ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តី​ព្រាង​ច្បាប់​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​ដាក់​បន្ទុក​អ្នក​ផ្តល់​សេវា ​ប៉ះពាល់​ឯកជន​ភាព​ និង​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​


នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​អំពី​ «បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន» ​ដែល ​VOA ​ទទួល​បាន​មាន​ចែង​អំពី​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ក្នុង​នោះ​ទាក់ទង​នឹង​លទ្ធផល​បោះ​ឆ្នោត​ និង​ការ​ផ្សព្វផ្សាយ​បង្ក​ឲ្យ​មាន​ការ​រើស​អើង​ពូជ​សាសន៍​ ដែល​នាំ​ឲ្យ​មាន​ការ​ដាក់​ទោស​ទណ្ឌ​រហូត​ដល់​ជាប់​ពន្ធនាគារ។​ សេចក្តី​ព្រាង​ច្បាប់​ដែល​ VOA ​ទទួល​បាន​នេះ ​មិន​ត្រូវ​បាន​បញ្ជាក់​ឬ​ក៏​ច្រាន​ចោល​ដោយ​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហា​ផ្ទៃ​ ទទួល​បន្ទុក​លើ​ការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​នេះ​ទេ។​

សេចក្តី​ព្រាង​ច្បាប់​ដែល​មាន ​៥០ ​មាត្រា​ចែង​ថា ​ច្បាប់​នេះ​មាន​គោល​បំណង​ធានា​សុចរិត​ភាព​នៃ​ការ​ប្រើ​ប្រាស់​ ការ​គ្រប់គ្រង​ប្រព័ន្ធ​កុំ​ព្យូទ័រ ​ទិន្នន័យ​កុំ​ព្យូទ័រ​ និង​ការពារ​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ​ ព្រម​ទាំង​ការពារ​សិទ្ធិ​សេរីភាព​របស់​បុគ្គល ​ដោយ​កំណត់​អំពី​វិធានការ​បង្ការ​ទប់​ស្កាត់ ​និង​បង្រ្កាប​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន។​

ប៉ុន្តែ​ ចំណុច​មួយ​ចំនួន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ ក្នុង​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ ដែល​ប៉ះពាល់​សិទ្ធិ​ឯកជន​ភាព ​និង​ជា​បន្ទុក​ដ៏​ធំ​មួយ​ សម្រាប់​អ្នក​ផ្តល់​សេវា​ដែល​តម្រូវ​ឲ្យ​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ការ​ផ្តល់​ព័ត៌មាន។​

មាត្រា​ ៤៥ ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ ចែង​អំពី​ការ​ផ្តល់​ព័ត៌មាន​មិន​ពិត ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ប៉ះពាល់​ដល់​សុខភាព​សុវត្ថិភាព​សាធារណៈ ​ឬ​ហិរញ្ញ​វត្ថុ​សាធារណៈ​ ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​ប្រទេស​ដទៃ​ ប៉ះ​ពាល់​ដល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ ញុះញង់​ឲ្យ​មាន​ភាព​អមិត្ត​មាន​ការ​ស្អប់​ខ្ពើម រើស​អើង​ពូជ​សាសន៍​ជាដើម។​ អំពើ​នេះ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ​១ ​ឆ្នាំ​ទៅ ​៣ ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ២ ​លាន​រៀល ​ដល់ ​១០ ​លាន​រៀល។​

មាត្រា​ ៤០​ ចែង​ថា ​បុគ្គល​ណា​ដែល​មាន​ចេតនា​ ហើយ​បាន​ប្រព្រឹត្ត​ការ​រំខាន​ការ​បំភ័យ​ ការ​គំរាម​កំហែង​ ការ​រំលោភ​បំពាន​ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ឬ​ការ​ជេរ​ប្រមាថ​អ្នក​ដទៃ​ តាម​រយៈ​មធ្យោបាយ​កុំព្យូទ័រ​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ​១ ​ខែ​ទៅ ​៦ ​ខែ ​និង​ពិន័យ​ជា​ប្រាក់​ពី ​២ ​លាន​រៀល​ទៅ ​៥ ​លាន​រៀល។

