លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ បានចាប់ផ្តើមថ្ងៃឈប់សម្រាករបស់លោកក្នុងពិធីបុណ្យអំណរគុណព្រះ ឬ Thanksgiving ដោយធ្វើការជជែកដេញដោលជាសាធារណៈជាថ្មីរបស់លោកអំពីឯករាជ្យភាពនៃប្រព័ន្ធតុលាការរបស់ប្រទេសអាមេរិក។
នៅក្នុងសន្និសីទមួយតាមទូរស័ព្ទជាមួយពួកទាហានអាមេរិកាំងនៅឯបរទេស លោក ត្រាំ បាននិយាយថា តុលាការឧទ្ធរណ៍សហព័ន្ធមួយក្នុងរដ្ឋកាលីហ្វ័រញ៉ា បានក្លាយទៅជា«អ្វីមួយដែលធ្វើឱ្យមានការឈឺចាប់ខ្លាំង»។
កំណត់សម្គាល់របស់ប្រធានាធិបតីអាមេរិកាំងរូបនេះមានឡើងមួយថ្ងៃក្រោយពីលោកនិងលោក John Roberts ប្រធានចៅក្រមនៃតុលាការកំពូលស.រ.អា.បានឆ្លើយឆ្លងមតិគ្នាអំពីឯករាជ្យភាពនៃប្រព័ន្ធតុលាការសហព័ន្ធ ដោយលោក Roberts បានព្រមានដាស់តឿនលោក ត្រាំ ដែលបានរិះគន់ចៅក្រមម្នាក់ដែលបានធ្វើសេចក្តីសម្រេចមួយប្រឆាំងនឹងរដ្ឋបាលលោក។ លោកប្រធានាធិបតីបានហៅចៅក្រមនេះថាជា«ចៅក្រមរបស់លោក អូបាម៉ា»។
លោក Roberts ដែលបានត្រូវតែងតាំងដោយលោកប្រធានាធិបតី George W. Bush ខាងគណបក្សសាធារណរដ្ឋ បានឆ្លើយតបដោយមានទាំងការស្តីបន្ទោសជាសាធារណៈមួយដល់ប្រធានាធិបតី ដោយលោកបានមានប្រសាសន៍ថាអត្ថាធិប្បាយរបស់លោក ត្រាំ ឆ្លុះបញ្ចាំងឱ្យឃើញថា លោកយល់ខុសអំពីមុខនាទីរបស់អង្គតុលាការ។
លោក Roberts បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយប្រើពាក្យចំៗថា «យើងគ្មានពួកចៅក្រមរបស់លោក អូបាម៉ា ឬពួកចៅក្រមរបស់លោក ត្រាំ ឬពួកចៅក្រមរបស់លោក Bush ឬពួកចៅក្រមរបស់លោក គ្លីនតុន ទេ។
អ្វីដែលយើងមានគឺពួកចៅក្រមមួយក្រុមដ៏អស្ចារ្យដែលបំពេញការងារដោយយកចិត្តទុកដាក់បំផុតក្នុងការផ្តល់សិទ្ធិស្មើគ្នាដល់ពួកជនដែលចេញបង្ហាញខ្លួននៅចំពោះមុខពួកគេ។ ប្រព័ន្ធតុលាការឯករាជ្យនេះជាអ្វីដែលយើងទាំងអស់គ្នាគួរតែអរគុណ»៕