ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​វាយប្រហារ​ទីក្រុង​កំពង់ផែ Odesa


ក្នុងរូបថតដែលផ្តល់ឱ្យដោយការិយាល័យ​សារព័ត៌មាន​រដ្ឋបាល​តំបន់ Odesa បង្ហាញពីហេដ្ឋារចនា​សម្ព័ន្ធ​គ្រាប់ធញ្ញជាតិ​ត្រូវបាន​បំផ្លាញ​នៅក្នុង​ការវាយប្រហារ​ដោយ​យន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់​រុស្ស៊ី នៅកំពង់ផែ Danube ក្បែរតំបន់ Odesa ប្រទេសអ៊ុយក្រែន នៅ​ព្រលឹម​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។
ក្នុងរូបថតដែលផ្តល់ឱ្យដោយការិយាល័យ​សារព័ត៌មាន​រដ្ឋបាល​តំបន់ Odesa បង្ហាញពីហេដ្ឋារចនា​សម្ព័ន្ធ​គ្រាប់ធញ្ញជាតិ​ត្រូវបាន​បំផ្លាញ​នៅក្នុង​ការវាយប្រហារ​ដោយ​យន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់​រុស្ស៊ី នៅកំពង់ផែ Danube ក្បែរតំបន់ Odesa ប្រទេសអ៊ុយក្រែន នៅ​ព្រលឹម​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។

ពួក​មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​រុស្ស៊ី​បាន​ធ្វើ​ឱ្យ​ខូចខាត​ហេដ្ឋារចនា​សម្ព័ន្ធ​គ្រាប់​ធញ្ញជាតិ​នៅឯ​កំពង់ផែ​ក្នុង​តំបន់ Odesa ក្នុង​ប្រទេស​អ៊ុយក្រែន​ភាគ​ខាង​ត្បូង​ដែល​ជា​ផ្នែក​មួយ​នៃ​ការវាយ​ប្រហារ​ដោយ​ដ្រូន​ក្នុង​ពេលយប់។

លោក Andriy Yermak នាយក​ខុទ្ទកាល័យ​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ​បាន​និយាយ​តាម​តេឡេក្រាម​ថា​ ការវាយ​ប្រហារ​នេះ​ដៅលើ​កំពង់ផែ Reni តាម​ដង​ទន្លេ Danube។

អភិបាល​តំបន់ Odesa លោក Oleh Kiper បាន​និយាយ​នៅ​លើ​តេឡេក្រាម​ថា​ ការវាយ​ប្រហារ​នោះ​បាន​ធ្វើ​ឱ្យ​ខូចខាត​ឃ្លាំង​និង​កន្លែង​ផ្ទុក​គ្រាប់​ធញ្ញជាតិ​នៅឯ​កំពង់ផែ។

លោក Kiper ​បាន​និយាយ​ថា​ មិន​មាន​មនុស្ស​រងរបួស​និង​ស្លាប់​មកពី​ការវាយ​ប្រហារ​ ហើយ​ថា​កងទ័ព​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​ដ្រូន​របស់​រុស្ស៊ី​ចំនួន​១១​គ្រឿង​នៅ​តំបន់ Odesa។

យោធា​អ៊ុយក្រែន​បាន​និយាយ​ថា ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​កម្ទេច​ដ្រូន​ទាំង​អស់​ចំនួន​១៣​គ្រឿង​ក្នុង​រយៈពេល​មួយ​យប់។ យោធា​អ៊ុយក្រែន​បាន​និយាយ​ទៀត​ថា ​រុស្ស៊ី​បានប្រើ​ដ្រូន​ Shahed ផលិត​នៅ​ប្រទេស​អ៊ីរ៉ង់​ដើម្បី​វាយ​ប្រហារ​តំបន់ Odesa ​និង​តំបន់ Mykolaiv។

នៅ​ផ្នែក​ខាង​កើត​ប្រទេស​អ៊ុយក្រែន ​កងទ័ព​អ៊ុយក្រែន​បាន​កាន់កាប់​ឡើង​វិញ​ភូមិ​ Urozhaine ក្នុង​តំបន់ ​Donetsk។ នេះ​បើ​តាម​អនុ​រដ្ឋមន្ត្រីការពារ​ជាតិ​អ៊ុយក្រែន​លោក​ស្រី Hanna Maliar។

លោក​ស្រី Maliar បាន​និយាយ​តាម​តេឡេក្រាម​ថា «ភូមិ​ Urozhaine បានត្រូវ​រំដោះ។ កងទ័ព​របស់​យើង​បានស្ថិត​នៅ​ក្នុង​លេណដ្ឋាន​នៅ​ខាង​ក្រៅ​ទីក្រុង»។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​កម្ទេច​ដ្រូន​អ៊ុយក្រែន​៣​គ្រឿង​ដែល​បាន​ហោះ​កាត់​តំបន់ Kaluga។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​ទៀត​ថា​ ការវាយ​ប្រហារ​កាលពី​ពេល​ព្រឹក​មិន​បាន​បណ្តាល​ឱ្យ​មនុស្ស​រងរបួស ​ឬ​ខូចខាត​ហេដ្ឋា​រចនាសម្ព័ន្ធ​ទេ។

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង ​Reuters។

XS
SM
MD
LG