ទូក​ឈ្លបយកការណ៍​មួយគ្រឿង​ ដែល​កំពុង​ធ្វើ​សកម្មភាព​នៅទីតាំង​ផលិតឧស្ម័នរបស់​រុស្ស៊ី ក្នុង​សមុទ្រខ្មៅ​ផង​ដែរ។​ ក្រសួង​ការពារ​ជាតិ​រុស្ស៊ីមិន​បាន​ផ្តល់​ព័ត៌មានលម្អិត​ ជុំវិញ​ហេតុការណ៍​នេះ​ឡើយ​ និងមិនបាន​ប្រាប់​ថា​តើ​វា​កើត​ឡើង​ពិតប្រាកដ​នៅ​ទី​តាំង​ណា​មួយ​នោះ​ទេ៕​

ព័ត៌មាន​មួយ​ចំនួន​សម្រាប់​សេចក្តីរាយការណ៍​នេះ​ត្រូវ​បានដកស្រង់មកពី​ទីភ្នាក់ងារ​សារព័ត៌មាន​ The Associated Press, Agence France-Presse និង Reuters។

XS
SM
MD
LG