ប្រទេសរុស្ស៊ីនិយាយថា ការដាក់ទណ្ឌកម្មថ្មីបំផុតដែលស.រ.អា.ដាក់កំហិតលើក្រុមហ៊ុនរុស្ស៊ី, ចិន និងសិង្ហបុរីជា «ការបំផ្លិចបំផ្លាញ»និងជា«ការឥតប្រយោជន៍»។
ស.រ.អា.បានដាក់ពិន័យលើក្រុមហ៊ុនបីកាលពីថ្ងៃពុធ ដោយចោទប្រកាន់ក្រុមហ៊ុនទាំងនេះថា បានជួយប្រទេសកូរ៉េខាងជើងឱ្យគេចវេះពីការដាក់ទណ្ឌកម្មអន្តរជាតិ។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ទណ្ឌកម្មថ្មីៗរបស់ស.រ.អា.បានធ្វើឡើងនៅពេលដែលគេត្រូវការ«កិច្ចខិតខំប្រឹងប្រែងអន្តរជាតិរួមគ្នា«ដើម្បីឱ្យមានដំណោះស្រាយមួយនៅក្នុងប្រទេសកូរ៉េខាងជើង»។រដ្ឋាភិបាលក្រុងមូស្គូនិយាយថា ការដាក់ទណ្ឌកម្មទាំងនេះអាចធ្វើឱ្យអន្តរាយដល់កិច្ចចរចាស្តីពីការធ្វើកុំឱ្យឧបទ្វីបកូរ៉េមានអាវុធនុយក្លេអ៊ែរ។
ស.រ.អា.បានចោទប្រកាន់ក្រុមហ៊ុនពាណិជ្ជកម្មចិនមួយនិងសាខាក្រុមហ៊ុននេះនៅក្នុងប្រទេសសិង្ហបុរីថា បានកែបន្លំឯកសារដើម្បីសម្រួលការដឹកជញ្ជូនស្រានិងបារីចូលទៅក្នុងប្រទេសកូរ៉េខាងជើង។ គេបាននិយាយថា ក្រុមហ៊ុននេះបានទទួលប្រាក់ចំណូលជាង១ពាន់លានដុល្លារ។
ក្រុមហ៊ុនរុស្ស៊ីមួយក៏បានត្រូវដាក់ទណ្ឌកម្មដែរដោយសារបានផ្តល់សេវាកំពង់ផែឱ្យនាវាដោតទង់ជាតិកូរ៉េខាងជើងដឹកជញ្ជូនប្រេងដោយខុសច្បាប់។
ការដាក់ទណ្ឌកម្មទាំងនេះបង្កកធនធានដែលក្រុមហ៊ុនទាំងនេះមាននៅក្នុងស.រ.អា. និងរារាំងជនជាតិអាមេរិកាំងមិនឱ្យធ្វើជំនួញជាមួយក្រុមហ៊ុនទាំងនេះឡើយ៕