ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាមេរិក​ធ្វើ​យុទ្ធនាការ​ប្រឆាំង​វិធានការ​ដាក់​សម្ពាធ​លើ​ជន​អន្តោប្រវេសន៍


កញ្ញា Mya Brown និង​លោក Dominic Green ចូលរួម​ចលនា​បត់ចាបក្រដាសព្រឹត្តិការណ៍​បត់​ចាប​ក្រដាស​នៅក្នុង​បណ្ណាល័យRadical Library​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ (សាយ មុន្នី/VOA)

ក្រុម​ពលរដ្ឋ​និង​សកម្មជន​នៃ​អង្គការ​សង្គម​ស៊ីវិល​អាមេរិក កំពុង​កៀរគរ​ចលនា​មហាជន​ តាម​រយៈ​យុទ្ធនាការ​បត់​ចាប​ក្រដាស ឱ្យ​បាន​ចំនួន​២៣០០ ដើម្បី​ប្រឆាំង​នឹង​វិធានការ​ថ្មី​មួយ​របស់​រដ្ឋាភិបាល​អាមេរិក ដែល​មាន​គោលដៅ​គាបសង្កត់​លើ​ជន​អន្តោប្រវេសន៍។

ក្រុម​សកម្មជន​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាមេរិក​ប្រមាណ​១០ កំពុង​បន្ត​ធ្វើ​យុទ្ធនាការ​ដែល​ពួកគេ​ហៅ​ថា​#OneNation ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​ជន​អន្តោប្រវេសន៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ និង​ដើម្បី​ប្រឆាំង​វិធានការថ្មី​មួយ​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការ​កែប្រែ​បទបញ្ញត្តិមួយ​ ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ ចាត់ទុកថា មាន​គោលដៅ​ដាក់​សម្ពាធ​លើ​ជន​អន្តោប្រវេសន៍។

យុទ្ធនាការ​ដែលកំពុង​បន្ត​ធ្វើ​នៅ​តាម​បណ្ដា​រដ្ឋ​ជាច្រើន​ទូទាំង​សហរដ្ឋ​អាមេរិក​ដូចជា​រដ្ឋ​កាលីហ្វ័រញ៉ា រដ្ឋ​ញូវយ៉ក រដ្ឋធានី​វ៉ាស៊ីនតោន និង​រដ្ឋ​មួយ​ចំនួន​ទៀត​នៅ​ប៉ែក​កណ្ដាល​សហរដ្ឋ​អាមេរិក​នេះ ​បាន​ព្យាយាម​កៀរគរ​ពលរដ្ឋ​ ឱ្យ​សរសេរ​មតិយោបល់​ជា​សាធារណៈ​និងចូលរួម​បត់​ចាប​ក្រដាស​ ដើម្បី​សម្ដែង​ការ​តវ៉ា​របស់​ពួកគេ ​ប្រឆាំង​នឹង​វិធានការ​ថ្មី​នេះ​របស់​រដ្ឋាភិបាល​អាមេរិក ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។

អ្នក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បត់​ចាប​ក្រដាស​នៅក្នុង​បណ្ណាល័យRadical Library​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ (សាយ មុន្នី/VOA)
អ្នក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បត់​ចាប​ក្រដាស​នៅក្នុង​បណ្ណាល័យRadical Library​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ (សាយ មុន្នី/VOA)

អ្នក​ស្រី ណាក់ សេដា គឺ​ជា​ម្ចាស់​ភោជនីយដ្ឋាន​និង​តូប​លក់​កាសែត​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​បាន​ចូលរួម​ដឹកនាំចលនា​បត់​ចាប​ក្រដាសនេះ​ ឱ្យ​បាន​ចំនួន​២៣០០​ ​ជា​តួលេខ​ ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​អាមេរិក​ដែល​កំពុង​ធ្វើ​យុទ្ធនាការ​នេះ​ ចាត់​ទុក​ថា​ តំណាង​ឱ្យ​ជន​អន្តោប្រវេសន៍ចំនួន​២៣​លាន​នាក់​ក្នុង​សហរដ្ឋ​អាមេរិក។

«‍តាម​ពិត​ ពួក​យើង​ធ្វើ​នេះ គឺ​ដើម្បី​បង្ហាញ​ថា​ពួក​យើង​ទាំង​អស់​គ្នា សុទ្ធ​តែ​រង​ផល​ប៉ះពាល់​ ដោយសារ​គោលគំនិត​និង​ន័យ​បង្កប់​បែប​អវិជ្ជមាន​អំពី​ជន​អន្តោប្រវេសន៍»។

