ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ភ្នំពេញឲ្យ​ចាប់​ខ្លួន​មន្រ្តី​បក្ស​នយោបាយ​២​នាក់ ​រឿង​រិះគន់​បញ្ហា​ព្រំដែន​តាម​ហ្វេសប៊ុក


លោក ​ហ៊ាង គឹមស្រឿន​ (ស្តាំ) អនុ​ប្រធាន​គណបក្ស​មហា​សាមគ្គី​ជាតិ​ និង​លោក​ ថុល សុផាន់ណា (ឆ្វេង) ​មន្រ្តី​គណបក្សនេះ ត្រូវបានចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​លើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ រិះគន់​រឿង​ព្រំដែន។

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​មន្រ្តី​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ​ពីរ​រូប ​តាម​បណ្តឹង​របស់​លោក ​ពេជ្រ ស្រស់ ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ដោយ​ចោទ​ពី ​«បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​និង​អំពើ​ប្រមាថ»​ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​រឿង​ព្រំដែន​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។​

បើ​តាម​ដីកា​ចំនួន​ពីរ​ច្បាប់​ ចុះ​ថ្ងៃ​ទី​២០​ ខែ​មេសា ​ដែល ​VOA​ ទទួល​បាន ចៅ​ក្រម​ស៊ើបសួរ​តុលាការ​ភ្នំពេញ​លោក​ កូយ សៅ ​បាន​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក ​ហ៊ាង គឹមស្រឿន​ អនុ​ប្រធាន​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ​ និង​លោក​ ថុល សុផាន់ណា​ មន្រ្តី​គណបក្ស​នេះ​ដែល​ត្រូវ​ចោទ​ពី​បទ ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​និង​អំពើ​ប្រមាថ»​ ដែល​ប្រព្រឹត្ត​ឡើង ​កាល​ពី​ថ្ងៃ​ទី​៩ ​និង​ថ្ងៃ​ទី​១០ ​ខែ​តុលា ​ឆ្នាំ​២០១៩។​

ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក​ ហ៊ាង គឹមស្រឿន​ ដែល​ VOA​ ទទួល​បាន​នៅ​ថ្ងៃ​អង្គារ​នេះ​ មាន​ន័យ​ថា៖​

«តាម​របាយ​ការណ៍​ចុះ​ថ្ងៃទី​១០​ ខែ​មេសា ​ឆ្នាំ​២០២០​ របស់​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទួល​សង្កែ​ទី​១​ បាន​បញ្ជាក់​ថា ​បុគ្គល​ដែល​មាន​អត្តសញ្ញាណ​ខាង​លើ​បាន​ប្រព្រឹត្ត​នូវ​អំពើ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ និង​អំពើ​ប្រមាថ។ ​បុគ្គល​រូប​នេះ​នគរបាល​មណ្ឌល​រក​ពុំ​ឃើញ​ទេ​ ដោយ​ពុំ​ដឹង​ថា​ ​រស់​នៅ​ទីណា​ឡើយ។​ ដូច្នេះ​តុលាការ​គប្បី​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​បុគ្គល​ឈ្មោះ ​ហ៊ាង គឹមស្រឿន​ ដែល​មាន​អត្ត​សញ្ញាណ​ខាង​លើ​ ដើម្បី​ឲ្យ​បុគ្គល​នេះ​មក​បង្ហាញ​នៅ​ចំពោះ​មុខ​តុលាការ​ដើម្បី​ស្វែង​រក​ការណ៍​ពិត​ក្នុង​សំណុំ​រឿង​នេះ»។​

VOA​ មិនអាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក ​អ៊ី រិន្ទ​ និង​លោក ​គុជ គឹមឡុង​ បាន​ទេ។​

លោក​ ពេជ្រ ស្រស់ ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​និង​ជា​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ប្រាប់​ VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ លោក​ជា​ម្ចាស់​បណ្តឹង​សំណុំ​រឿង​នេះ​ ហើយ​បាន​ប្តឹង​ពួក​គេ​ កាល​ពី​ថ្ងៃ​ទី​១៤ ​ខែ​តុលា​ ឆ្នាំ​២០១៩។​ លោក​ចោទ​អ្នក​ទាំង​ពីរ​ថា​ បាន​ប្រមាថ​រូប​លោក​និង​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ផ្សេង​ទៀត ​បន្ទាប់​ពី​ឧត្តម​ក្រុម​ប្រឹក្សា​បាន​ស្នើ​ឲ្យ​លោក ​វ៉ា គឹមហុង​ ប្រធាន​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ចូល​បំភ្លឺ​ជូន​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់។​

«លោក​ ហ៊ាង គឹមស្រឿន ​គាត់​បាន​ប្រមាថ​ក៏​ដូច​ជា​ធ្វើ​ឲ្យ​មហាជន​យល់​ច្រឡំ​ ហើយ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​បាត់​ទំនុក​ចិត្ត​មក​លើ​ក្រុម​ការងារ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់ ​ក្នុង​នោះ​មាន​រូប​ខ្ញុំ​ដែរ។​ ហើយ​អា​សកម្មភាព​នេះ ​យើង​ពិបាក​ទទួល​យក​ណាស់។​ អ៊ីចឹឹង​ យើង​ក៏​តស៊ូ​តាម​ផ្លូវ​ច្បាប់​មាន​ន័យ​ថា​ យើង​តស៊ូ​មតិ​គ្នា​តាម​ផ្លូវ​ច្បាប់​ បើច្បាប់​រក​ឃើញ​ថា​គាត់​មាន​កំហុស ​អាហ្នឹង​ច្បាប់​ចាត់​ចែង​តាម​អ្វី​ដែល​ច្បាប់​មាន​ស្រាប់»។​

បើ​តាម​សារ​ដែល​លោក​ពេជ្រ ស្រស់​យក​ធ្វើ​ជា​ភស្តុតាង​ លោក ​ហ៊ាង គឹម​ស្រឿន​ សរសេរ​ថា​ «...លោក វ៉ា​ គឹមហុង​ ចូល​បំភ្លឺ​ជូន​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ជុំ​វិញ​ការ​ចុះ​ហត្ថលេខា​កំណត់​ព្រំដែន​រវាង​កម្ពុជា-វៀត​ណាម​ គឺ​ជា​ការ​ជួយ​បំភ្លឺ​ដើម្បី​បង្គ្រប់​កិច្ច​និង​ជាក្រុម​អាយ៉ង​ដែល​មិន​បាន​ផល​ជា​វិជ្ជមាន​ណា​មួយ​ សម្រាប់​ជាតិ​ក្នុង​ជំនួប​នោះ​សោះ​ឡើយ»។​

ចំណែក​លោក​ ថុល សុផាន់ណា​ ដែល​តុលាការ​កំពុង​តាម​ចាប់​ខ្លួន​ដែរ​នោះ​ លោក​ ពេជ្រ ស្រស់​ លើក​ឡើង​ថា​លោក ​សុផាន់ណា​ បាន​សរសេរ​ចោទ​ប្រកាន់​រូប​លោក​ថាស៊ី​ឈ្នួល​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​ ពេជ្រ ស្រស់ ​មាន​ប្រសាសន៍​ថា៖​ «ហើយ​ចំពោះ​ប្អូន​ ថុល សុផាន់ណា ​ការណ៍​ពិត​ទៅ​មិន​ដឹង​ថា​គាត់​មាន​សំអាង​អី​ទេ ​គាត់​ចោទ​ខ្ញុំ​ថា ​ខ្ញុំ​ហ្នឹង​ទទួល​ស៊ី​ឈ្នួល​ពី​គណបក្ស​កាន់​អំណាច​រហូត​បាន​ទៅ​ដល់​ ២០​ម៉ឺន​[ដុល្លារ]​ឯ​ណោះ​ ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​ខ្ញុំ​មិន​ដែល​ដឹង​ខ្លួន​សោះ​ថា ខ្ញុំ​បាន​លុយ​មក​ពី​ណា ​ហើយ​ចាំបាច់​អី​ទៅ​ស៊ី​ឈ្នួល​គេ?​ ហើយ​គាត់​និយាយ​ហ្នឹង​អ​មាន​ភស្តុតាង​អី​ច្បាស់​លាស់​សោះ​ ហើយ​គាត់​មក​បរិហារ​កេរ្តិ៍​ ឬ​មួល​បង្កាច់​កេរ្តិ៍។​ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​គណបក្ស​ប្រជាជន​ទាំង​មូល​និង​រូប​ខ្ញុំ​បាទ»។​

VOA ​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ហ៊ាង គឹមស្រឿន​ និង​លោក ​ថុល សុផាន់ណា​បាន​នៅ​ឡើយ​ទេ។​

គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ​ត្រូវ​បាន​បង្កើត​ឡើង​ កាល​ពី​ដើម​ឆ្នាំ​២០១៦​ ដែល​មាន​លោក ញ៉ែម វណ្ណ​ថន ​ជា​ប្រធាន។​ VOA​ ក៏​មិន​អាច​ទាក់​ទង​លោក​ ញ៉ែម វណ្ណថន​ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ដែរ។​

កាល​ពី​ដើម​ឆ្នាំ​២០១៧​ លោក​ ពេជ្រ ស្រស់​ និង​លោក ​ញ៉ែម វណ្ណថន​ បាន​ចុះ​ហត្ថលេខា​ព្រម​ព្រៀង​រួប​រួម​គ្នា​គណបក្ស​ទាំងពីរ​ ប៉ុន្តែ​មេបក្ស​ទាំង​ពីរ​នេះ​បាន​ប្រកាស​បែក​គ្នា​វិញ​ ក្រោយ​ចាប់​ដៃ​គ្នា​បាន​មួយ​សប្តាហ៍។

លោក ​ស៊ឹង សែនករុណា ​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លើក​ឡើង​ថា​ការ​បង្ហោះ​សារ​របស់​មន្រ្តី​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ​ទាំង​ពីរ​នាក់​ ដែល​រិះគន់​លើ​សកម្មភាព​ការងារ​របស់​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​នា​ពេល​នោះ​ គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​និង​រិះគន់​ក្នុង​នាម​ជា​សកម្ម​ជន​គណបក្ស​នយោបាយ​ប៉ុណ្ណោះ។​ លោក​បន្ថែម​ថា ​ការ​ប្រើ​បណ្តឹង​និង​អនុវត្ត​បណ្តឹង​ដើម្បី​បញ្ឈប់​ការ​រិះគន់​ណា​មួយ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ​ជា​ទូទៅ។​

«គាត់​បញ្ចេញ​មតិ​ក្នុង​នាម​ជា​អ្នក​សកម្មជន​នយោបាយ។​ គាត់​អាច​មើល​លើ​សកម្ម​ភាព​របស់​មន្រ្តី​សាធារណៈ​ ឬ​ក៏​សកម្មជន​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ដែរ​ ដែល​ធ្វើ​អ្វី​ដែល​មិន​បាន​ត្រឹម​ត្រូវ។​ អ៊ីចឹង​គាត់​អាច​មាន​សិទ្ធិ​ក្នុង​ការ​រិះគន់»។​

លោក​ ពេជ្រ ស្រស់​ គឺ​ជា​អ្នក​នយោបាយ​ម្នាក់​ដែល​តែង​ចេញ​មុខ​ប្ដឹង​អ្នក​នយោបាយ​និង​សកម្ម​ជន​សង្គម។ ​លោក​ ពេជ្រ ស្រស់​ ធ្លាប់​ប្ដឹង​ព្រះ​តេជ​គុណ ប៊ុត ប៊ុនតេញ​ ដោយ​ចោទ​ព្រះអង្គ​ថា​បាន​កិបកេង​លុយ​ចូល​បុណ្យ​សព​លោក​បណ្ឌិត​ កែម ឡី ​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់។​ លោក​ក៏​បាន​ចូល​រួម​ប្ដឹង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ កាល​ពី​ចុង​ឆ្នាំ​២០១៧​ផង​ដែរ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG