ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះរាជក្រឹត្យ​ស្តីពី​ការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ត្រូវ​បាន​ប្រកាសឱ្យ​ប្រើ​ជា​ប្រញាប់


រូបឯកសារ៖ ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី យាង​បើក​សម័យ​ប្រជុំ​រដ្ឋសភា​នីតិកាល​ទី៧ នៅ​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។
រូបឯកសារ៖ ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី យាង​បើក​សម័យ​ប្រជុំ​រដ្ឋសភា​នីតិកាល​ទី៧ នៅ​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

ព្រះរាជក្រឹត្យស្តីពី ​«ការបង្កើត ការរៀបចំ និង​កិច្ច​ដំណើរ​ការ​របស់​អាជ្ញាធរជាតិ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ»​ ត្រូវ​បាន​ឡាយ​ព្រះ​ហត្ថលេខា​ដាក់​ឱ្យ​ប្រើ បន្ទាប់​ពីគណៈ​រដ្ឋ​មន្ដ្រីអនុម័ត​ទាំង​ស្រុង​លើ​សេចក្តី​ព្រាង​ព្រះ​រាជ​ក្រឹត្យ​នេះ​កាលពី​សប្តាហ៍​មុន​។

យោង​តាម​ព្រះរាជក្រឹត្យ​ស្តី​ពី ​«ការបង្កើត ការរៀបចំ និង​កិច្ច​ដំណើរ​ការ​របស់​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ» ចេញកាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ក្នុង​មាត្រា​១ ចែងថា​ ព្រះរាជក្រឹត្យ​នេះ​កំណត់​អំពី​ការបង្កើត​ ការរៀបចំ និង​កិច្ច​ដំណើរការ​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដើម្បី​ជា​យន្ត​ការ​បំពេញ​បន្ថែម​ឱ្យ​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ដែល​សំដៅ​លើក​កម្ពស់​គុណភាព​ ប្រសិទ្ធភាព និង​ភាព​ឆាប់រហ័ស​នៃការដោះ​ស្រាយ​វិវាទ តាម​រយៈ​ការស្រុះ​ស្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​ និង​កាត់​បន្ថយ​ការកកស្ទះ​សំណុំ​រឿង​ ដើម្បី​ធានា​បាន​នូវ​ភាព​សុខដុម​រមនា​ក្នុង​សង្គម​ជាតិ។

ព្រះរាជក្រឹត្យ​ដែល​មាន​២២​មាត្រានេះ​បន្ថែម​ថា​ ការដោះស្រាយ​វិវាទ​នៅក្នុង​ក្រប​ខ័ណ្ឌ​នៃ​ អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​វិធី​សម្រុះ​សម្រួល​ផ្សះផ្សា​ ហើយ​មន្រ្តី​សម្រុះ​សម្រួល​ដោះ​ស្រាយ​វិវាទ​ត្រូវ​ផ្តល់​ឱ្យ​ភាគី​វិវាទ​នូវ​ឱកាស​ព្រម​ព្រៀង​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​ និង​ដោយ​គ្មាន​ការសម្រេច​សេចក្តី​ដោយ​បង្ខំ​ណា​មួយ​ឡើយ​

ចំណែកមន្រ្តី​ដែល​ត្រូវ​យក​មក​សម្រុះ​សម្រួល​ ត្រូវ​ជ្រើស​រើស​ចេញ​ពី​ចំណោម​មន្រ្តី​រាជការ​ក្របខ័ណ្ឌ​ ឬ​ចេញ​ពី​ចំណោម​សារការី មេធាវី និង​អ្នក​ប្រកប​វិជ្ជាជីវៈ​ច្បាប់​ផ្សេងៗ​ដែល​មាន​ជំនាញ​ច្បាប់​ឬ​ជំនាញ​ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​វិវាទ​។

អ្នកនាំពាក្យ​ក្រសួង​យុត្តិ​ធម៌ លោក​ ជិន​ ម៉ាលីន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ប្រភេទ​វិវាទ​ដែល​អាច​ធ្វើ​ការសម្រុះ​សម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​គឺ​ជា​វិវាទ​ដែល​មាន​ការអនុញ្ញាត​ដោយ​ច្បាប់​ រួម​មាន​វិវាទ​រដ្ឋ​ប្បវេណី ពាណិជ្ជកម្ម គ្រួសារ និង​វិវាទ​ព្រហ្មទណ្ឌ​មួយ​ចំនួន​ទៀត​ ដែល​ជា​ការបង្ក​ជា​របួស​ស្នាម​តិច​តួច​ និង​ដែល​ច្បាប់អនុញ្ញាត។ លោក​បន្ថែម​ថា​ បន្ទាប់​ពី​ព្រះរាជក្រឹត្យនេះ​ត្រូវបាន​លាយ​ព្រះ​ហស្ថ​លេខា នោះ​នឹង​មាន​ការរៀបចំ​សមាសភាព​ជាក់ស្តែង​ទៅ​តាម​ខ្លឹម​សារ​ដែល​មាន​ចែង​ក្នុង​ព្រះរាជក្រឹត្យ។

លោក​ថ្លែងថា៖ «យន្តការ​ទាំង​អស់​នេះ​បាន​រៀបចំ​ចប់​សព្វ​គ្រប់​ជា​មួយ​នឹង​ឯកសារ​គតិយុត្តិ​គាំទ្រ​ដល់​កិច្ច​ដំណើរការ​មួយ​ចំនួន​ទៀត​គឺ​ថា​ អាជ្ញាធរ​នឹង​ប្រកាស​ដាក់​ចេញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ នូវ​យុទ្ធនាការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​តែម្តង។ យុទ្ធនាការ​នេះ​គឺ​នឹង​បង្ហាញ​ហើយ​ប្រកាស​ជា​សាធារណៈ​ គឺ​នឹង​បង្ហាញ​ពី​បែប​បទ​នីតិវិធី ​របៀប​របប​នៃ​ការដោះស្រាយ​វិវាទ​ ប្រភេទ​សំណុំ​រឿង​ដែល​អាច​ដោះស្រាយ​បាន​ របៀប​នៃ​ការដាក់​ពាក្យ​បណ្តឹង​ របៀប​នៃ​ការទទួល​ពាក្យ​បណ្តឹង​ និង​ដោះស្រាយ​ជា​ដើម។

លោក​បន្ថែម​ថា​៖ «ហើយ​គោលដៅ​ ទីកន្លែង​ដែល​យើង​ត្រូវ​ចុះ​ទៅ​ដើម្បី​ធ្វើការសម្រុះ​សម្រួល​វិវាទ។ ក៏​ប៉ុន្តែ​គ្រាន់​តែ​ជា​ចំណុច​ចាប់​ផ្តើម​ គោលដៅ​របស់​យើង​គឺ​នៅ​មូលដ្ឋាន​ គឺ​ទៅ​តាម​សហគមន៍​ ហើយ​យើង​នឹង​ធ្វើ​ការពង្រាយ​នូវ​មន្រ្តី​សម្រប​សម្រួល​ ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ​ គឺ​ចុះ​ទៅ​តាម​មូលដ្ឋាន​ចល័ត​ដើម្បី​ធ្វើ​ការដោះស្រាយ​ វិវាទ​ដែល​មាន​ស្រាប់​នៅ​មូលដ្ឋាន​ហ្នឹង​តែ​ម្តង​បាទ»។

បើតាម​លោក ជិន ម៉ាលីន ប្រជាពលរដ្ឋ​ដែល​កំពុងមាន​វិវាទទាំង​អស់​ អាច​ដាក់​ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ ដែល​មាន​ភារកិច្ច​តាម​ដំណើរ​រឿង​នីមួយៗ បើ​ទោះបី​ជា​យន្តការ​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​មិន​ទាន់​ដាក់​ចេញ​នូវ​គោលការណ៍​ទៅ​តាម​ព្រះរាជ​ក្រឹត្យ​នៅ​ឡើយ​ក្តី​។

លោក​លើក​ឡើង​ថា​៖ «ជា​ទូទៅ យន្តការ​នៃ​ការដោះ​ស្រាយ​វិវាទ​នេះមាន​ស្រាប់អស់​ហើយ​តាម​ស្ថានប័ន​ជំនាញ​មួយ អ៊ីចឹង​យន្តការ​គ្រាន់​តែ​ទៅ​បំពេញ​បន្ថែម​ទេ។ ដើម្បី​ឱ្យ​ការអនុវត្ត​ហ្នឹង​កាន់​តែ​មាន​ប្រសិទ្ធភាព បាន​ន័យ​ថា​មិនមែន​ទៅ​ជំទាស់​យន្តការ​ដែល​មាន​ស្រាប់​ទេ យន្តការ​មាន​ស្រាប់​គេ​មាន​តាំង​ពី​ដើម​តែ​បន្ត​ ហើយ​យន្តការ​នេះ​គ្រាន់​តែ​បំពេញ​បន្ថែម​ ដើម្បី​ពង្រីក​វិសាលភាព​ និង​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​ហ្នឹង​។ អ៊ីចឹង​ដូច​ជា​មិន​មាន​បញ្ហា​ទល់​តែ​យន្តការណ៍​នេះ​ចេញ​ទៅ​ដំណើការ​ទើប​អាច​ដោះស្រាយ​បាន​នោះ​គឺ​អត់​ទេ»។

អ្នកនាំពាក្យ​ក្រសួង​យុត្តិ​ធម៌​រូប​នេះ​លើក​ឡើង​ទៀត​ថា​ យន្តការ​ថ្មី​នេះ​គឺ ជា​ការបង្កើត​ជម្រើស​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការជ្រើស​រើស​ការដោះស្រាយ​វិវាទ​ផ្សេងៗ​ដែល​ពួកគេ​ជួប​ប្រទះ ដើម្បី​ជួយ​ជំរុញ​ដំណើរការ​ដោះស្រាយ​វិវាទ​នានា​ឱ្យ​បាន​ឆាប់​រហ័ស។

ចំណែក​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា យល់​ឃើញ​ថា ការបង្កើត​ឱ្យ​មាន​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​គឺ​ជា​ផ្នែក​មួយ​ដែល​ជួយ​សម្រួល និង​ជំរុញ​ដំណើរការ​កក​ស្ទះ​សំណុំ​រឿង​បាន​ធូរ​ស្រាល​ខ្លះ​ ដោយអាច​បញ្ចប់​វិវាទមុន​បញ្ជូន​ទៅ​តុលាការ។ ប៉ុន្តែ​លោក​បារម្ភ​ថា​ កិច្ច​ការងារ​ខ្លះ​អាច​នឹង​មាន​ការរំលោភ​ទៅ​លើ​កិច្ច​ការងារ​របស់​តុលាការ ដែល​លោក​ជំរុញ​ឱ្យ​មន្រ្តី​ដែល​ធ្វើ​កិច្ចការងារ​លើ​ការដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការទាំងអស់ គួរ​មាន​ការអនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ជំនាញ​របស់​ខ្លួន។

លោក​ថ្លែងថា​៖ «ខ្ញុំ​ទទូច​ចង់​ឱ្យ​អ្នក​ដែល​ពាក់ព័ន្ធ​ទាំង​អស់​ដែល​មាន​តួនាទី​ក្នុង​ការធ្វើ​កិច្ចការងារ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ធ្វើ​យ៉ាង​ម៉េច​បំពេញ​ការងារ​របស់​ខ្លួន​ឱ្យ​មាន​ភាព​ត្រឹម​ត្រូវ​ ឱ្យ​មាន​ភាព​យុត្តិធម៌​ ដោយ​កុំ​ឱ្យ​បំពារ​បំពាន​ ឬ​កុំ​ឱ្យ​រំលោភ​ទៅ​លើ​អំណាច​របស់​តុលាការ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រង​ការរិះ​គន់​ថា​ អំណាច​នីតិ​ប្រតិបត្តិ​វា​រំលោភ​បំពាន​អំណាច​ឯករាជ្យ​របស់​តុលាការ​ជា​ដើម​»។

លោក​បន្ថែម​ថា​ មន្ត្រី​ដែល​អនុវត្ត​ក្នុង​ដំណើរការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ត្រូវ​តែ​មាន​ការដាក់​ទោសទណ្ឌ​ បើសិន​ពួកគេ​ប្រព្រឹត្ត​ខុស​ដោយ​ប្រការ​ណា​មួយ។

លោក​បញ្ជាក់​ថា​៖ «ប្រសិន​ជា​អ្នក​ហ្នឹង​ គាត់​អនុវត្ត​ទៅ​ដោយ​មិន​មាន​ភាព​ត្រឹម​ត្រូវ​ មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​ អនុវត្ត​ដោយ​ខ្វះ​នូវ​ឯករាជ្យ​ភាព​ អព្យាក្រឹត្យភាព អី​ទាំង​អស់​នេះ ក៏​គួរ​មាន​ការត្រួត​ពិនិត្យ​ឱ្យ​បាន​ត្រឹម​ត្រូវ​ដែរ។ បើសិន​ជា​មើល​ទៅ​ថា​ អ្នក​នោះ​មិន​បាន​បម្រើ​តួនាទី​ឱ្យ​បាន​ល្អ​ប្រសើរ​ទេ គួរតែ​មាន​ការដាក់​ទោស​ទណ្ឌ និង​ដាក់​វិន័យឱ្យ​ទៅ​តាម​នីតិ​វិធី​នៃ​ផ្លូវ​ច្បាប់»។

លោក ស៊ឹង សែនករុណា ក៏​បាន​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធពិនិត្យ​មើល​សំណុំ​រឿង​ដែល​កំពុង​ដំណើរការ​នៅតុលាការ​គ្រប់​ជាន់​ថ្នាក់​ឡើង​វិញ ដើម្បី​ផ្តល់​យុត្តិធម៌ឱ្យ​ក្រុម​ជន​រង​គ្រោះ​ដែល​ទន្ទឹង​រងចាំ​ដំណោះ​ស្រាយ​ជា​យូរ​មក​ហើយ​៕

XS
SM
MD
LG