អ្នកស្រី សេដា ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ បានមាន​ប្រសាសន៍​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​VOA​កាល​ពី​ថ្ងៃ​អាទិត្យទី​១៨ ខែ​វិច្ឆិកា​នៅ​ឯ​បណ្ណាល័យ​Radical Libraryក្នុង​សណ្ឋាគារ​និង​ភោជនីយដ្ឋាន ​Eaton DC ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន ជា​ទី​កន្លែង​នៃ​ការ​រៀបចំ​ចលនា​បត់​ចាប​ក្រដាសនេះ​ បន្ថែម​ទៀត​ថា ​គំនិត​ផ្ដួចផ្ដើម​ដោយ​សហគមន៍​និង​អង្គការ​សង្គម​ស៊ីវិល​អាមេរិក​មួយ​ក្រុម​នេះ នឹង​ជួយ​ជំរុញ​ឱ្យ​មាន​ការ​គិតគូរ​ឡើង​វិញ​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក​ អំពី​បញ្ហា​អន្តោប្រវេសន៍។

«‍ខ្ញុំ​គិត​ថា​នេះ​គឺ​ជា​វិធី​ដ៏​អស្ចារ្យ​មួយ ក្នុង​ការ​ធ្វើ​ឱ្យ​សហគមន៍​ចូល​ប្រឡូក​ជាមួយ​ក្រុម​អង្គការ ​AAPI (Asian Americans and Pacific Islanders) ​ដោយ​បង្ហាញ​ថា​ពួក​យើង​ពិត​ជា​គាំទ្រ​ក្រុម​គ្រួសារ​និង​អ្នក​ជិតខាង​របស់​យើង​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​កែប្រែ​បទបញ្ញត្តិ​មួយ​នេះ‍»។

យុទ្ធនាការ​បត់​ចាប​ក្រដាស​និង​ប្រមូល​មតិយោបល់​ពី​សាធារណជន​នេះ កើតឡើង​ក្រោយ​ពី​ទីភ្នាក់ងារ​សញ្ជាតិ​និង​អន្តោប្រវេសន៍​នៃ​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក ដែល​ទទួលខុសត្រូវ​លើ​បញ្ហា​អន្តោប្រវេសន៍ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​តុលា​ឆ្នាំ​២០១៨​នេះ បាន​ស្នើកែប្រែ​ជា​ផ្លូវការ​នូវ​វិធាន​មួយ​ដែល​ចែង​អំពី​ការ​កំណត់​លក្ខខណ្ឌ​នៃ​ការ​មិន​អនុញ្ញាត​ឱ្យ​ជនណា​ម្នាក់​ ទទួល​បាន​ទិដ្ឋាការ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក ឬ​ទទួល​បាន Green Cards ដែល​បញ្ជាក់​ពី​សិទ្ធិ​រស់នៅ​ស្របច្បាប់​ជាអចិន្ត្រៃយ៍​ក្នុង​ប្រទេស​នេះ។

បញ្ញត្តិ​មួយ​នៃ​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​និង​សញ្ជាតិ​របស់​អាមេរិក ចែង​ថា មន្ត្រី​អាមេរិក​ដែល​ទទួល​បន្ទុក​លើ​ការ​សម្រេចក្នុង​ការ​ផ្ដល់​ទិដ្ឋាការឬ​ការ​ផ្លាស់ប្ដូរ​ប្រភេទ​ទិដ្ឋាការ មិន​ត្រូវ​អនុញ្ញាត ផ្ដល់​ឱ្យ​ជន​ណា ដែល​ទំនង​ជា​អាច​ក្លាយ​ជា​បន្ទុក​របស់​រដ្ឋ (ឬ​ Public Charge) នៅ​ពេល​ណាមួយ​នោះ​ឡើយ។ ប៉ុន្តែ បញ្ញត្តិ​នេះ មិន​បាន​កំណត់លក្ខខណ្ឌ​ជាក់លាក់​ថា​តើជនបែប​ណា​ដែល​ទំនង​ជា​អាច​ក្លាយ​ជាបន្ទុក​របស់​រដ្ឋ​នោះ​ទេ។

