ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​ស.រ.អា បាន​សម្រេច​ថា​ ប៉ូលិស​ត្រូវ​ការ​លិខិត​អនុញ្ញាត​ដើម្បី​តាម​ដាន​ទូរស័ព្ទ​របស់​អ្នកប្រើប្រាស់


(រូបភាព​ឯកសារ) លោក​ចៅក្រម John Roberts ចូលរួម​ការ​ថត​រូប​ជាមួយ​នឹង​ចៅក្រម​ផ្សេង​ទៀត​ នៅ​អគារ​តុលាការ​កំពូល នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែមិថុនា​ ឆ្នាំ២០១៧។
(រូបភាព​ឯកសារ) លោក​ចៅក្រម John Roberts ចូលរួម​ការ​ថត​រូប​ជាមួយ​នឹង​ចៅក្រម​ផ្សេង​ទៀត​ នៅ​អគារ​តុលាការ​កំពូល នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែមិថុនា​ ឆ្នាំ២០១៧។

តុលាការ​កំពូល​របស់​សហរដ្ឋអាមេរិក​ បាន​សម្រេច​កាល​ពី​ថ្ងៃ​សុក្រ​ ទី​២២ ខែមិថុនា​កន្លង​ទៅ​នេះ​ថា ទិន្នន័យ​នៃ​ប្រវត្តិ​ទីតាំង​របស់​ទូរស័ព្ទ​មួយ​ ដែល​យក​ទៅ​ប្រើ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​បទ​ឧក្រិដ្ឋ​ មិន​អាច​ទាញ​យក​ដោយ​មិន​មាន​លិខិត​អនុញ្ញាត​ឲ្យ​ឆែកឆេរ​ពី​ចៅក្រម​បាន​ទេ។

នៅ​ក្នុង​ការ​បោះឆ្នោត​ដោយ​៥​សម្លេង​ទល់​នឹង​៤​សម្លេង​ របស់​ចៅ​ក្រម​តុលាការ​កំពូល​របស់​សហរដ្ឋ​អាមេរិក​សម្រេច​ថា​ អាជ្ញាធរ​ ត្រូវការ​លិខិត​អនុញ្ញាត​ឲ្យ​ឆែកឆេរ​ពី​ចៅក្រម ដើម្បី​អាច​ប្រើ​ប្រាស់​ទិន្នន័យ ដែល​ក្រុមហ៊ុន​ទូរស័ព្ទ រក្សា​ទុក​អំពី​ទី​កន្លែង​ និង​ចលនា​របស់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ។ ទិន្នន័យ​ទាំង​នេះ​ ដែល​ត្រូវ​បាន​ស្គាល់​ថា ជា​ព័ត៌មាន​នៃ​ទី​កន្លែង​របស់​ទូរស័ព្ទ​ គឺ​តែងតែ​ត្រូវ​យក​ទៅ​ប្រើ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ពី​បទ​ឧក្រិដ្ឋ។

បញ្ហា​ដែល​កើត​ឡើង​ គឺ​ស្ថិត​នៅ​ត្រង់​ថាតើ​ ទិន្នន័យ​ត្រូវ​បាន​ការពារ​ក្រោម​វិសោធនកម្ម​ទី​៤​នៃ​ធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក​ ដែល​ការពារ​ប្រជាពលរដ្ឋ​ប្រឆាំង​ទៅ​នឹង​ «ការ​ស្រាវជ្រាវ​ និង​រឹបអូស​ដោយ​មិន​មាន​ហេតុផល​នោះ​ឬ​ទេ។

ប្រធាន​ចៅក្រម​តុលាការ​កំពូល​របស់​សហរដ្ឋ​អាមេរិក​ លោក​ Roberts​ ដែល​បាន​នាំ​នូវ​មតិ​ភាគ​ច្រើន​របស់​តុលាការ​កំពូល​ បាន​សរសេរ​ថា​ ការ​ទាញ​យក​នៃ ​«ការ​កត់ត្រា​នៃ​ទីតាំង​របស់​ទូរស័ព្ទ​ គឺ​ជា​ការ​ឆែកឆេរ​ដែល​ចែង​នៅ​ក្នុងវិសោធនកម្ម​ទី​៤»។

លោក​បាន​សរសេរ​ថា «វិសោធនកម្ម​ទី៤​នៃ​ធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក​ មិន​ត្រឹម​តែ​ការពារ​ផលប្រយោជន៍​នៃ​ទ្រព្យ​សម្បត្តិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រួម​ទាំង​ការ​រំពឹង​ទុក​ជាក់​លាក់​នៃ​ការ​រក្សា​ការ​សម្ងាត់​របស់​ឯកជន​ផង​ដែរ»។

លោក Roberts ត្រូវ​បាន​គាំទ្រ​ដោយ​ចៅក្រម​សេរី​និយម​ចំនួន​៤​នៃ​ស្ថាប័ន​យុត្តិធម៌​ជាន់ខ្ពស់​បំផុត​របស់​តុលាការ​សហរដ្ឋ​អាមេរិក។ ចៅក្រម​ដែល​មាន​ទំនោរ​អភិរក្ស​និយម​ចំនួន​៤​រូប​ បាន​ជំទាស់។

ករណី​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា រឿង Carpenter ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ ជា​បណ្តឹង​របស់​បុរស​ម្នាក់​ឈ្មោះ​ថា Timothy Carpenter ដែល​ដឹកនាំ​ការប្លន់​ជា​បន្ត​បន្ទាប់​ តាម​ហាង​លក់​ទូរស័ព្ទ​ចល័ត​នៅ​ក្នុង​រដ្ឋ​ Ohio​ និង Michigan​ ក្នុង​ចន្លោះ​ឆ្នាំ​២០១០​ និង​ឆ្នាំ​២០១១។

