ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង​ទាម​ទារ​រដ្ឋាភិបាល​ប្រើប្រាស់​ច្បាប់​អន្តរជាតិ​ទាមទារ​កោះត្រល់​មក​កម្ពុជា​វិញ


រូបឯកសារ៖ ទិដ្ឋាភាពកោះត្រល់ ឬ Phu Quoc ជាភាសាវៀតណាម កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៤។
រូបឯកសារ៖ ទិដ្ឋាភាពកោះត្រល់ ឬ Phu Quoc ជាភាសាវៀតណាម កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៤។

គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ ដោយ​ប្រើប្រាស់​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​ ១៩៨២​ (the United Nations Convention for the Law of the Sea) ហៅ​កាត់​ថា ​UNCLOS ដើម្បី​ទាម​ទារ​មក​វិញ​នូវ​ប្រជុំ​កោះមួយ​ចំនួន ​ដែល​ប្រទេស​វៀតណាម​កំពុង​គ្រប់គ្រង​ រួម​ទាំង​កោះ​ត្រល់​ផង​ដែរ។​

ការ​ទាមទារ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​សហគមន៍​អាស៊ាន​ដែល​មាន​ប្រទេស​វៀតណាម​ជា​ប្រធាន​ឆ្លាស់​វេននៅ​ឆ្នាំនេះ ​បាន​បង្ហាញ​ជំហរ​គាំទ្រ​នៅ​ក្នុុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៣៦ ​របស់​ខ្លួន​កាល​ពី​សប្តាហ៍​មុន​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ ដោយ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ​រួម​ទាំង​អនុសញ្ញា​ UNCLOS​ នេះ។​

លោក អ៊ុំ សំអាន អតីត​អ្នក​តំណាងរាស្ត្រ​និង​បច្ចុប្បន្ន​ជា​អ្នក​ទទួល​ខុសត្រូវ​ខាង​កិច្ចការ​ព្រំដែន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ប្រាប់​វីអូអេ​ក្នុង​បទ​សម្ភាសន៍​ នៅ​ថ្ងៃ​ទី​២​ ខែ​កក្កដា​ថា ខណៈ​ដែល​ប្រទេស​វៀតណាម​ចង់​ប្រើប្រាស់​ច្បាប់​អន្តរជាតិ​ដើម្បី​ទាមទារ​ដែន​សមុទ្រ​ ដែល​ខ្លួន​មាន​ជម្លោះ​ជា​មួយ​ចិន​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​ប្រើ​យន្តការ​ច្បាប់​អន្តរជាតិ​ដើម្បី​ទាមទារ​ដែន​សមុទ្រ​ដែល​ខ្លួន​បាន​បាត់បង់​មក​វិញ​ដែរ។

«យើង​ក៏​ជំរុញ​ទៅ​ឲ្យ​រដ្ឋាភិបាល​របប​ក្រុង​ភ្នំពេញ​ប្តឹង​ទៅ​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​ នៅ​ទីក្រុង​ឡាអេ​ ដោយ​ប្រើ​អនុសញ្ញា​ហ្នឹង​ដើម្បី​ទាម​ទារ​យក​កោះ​ត្រល់ ​ចង្កោម​កោះ​ក្រចក​សេះ​ ហើយ​និងដែន​សមុទ្រ​ខ្មែរ​យើង​យក​មក​វិញ»។

​អនុសញ្ញា ​UNCLOS បាន​កំណត់​ថា​ ប្រទេស​នីមួយៗមាន​សិទ្ធិ​នៅ​លើ​ដែន​សមុទ្រ​ហើយ​អាច​បង្កើត​វិសាលភាព​នៃ​ដែន​សមុទ្រ​របស់​ខ្លួួន​ មិន​ឲ្យ​លើស​ពី​១២​ ម៉ៃ​សមុទ្រ ​(12 nautical miles) ឬ​ស្មើ​នឹង​២២.២២៤ ​គីឡូម៉ែត្រ​ លើ​ផ្ទៃ​ដី​ ដោយ​វាស់​ចាប់​ពី​បន្ទាត់​មូលដ្ឋាន​ដែន​សមុទ្រ​របស់​ខ្លួន។​

កោះត្រល់ ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម​ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ ១៥​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​កម្ពុជា និង​ប្រមាណ ​៤៥​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​វៀតណាម។​

ចង្កោម​កោះ​ដ៏​ចម្រូងចម្រាស​មួយ​ចំនួន​ រួម​ទាំង​កោះត្រល់​ផង​នេះ ​គឺ​ជា​បញ្ហា​រសើប​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​អស់​រយៈ​ពេលជាច្រើន​ទសវត្សន៍​មក​ហើយ ​ដោយ​គណបក្ស​ប្រឆាំង​តែង​ចោទ​គណបក្ស​កាន់​អំណាច​ថា​ជា​ «អាយ៉ង»​ របស់​វៀតណាម​ និង​មិន​ហ៊ាន​ទាមទារ​កោះ​ទាំង​នោះ​ពី​វៀតណាម​មក​វិញ។​

វីអូអេ​បានព្យាយាមទាក់​ទង​លោក ​ផៃ ស៊ីផាន ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​សុំ​ការ​ឆ្លើយតប ​ប៉ុន្តែ​មិន​អាចទាក់​ទងបាន​ទេ ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ។

តែ​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ប្រាប់​វីអូអេ​ថា​ កម្ពុជា​បាន​បាត់បង់​កោះ​ត្រល់​ទៅ​ប្រទេស​វៀតណាម​ ដោយសារ​ប្រទេស​បារាំង​ដែល​ជា​អាណាព្យាបាល​តំបន់​ឥណ្ឌូចិន ​ក្នុង​សម័យ​អាណានិគម​បារាំងបាន​កាត់​ទឹកដី​កម្ពុជា​ក្រោម ​រួម​ទាំង​កោះ​នេះ​ទៅ​ឲ្យ​វៀតណាម​រួច​ទៅ​ហើយ។

«អាហ្នឹង​ឲ្យ​អ្នក​ដែល​ថា​ទាមទារ​បាន​ហ្នឹង​ទៅ​ទាមទារ​ទៅ។ ហើយ​បើ​ទាមទារ​បាន​ យើង​ខ្ញុំ​ក៏​ត្រេកអរ​ដែរ ពីព្រោះ​ការ​សោកស្តាយ​មិនមែន​សោកស្តាយ​ តែ​ត្រឹម​អស់​លោក​អ្នក​ថា​ហ្នឹង​ទេ។ ប្រជាជន​កម្ពុជា​ទាំង​អស់​ទូទាំង​ប្រទេស ​សុទ្ធ​តែ​សោកស្តាយ​ទាំង​អស់។​ ប៉ុន្តែ​លទ្ធភាពយើង​ថា​តើ​យើង​ធ្វើ​ម៉េច?»​

លោក​បន្ថែម​ថា​ គោល​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​គោល​ការណ៍​ទាមទារ​កោះ​នោះ​មក​វិញ​ទេ៕

XS
SM
MD
LG