ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកប្រធានាធិបតី Donald Trump បានគំរាម​បិទ​​ព្រំដែន​អាមេរិក-ម៉ិកស៊ិក ​​


លោក Donald Trump​ និយាយ​ជាមួយ​កងកម្លាំង​ទាហាន​តាម​ទូរសព្ទ​ពី​រមណីយដ្ឋាន Mar-a-Lago នៅ​ឆ្នេរ Palm Beach រដ្ឋ Florida កាលពី​ថ្ងៃទី​២២ វិច្ឆិកា ឆ្នាំ ២០១៨។

កាលពីថ្ងៃ​ព្រហស្បតិ៍ប្រធានាធិបតីអាមេរិក​លោក Donald Trump បានគំរាមបិទព្រំដែន​អាមេរិក-ម៉ិកស៊ិក ​ដោយរំខានទំនាក់ទំនង​ពាណិជ្ជកម្មមាន​ទឹកប្រាក់១.៦៨​ពាន់លានដុល្លារក្នុងមួយថ្ងៃ ​ប្រសិនបើរដ្ឋាភិបាលរបស់លោកមិនអាចគ្រប់គ្រង​លំហូរនៃ​ជន​អន្តោប្រវេសន៍គ្មាន​ឯកសារដែលចង់ឆ្លងកាត់ពីអាមេរិកឡាទីនមកស.រ.អា.​អាមេរិក។

លោក Trump បាននិយាយទៅកាន់អ្នកយកព័ត៌មាននៅ​ឯរមណីយដ្ឋាន Mar-a-Lago របស់​គាត់​នៅរដ្ឋ​ ​Florida ពេល​លោក​កំពុង​សម្រាក​បុណ្យ Thanksgiving ។

លោកក៏​បាន​បញ្ជាក់​សារជាថ្មីនូវ​សម្តី​របស់​លោក Jim Mattis ​រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ​ កាលពី​ថ្ងៃពុធដែល​ថា ​ទាហាន​អាមេរិក​នៅ​ព្រំដែន​ម៉ិកស៊ិក​ត្រូវបាន​អនុញ្ញាត​ឱ្យប្រើប្រាស់​កម្លាំងប្រសិន​បើចាំបាច់​ដើម្បី​ការពារ​ភ្នាក់ងារ​ល្បាត​ព្រំដែន។​ ការ​ប្រកាស​នេះ​ធ្វើឡើង​ក្រោយពី​មាន​ការហៅ​ទូរសព្ទទៅកាន់​ទាហាន​អាមេរិក​បម្រើ​នៅ​តំបន់​អាស៊ីនិង​ប៉ាស៊ីហ្វិក​នៅ​ថ្ងៃ​ឈប់​សម្រាក​ដែលផ្សាយតាម​ទូរទស្សន៍​ចំពេល​មាន​ការ​រិះគន់​ថា ​លោក​មិនបាន​ទៅ​ជួប​កង​ទ័ពជួរ​មុខ​ទេ​ ចាប់តាំង​ពីលោក​បានក្លាយ​ជា​ប្រធានាធិបតី។ ​

ទាហានអាមេ​រិក​ប្រមាណ៥ពាន់៨រយ​នាក់កំពុង​អបអរ​ពិធីបុណ្យ ​Thanksgiving ​នៅថ្ងៃ​ព្រហស្បតិ៍​នៅតាម​ព្រំដែន​ម៉ិកស៊ិក​ចំពេល​ដែល​មានភាព​ចម្រូង​ចម្រាស​ជុំវិញការ​រំលោភ​លើច្បាប់​ដែល​មាន​អាយុ​១៣០ឆ្នាំរបស់​សហ​រដ្ឋអាមេរិក​ដែលហាម​ការ​ប្រើប្រាស់​យោធា​សម្រាប់​សកម្មភាព​អនុវត្ត​ច្បាប់​ក្នុង​ស្រុក។​

ថ្លែងពីការព្រួយបារម្ភ​អំពី​ចរាចរណ៍ជន​អន្តោ​ប្រវេសន៍​អាមេរិក​ឡាទីនដែលបាន​មក​ដល់ព្រំដែន​ស.រ.អា.ជាមួយ​ប្រទេស​ម៉ិកស៊ិក​ក្នុង​គោល​បំណង​ស្វែង​រកសិទ្ធិជ្រកកោន​នៅ​សហ​រដ្ឋអាមេរិក​ លោក Trump បាន​និយាយ​ថា ​រដ្ឋបាល​របស់​លោក​នឹង​«បិទព្រំដែន​មួយរយៈ» ប្រសិនបើស្ថានការណ៍​ឈាន​ទទួលបាន​កម្រិត​ដែលយើងមិនអាច​គ្រប់គ្រងបាន​និងមានគ្រោះថ្នាក់៕​

XS
SM
MD
LG