ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កាត់​ទោស​លោក រ៉ុង ឈុន ដាក់​ពន្ធនាគារ​២ឆ្នាំ ពាក់​ព័ន្ធ​នឹង​ការ​រិះ​គន់​អំពី​បញ្ហា​ព្រំដែន​​​​​​​​​​​​​


រូបឯកសារ៖ លោក ​រ៉ុង ឈុន ​​ប្រធាន​សហភាព​សហជីព​កម្ពុជា​ រំឭកពី​ចលនា​សហជីព​របស់​លោក ​ជា វិជ្ជា​ ក្នុងខួប​លើក​ទី​១៦ឆ្នាំនៃឃាតកម្ម​លើ​លោក​ជា វិជ្ជានៅទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​២២ ខែ​មករា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)
រូបឯកសារ៖ លោក ​រ៉ុង ឈុន ​​ប្រធាន​សហភាព​សហជីព​កម្ពុជា​ រំឭកពី​ចលនា​សហជីព​របស់​លោក ​ជា វិជ្ជា​ ក្នុងខួប​លើក​ទី​១៦ឆ្នាំនៃឃាតកម្ម​លើ​លោក​ជា វិជ្ជានៅទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​២២ ខែ​មករា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)

តុលាការ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធនេះ​បាន​សម្រេច​ផ្តន្ទា​ទោស​លោក ​រ៉ុង ឈុន មេដឹកនាំ​សហជីព​មួយ​រូប​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ ពី​«បទញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម»​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ទៅ​ពិនិត្យ​មើល​ព្រំដែន និង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ដ៏​ចម្រូង​ចម្រាស​អំពី​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ក្រៅ​ពី​សម្រេច​ដាក់​ពិន័យ​ជា​ប្រាក់​២លាន​រៀល និង​សង​ការ​ខូចខាត ​៤០០​លានរៀល​ផ្សេងទៀត។

ជន​ជាប់​ចោទ​២​នាក់​ទៀត​ដែល​ជា​អតីត​សកម្មជន​បក្ស​ប្រឆាំង គឺ​កញ្ញា​ ស កន្និកា និង​លោក​ តុន និមលដែល​ស្ថិត​ក្នុង​សំណុំ​រឿង​នេះ​ក៏ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​លិ សុខា ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២០​ខែ​ក្នុង​ម្នាក់ៗ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​២លាន​រៀល​ផង​ដែរ។

មេធាវី​ការពារក្តី​ឲ្យ​លោក ​រ៉ុង ឈុន គឺ​លោក​ សំ សុគង់ បាន​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​សាលក្រម​នេះ។ លោក​បន្ថែម​ថា​កូនក្តី​លោក​ទាំង​៣​នាក់​ក៏​ត្រូវ​តុលាការ​បង្គាប់​ឲ្យ​សង​ការ​ខូចខាត​ទៅ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ក្នុង​ទឹក​ប្រាក់​សរុប​៤០០​លាន​រៀល​(ឬជិត​១០ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក)​ផងដែរ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ជា​មេធាវី​មាន​ការ​ខកចិត្ត​ដោយសារ​ការ​សម្រេច​ហ្នឹង​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​ហើយ​សម្រេច​រហូត​ដល់​អតិ​បរមា​នៃ​ទោស​ដែលមាន​ដែល​នៅក្នុង​បទ​ល្មើស​ញុះញង់​បង្ក​ឲ្យមាន​ភាព​វឹកវរ​សន្តិសុខ​ធ្ងន់​ធ្ងរ​ក្នុង​សង្គម​ហ្នឹង​ដែល​បញ្ញត្តិនៃ​ទោស​នៅ​ក្នុង​មាត្រានេះគឺ​ចាប់​ពី​៦ខែ​ទៅ​២ឆ្នាំ​ហើយ​ដល់​ពេល​តុលាការ​សម្រេច​ផ្តន្ទា​ទោស​រហូត​ដល់​២ឆ្នាំ​ហើយ​និង​ការ​ពិន័យ​ជាប្រាក់​គឺច្រើន​លើសលប់​រហូត​ដល់​៤០០​លានរៀល»។​

អ្នកទោស ក្នុងនោះរួមមានមេដឹកនាំសហជីពគឺលោក រ៉ុង ឈុន បានធ្វើដំណើរតាមរថយន្តដឹកអ្នកទោសមកដល់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១។
អ្នកទោស ក្នុងនោះរួមមានមេដឹកនាំសហជីពគឺលោក រ៉ុង ឈុន បានធ្វើដំណើរតាមរថយន្តដឹកអ្នកទោសមកដល់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១។

លោក​មេធាវី​ សំ សុគង់​ បញ្ជាក់​ទៀតថា កូនក្តី​លោក​ទាំង៣​នាក់​ស្នើសុំ​ឲ្យ​មាន​ការ​ប្តឹង​សាទុក្ខ ដោយ​សារ​ពួក​គាត់យល់​ថា​ការ​កាត់​ទោស​មិន​មាន​ភាព​យុត្តិធម៌។

លោក​បញ្ជាក់​ថា៖ «មួយ​ទៀត ទាក់ទង​ទៅ​នឹងការ​សម្រេច​គឺ​ខ្ញុំបាទ​បាន​ជួប​ជាមួយនឹងកូនក្តី​ក្រោយ​ពេល​ប្រកាស​សាលក្រម​ហ្នឹង​ហើយ​កូនក្តី​ក៏បាន​សម្រេច​ដាច់ខាត​ថា​ត្រូវ​ប្តឹង​ឧទ្ធរណ៍​ទៅ​នឹង​សាលក្រម​ដែល​ប្រកាសកាលពី​ព្រឹក​មិញ​ហ្នឹង​ទៅ​សាលាឧទ្ធរណ៍​ដើម្បី​ឲ្យ​សាលា​ឧទ្ធរណ៍​ពិនិត្យ​ឡើងវិញ»។

កាល​ពី​ថ្ងៃ​ពុធ ម្តាយ​របស់​កញ្ញា​ ស កន្និកា និង​ភរិយា​របស់​លោក​ តុន និមល បាន​ប្រាប់​វីអូអេ​ថា​ពួកគេ​សង្ឃឹម​ថា​តុលាការ​នឹង​ដោះ​លែង​ក្រុម​គ្រួសារ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ និង​អះអាង​ថា​ពួកគេ​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ទេ។

អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​លោក ​រ៉ុង ឈុន​ ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​៣១ ខែ​កក្កដា ឆ្នាំ​២០២០ ក្រោយ​ពី​លោក​បាន​ចុះ​ទៅ​ខេត្ត​ត្បូង​ឃ្មុំ​ហើយ​បាន​ជួប​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ដែល​អះអាង​ថា​ដី​របស់​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ហាម​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ​ហើយ​ការ​បោះ​បង្គោល​ព្រំដែន​បាន​ចូល​មក​ទឹក​ដី​កម្ពុជា។ ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន នាំ​ឲ្យ​មាន​ការ​តវ៉ា​ពី​សកម្មជន​មួយ​ចំនួន ហើយ​មនុស្ស​ជាង​១០​នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ។

នាយករង​ទទួល​បន្ទុក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃអង្គការ​លីកាដូ​លោក​អំ សំអាត​ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធ​នេះ​ថា​សំណុំរឿង​លោក​ រ៉ុង ឈុន​ ត្រូវ​គេ​គិត​ថា មាន​ជាប់​ហេតុផល​នយោបាយ​និង​ក៏ជា​ការ​បំបិទសិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​សម្តែងមតិ។

លោក ​អំ សំអាត ថ្លែង​ថា៖ «បើ​យើង​មើល​ជា​ទិដ្ឋភាព​ទូទៅ​កន្លង​មក​ វា​មាន​ករណី​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​ជាមួយ​នឹង​នយោ​បាយ​នៅ​ពេល​ដែល​ស្ថាន​ភាព​នយោបាយ​ធូរ​ស្រាល​ហើយ​និង​មាន​ការចរចា​គ្នា​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ហ្នឹង​អ្នក​ដែលត្រូវ​បាន​ជាប់​ឃុំ​ដោយ​គេចាត់​ទុកថា​ជាអ្នក​ទោស​មនសិការ​ឬ​ក៏ពាក់​ព័ន្ធ​រឿង​នយោបាយ​មួយ​ចំនួនហ្នឹង​ក៏​ត្រូវ​បាន​ដោះលែង​ដូច​គ្នា​ដែរ​បាទ»។

