ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ព្រមាន​កម្ចាត់​អង្គការ​និង​ក្រុម​ផ្សេង​ទៀត​ដែល​លោក​ថា ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌


រូបឯកសារ៖ លោក ហ៊ុន សែន នៅពេល​លោក​ជា​នាយក​រដ្ឋមន្រ្តី និង​ដែល​សព្វថ្ងៃ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជាតិ កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។
រូបឯកសារ៖ លោក ហ៊ុន សែន នៅពេល​លោក​ជា​នាយក​រដ្ឋមន្រ្តី និង​ដែល​សព្វថ្ងៃ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជាតិ កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។

អតីត​នាយករដ្ឋ​មន្រ្តី​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ បាន​ព្រមាន​កម្ចាត់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ក្រុម​មួយ​ចំនួន​ដែល​លោក​ថា នៅ​មាន​គម្រោង​ធ្វើ​បដិវត្តន៍​ពណ៌​ប្រឆាំង និង​ចង់​ផ្តួល​រលំ​រដ្ឋាភិបាល។

ប្រធាន​គណបក្ស​កាន់​អំណាច​ថ្លែងបែប​នេះ​ នៅ​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ចង​សម្ពន្ធភាព​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ជា​មួយ​បណ្ដា​គណបក្ស​នយោ​បាយ​ចំនួន​២៧​ផ្សេង​ទៀត​ នៅ​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ។

លោក ហ៊ុន សែន លើក​ឡើង​ថា ​កម្ពុជា​សព្វថ្ងៃ​នេះ នៅ​តែ​មាន​ក្រុម​អ្នក​ធ្វើ​បដិវត្តន៍​ពណ៌ ដើម្បី​ប្រឆាំង​និង​ចង់​ផ្តួល​រលំ​រដ្ឋាភិបាល។ ក្នុង​នាម​ជា​ប្រធាន​កណបក្ស​កាន់​អំណាច លោក ហ៊ុន សែន ព្រមាន​ថា​ លោក​មិន​អត់​ឱន​ឱ្យ​ជា​ដាច់​ខាត​ចំពោះ​ក្រុម​អ្នក​ធ្វើ​បដិវត្តន៍​ពណ៌។

លោក ហ៊ុន សែន បញ្ជាក់​ថា​៖ «ទម្រង់​នៃ​ការផ្តួល​រំលំ​វា​មាន​ច្រើន​ជាង​ អាពាក្យ​ធ្វើ​រដ្ឋ​ប្រហារ។ ឥឡូវ​វា​មាន​អាចលនា​រដ្ឋ​ប្រហារ​តាម​កម្លាំង​ប្រដាប់​អាវុធ​ តែ​ក៏​មាន​អាចលនា​បែប​បដិវត្តន៍​ពណ៌។ សព្វថ្ងៃ​នេះ​នៅ​កម្ពុជា​ នៅ​សេស​សល់​លម្អិត​នៅ​បដិវត្តន៍​ពណ៌ ដែល​ខ្ញុំ​ជូន​សារ​ទៅ​ប្រទេស​មួយ​ចំនួន​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​ដែល​កំពុង​ជ្រក​ក្រោម​ម្លប់​នៃ​ចលនា​បដិវត្តន៍​ពណ៌ ឱ្យ​ឆាប់​ដក​ខ្លួន យើង​មិន​ធ្វើ​ការ​អត់​ឱន​សម្រាប់​ពួក​អ្នក​ទេ»។

អតីត​នាយក​រដ្ឋ​មន្រ្តី​រូប​នេះ​បន្ថែម​ទៀត​ថា​ចំណាត់​ការ​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ប្រឆាំង​បដិវត្តន៍​ពណ៌​នេះ គឺ​ដើម្បី​រក្សា​នូវ​សុខ​សន្តិ​ភាព​នៅ​ក្នុង​ប្រទេស​តែ​ប៉ុណ្ណោះ។

លោក​លើក​ឡើង​ថា​៖ «សន្តិភាព​ស្វែង​រក​បាន​ដោយ​លំបាក​ ឈាម​និង​ទឹក​ភ្នែក​របស់​ប្រជាជន​កម្ពុជា​ច្រើន​ណាស់​ដែល​បាន​បាត់បង់​ទៅ​ ដូច្នេះ​យើង​ត្រូវ​រួម​គ្នា​ ចលនា​របស់​យើង​នៅ​ពេល​នេះ​គឺ​ជា​ចលនា​មួយ​ដ៏​ខ្លាំង​ហើយ​ យើង​មិន​ផ្តល់​ឱកាស​ឱ្យ​អ្នក​ណា​មួយធ្វើ​សកម្មភាព​បំផ្លាញ​សន្តិភាព​នេះ​ទេ»។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ការ​លើក​ឡើង​របស់​លោក​ហ៊ុន សែន ពាក់ព័ន្ធ​នឹង​រឿង​បដិវត្តន៍​ពណ៌​នេះ មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ ប៉ុន្តែ​លោក​ថា​មិន​មាន​សញ្ញា​ណា​មួយ​ដែល​លោក​មើល​ឃើញ​ថាជា​ទ្រង់​ទ្រាយ​នៃ​ការធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ឡើយ។

លោក​ប្រាប់​វីអូអេ​ថា​៖ «ខ្ញុំ​គិត​ថា​បញ្ហា​ទាំង​អស់​នេះ​ដូច​ជា​វា​មិន​ត្រឹម​ត្រូវ​ទេ ពីព្រោះ​ទី​មួយ​អង្គការ​សង្គម​ស៊ីវិល​សុទ្ធ​តែ​មាន​ការចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ មាន​ការតម្កល់​លក្ខន្តិកៈ​របស់​ខ្លួន​ និង​សកម្ម​ភាព​ការងារ​របស់​ខ្លួន​។ បើ​សិន​ជា​អង្គការ​ទាំង​អស់​នោះ​មាន​អង្គការ​ណា​មួយ​ដែល​ចង់​ធ្វើ​បដិវត្តន៍​ អាហ្នឹង​រដ្ឋាភិបាល​លោក​អាច​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​បាន»។

លោក អំ សំអាត បន្ថែម​ថា​កិច្ច​ការងារ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​ ដូច​ទៅ​នឹង​កិច្ច​ការងារ​ផ្សេងៗ​របស់​រដ្ឋាភិបាល។

លោក​បញ្ជាក់​ថា​៖ «ការដែល​ធ្វើការ​វា​ជា​ធម្មតា​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ដែល​គាត់​មាន​គោល​នយោបាយ​ដែល​ធ្វើ​ទៅ​វា​តែងតែ​មាន​ហើយ​ បញ្ហា​ខ្លះ​វា​គ្រាន់​តែ​ជា​ការ​លើក​នូវ​ចំណុច​ដែល​ខ្វះ​ចន្លោះ​ ដែល​រដ្ឋាភិបាល​ឬ​ក៏​អាជ្ញាធរ​មិន​ទាន់​បាន​បំពេញ​ដើម្បី​ផ្តល់​អនុ​សាសន៍​ក្នុង​ការ​បំពេញ​បន្ថែម ដើម្បី​ឱ្យ​ប្រទេស​ជាតិ​យើង​មាន​ការ​គោរព​ពេញ​លេញ​នូវ​ការ​អភិវឌ្ឍ​ពេញ​លេញ»។

ចំណែក​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា យល់​ឃើញ​ថា​ការ​លើក​ឡើង​ជុំវិញ​ការចោទ​ប្រកាន់​ទៅ​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាក់​ទង​នឹង​ការ​ធ្វើ​បដិវត្តន៍​ពណ៌ ជា​រឿង​មិន​ត្រឹម​ត្រូវ​ឡើយ។

លោក​បញ្ជាក់​ថា​៖ «ខ្ញុំ​អត់​មើល​ឃើញ​សញ្ញាណ​ណា​មួយ​ដែល​អង្គការ​ដែល​ខ្ញុំ​បាន​កត់​សម្គាល់​ទាំង​អស់​នោះគាត់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​គោល​បំណង​ចំៗ​ក្នុង​ការផ្តួល​រំលំ​រដ្ឋាភិបាល​ឱ្យ​ប្រាកដ​នោះ​ទេ។ សម្រាប់​ជា​ការ​មើល​ឃើញ​របស់​ខ្ញុំ ខ្ញុំ​មិន​ដឹង​ថា​តើ​ការ​លើក​ឡើង​ហ្នឹង​ ខាង​អតីត​នាយករដ្ឋ​មន្រ្តី​លោក​មាន​មូលដ្ឋាន​អ្វី​ខ្លះ​ទេ​នៅ​ក្នុង​រឿង​នេះ»។

គួរបញ្ជាក់​ថា​កាល​ពី​ពេល​កន្លង​ទៅ លោក ហ៊ុន សែន ក៏​ធ្លាប់​អះ​អាងថា​យុវជន​កម្ពុជា​ខ្លះ​ត្រូវ​បាន​បណ្តុះ​បណ្តាល​ឱ្យ​ធ្វើ​បដិវត្តន៍​ពណ៌​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា៕

XS
SM
MD
LG