ចំណែក​មាត្រា​ ៣៨​ ចែង​ថា​ ជន​ណា​ដែល​ប្រើ​ប្រាស់​មធ្យោបាយ​បច្ចេក​វិទ្យា​ព័ត៌មាន​ ដោយ​ដាក់​បង្ហាញ​ ឬ​ផ្សព្វ​ផ្សាយ​រូបភាព​អាសអាភាស​ ដោយ​ប្រើប្រាស់​មធ្យោបាយ​បច្ចេក​វិទ្យា​ព័ត៌មាន ​ត្រូវ​ផ្តន្ទា​ទោស​ពី ​១ ​ខែ​ទៅ ​៦ ​ខែ។​

សេចក្តី​ព្រាង​នេះ​ក៏​ចែង​អំពី​កម្មសិទ្ធិ​បញ្ញា៖ «​ជន​ណា​ដែល​យក​កម្ម​សិទ្ធិ​បញ្ញា​របស់​អ្នក​ដទៃ ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ឬ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ទៅ​ចែក​ចាយ​ផលិត ​ឬ​លក់​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ​២ ​ខែ​ទៅ ​១ ​ឆ្នាំ»។​

មាត្រា​ផ្សេង​ទៀត​មាន​ចែង​អំពី​ការ​ក្លែង​បន្លំ​អត្ត​សញ្ញាណ​លើ​អ៊ីនធឺណិត៖ «ជន​ណា​ដែល​មាន​ចេតនា​ប្រើ​ឈ្មោះ​ រូប​ថត ​អត្ត​សញ្ញាណ ​ស្លាក​សញ្ញា​សម្គាល់ ​ឬ​ព័ត៌មាន​កំណត់​អត្ត​សញ្ញាណ​របស់​បុគ្គល​ផ្សេង​ទៀត​ ដោយ​ពុំ​មាន​ការ​អនុញ្ញាត ​ក្នុង​គោល​បំណង​បង្កើត​គណនី​អនឡាញ ​វេបសាយ ​គណនី​សារ​អេឡិច​ត្រូនិក​ ឬ​គណនី​បណ្តាញ​សង្គម ​ប្រព្រឹត្ត​អំពើ​ឆបោក ​ឬ​បំភិត​បំភ័យ ​ឬ​គំរាម​កំហែង​ជន​ណា​ម្នាក់ ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ​១ ​ឆ្នាំ​ទៅ ​៣ ​ឆ្នាំ»។​

រូបឯកសារ៖ បុរសម្នាក់កំពុងប្រើប្រព័ន្ធអ៊ីនធឺណិតដើម្បីចូលក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅរាជធានីភ្នំពេញ ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១១។
រូបឯកសារ៖ បុរសម្នាក់កំពុងប្រើប្រព័ន្ធអ៊ីនធឺណិតដើម្បីចូលក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅរាជធានីភ្នំពេញ ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១១។

លោក ​ប៊ុន ហុន ​រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ទទួល​បន្ទុក​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ មិន​បាន​បញ្ជាក់​ឬ​ក៏​បដិសេធ​ថាតើ​សេចក្តី​ព្រាង​ដែល​ VOA​ ទទួល​បាន​ជា​សេចក្តី​ព្រាង​ដែល​កំពុង​ពិភាក្សា​ ឬ​យ៉ាងណា។​ លោក​បញ្ជាក់​ថា​ នៅ​មាន​ការ​ពិភាក្សា​ជា​ច្រើន​ទៀត​ មុន​សម្រេច​បាន​នូវ​សេចក្តី​ព្រាង​ច្បាប់​ផ្លូវ​ការ​មួយ​ដាក់​ទៅ​រដ្ឋាភិបាល។​

លោក​ប្រាប់ ​VOA ​ថា៖​ «សេចក្តី​ព្រាង​នេះ​វា​មិន​មែន​ជា​សេចក្តី​ព្រាង​ដែល​យើង​បាន​បញ្ចប់​កិច្ច​ការ​អី​នៅ​ឡើយ​ទេ។​ អ៊ីចឹង ​ហើយ​សូម​ថាកុំ​ទាន់​យក​ផ្សាយ​អី ព្រោះ​រឿង​នេះ​អ្នក​ឲ្យ​ហ្នឹង​មិន​ដឹង​គាត់​ពី​ណា​ពីណី​មក​ឲ្យ​ទេ ព្រោះ​យើង​ក៏​មិន​ទាន់​បញ្ចប់​ការ​ពិភាក្សា​គ្នា​ចូល​មក​សុំ​គោល​ការណ៍​រដ្ឋាភិបាល​ថា​ ទទួល​យក​សេចក្តី​ព្រាង​ហ្នឹង​នៅ​ឡើយ​ទេ។​ អ៊ីចឹង​ស្អីៗ​ ហ្នឹង​នៅ​មាន​បញ្ហា​ច្រើន​ទៀត។​ ហើយ​អ្នក​ណា​អ្នក​ឲ្យ​សេចក្តី​ព្រាង​បែប​ហ្នឹង​ទៅ? ​ជួន​កាល​អ្នក​ឲ្យ​ហ្នឹង​ គាត់​បាន​មក​ពីណា​មក​ពី​ណី​អត់​ដឹង​ដែរ​ទេ។​ អ៊ីចឹង​ខ្ញុំ​សូម​បញ្ជាក់​ថា ​មិន​ទាន់​មាន​សេចក្តី​ព្រាង​ផ្លូវ​ការ​ពី​រដ្ឋាភិបាល»។​

បើ​តាម​មាត្រា ​៨​ នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ អ្នក​ផ្តល់​សេវា​ត្រូវ​មាន​កាតព្វ​កិច្ច​រក្សា​ និង​គ្រប់គ្រង​ការ​ចុះ​បញ្ជី​ និង​សំណុំ​បែប​បទ​អ្នក​ប្រើប្រាស់​សេវា​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ ​និង​រក្សា​ទុក​ទិន្នន័យ​ចរាចរណ៍​យ៉ាង​ហោច​ណាស់​ ១៨០ ​ថ្ងៃ។ ​អ្នក​ផ្តល់​សេវា​តម្រូវ​ឲ្យ​មាន​បច្ចេក​ទេស​គ្រប់គ្រាន់​ក្នុង​ការ​ស្រាវ​ជ្រាវ​ និង​ផ្តល់​ព័ត៌មាន​អ្នក​ប្រើ​ប្រាស់​តាម​សំណូម​ពរ​របស់​សមត្ថកិច្ច​ណាមួយ ​ដែល​ច្បាប់​អនុញ្ញាត​ឲ្យ​ស្នើ​សុំ​ព័ត៌មាន​នោះ។​

នាយក​ប្រតិបត្តិ​នៃ​អង្គការ​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា​លោក​ សឿង សារឿន​ ថ្លែង​ប្រាប់​ VOA​ ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​ពាក់ព័ន្ធ​នឹង​វិស័យ​ឯកជន​ និង​សាធារណជន​ច្រើន​ ដូច្នេះ​លោក​ជំរុញ​ឲ្យ​មាន​ការ​ផ្តល់​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ​ ក្នុង​នោះ​មាន​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។​ លោក​បារម្ភ​អំពី​ទិន្នន័យ​ឯកជន​ភាព​របស់​អ្នក​ប្រើប្រាស់​ ដែល​មិន​ត្រូវ​បាន​ការពារ។​

លោក​មាន​ប្រសាសន៍​ថា៖​ «នៅ​ពេល​យើង​ពិនិត្យ​ជា​បឋម​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ហ្នឹង​ ឃើញ​ថា​មាន​បញ្ហា​មួយ​ចំនួន​ដែល​យើង​កង្វល់។​ ទីមួយ ​ទាក់ទង​ថា​ តើ​ព័ត៌មាន​ឯកជន​ភាព​ត្រូវ​បាន​ការពារ​យ៉ាង​ដូច​ម្តេច។​ ហើយ​យើង​ឃើញ​សេចក្តី​ព្រាង​ច្បាប់​នេះ​ផ្តល់​សិទ្ធិ​ទៅ​ដល់​វិស័យ​ឯក​ជន​ ដើម្បី​គ្រប់គ្រង​ព័ត៌មាន​របស់​ឯកជន​រហូត​ដល់​ ១៨០ ​ថ្ងៃ​អី​ជាដើម។ល។​ យើង​ឃើញ​ថា ​វា​ដូច​ជា​មិន​ត្រឹម​ត្រូវ​ទេ។​ វិស័យ​ឯកជន​មិន​អាច​គួរ​ធ្វើ​អ៊ីចឹង​បាន​ទេ»។​

លោក​បន្ត​ថា ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ធំ​មិន​ទាន់​យល់​ដឹង​អំពី​ប្រភព​ព័ត៌មាន​ក្លែង​ក្លាយ​ ដូច្នេះ​លោក​ព្រួយ​បារម្ភ​ថា​ ពួកគេ​នឹង​ប្រឈម​នឹង​ច្បាប់​មួយ​នេះ។​ លោក​ក៏​ជំរុញ​ឲ្យ​មាន​ការ​សិក្សា​ឲ្យ​ស៊ី​ជម្រៅ​ថា​ តើ​ច្បាប់​នេះ​ស្រប​ទៅ​នឹង​រដ្ឋ​ធម្មនុញ្ញ​ ក្រម​ព្រហ្មទណ្ឌ ​និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ដែល​រំពឹង​ថា​នឹង​អនុម័ត​ នៅ​ចុង​ឆ្នាំ​២០២០នេះ។​

កាល​ពី​កន្លង​ទៅ ​អង្គការ​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា​បាន​ដាក់​លិខិត​មួយ​ច្បាប់ ​ទៅ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ​ស ខេង ​ដើម្បី​ស្នើ​សុំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​ ដែល​ពួកគេ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ថា ​ច្បាប់​នេះ​នឹង​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​ជា​ពិសេស​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដែល​មាន​អ្នក​ប្រើប្រាស់​ដល់​ទៅ​ជិត ​៩​ លាន​នាក់​ក្នុង​ប្រទេស​កម្ពុជា។​

លោកស្រី​ ចក់ សុភាព​ នាយិកា​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ក៏​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ដូច​គ្នា ​ជាពិសេស​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​មួយ​ចំនួន ​ដែល​មាន​ន័យ​ទូលំ​ទូលាយ​មិន​ច្បាស់​លាស់​ និង​ងាយ​ក្នុង​ការ​បកស្រាយ។​

លោកស្រី​បញ្ជាក់​ថា៖​ «យើង​មើល​ឃើញ​ថា​ មាន​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​ដែល​មាន​លក្ខណៈ​ទូលំ​ទូលាយ​ ហើយ​ដែល​ងាយ​ស្រួល​ក្នុង​ការ​ដែល​អាជ្ញាធរ​ធ្វើ​ការ​បក​ស្រាយ​ទៅ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន។​ហើយ​យើង​ឃើញ​ថា មិន​មាន​ការ​ចែង​នូវ​និយម​ន័យ​ឲ្យ​បាន​ជាក់​លាក់​ថា ​តើ​នៅ​ពេល​ដែល​យើង​សំដៅ​ទៅ​ដល់​ការ​ប៉ះពាល់​ដល់​សន្តិសុខ​ហ្នឹង​ បាន​ន័យ​ថា​យ៉ាង​ម៉េច»។​

លោក​ស្រី​បន្ថែម​ថា៖​ «បច្ចុប្បន្ន​នេះ​ យើង​បាន​ប្រឈម​រួច​ហើយ​ស្ថានភាព​នៃ​ការ​បញ្ចេញ​មតិ​ហ្នឹង​បាន​រង​នូវ​ការ​បង្រ្កាប​យ៉ាង​ខ្លាំង។​ អ៊ីចឹង​បន្ថែម​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ទៀត​ ប្រសិន​បើ​ចេញ​ទៅ ​វា​នឹង​បន្ថែម​ទម្ងន់​ទៅ​លើ​ពលរដ្ឋ​ ដែល​កំពុង​តែ​ចាប់​ផ្តើម​ប្រើ​ប្រាស់​បណ្តាញ​សង្គម​យ៉ាង​ផុស​ផុល​ហ្នឹង​លោក ​នឹង​ផ្តើម​មាន​ការ​ពិចារ​ណា​ថែម​ទៀត​ថា ​តើ​សេចក្តី​ថ្លែង​ការណ៍​ហ្នឹង​វា​នឹង​អាច​ប៉ះពាល់​ ឬ​អត់»។​

លោកស្រី​ក៏​បារម្ភ​ថា​ សេចក្តី​ព្រាង​នេះ​ជា​បន្ទុក​មួយ​សម្រាប់​អ្នក​ផ្តល់​សេវា​បច្ចេក​វិទ្យា។​ លោកស្រី​បញ្ជាក់​ថា៖​ «មាន​ការ​ដាក់​បន្ទុក​ខ្លាំង​មែន​ទែន​ទៅ​លើ​អ្នក​ផ្តល់​សេវា​កម្ម។​ សេវា​កម្ម​បច្ចេក​វិទ្យា​ ឬ​ក៏​ប្រព័ន្ធ​អ៊ីនធឺណិត​អី​ហ្នឹង​ គឺ​គាត់​ទុក​បន្ទុក​ក្នុង​ការ​ដែល​ត្រូវ​តែ​រក្សា​ទិន្នន័យ​ ឬ​ក៏​គ្រប់​គ្រង​ទិន្នន័យ​ចរាចរណ៍​ច្រើន​ហើយ ​ដែល​ត្រូវ​តែ​ធ្វើ​ការ​សហការ​ជាមួយ​អាជ្ញាធរ»។​

របាយ​ការណ៍​មួយ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​កក្កដា ​ឲ្យ​ដឹង​ថា​ នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ មាន​របាយ​ការណ៍​ជា​ច្រើន​លើក​ឡើង ​អំពី​វិធាន​ការ​របស់​រដ្ឋាភិបាល​ធ្វើ​ការ​រាំង​ខ្ទប់​គេហ​ទំព័រ​ ការ​លុប​មាតិកា​ ការ​ត្រួត​ពិនិត្យ​លើ​ការ​ចង​ក្រង​ បណ្តាញ​ការ​យាយី​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ គណបក្ស​ជំទាស់​ អ្នក​សារ​ព័ត៌មាន​ និង​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​សកម្មភាព​របស់​ខ្លួន​ នៅ​លើ​ប្រព័ន្ធ​អ៊ីនធើណិត។​

របាយ​ការណ៍​នេះ​បន្ត​ថា​ រដ្ឋាភិបាល​បាន​ប្រើប្រាស់​ច្បាប់​ដែល​មាន​ខ្លឹម​សារ​ទូលំ​ទូលាយ​ និង​មិន​ច្បាស់​លាស់​ ដើម្បី​រឹតត្បិត​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ​ក្នុង​ការ​ជួប​ប្រជុំ​និង​ចង​ក្រង​សមាគម៕

XS
SM
MD
LG