ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​កោះ​ហៅ​ទូតវៀតណាម​សួរ​នាំ​រឿង​តង់​បោះ​នៅ​តាម​ព្រំដែន​ដែល​​មិន​ទាន់​ឯកភាព​គ្នា


រូបឯកសារ៖ ឯកឧត្តម វ៉ូ ហ្គុងមិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ «ផ្សារដា» ដែលមានទីតាំងស្ថិតនៅក្នុងស្រុកមេមត់ ជាប់ព្រំដែនខេត្តត្បូងឃ្មុំ​ និងខេត្តតៃនិញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។
រូបឯកសារ៖ ឯកឧត្តម វ៉ូ ហ្គុងមិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ «ផ្សារដា» ដែលមានទីតាំងស្ថិតនៅក្នុងស្រុកមេមត់ ជាប់ព្រំដែនខេត្តត្បូងឃ្មុំ​ និងខេត្តតៃនិញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។

ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ច័ន្ទ បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា​គឺ​លោក Vu Quang Minh​ ឲ្យ​មក​បំភ្លឺ​អំពី​ករណី​វៀតណាម​បោះតង់​៣១​កន្លែង​នៅ​តាម​តំបន់​ព្រំដែន​ដែល​មិន​ទាន់​ឯកភាព​គ្នា​រវាង​ប្រទេស​ទាំង​នេះ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ចុះ​ផ្សាយ​ថ្ងៃ​ទី​២​ខែ​មិថុនា​ឆ្នាំ​២០២០​នេះ បាន​រៀបរាប់​ថា​ ​កម្ពុជា​បាន​ស្នើ​ឲ្យ​វៀតណាម​រុះរើ​តង់​ចេញ​ទាំង​អស់​ឲ្យ​បាន​ឆាប់។ ​ទោះ​ជាយ៉ាង​ណា​សេចក្តី​ប្រកាស​នេះ​មិន​បាន​ឲ្យ​ដឹង​ថា ​ឯកអគ្គរដ្ឋទូត​វៀតណាម​បំភ្លឺ​យ៉ាង​ណា​ទេ។

ការណ៍​នេះ​កើត​ឡើង ក្រោយ​ពី​វៀតណាមបាន​អះអាង​តាម​រយៈ​លិខិត​មួយ​ច្បាប់កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០២០​ថាប្រទេស​វៀតណាម​បាន​រុះរើ​តង់ទាំង​នោះ​ចេញ​អស់​ហើយ។ ប៉ុន្តែ​លោក​កុយ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា កន្លង​មក​ បាន​ប្រាប់សារ​ព័ត៌ក្នុង​ស្រុក​ថា​វៀតណាម​បាន​រុះរើ​តង់​ចេញតែ​៣​កន្លែង​ប៉ុណ្ណោះ។

ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បញ្ជាក់​ថា​ ​ភាគី​វៀតណាម កាល​ពី​ថ្ងៃ​ទី​២៨​ខែ​ឧសភា​ បាន​ផ្ញើ​កំណត់​ទូត​ឆ្លើយតប​នឹង​ការ​ស្នើ​សុំ​របស់​កម្ពុជា​ ដោយ​និយាយ​ថា ​ អាជ្ញាធរ​វៀតណាម​បាន​សន្យា​ថា ​នឹង​រុះរើ​តង់​ដែល​បាន​បោះ​ជា​បណ្តោះ​អាសន្ន​ទាំង​អស់​ចេញ​ពី​តំបន់​នោះ ហើយថា ​ការ​បោះ​តង់​ទាំង​នោះ​គឺ​ជា​វិធាន​ការ​បណ្តោះ​អាសន្ន​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ឆ្លង​ដែន​នៃ​ជំងឺ​កូវីដ​១៩។​

តាម​អាជ្ញាធរ​កម្ពុជា​ ​តង់​ដែល​វៀតណាម​បាន​បោះ​នោះគឺ​ស្ថិត​នៅ​ស្រុក​លើក​ដែក​ និង​ស្រុក​កោះធំ​ក្នុង​ខេត្ត​កណ្តាល​ជាប់​នឹង​ខេត្ត​អានយ៉ាង​នៃ​ប្រទេស​វៀតណាម។​

វីអូអេ មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​ក្រុង​ភ្នំពេញ​នៅ​ឡើយ​ទេ​នៅ​ត្រឹម​ថ្ងៃ​អង្គារ​នេះ៕

XS
SM
MD
LG