ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រព័ន្ធ​ការពារ​ដែន​អាកាស​រុស្ស៊ី​បាន​ទប់ស្កាត់​ការវាយ​ប្រហារ​តាម​ដ្រូន​របស់​អ៊ុយក្រែន


រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​ម្នាក់​បង្ហោះ​យន្តហោះ​គ្មាន​មនុស្ស​បើក​នៅ​សមរភូមិ​មុខ​ក្បែរ​ក្រុង Bakhmut ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ២០២៣។
រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​ម្នាក់​បង្ហោះ​យន្តហោះ​គ្មាន​មនុស្ស​បើក​នៅ​សមរភូមិ​មុខ​ក្បែរ​ក្រុង Bakhmut ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ២០២៣។

ពួក​មន្ត្រី​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​អ៊ុយក្រែន​បាន​ប្រើ​ដ្រូន​វាយប្រហារ​ដោយ​ផ្ទាល់​ទៅលើ​រដ្ឋធានី​មូស្គូ​ និង​តំបន់ Kaluga។

ពួក​មន្ត្រី​បាន​និយាយ​ថា​ ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​រុស្ស៊ី​បាន​បាញ់​ទម្លាក់​ដ្រូន​ទាំងនោះ​ហើយ​ថា​ មិន​មាន​សេចក្តីរាយការណ៍​ពី​ការខូចខាត​ទេ។

ការវាយប្រហារ​តាម​អាកាស​បាន​បង្អាក់​កិច្ចប្រតិបត្តិការ​ជា​បណ្តោះ​អាសន្ន​នៅឯ​អាកាសយាន​ដ្ឋាន​រុស្ស៊ី​ជា​ច្រើន​លើក ក៏ប៉ុន្តែ​សេវាកម្ម​នោះ​ក្រោយមក​បាន​បន្ត​ដំណើរការ​ឡើង​វិញ។

ទាំង​រុស្ស៊ី​និង​អ៊ុយក្រែន​បាន​ប្រើ​ដ្រូន​វាយ​ប្រហារ​គ្នា​ទៅវិញ​ទៅមក ដោយ​ធ្វើ​ឱ្យ​មាន​ការខូចខាត​នៅ​លើ​ដី​ជារឿយៗ​បណ្តាល​មកពី​កម្ទេច​បាក់បែក​មកពី​យន្តហោះ​គ្មាន​មនុស្ស​បើកដែល​ធ្លាក់។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែង​អំណរគុណ​ពួក​សមាជិក​សភា​ដាណឺម៉ាក​នៅពេល​ដែល​លោក​ធ្វើ​សុន្ទរកថា​ទៅកាន់​ពួកគេ​នៅ​ថ្ងៃ​ចន្ទ​នេះ មួយ​ថ្ងៃ​បន្ទាប់ពី​ដាណឺ ម៉ាក​និង​ហូឡង់​បាន​ប្រកាស​ថា ​ប្រទេស​ទាំង២នឹង​ផ្តល់​ឱ្យ​កង​កម្លាំង​អ៊ុយក្រែន​នូវ​យន្តហោះ​ចម្បាំង​ធុន F-16 ដែល​ផលិតនៅ​សហរដ្ឋ​អាមេរិក។

នាយក​រដ្ឋមន្ត្រី​ដាណឺម៉ាក​លោក​ស្រី Mette Frederiksen បាន​សន្យា​ផ្តល់​យន្តហោះ F-16 ចំនួន​១៩គ្រឿង​ទៅ​ឱ្យ​អ៊ុយក្រែន​ ហើយ​បាន​និយាយ​ទៀត​ថា​ លោកស្រី​សង្ឃឹម​ថា​ យន្តហោះ​ចម្បាំង​៦​គ្រឿង​ដំបូង​អាច​ត្រូវ​ប្រគល់​ឱ្យ​ប្រហែល​នៅ​ដើម​ឆ្នាំ២០២៤។

នាយក​រដ្ឋមន្ត្រី​ហូឡង់លោក Mark Rutte មិន​បាន​និយាយ​លម្អិត​ថា ​តើ​យន្តហោះ F-16 ប៉ុន្មាន​គ្រឿង​ដែល​ប្រទេស​របស់​លោក​នឹង​ផ្តល់​ឱ្យ​នោះ​ ឬ​ថាតើ​ការប្រគល់​នោះអាច​ធ្វើ​ឡើង​នៅពេល​ណា​ទេ។ លោក​បាន​និយាយ​ថា ​ពេលវេលា​អាស្រ័យ​ថា តើ​ក្រុម​បើកបរ​និង​ហេដ្ឋារចនា​សម្ព័ន្ធ​អ៊ុយក្រែន​នឹង​រៀបចំ​រួចរាល់​នៅពេល​ណា៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ត្រូវបាន​ដកស្រង់ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters។

XS
SM
MD
LG