ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​បាញ់​ទម្លាក់​ដ្រូន​អ៊ុយក្រែន​ក្នុងក្រុង​ម៉ូស្គូ


មន្ត្រីរុស្ស៊ីពិនិត្យមើលការខូចខាតនៃអគារតាំងពិព័រណ៍បន្ទាប់ពីបាញ់ដ្រូននៅក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣។
មន្ត្រីរុស្ស៊ីពិនិត្យមើលការខូចខាតនៃអគារតាំងពិព័រណ៍បន្ទាប់ពីបាញ់ដ្រូននៅក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣។

អ៊ុយក្រែនបាន​ប៉ុនប៉ងធ្វើការ​វាយប្រហារ​ដោយ​ដ្រូន​លើ​ក្រុង​មូស្គូ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ​តែ​កងកម្លាំងរុស្ស៊ី​បានបាញ់​ទម្លាក់​យន្តហោះ​គ្មានមនុស្ស​បើក​នេះ។

នៅក្រោយ​រុស្ស៊ី​បាញ់​ទម្លាក់​ដ្រូន​នេះ​ កម្ទេច​កម្ទី​ពី​ការ​វាយ​ប្រហារនេះ​បានធ្លាក់​លើ​មជ្ឈមណ្ឌល​ពិព័រណ៍​នៃ​ក្រុង​មូស្គូ ​ដែល​ជា​កន្លែង​តាំង​ពិព័រណ៍​ធំ​មួយ​ស្ថិត​នៅ​ប្រហែល​ ៧ គីឡូម៉ែត្រ​ពី​វិមាន​ក្រឹមឡាំង។​

អភិបាលក្រុង​មូស្គូ​ ​លោក​ Sergei Sobyanin ​បាន​និយាយ​តាម telegram ​ថា​ កម្ទេច​កម្ទី​ដ្រូន​នេះ​បាន​ធ្លាក់​នៅ​ជិត​មជ្ឈមណ្ឌល​តាំងពិព័រណ៍​ តែ​«មិន​បណ្តាល​ឱ្យមាន​ការខូចខាត​ធំដុំ​ទេ»។

អ៊ុយក្រែនបាន​អះអាង​កាលពី​ថ្ងៃព្រហស្បតិ៍​ថា ​ការ​វាយ​បក​របស់ខ្លួន​បាន​វាយ​យក​បាន​មក​វិញ​នូវ​ផ្នែក​នានានៃ​ដែនដី​ត្រួតត្រាដោយ​រុស្ស៊ី​ នៅក្នុង​ផ្នែក​អាគ្នេយ៍​ប្រទេស​នៅក្នុង​ការ​ជំរុល​ទៅ​មុខ​ហួសពី​ភូមិ Urozhaine ​ដែល​ត្រូវ​បាន​រំដោះថ្មីៗ​នេះ។

ការ​ជំរុល​ទៅ​មុខនេះជា​ការប៉ុនប៉ងមួយ​ដើម្បីទៅ​កាន់សមុទ្រ Azov ​ដែល​ជា​ការ​ប្រឹងប្រែង​មួយ​ដើម្បី​បំបែក​កងកម្លាំង​រុស្ស៊ី​ជា​ពីរ។

អ្នកនាំពាក្យ​យោធា​លោក Andriy Kovaliov បាននិយាយ​តាម​ទូរទស្សន៍​ជាតិ​ថា៖ «នៅប៉ែកខាង​ត្បូង​ភូមិ Urozhaine ក្រុម​ទាហានអ៊ុយក្រែន​មានជោគជ័យ»។​ លោក​មិនបានផ្តល់​សេចក្តី​លម្អិតទេ។

ភូមិ​ Urozhaine ស្ថិតនៅក្នុង​តំបន់ Donetsk នាប៉ែកខាងកើតប្រទេស ជាភូមិ​ទី ១ ដែលរដ្ឋាភិបាល​ក្រុង​កៀវបាន​និយាយថា ​ខ្លួនបាន​វាយយក​បានមក​វិញ​តាំងពី​ថ្ងៃទី ២៧ ​ខែកក្កដា​មក​ នៅ​ក្នុង​អ្វី​ដែល​ជា​ការប្រយុទ្ធ​ដ៏​ពិបាក​មួយនៅ​ក្នុង​ដែនដីមាន​កប់មីន​ច្រើន​ដែល​កាន់កាប់​ដោយ​រុស្ស៊ី។

ភូមិ Urozhaine ​ស្ថិត​នៅ​ជាង​ ៩០ គ.ម.​ខាងជើង​សមុទ្រ Azov ​និងប្រមាណ​ ១០០ គ.ម.​ ខាងលិច​ក្រុង​ Donetsk ​ដែល​កាន់កាប់​ដោយ​រុស្ស៊ី។

លោក Vladimir Rogov ​ដែល​ជា​មន្ត្រីបន្តុបដោយ​រុស្ស៊ី​នៅ​ក្នុង​ផ្នែក​មួយ​នៃ​តំបន់ Zaporizhzhia​ គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​មូស្គូ ​បាន​និយាយ​ថា ​ភូមិ Urozhaine និង Staromaiorske ​មិន​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​អ៊ុយក្រែន​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​រូបថត​តាមដ្រូន​បង្ហាញ​ឱ្យ​ឃើញ​ការ​ប្រយុទ្ធគ្នា​ខ្លាំងនៅ​ ភូមិ Urozhaine ​ហើយ​គេឃើញ​ក្រុមទាហានរុស្ស៊ី​រត់ទៅ​កាន់​ប៉ែក​ខាងត្បូងភូមិនេះ៕

ព័ត៌មាន​មួយ​ចំនួន​សម្រាប់​សេចក្តី​រាយការណ៍​នេះ​បាន​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន​ AP, Agence France-Presse និង Reuters

XS
SM
MD
LG