​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​បច្ចុប្បន្ន​ ចង់​កំណត់​ពី​របៀប​និង​លក្ខខណ្ឌ​ជាក់លាក់​មួយ​ចំនួន​ដូច​ជា​ការ​តម្រូវ​ឱ្យ​អ្នក​ស្នើ​សុំ​ទិដ្ឋាការ​ ឬ​អ្នក​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ប្ដូរ​ប្រភេទ​ទិដ្ឋាការ​ដើម្បី​បាន​រស់នៅ​ស្រប​ច្បាប់​ជា​អចិន្ត្រៃយ៍​នៅ​សហរដ្ឋ​អាមេរិក​ ត្រូវ​តែ​បង្ហាញ​ថា ពួកគេ នឹង​មិន​ទំនងអាច​ក្លាយ​ជា​បន្ទុក​របស់​រដ្ឋ​នោះ​ឡើយ។

លក្ខខណ្ឌ​ជាក់លាក់​មួយ​ទៀត ដែល​ក្រសួង​នេះ បាន​ស្នើ​កែប្រែ​ដែរ​នោះគឺ​ការ​តម្រូវ​ឱ្យ​អ្នក​ស្នើ​សុំ​ប្ដូរ​ប្រភេទ​ទិដ្ឋាការ​ឬ​ស្នើ​សុំ​ពន្យារពេល​ស្នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ទាំង​អស់ ត្រូវ​បង្ហាញ​ថា ពួកគេ មិន​បាន​ទទួល ឬ​ក៏​ទំនង​ជា​នឹង​មិន​ទទួល​បាន ​ការ​ឧបត្ថម្ភ​ផ្សេងៗ​ពី​រដ្ឋ​នោះ​ទេ។ នេះ​បើ​យោង​តាមសំណើ​កែប្រែ​វិធាន​ថ្មី​ដែល​ក្រសួង​នេះ​បានស្នើ​ឡើង។

​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក ក៏​បាន​ស្នើ​កំណត់ប្រភេទ​ជំនួយ​ឬ​ការ​ឧបត្ថម្ភ​ផ្សេងៗ ពី​រដ្ឋ ដែលជា​លក្ខណៈ​វិនិច្ឆ័យ​បាន​ថា ​នរណា​ម្នាក់​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បន្ទុក​របស់​រដ្ឋ។

ក្រសួង​នេះ បាន​ទុក​ពេល​៦០​ថ្ងៃ ក្រោយ​ពី​ខ្លួន​បាន​ស្នើ​កែប្រែ​បញ្ញត្តិនេះ​ជា​ផ្លូវ​ការ សម្រាប់​ឱ្យ​សាធារណជន​ ចូល​រួម​ផ្ដល់​យោបល់​ជា​លាយលក្ខណ៍អក្សរ មុន​នឹង​ក្រសួង​សម្រេច​លើ​វិធានការ​ថ្មី​នេះ។

អ្នកនាង Thu Nguyen គឺជាជំនួយការ​ជាន់​ខ្ពស់​ខាង​ទំនាក់ទំនង​នៃ​អង្គការ​ OCA-Asian Pacific American Advocates ដែល​បានចូលរួមរៀបចំព្រឹត្តិការណ៍​បត់​ចាប​ក្រដាស​នៅក្នុង​បណ្ណាល័យRadical Library​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ (សាយ មុន្នី/VOA)
អ្នកនាង Thu Nguyen គឺជាជំនួយការ​ជាន់​ខ្ពស់​ខាង​ទំនាក់ទំនង​នៃ​អង្គការ​ OCA-Asian Pacific American Advocates ដែល​បានចូលរួមរៀបចំព្រឹត្តិការណ៍​បត់​ចាប​ក្រដាស​នៅក្នុង​បណ្ណាល័យRadical Library​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ (សាយ មុន្នី/VOA)

​អ្នកនាង Thu Nguyen ជំនួយការ​ជាន់​ខ្ពស់​ខាង​ទំនាក់ទំនង​នៃ​អង្គការ​ OCA-Asian Pacific American Advocates​ ដែល​ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​ប្រមាណ​១០​ដែល​កំពុង​ធ្វើ​យុទ្ធនាការ #OneNation ប្រឆាំង​នឹង​សំណើ​ថ្មី​នេះ មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាសន៍​ជាមួយ​VOA​កាល​ពី​ថ្ងៃ​អាទិត្យ​ដែរ​ថា វិធានការ​ថ្មី​របស់​រដ្ឋបាល​លោក​ត្រាំ​នេះ នឹង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ជនអន្តោប្រវេសន៍​រាប់​លាន​នាក់​ក្នុង​សហរដ្ឋ​អាមេរិក ដែល​នៅ​ត្រូវ​ការ​ការ​ឧបត្ថម្ភ​ផ្សេងៗ​ពី​រដ្ឋ ដូចជា​អាហារូបត្ថម្ភ ការ​ស្នាក់​នៅ​និង​ការ​ចំណាយ​លើ​ថ្លៃ​ធានារ៉ាប់រង​សុខភាព​ជាដើម។

«‍នេះ​ជា​បញ្ហា ដោយសារ​តែ​មាន​ជនអន្តោប្រវេសន៍​ច្រើន​ណាស់​ដែល​ត្រូវ​ការ​ជំនួយ​បន្តិចបន្តួច​ពី​រដ្ឋ​នៅ​ពេល​ដែល​ពួកគេ​បាន​មក​ជាន់​ដី​អាមេរិក​ជា​លើកដំបូង​ហើយ​ប្រឹងប្រែង​កសាង​ជីវិត​របស់​ពួកគេ​នៅ​ទី​នេះ។ ដូច្នេះ ប្រសិន​បើ​សំណើ​គោលនយោបាយ​នេះ ត្រូវ​បាន​អនុម័ត​មែន​នោះ នោះ​វា​នឹង​ប៉ះពាល់​ដល់​ជន​អន្តោប្រវេសន៍​២៣​លាន​នាក់ ដែល​កំពុង​ស្វះស្វែង​ទទួល​បាន​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​ប្រទេស​នេះ»។

អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ចូលរួម​កៀរគរ​ចលនា​មហាជន​តាម​រយៈ​យុទ្ធនាការ​បត់​ចាប​ក្រដាស​និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បញ្ចេញ​មតិយោបល់​របស់​ពួកគេ​ ប្រឆាំង​នឹង​សំណើថ្មី​របស់​រដ្ឋាភិបាល​អាមេរិក​នេះ​ រួម​មាន ​អង្គការ AAPI (Asian Americans and Pacific Islanders), NCAPA (National Council of Asian Pacific Americans), APIAHF (Asian & Pacific Islander American Health Forum), អង្គការ Asian Americans Advancing Justice, ​សមាគម AAPCHO (Association of Asian Pacific Community Health Organizations), អង្គការ National CAPACD (National Coalition For Asian Pacific American Community Development), អង្គការnapawf (National Asian Pacific American Women's Forum), អង្គការNAKASEC (National Korean American Service & Education Consortium), SEARAC (Southeast Asia Resource Action Center) និង​អង្គការ OCA-Asian Pacific American Advocates។

ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​វិធានការ​ថ្មី​របស់​រដ្ឋាភិបាលនេះ និយាយ​ថា ការ​កែប្រែ​បញ្ញត្តិ​ថ្មី​នេះ​ នឹង​ធ្វើ​ឱ្យ​ជន​អន្តោប្រវេសន៍​ដែល​នៅ​ត្រូវ​ការ​ការ​ឧបត្ថម្ភ​ផ្សេងៗ​ពី​រដ្ឋ ត្រូវ​បង្ខំ​ចិត្ត​ឈប់​ទទួល​យក​ជំនួយ​ពី​រដ្ឋ ដើម្បី​ចៀសវាង​កុំ​ឱ្យអាជ្ញាធរ​ ចាត់​ទុក​ពួកគេ​ថា​ជា​បន្ទុក​របស់​រដ្ឋ​ ហើយ​ជា​លទ្ធផល បដិសេធ​មិន​ផ្ដល់ Green Cards ដល់​ពួកគេ។

អ្នក​ស្រី ណាក់ សេដា ​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖

«‍​ជា​អកុសល កាលណា​អ្នក​ប្រើប្រាស់​ជំនួយ​រដ្ឋ​កាន់​តែ​ច្រើន នោះ​គេ​នឹង​ប្រើប្រាស់​ហេតុផល​នោះ ប្រឆាំង​នឹង​រូប​អ្នក​វិញ ដូច្នេះ ការ​ធ្វើ​បែប​នេះ វា​ដូចជា​ការ​អនុវត្ត​ដែល​មាន​លក្ខណៈ​រើសអើង​របស់​ពួក​អភិជន ដែល​ក្រសួង​សន្តិសុខ​មាតុភូមិ​កំពុង​កំណត់​ឱ្យ​ធ្វើ​ដូច្នោះ​ដែរ»។

មនុស្សជាង​៣សែន​៨​ម៉ឺន​នាក់ក្នុង​មួយ​ឆ្នាំ នឹង​រង​ផល​ប៉ះពាល់​ដោយសារ​ការ​បង្ក្រាប​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ទៅលើ​ជន​អន្តោប្រវេសន៍​នេះ។ នេះ​បើ​យោង​តាមរបាយការណ៍​របស់​កាសែត The New York Times ដែល​បាន​ដកស្រង់​ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​បច្ចុប្បន្ន។

យុទ្ធនាការ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ ចាត់ទុកថា វិធានការ​ថ្មី​របស់​រដ្ឋាភិបាល​អាមេរិក​នេះ មាន​គោល​ដៅ«‍បង្កើត​រនាំង​ផ្លូវច្បាប់​ដែល​មិន​បង្ហាញ​ឱ្យ​ឃើញ​ជាក់​ស្ដែង ដើម្បី​រារាំង​ជន​អន្តោប្រវេសន៍​ មិន​ឱ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក និង​កែ​ប្រែ​ប្រព័ន្ធ ​ប្រឆាំង​នឹង​កុមារ ​មនុស្ស​ចាស់ ​ក្រុម​គ្រួសារ​ដែល​មាន​ប្រាក់ចំណូល​ទាប និង​អ្នក​ដែល​មិន​សូវ​ចេះ​ភាសា​អង់គ្លេស និង​អ្នក​ដែល​មាន​បញ្ហា​សុខភាព​ឬ​ពិការភាព»។

ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​អាមេរិក លើកឡើង​ថា ការណ៍​ដែលអាច​ចិញ្ចឹម​ខ្លួន​ឯង​បាន គឺ​ជា​គោលការណ៍មូលដ្ឋាន​ជា​យូរលង់​ណាស់​មក​ហើយ​ដែល​មាន​ចែង​ក្នុង​ច្បាប់​អន្តោ​ប្រវេសន៍របស់​សហរដ្ឋ​អាមេរិក។

រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​គឺអ្នក​ស្រី Kirstjen Nielsen ​បាន​ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន NBC កាល​ពី​ខែ​កញ្ញា មុន​ពេល​ដែល​សំណើ​កែប្រែ​បញ្ញត្តិ​នេះ ត្រូវ​បាន​ដាក់​ឱ្យ​សាធារណជន​ចូលរួម​ផ្ដល់​យោបល់​លើ​យ៉ាង​ដូច្នេះ​ថា៖

«‍វិធាន​ថ្មី​ដែល​បាន​ស្នើ​ឡើង​នេះ នឹង​អនុវត្ត​ច្បាប់​មួយ​ដែល​សភា​អាមេរិក​បាន​អនុម័ត ក្នុង​គោលបំណង លើកកម្ពស់​ភាព​ដែល​អាច​ចិញ្ចឹម​ខ្លួនឯង​បាន និង​ការពារ​ធនធាន​ដែល​មាន​កំណត់​ ដោយ​ធានា​ថា ជន​អន្តោប្រវេសន៍​ ទំនង​ជា​នឹង​មិន​អាច​ក្លាយ​ជា​បន្ទុក​របស់​អ្នក​បង់ពន្ធ​អាមេរិកាំង​នោះ​ទេ»។

យ៉ាង​ណា​ក៏ដោយ ការ​សិក្សា​ចុងក្រោយ​មួយ​របស់​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ Pew Research Center ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​កញ្ញា កន្លង​ទៅ​នេះ បាន​រក​ឃើញ​ថា ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​យល់​ថា ជន​អន្តោប្រវេសន៍ ជួយ​ពង្រឹង​សេដ្ឋកិច្ច​អាមេរិក​ដោយសារ​តែ​ការ​ខំប្រឹងប្រែង​ធ្វើ​ការងារ​និង​ទេពកោសល្យ​របស់​ពួកគេ ជាជាង​ក្លាយ​ជា​បន្ទុក​របស់​រដ្ឋ។

កញ្ញា Mya Brown វ័យ​២៦​ឆ្នាំ ម្ចាស់​ហាង​តុបតែង​ខ្លួន​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​បត់​ចាប​ក្រដាស​នៅ​ឯ​បណ្ណាល័យ​ Radical Library ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន បាន​ប្រាប់​ VOA ​ថា សហរដ្ឋ​អាមេរិក គឺ​ជា​ប្រទេស​ដែល​បង្កើត​ឡើង​និង​រីក​លូតលាស់​ដោយសារ​ការ​ចូលរួម​ចំណែក​ពី​ជន​អន្តោប្រវេសន៍ ដូច្នេះ​កញ្ញា​ថា រដ្ឋាភិបាល​អាមេរិក គួរ​តែ​បើក​ចិត្ត​ឱ្យ​ទូលាយ​លើ​បញ្ហា​អន្តោប្រវេសន៍​នេះ។

«‍មនុស្ស​គ្រប់​រូប គួរ​តែ​ទទួល​បាន​សន្តិភាព​និង​សុភមង្គល។ ប្រសិន​បើ​អ្នក​អាច​ជួយ​គេ​បាន ម៉េច​មិន​ធ្វើ​ទៅ? គ្រាន់​តែ​បើក​បេះដូង​និង​សង្គ្រោះ​គ្នា​ទៅ ដូច​យើង​កំពុង​ព្យាយាម​ផ្សព្វផ្សាយ​សេចក្ដី​ស្រលាញ់​នៅ​ជុំវិញ​ពិភពលោក ដូច្នេះ​ជួយ​គេ​ទៅ»។

ដូចគ្នា​ដែរ លោក Dominic Green អ្នក​ថត​រូប​និង​ថត​ភាពយន្ត​ឯករាជ្យ​ ដែល​ជា​មិត្ត​ប្រុស​របស់​កញ្ញា Mya ​ក៏​បាន​មាន​ប្រសាសន៍​ក្នុង​ពេល​ដែល​លោក​និង​មិត្ត​ស្រី​របស់​លោក​កំពុង​បត់​ចាប​ក្រដាស​ទន្ទឹម​គ្នា​នោះ​ថា៖

«‍គ្មាន​នរណា​ចង់​គ្មាន​ផ្ទះ​សម្បែង​រស់នៅ​នោះ​ទេ ហើយ​ក៏​គ្មាន​នរណា​ ចង់​ឱ្យ​គេ​ចាប់​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​ទីកន្លែង​មួយ​ផ្សេងទៀត ដោយសារ​តែ​ខ្លួន​គ្រាន់តែ​ចង់​រស់នៅ​ក្នុង​ស្ថានភាព​ដែល​ល្អ​ប្រសើរ​ជាង​មុន​នោះ​ទេ»។

កញ្ញា Mya Brown និង​លោក Dominic Green ចូលរួម​ចលនា​បត់ចាបក្រដាសព្រឹត្តិការណ៍​បត់​ចាប​ក្រដាស​នៅក្នុង​បណ្ណាល័យ Radical Library​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​១៨ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ (សាយ មុន្នី/VOA)
កញ្ញា Mya Brown និង​លោក Dominic Green ចូលរួម​ចលនា​បត់ចាបក្រដាសព្រឹត្តិការណ៍​បត់​ចាប​ក្រដាស​នៅក្នុង​បណ្ណាល័យ Radical Library​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​១៨ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ (សាយ មុន្នី/VOA)

ក្រុម​អ្នក​គាំទ្រ​និងសកម្មជននៃ​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ គ្រោង​នឹង​នាំ​យក​ចាប​ក្រដាស​ទាំង​២៣០០ ដែល​ពួកគេ​និង​ពលរដ្ឋ​ចូលរួម​បត់​នេះ ទៅ​ដាក់​ជូន​ក្រសួង​សន្តិសុខ​មាតុភូមិ​ឬ​សេតវិមាន​ នៅ​មុន​ថ្ងៃ​ទី​១០​ខែ​ធ្នូ ខាង​មុខ​នេះ ដែល​ជា​ឱសានវាទ​នៃ​ការ​ទទួល​មតិ​ពី​សាធារណជន​ទៅលើ​សំណើ​ថ្មី​របស់​រដ្ឋាភិបាល​ ដើម្បី​ជា​ការ​បង្ហាញ​ពី​ការ​តវ៉ា​ជា​សាធារណៈ​របស់​ពួកគេ ប្រឆាំង​នឹង​វិធានការ​ថ្មី​នេះ៕

XS
SM
MD
LG