ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សិក្សា​ស្រាវជ្រាវ​របស់​វៀតណាម​បង្ហាញ​ថា​ អន្តរកាល​ពី​តំបន់​ជន​បទ​ទៅ​​កាន់ទីក្រុង​ប្រហែល​នាំ​ឲ្យ​​យល់​អំពី​ការរាល​ដាល​មេរោគ


រូបឯកសារ៖​ ផ្លូវកាត់ព្រៃមួយនៅកោះ Phuc Quoc ប្រទេសវៀណាម។
រូបឯកសារ៖​ ផ្លូវកាត់ព្រៃមួយនៅកោះ Phuc Quoc ប្រទេសវៀណាម។

ក្រុមអ្នកស្រាវ​ជ្រាវ​នៅ​ឯ​មជ្ឈមមណ្ឌល East-West Center នៅ​ក្នុង​រដ្ឋ​ហាវ៉ៃផ្អែក​លើការ​វាយ​តម្លៃនៃ​ការ​ពិនិត្យ​ជា​ថ្មី​អំពី​ការ​ឆ្លើយតប​របស់​ប្រទេស​វៀតណាមដល់​ការ​រាតត្បាតនៃ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​កាល​ពី​ឆ្នាំ២០០៣។​ នៅក្នុង​ការ​សិក្សា​ស្រាវជ្រាវ​អំពីការ​រាតត្បាត​នៃជំងឺ​នេះ​ ក្រុម​អ្នកសិក្សា​ស្រាវ​ជ្រាវបានរកឃើញ​ថា​អត្រា​នៃការ​ឆ្លង​ជំងឺនេះ​មានខ្ពស់​បំផុត​នៅ​ក្នុង​តំបន់ទាំង​ឡាយ​ដែលកំពុង​ឋិតនៅ​ក្នុង​ដំណើរការនៃ​ការធ្វើឱ្យទៅ​ជា​ទីក្រុង​ ហើយមានស្ថានភាព​ចម្រុះ​នៅ​ទី​ទាំង​នោះ​ដូច​ជាអត្រា​ខុសៗ​គ្នា​នៃ​ការមានបង្គន់​ប្រើ​ប្រាស់ និង​ចំនួន​សត្វស្លាប​នៅ​ជិត​ផ្លូវធំ។

លោក James Spencer លោក Sumeet Saksena និង​លោក Jefferson Fox ជា​អ្នកស្រាវ​ជ្រាវ​ជាន់ខ្ពស់នៅ​ឯ​មជ្ឈមណ្ឌល​នោះ​ដែល​ជា​អង្គការ​មិនគិត​កម្រៃ​មួយ​ខាង​ការសិក្សា​ស្រាវជ្រាវ​និង​ការ​សិក្សាអប់រំ។ ​អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះនិយាយ​ថា ​រដ្ឋា​ភិបាល​នានា​ប្រហែល​ទំនងជាអាចដឹង​អំពី​ការ​រាតត្បាត​នៃ​មេរោគ​វីរុស​មួយបានឆាប់រហ័សនិង​មានប្រសិទ្ធិភាពប្រសិន​បើ​ក្រុម​គេ​ឃ្លាំ​មើល​តំបន់ដែលកំពុង​ក្លាយ​ជា​ទីក្រុង​បែបនេះ។​

ក្រុម​អ្នក​ស្រាវជ្រាវ​ទាំង​នេះបានសរសេរ​នៅក្នុងការធ្វើវិភាគ​រួម​គ្នា​មួយ​ដែល​ក្រុម​គេបានដាក់​ជូនមជ្ឈមណ្ឌល​នេះ​កាលពីថ្ងៃទី​១​ខែ​មេសា​ថា« តាមកម្រិតនៃ​ការអនុវត្តន៍ ព័ត៌មានអំពីការទាក់ទង​គ្នារវាង​ការ​អភិវឌ្ឍន៍​ទីក្រុង​និង​ការ​រាតត្បាត​ជំងឺអាច​ជួយ​ទីភ្នាក់ងារ​របស់​រដ្ឋាភិបាល​ឱ្យដឹង​អំពីកន្លែង​ដែល​ទំនង​ជាមាន​ការ​រាតត្បាត​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ដើម្បី​ធ្វើឱ្យ​កិច្ច​ខិតខំប្រឹងប្រែងបង្ការ​អាចអស់​សោហ៊ុយ​តិច​, តម្រង់ចំ​ទីដៅហើយមានប្រសិទ្ធិភាព​ជាងមុន​ផង​ដែរ។»

ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ទាំង​នេះបាននិយាយ​បន្ថែមថា​« គំនិត​និងរបៀប​ចាត់ការ​ដែលបានត្រូវអភិវឌ្ឍន៍​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​នេះអាចសម្របសម្រួល​សម្រាប់​ការ​គំរាម​កំហែង​ដោយជំងឺ​ឯទៀតៗដូច​ជាជំងឺ SARS, Ebola និង​គ្រុនឈាម​រហូត​ដល់​ការរាតត្បាត​សាកល​នៅ​ពេល​បច្ចុប្បន្ន​នៃ​ជំងឺ​ COVID-19»។

ក្រុម​អ្នកនិពន្ធ​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះនិយាយយោងដល់​ការសិក្សា​មួយ​ដែល​បានត្រូវ​ធ្វើ​ដំបូងកាលពី​ឆ្នាំ២០១៧​ដែល​បានបង្ហាញ​ថាតំបន់​នានា​នៃ​ប្រទេស​វៀតណាម​ដែល​អាច​មានការ​ឆ្លង​ជំងឺ​ដោយសារតំបន់ទាំង​នោះ ដោយ​សារនៅ​ពេល​ដែល​ត្រូវប្រែក្លាយ​ទៅ​ជា​តំបន់ក្រុង តំបន់ទាំង​នោះមានកម្រិត​មិនដូចគ្នា​នៃការ​ថែរក្សា​អនាម័យ​មិន​ស្មើ​គ្នា ​និង​មានកម្រិតខ្ពស់​នៃការ​ភ្ជាប់​ការទាក់ទង​ដោយ​ផ្ទាល់​រវាង​មនុស្ស​និង​សត្វ។​

កត្តា​ទាំង​នេះក៏ទាក់ទង​នឹងការរាតត្បាត​នៃមេរោគវីរុស​កូរ៉ូណា​ក្នុង​ឆ្នាំ២០២០នេះ​ដែរ​ពីព្រោះ​អ្នក​វិទ្យាសាស្ត្រខ្លះមាន​ជំនឿថា​ជំងឺដែល​រាលដាល​នៅ​ពេល​សព្វថ្ងៃ​នេះ​មាន​ប្រភព​ពី​ការឆ្លងពីសត្វ​ទៅ​មនុស្ស​នៅក្នុងប្រទេស​ចិនដែល​មានព្រដែន​ជាមួយ​ប្រទេសវៀតណាម​ហើយ​ក៏មាន​អន្តរកាល​មិនស្មើគ្នា​ទៅ​កាន់​ការ​ធ្វើ​តំបន់ជនបទឱ្យទៅ​ជា​តំបន់ក្រុង​ដូចគ្នា​ដែរ។​

លោក Bill Gates ដែល​ជា​សប្បុរសជន​ម្នាក់ក៏​បានពិភាក្សា​អំពី​មេរោគ​វីរុស​និង​ភាព​ខុស​គ្នា​រវាងតំបន់ជន​បទ​និង​តំបន់ក្រុងដែរ​នៅ​ក្នុងការបញ្ចេញមតិ​ក្នុង​កម្មវិធី​ពិភាក្សា TED talk ដែល​បានត្រូវ​ផ្សព្វផ្សាយ​ច្រើនដោយសារអ្វី​ដែល​លោក​ហាក់​ដូច​ជាបានដឹង​មុន​អំពី​អ្វីដែល​នឹង​កើត​មាន។ កាល​ពី​ឆ្នាំ២០១៥ លោកបានពិនិត្យ​មើលអំពី​ភាព​អាសន្ន​នៃ​ជំងឺ Ebola ដែល​បានបណ្តាល​ឱ្យ​មនុស្ស​១ម៉ឺន​នាក់​បាត់បង់​ជីវិត​ ភាគ​ច្រើននៅក្នុង​តំបន់ជន​បទ​នៃប៉ែក​ខាងលិច​នៃ​ទ្វីប Afrique។

លោក Gates បានមានប្រសាសន៍ថា« ការ​រាតត្បាត​នៃ​ជំងឺ​នេះ​មិនបានទៅ​ដល់​តំបន់ក្រុងទេ ហើយ​នេះ​ជា​សំណាងល្អ។ ​ប្រសិន​បើជំងឺ​នេះ​រាលដាល​ទៅ​ដល់តំបន់ក្រុងច្រើន​ថែម​ទៀត​ចំនួន​មនុស្ស​ឆ្លង​រោគ​នេះអាចមានច្រើនជាង​នេះ។ ដូច្នេះ​នៅ​ពេល​ក្រោយ​យើង​ប្រហែល​មិនមាន​សំណាង​ល្អ​បែបនេះទេ។»

ដោយ​ពង្រីក​អំពីចំណុច​ដែល​លោក​ Gates បាន​មានប្រសាសន៍​អំពី​ជំងឺ Ebola ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវនៅ​ឯ​មជ្ឈមណ្ឌល​ East-West Center ពន្យល់អំពី​ហេតុដូច​ម្តេច​បានជា​ចំណាត់ការ​របស់ប្រទេស​វៀតណាម​ក្នុងការ​អភិវឌ្ឍន៍​ជនបទទៅកាន់​ការ​អភិវឌ្ឍន៍ក្រុង​មាន​ផល​ប៉ះពាល់បែប​ណា​ដល់ករណីជំងឺគ្រុនផ្តាសាយបក្សី​របស់​ផង​ខ្លួន​និង​អំពី​ថា​តើការណ៍​នេះមាន​ន័យ​បែបណានៅ​ពេល​ពិភព​លោក​កំពុងប្រយុទ្ធ​ប្រឆាំង​នឹងមេរោគ​វីរុស​កូរ៉ូណា។​

ការ​សិក្សា​ស្រាវជ្រាវឆ្នាំ​២០១៧ ​ជាមួយសហសេវិក​វៀតណាម ​គឺ​លោក Nong Huu Duong និង​លោក Chinh Tran បានកត់​សម្គាល់​ថា​នៅ​ពេល​ដែល​ទីក្រុងមាន​ការ​លូតលាស់​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​លូតលាស់​ សេចក្តី​ត្រូវការពង​មាន់និងសាច់មាន់ក៏កើនឡើងច្រើនដែរ។​

ការ​សិក្សា​ស្រាវជ្រាវនោះ​បាននិយាយថា«​ សេចក្តី​ត្រូវការ​ភាគ​ច្រើននៃពង​មាន់​និង​សាច់មាន់បំពេញ​បានដោយ​កសិដ្ឋាន​ធំៗនៅ​ជុំវិញក្រុង​ទាំង​នេះ។​នៅ​ក្នុង​ប្រទេសវៀតណាម​ក៏​ដូច​ជា​នៅ​ក្នុងប្រទេសឯទៀតៗ​ក្នុង​ទ្វីបអាស៊ី​អាគ្នេយ៍​ដែល​មានកសិដ្ឋានចិញ្ចឹម​មាន់ជា​ច្រើន​នៅ​ក្នុង​តំបន់ទាំងនោះ»។

តំបន់​នៅ«ជុំវិញ​ក្រុង»ទាំង​នេះ​កំពុង​មានអន្តរកាល​ពីជីវិតក្នុង​តំបន់ជនបទ​ទៅ​កាន់ជីវភាពក្នុង​ក្រុងមាន​បសុបក្សីប្លែកៗ​គ្នា​, មាន​ទីតាំង​នៅ​ជិត​ផ្លូវ​ធំ​ដែល​ជួយ​ដល់​ការ​ដឹកជញ្ជូន​ទំនិញនិងមានភាពមិន​ស្មើ​គ្នា​រវាង​ក្រុម​ជន​ដែល​មាន​បង្គន់បាញ់ទឹកនិងក្រុម​មនុស្ស​ដែល​គ្មាន​បង្គន់បែបនេះ។

ការ​សិក្សា​ស្រាវជ្រាវនេះបានចែងថា​« ដំណើរ​ការ​មិន​ស្មើ​គ្នា​នេះអាចចាត់ទុក​ថា​ជារយៈពេល​មួយ​នៃភាព​ច្របូកច្របល់​និង​អស្ថិរភាព​ខាង​សង្គម​និង​ខាង​បរិដ្ឋាន។លទ្ធផល​សំខាន់​មួយ​គឺកំណើន​ការ​ប្រថុយប្រថាន​នាំ​ការមានជំងឺ​ឆ្លងនៅ​ក្នុងមនុស្ស​និង​បសុសត្វ។​»

ក្រុម​កសិករ​ចិញ្ចឹមមាន់​នៅខាង​ក្រៅ​ក្រុង​ដើម្បី​បម្រើ​សេចក្តី​ត្រូវការក្រុម​អតិថិជន​នៅក្នុង​ក្រុង។ ប្រសិនបើ​ក្រុម​កសិករ​ទាំង​នេះ​មានជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ ជំងឺ​នេះ​អាចឆ្លង​ទៅ​ក្នុង​ទីក្រុង​នៅ​ជិត​ខាងទីនោះ​ដែល​មាន​មនុស្ស​ច្រើន​ ​ហើយ​នាំ​ឱ្យជំងឺនេះ​ឆ្លង​រាលដាលលឿន​ថែមទៀតផង។​ការណ៍នេះក៏អាច​កើត​ឡើងដូចគ្នា​នឹង​ការ​រាតត្បាត​ជំងឺ​ COVID-19 ដែរ។​

ក្រុម​អ្នកស្រាវ​ជ្រាវ​ទាំង​នេះបាន​ផ្តល់អនុសាសន៍​ថាអាជ្ញាធររដ្ឋាភិបាលគួរផ្តោតទិស​ដៅនៃការឃ្លាំមើលរបស់ក្រុម​គេ​ទៅ​លើ​តំបន់នៅ​ជុំវិញ​ក្រុង​ទាំង​នេះ​ដើម្បីឱ្យ​ក្រុម​គេ​ឃើញ​សញ្ញាដំបូងៗ​នៃ​ការ​រាលដាល​ជំងឺ​ហើយ​ធ្វើការឆ្លើយ​តប​ដូចជា​ការ​សម្លាប់​មាន់ចោល​ជា​ដើម។​ លោក Spencer និង​ក្រុម​សហសេវិក​របស់​លោក​បាននិយាយថា​ប្រសិន​បើ​អាជ្ញាធរ​យល់​ស្រប​ថា​«ភាពមិន​ដូច​គ្នា​នៃ​ការ​ធ្វើឱ្យមានអនាម័យ»​បណ្តាល​ឱ្យមាន​ការ​រាលដាល​ជំងឺ ក្រុម​គេ​ «អាច​កាត់​បន្ថយ​ជំងឺ​ដោយបង្កើន​ការ​ខិត​ខំប្រឹង​ប្រែងក្នុង​ការធ្វើឱ្យមានស្តង់ដារ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​សហគមន៍‍»។

ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​ទាំង​នេះបានថ្លែងថា «​ជា​ឧទាហរណ៍​ អាជ្ញាធរ​អាច​ចាប់​ផ្តើមផ្តល់អាទិភាពដល់​បង្គន់បាញ់ទឹកច្រើន​ជាង​មុន​នៅ​ក្នុង​សហគមន៍ដែល​នៅ​ពេលនេះ​ មិន​ទាន់​មាន​នៅ​គ្រប់​ទី​កន្លែង។»

មាន់​រាប់​លានក្បាល​បាន​ត្រូវសម្លាប់​នៅ​ក្នុង​ប្រទេសវៀតណាម​និងប្រទេសឯទៀតៗដើម្បី​បញ្ឈប់​ការ​រាតត្បាត​នៃជំងឺគ្រុនផ្តាសាយ​បក្សី។

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ

XS
SM
MD
LG