បន្ទាប់​ពី​ Carpenter​ និង​បក្ស​ពួក​របស់​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ ការិយាល័យ​ស៊ើប​អង្កេត​របស់​សហព័ន្ធ​ (FBI) បាន​ស្នើ និង​ទទួល​កំណត់ត្រា​ទី​កន្លែង​របស់​ទូរស័ព្ទ​របស់​លោក​ Carpenter​ ជា​ច្រើន​ខែ​ពី​ក្រុមហ៊ុន​ទូរស័ព្ទ​មួយ។ ទិន្នន័យ​នេះ​ បាន​រួម​បញ្ចូល​ទាំង​ ទី​កន្លែង​ចំនួន​ ១២ ៨៩៨ ដែល​បាន​កត់ត្រា​ចលនា​របស់​លោក​ Carpenter​ ក្នុង​អំឡុង​ពេល​១២៧ថ្ងៃ។

ដោយ​ប្រើប្រាស់​ព័ត៌មាន​នេះ​ រដ្ឋ​អាជ្ញា​ មាន​លទ្ធភាព​ក្នុង​ការ​ចោទ​លោក​ Carpenter​ ទៅ​លើ​ការ​ប្លន់​ចំនួន​១១ករណី។ លោក​ Carpenter​ បាន​ប្តឹង​តវ៉ា​ទៅ​នឹង​ការ​កាត់​ទោស​លើ​រូប​លោក​ ដោយ​តវ៉ា​ថា​ ការ​ប្រើ​ប្រាស់​ និង​ទាញ​យក​ទិន្នន័យ​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ពី​ចៅក្រម គឺ​ប្រឆាំង​ទៅ​នឹង​វិសោធនកម្ម​ទី​៤​នៃ​ធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក។

សាលា​ឧទ្ធរណ៍​នៃ​សហរដ្ឋ​អាមេរិក​ សម្រាប់​សង្កាត់​ទី​៦​ បាន​ចេញ​បញ្ញត្តិ​ប្រឆាំង​នឹង​លោក​ Carpenter​ ដោយ​លើក​ឡើង​ថា អតិថិជន​ដែល​ស្ម័គ្រចិត្ត​ផ្តល់​ព័ត៌មាន​របស់​ពួកគេ​ទៅ​ឲ្យ​ភាគី​ទីបី​ ដូចជា​ក្រុមហ៊ុន​ទូរស័ព្ទ​ ធនាគារ និង​ស្ថាប័ន​ផ្សេងៗ​ទៀត​ មិន​គួរ​មាន​ការ​រំពឹង​ទុក​ពី​ការ​រក្សា​ភាព​ឯកជន​ទេ។

ក្នុង​ករណី​ពីរ​ទៀត​នៅ​ក្នុង​ទសវត្សរ៍​១៩៧០​ រួម​មាន​ករណី​សហរដ្ឋ​អាមេរិក​ ប្រឆាំងនឹង​ Miller​ និង​ករណី​ Smith​ ប្រឆាំងនឹង​រដ្ឋ Maryland​ តុលាការ​កំពូល​បាន​សម្រេច​ថា​ អ្នក​ប្រើប្រាស់​មិន​អាច​សង្ឃឹម​ថា ទិន្នន័យ​ដែល​រក្សា​ទុក​ដោយ​ភាគី​ទី​បី​នោះ​ ជា​រឿង​សម្ងាត់​បាន​ទេ។

ប៉ុន្តែ​លោក​ Roberts​ បាន​សរសេរ​ថា៖

«វា​មាន​ភាព​ខុស​គ្នា​រវាង​ប្រភេទ​នៃ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែល​មាន​កម្រិត​ ដែល​បាន​ដោះស្រាយ​នៅ​ក្នុង​ករណី​ Smith​ និង Miller និង​ព័ត៌មាន​ស្តី​ពី​ទី​កន្លែង​យ៉ាង​លម្អិត​ដែល​ប្រមូល​ដោយ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ជា​ច្រើន។

ប្រធាន​តុលាការ​កំពូល​បាន​បន្ថែម​ថា៖

ការ​អនុញ្ញាត​ឲ្យ​ «រដ្ឋាភិបាលអាច​ប្រើប្រាស់​កំណត់​ត្រា​ទីតាំង​របស់​ទូរស័ព្ទ......» ផ្ទុយ​ទៅ​នឹង​ ការរំពឹង​ទុក​ផ្នែក​ឯកជន​ភាព។

សេចក្តី​សម្រេច​របស់​តុលាការ​ គឺ​មិន​ទូលំ​ទូលាយ​ទេ។ លោក​ Roberts​ បាន​និយាយ​ថា អាជ្ញាធរ​អនុវត្ត​ច្បាប់​ អាច​នៅ​តែ​បន្ត​ប្រើប្រាស់​កំណត់​ត្រា​របស់​ទូរស័ព្ទ​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ពី​ចៅក្រម​ឲ្យ​ឆែកឆេរ​នៅ​ក្នុង​ករណី​បន្ទាន់ ដូចជា​ នៅ​ពេល​ដែល «ត្រូវ​ការ​តាម​ចាប់​ជនសង្ស័យ​ដែល​កំពុង​រត់​គេច​ ការការពារ​មនុស្ស​គ្រប់​រូប​ ដែល​ត្រូវ​បាន​គំរាម​កំហែង​ដោយ​គ្រោះ​ថ្នាក់​ដែល​អាច​នឹង​កើត​មាន​ ឬ​ក៏​ការពារ​ការបំផ្លាញ​ភស្ភុតាង​ដែល​អាច​នឹង​កើត​មាន»៕

ប្រែសម្រួលដោយ យូ សុធារី

XS
SM
MD
LG