លោកប្រធានាធិបតីស.រ.អា Donald Trump បាននិយាយថា ការបែរខ្នងដាក់ប្រទេសអារ៉ាប៊ីសាអូឌីត ទោះណាជាអាជ្ញាធរនៃប្រទេសនេះមានការទទួលខុសត្រូវដល់ការសម្លាប់អ្នកសារព័ត៌មានម្នាក់មានមូលដ្ឋាននៅក្នុងស.រ.អាក៏ដោយជា «កំហុសដ៏អាក្រក់មួយ»។
នៅមុនពេលលោកចាកចេញដំណើរទៅប្រារព្ធពិធីបុណ្យរំឭកគុណព្រះអាទិទេព ដែលភាសាអង់គ្លេសហៅថាពិធីបុណ្យ Thanksgiving លោក Trump បាននិយាយប្រាប់ក្រុមអ្នកកាសែតនៅឯសេតវិមានថា សន្តិសុខជាតិ និងផលប្រយោជន៍ខាងសេដ្ឋកិច្ចមានសារៈសំខាន់ជាងកង្វល់ខាងសិទ្ធិមនុស្ស។
លោក Trump បានប្រកាសថា «យើងឈរជាមួយប្រទេសអារ៉ាប៊ីសាអូឌីត»។
លោកបានកត់សម្គាល់ថា ការដែលព្រះរាជាណាចក្រនេះប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ និងការដែលប្រទេសនេះទិញគ្រឿងឧបករណ៍យោធាអាមេរិកាំង បើតាមលោកប្រធានាធិបតីមានន័យថា «ជាការធ្វើឱ្យមានការងាររាប់សែននិង ប្រាក់វិនិយោគរាប់ពាន់លានដុល្លារថែមទៀតផង»។
លោក Trump បាននិយាយថា ប្រទេសរុស្សីនិងប្រទេសចិន «នឹងមិនទទួលកាដូនេះទេ»។ លោកបានថ្លែងបន្ថែមថា ប្រេងឥន្ធនៈនឹងឡើងថ្លៃ ប្រសិនបើមានការបែកបាក់ទំនាក់ទំនងរវាងស.រ.អា និងប្រទេសអារ៉ាប៊ីសាអូឌីត៕