អង្គការសិទ្ធិមនុស្ស Amnesty International កំពុងអំពាវនាវដល់ប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដេសឲ្យបញ្ចប់គម្រោងបញ្ជូនជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមទៅរដ្ឋ Rakhineវិញ ជាទីកន្លែងដែលត្រូវបានអង្គការសហប្រជាជាតិនិយាយថា ពួកជនជាតិរ៉ូហ៊ីងយ៉ាទាំងនោះត្រូវបានសម្លាប់ និងទទួលរងអំពើឃោឃៅពីសំណាក់កងសន្តិសុខមីយ៉ាន់ម៉ា។
អង្គការសិទ្ធិមនុស្ស Amnesty បានឲ្យដឹងថា ការរៀបចំបញ្ជូនជនជាតិរ៉ូហ៊ីងយ៉ាឲ្យត្រឡប់ទៅវិញត្រូវបានកំណត់ចាប់ផ្តើមពីថ្ងៃ១៥ ខែវិចិ្ឆកានេះតទៅ។ ការបញ្ជូននេះគឺជាចំណាត់ការធ្វេសប្រហែសមួយ ដែលដាក់ជីវិតពួកគេទាំងនោះឲ្យស្ថិតក្នុងសភាពគ្រោះថ្នាក់។
លោក Nicholas Bequelin នាយកអង្គការ Amnesty ប្រចាំតំបន់អាស៊ីខាងកើតនិងអាស៊ីអាគ្នេយ៍បានថ្លែងថា «ស្ត្រី បុរស និងកូនក្មេងទាំងនេះនឹងត្រូវគេបញ្ជូនត្រឡប់ទៅឲ្យទាហានមីយ៉ាន់ម៉ាវិញ គ្មានការធានាការពារពួកគេ ទៅរស់នៅជាមួយអ្នកដែលធ្វើបាបពួកគេវិញ ត្រឡប់ទៅរស់នៅកន្លែង ដែលពួកគេធ្លាប់ភៀសខ្លួនចេញពីគ្រាប់កាំភ្លើង»។
ប្រទេសបង់ក្លាដេសបានប្រកាសថា ខ្លួនរៀបចំរួចរាល់ហើយក្នុងការចាប់ផ្តើមបញ្ជូនជនជាតិរ៉ូហ៊ីងយ៉ាជាង៧សែននាក់ដែលបានភៀសខ្លួនចូលក្នុងប្រទេសបង់ក្លាដេសចាប់តាំងពីខែសីហា ឆ្នាំ២០១៧ មកឲ្យត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ។ ពួកគេទាំងនោះបានភៀសខ្លួនគេចចេញពីការបង្ក្រាបរបស់ទាហានមីយ៉ាន់ម៉ា ដែលបានវាយបកទៅលើការវាយប្រហារនានាដោយពួកសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា។ ប្រទេសមីយ៉ាន់ម៉ាក៏បានប្រកាសផងដែរថា ខ្លួនត្រៀមខ្លួនរួចហើយដើម្បីទទួលយកជនជាតិរ៉ូហ៊ីងយ៉ាទាំងនោះត្រឡប់ទៅមីយ៉ាន់ម៉ាវិញ។
ក៏ប៉ុន្តែលោកស្រី Michelle Bachelet ស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិធ្លាប់បានបង្ហាញក្តីបារម្ភរបស់លោកស្រីអំពីសុវត្ថិភាពនៃការវិលត្រឡប់របស់ជនជាតិរ៉ូហ៊ីងយ៉ាទាំងនោះទៅរដ្ឋ Rakhineវិញ ហើយអង្គការសិទ្ធិមនុស្ស Amnestyបានឲ្យដឹងថា គេនៅមិនទាន់ដឹងទេថាតើជនជាតិរ៉ូហ៊ីងយ៉ា ដែលអាជ្ញាធរបង់ក្លាដេសនឹងបញ្ជូនត្រឡប់មកមីយ៉ាន់ម៉ាវិញនោះស័្មគ្រចិត្តត្រឡប់មកផ្ទះរបស់ពួកគេវិញដែរយ៉ាងណា៕