រូ​ប​ឯកសារ៖ សាច់ញាតិ និងអ្នកគាំទ្រលោករ៉ុង ឈុន ប្រមាណ២០នាក់ បានដាក់ញត្តិទៅការិយាល័យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីសុំកិច្ចអន្តរាគមន៍ឲ្យមានការដោះលែងលោករ៉ុង ឈុន នៅរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (រូបថតដកស្រង់ពីបណ្តាញសង្គម)
រូ​ប​ឯកសារ៖ សាច់ញាតិ និងអ្នកគាំទ្រលោករ៉ុង ឈុន ប្រមាណ២០នាក់ បានដាក់ញត្តិទៅការិយាល័យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីសុំកិច្ចអន្តរាគមន៍ឲ្យមានការដោះលែងលោករ៉ុង ឈុន នៅរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (រូបថតដកស្រង់ពីបណ្តាញសង្គម)

ចំណែក​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​អ្នកស្រី​ អ៊ុក​ ឆាយ៉ាវី​ យល់​ថា​ការ​កាត់​ទោស​លោក​រ៉ុង ឈុន​ និង​អតីតសកម្មជន​គណបក្ស​ប្រឆាំង​២​នាក់​ទៀត​គឺ​ជាការ​គំរាម​កំហែង​មិន​ឲ្យពលរដ្ឋ​បញ្ចេញ​មតិ​រិះគន់​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល។

អ្នកស្រី​ អ៊ុក​ ឆាយ៉ាវី​ ថ្លែង​ថា៖ «នេះ​ជាការ​មួយ​គំរាម​កំហែង​ដល់​ពលរដ្ឋ​មិន​ឲ្យ​ពល​រដ្ឋ​បញ្ចេញ​មតិ​ក៏​ដូច​ជា​មិន​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ឈឺ​ឆ្អាល​បញ្ហា​បូរណភាព​ទឹកដី​គ្រប់​បែប​យ៉ាង​ទាំង​អស់។ នេះ​ជាការ​មួយរំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ធ្ងន់​ធ្ងរ​ហើយ»។

អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក ​អ៊ី រិន្ទ​ ​បាន​ឆ្លើយតបនឹង​សំណួរ​របស់​វីអូអេ ដែល​បាន​ផ្ញើ​តាម​សារ​ឆ្លើយ​ឆ្លង​តេឡេក្រាម​នៅថ្ងៃ​ពុធ​នេះថា៖ «សូម​បញ្ជាក់​ជូន​លោក​ថា ក្នុង​សំណុំ​រឿង​នេះ លោក​ចៅក្រម​ជំនុំជម្រះ បាន​សម្តេច​សេចក្តី​ដោយ​ពិនិត្យ​លើ​អង្គហេតុ​អង្គច្បាប់ និង​ភស្តុតាង​យ៉ាងត្រឹមត្រូវ ។ ក្នុង​ករណី​ពិរុទ្ធជន​មិនសុខចិត្ត​នឹង​សាលក្រម​នេះ ពិរុទ្ធជន​អាច​ប្តឹង​ឧទ្ធរណ៍​បាន។»

វីអូអេមិន​ទាន់​អាច​ទាក់​ទង​សុំការ​អធិប្បាយ​ពី​លោក ​គូន សារឿន ​មេធាវី​តំណាង​ឲ្យ​អាជ្ញាធរ​ព្រំដែន​កម្ពុជា​បាន​ទេ។

​បញ្ហា​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​វៀត​ណាម​ដែល​មាន​ប្រវែង​១.២៧០​គីឡូម៉ែត្រ​គឺ​ជា​ចំណុច​រសើប​ក្នុង​នយោបាយ​រាប់​ទសវត្សរ៍​មក​ហើយ។​អ្នក​តវ៉ា​ឬ​រិះគន់​អំពី​បញ្ហា​ព្រំដែន​នេះ​ជា​ញឹកញាប់​តែង​ទទួល​រង​ការ​ព្រមាន​ការ​គាប​សង្កត់​ឬ​ការ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ។

​នៅ​ក្នុង​សវនាការ​មួយ​នា​ពាក់​កណ្តាល​ខែ​មករា​លោក រ៉ុង ឈុន​ បាន​ច្រាន​ចោល​បទ​ចោទ​ប្រកាន់​របស់​តុលា​ការ​ដែល​ថា​ លោក​បាន​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង។​នៅ​ក្នុង​ពេល​នោះ​លោក​ប្រាប់​អង្គ​សវនាការ​ថា​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ធ្វើឡើង​ទៅ​តាមការបញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ​ហើយ​ថា​ក្នុងរយៈ​ពេល​ចេញ​សេចក្តី​ថ្លែង​ការណ៍​នោះ មិន​មាន​ស្ថានភាព​ចលាចល​កើត​ឡើង​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG