ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​រុះរើ​តង់​ដែល​បោះ​តាម​បណ្តោយ​ព្រំដែន​តាម​ការ​ស្នើ​សុំ​របស់​កម្ពុជា


សកម្មភាពនគរបាលខេត្តកណ្តាល ត្រួតពិនិត្យតំបន់ព្រំដែនដែលយោធាវៀតណាមបានបោះតង់នៅលើតំបន់ដែលមិនទាន់មានភាពឯកភាពគ្នា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។ (រូបថតដោយស្នងការដ្ឋាននគរបាលខេត្តកណ្តាល)
សកម្មភាពនគរបាលខេត្តកណ្តាល ត្រួតពិនិត្យតំបន់ព្រំដែនដែលយោធាវៀតណាមបានបោះតង់នៅលើតំបន់ដែលមិនទាន់មានភាពឯកភាពគ្នា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។ (រូបថតដោយស្នងការដ្ឋាននគរបាលខេត្តកណ្តាល)

ប្រទេស​វៀតណាម​បាន​រុះរើ​តង់ទាំង​អស់​តាម​បណ្តោយ​ព្រំដែន​ជាមួយ​កម្ពុជា​ ស្ថិត​នៅ​ក្នុង​តំបន់​មិន​ទាន់​មាន​ឯកភាព​គ្នា​ ចំពោះ​ការ​បោះ​បង្គោល​ខណ្ឌសីមា ​នៃ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។​ នេះ​បើ​យោង​តាម​ការ​បកប្រែ​ក្រៅ​ផ្លូវការ​នៃ​លិខិត​មួយ​ច្បាប់​ សរសេរ​ជា​ភាសា​វៀតណាម​របស់​គណៈ​កម្មាធិការ​ប្រជាជន​វៀតណាម​ ខេត្ត​អាន​យ៉ាង ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​សុក្រ​នេះ។​

លិខិត​ចុះ​ថ្ងៃ​ទី​១៣​ ខែ​ឧសភា ​ឆ្នាំ​ ២០២០​ នេះ​ ដែល​ផ្ញើ​ជូន​អាជ្ញាធរ​ខេត្ត​កណ្តាល​របស់​កម្ពុជា​ បញ្ជាក់​ថា ភាគី​វៀតណាម​បាន​បញ្ជា​ឲ្យ​កង​កម្លាំង​របស់​ខ្លួន​ចុះ​រុះរើ​ចេញ​អស់​ហើយ​រាល់​តង់​ទាំងអស់​ ដែល​បោះ​«ជាប់​នឹង​ខ្សែ​ព្រំ​ប្រទល់​ខេត្ត​កណ្តាល»​នោះ។​

ការ​ផ្ញើ​លិខិត​របស់​គណៈ​កម្មាធិការ​ប្រជាជន​វៀតណាម ​ខេត្ត​អានយ៉ាង​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​កម្ពជា​បាន​បញ្ជូន​កំណត់​ទូត​មួយ​ទៅ​ឲ្យ​ភាគី​វៀតណាម​ កាល​ពី​ថ្ងៃ​ទី​១៣ ​ខែ​ឧសភា​ ឆ្នាំ ​២០២០ ​ដោយ​ចាត់​ទុកវត្ត​មាន​យោធា​របស់​វៀតណាម​នៅ​តំបន់​តាម​បណ្តោយ​ព្រំដែន​ ដែល​មិន​ទាន់​មាន​ឯកភាព​គ្នា​ថា​ ជា​«ការ​រំលោភ​កិច្ច​ព្រមព្រៀង​ព្រំដែន» ​រវាង​ប្រទេស​ទាំង​ពីរ។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ព័ត៌មាន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។​

សារ​ព័ត៌មាន​វីអូឌី​បាន​រាយ​ការណ៍​ កាល​ពី​ថ្ងៃ​ពុធ​ ដោយ​ដក​ស្រង់​សម្តី​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ លោក កុយ គួង ដែលថា វៀតណាម​បាន​បោះតង់​និង​ដាក់​កម្លាំង​យោធា​ចំនួន​ ៣១ ​កន្លែង​នៅ​ស្រុក​លើក​ដែក​ និង​ស្រុក​កោះធំ ក្នុង​ខេត្ត​កណ្តាល។

ភាគី​វៀតណាម​បាន​បញ្ជាក់​ក្នុង​លិខិត​របស់​ខ្លួន​ថា ការ​បោះ​តង់​ទាំង​នោះ​ «គឺ​គ្រាន់​តែ​ជា​ការងារ​បណ្តោះ​អាសន្ន​ក្នុង​គោល​បំណង​បង្ការ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩»​ ដែល​អាច​ឆ្លង​រវាង​ខេត្ត​អានយ៉ាង​ របស់​វៀតណាម និង​ខេត្ត​កណ្តាល​របស់​កម្ពុជា។​

វីអូអេ មិន​ទាន់​អាច​ទាក់ទង​លោក ​កុយ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ ដើម្បី​ស្នើ​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​នៅ​ឡើយ​ទេ ​នៅ​ត្រឹម​ម៉ោង​៧​កន្លះ​ល្ងាចថ្ងៃ​សុក្រ​នេះ ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ចំណែក​លោក ​ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ មាន​ប្រសាសន៍​ថា ​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អំពី​ការ​រុះរើ​តង់​របស់​ភាគី​វៀតណាម​នេះ​នៅ​ឡើយ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG