ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​បង្កើតច្បាប់​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជាតិប្លាស្ទិក


គំនរ​សំរាម​ដែល​​ភាគច្រើនជាថង់ប្លាស្ទិក ត្រូវ​បានទុក​ចោល​នៅ​ជិតផ្សារ​ដើមគរ នាព្រឹកថ្ងៃ ៣ ខែកក្កដា ឆ្នាំ២០១៥ (អ៊ុច នីដា/VOA)

ការ​ប្រើ​ប្រាស់​ថង់​ប្លា​សិ្ទក​នៅ​រាជធានី​ភ្នំ​ពេញ​ មាន​ចំនួន​ច្រើន​លើស​លុប​ ដែល​ទាម​ទារ​ឲ្យមាន​ការ​កំណត់​ទំហំ​ថង់​ប្លាស្ទិក​​ និង​ការ​យក​ពន្ធ​លើ​ការ​នាំ​ចូល​ថង់​ប្លាស្ទិក​​ ដើម្បី​​កាត់​បន្ថយ​ចំនួន​​ថង់​ប្លាស្ទិក​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ មុន​នឹង​ឈាន​ដល់​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​បា្លសិ្ទក​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​ផ្សេង​ទៀត។​​

រដ្ឋាភិបាល​កម្ពុជា​ផ្តើម​ធ្វើការ​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​សេចក្តី​ប្រកាស​អន្តរ​ក្រសួង​ស្តី​ពី​ «វិធាន​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក»។​ សេចក្តី​ប្រកាស​នេះ​នឹងត្រូវ​ចូល​ជាធរមាន​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ។​ ​មន្ត្រី​បរិស្ថាន​និយាយ​ថា​ ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​មាន​ចំនួន​ច្រើន​ហួស​ហេតុ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។​

មន្ត្រី​នៃ​ក្រសួង​បរិស្ថានបាន​ថ្លែង​នៅ​ថ្ងៃពុធនេះ​ថា​ ការ​ប្រើ​ប្រាស់​ថង់​ប្លា​សិ្ទក​នៅ​រាជធានី​ភ្នំ​ពេញ​ មាន​ចំនួន​ច្រើន​លើស​លុប​ ដែល​ទាម​ទារ​ឲ្យមាន​ការ​កំណត់​ទំហំ​ថង់​ប្លាស្ទិក និង​ការ​យក​ពន្ធ​លើ​ការ​នាំ​ចូល​ថង់​ប្លាស្ទិក ដើម្បីកាត់​បន្ថយ​ចំនួនថង់​ប្លាស្ទិក​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ មុន​នឹង​ឈាន​ដល់​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​បា្លសិ្ទក​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​ផ្សេង​ទៀត។

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​បរិស្ថាន​ និង​អ្នកស្រាវ​ជ្រាវ​ ​ដែល​បាន​ចូល​រួម​ក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់​អំពី​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​នេះ​ ​បាន​ឲ្យ​ដឹង​ថា​ ​ប្រជា​ពលរដ្ឋ​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​បាន​ប្រើប្រាស់​ថង់​ផ្លាស្ទិក​មិន​តិច​ជាង​១០​លាន​ថង់​ទេ​ក្នុង​មួយ​ថ្ងៃៗ។​ ចំនួន​នេះ​ គឺច្រើន​ជាង​ការ​ប្រើ​ប្រាស់​នៅ​ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ និង​ប្រទេស​ចិន។ ​ការប្រើ​ប្រាស់​ថង់​បា្លស្ទិកអាច​បង្ក​ហានិភ័យ​ផ្នែក​បរិស្ថាន​ និង​ធ្វើ​ឲ្យ​ខូច​ដល់​សុខភាព​របស់​ប្រជា​ពល​រដ្ឋ​ក៏ដូច​ជា​សត្វ។​

លោក​ហេង ណារ៉េត ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​នៃក្រសួង​បរិស្ថាន​ ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌​មាន​ក្នុង​ម៉ោង​សម្រាក​នៃ​សិក្ខា​សាលា​នោះ​ថា​ ​រដ្ឋាភិបាល​គ្រោង​នឹង​ដាក់​វិធាន​ការចំនួនបី​ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​បា្លស្ទិក​ឲ្យ​បាន​៥០​ភាគរយ​នៅ​ឆ្នាំ​២០១៩​ និង​កាត់​បន្ថយ​ដល់​៧០​ភាគរយ​នៅ​ឆ្នាំ​២០២៥​ ​ស្រប​តាម​សេចក្តី​ប្រកាស​ព្រាង​ស្តី​ពី​វិធានការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក។

ហេង ណារ៉េត (ឆ្វេង) អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន​ប្រាប់​អ្នកសារព័ត៌មាន អំពី​ផែនការ​របស់​រដ្ឋាភិបាល​ក្នុងការ​កាត់​បន្ថយ​ការប្រើប្រាស់​ថង់​ប្លាស្ទិក​នៅ​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៦។ (ហ៊ុល រស្មី/VOA)
ហេង ណារ៉េត (ឆ្វេង) អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន​ប្រាប់​អ្នកសារព័ត៌មាន អំពី​ផែនការ​របស់​រដ្ឋាភិបាល​ក្នុងការ​កាត់​បន្ថយ​ការប្រើប្រាស់​ថង់​ប្លាស្ទិក​នៅ​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៦។ (ហ៊ុល រស្មី/VOA)

​វិធាន​ទាំងបី​នោះ​គឺ​ទីមួយ​កំណត់​ទំហំ​ថង់​ប្លាស្ទិក​សម្រាប់នាំចូល ទីពីរ​ដាក់​ពន្ធ​អាករ​តម្លៃបន្ថែម​ ១០​ភាគ​រយ​ទៅ​លើ​ការ​នាំចូល​ថង់​ប្លាស្ទិក​ និង​ទីបី​ ​ស្នើ​ឲ្យ​អ្នក​ទូទាត់ថ្លៃ​ទំនិញ​នៅ​ផ្សារ​ទំនើប​នានា យក​តម្លៃ​បន្ថែម​លើ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ ​ថង់​បា្លសិ្ទក​មួយតម្លៃ​៥០០​រៀល។​

«អញ្ចឹង​វិធានការ​បី​នេះ​ គឺព្រម​គ្នា​ទៅ​ គឺ​ថា​ វាកាត់​បន្ថយ​៥០​ភាគរយ​បាត់​ទៅ​ហើយ!»​

លោក​ហេង ណារ៉េត​បញ្ជាក់​បន្ត​ថា​ ​គោល​ដៅ​ចម្បង​នៃ​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ នេះ​ គឺការពារ​បរិស្ថាន​ និង​សុខភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ។​

លោក​បន្ថែម​ថា​ ថង់​ប្លាស្ទិក​ក៏​បង្ក​ផល​ប៉ះពាល់​ដល់​ជីវិត​សត្វ​ផង​ដែរ។​ ​លោក​បាន​បញ្ជាក់ឲ្យដឹង​ថា ​សត្វ​នៅ​ក្នុង​ទឹក​១០​ម៉ឺន​ក្បាលបាន​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ​នៅ​ទូទាំង​ពិភព​លោក។​

ជំពូក​ទី​បួន​នៃសេចក្តី​ប្រកាស​ព្រាង​ស្តី​ពី​វិធាន​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ ដែល​ដាក់​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​នៅ​ថ្ងៃ​ពុធ​នេះ​ មាន​ចែង​អំពី​ការ​កំណត់​ទំហំ​ថង់ប្លាស្ទិក​សម្រាប់​នាំចូល​ និង​ការ​ដាក់​ពន្ធ​អាករ​តម្លៃ​បន្ថែម។​

ប្រការ​១៤​នៃ​ជំពូក​ទីបួន​ចែង​ថា​ ការ​ផលិត ​ការនាំចូល​ ចែកចាយ​ និង​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ស្តើង​ស្រាល​ មាន​កម្រាស់​ស្តើង​ជាង​៣០​មីក្រុង​ ឬ​០,០៣​មីល្លី​ម៉ែត្រ​ និង​/ឬ​មាន​រង្វាស់​ទទឹង​ថង់​ផ្នែក​បាត​ខាង​ក្រោម​តូច​ជាង​៣០​សង្ទីម៉ែត្រ​ (ឬ​១១,៥​អ៊ីង)​ត្រូវ​ហាម​ឃាត់។​

ប៉ុន្តែ​ប្រការ​១៥​នៃ​ជំពូក​នេះ​ចែង​ថា​ ការនាំ​ចូល​ប្រភេទ​ថង់​ប្លាស្ទិក​ ដែល​មាន​កម្រាស់​លើស​ពី​ ៣០​មីក្រុង​គឺ​០,០៣​មីល្លី​ម៉ែត្រ​ និង​មាន​រង្វាស់​ទទឹង​ថង់​ផ្នែក​បាត​ខាង​ក្រោម​ធំជាង​៣០​ សង្ទី​ម៉ែត្រ​ (ឬ​១១,៥អ៊ីង)ត្រូវ​កំណត់​អាករ​ពិសេស​១០​ភាគ​រយ។​

វិធាន​ការ​នេះ​ ក៏មាន​និយាយ​ពី​ការ​ដាក់​ទោស​ទណ្ឌ​ទៅលើ​អ្នក​ប្រព្រឹត្ត​សកម្មភាព​ល្មើស​ផង​ដែរ​ ក្នុង​នោះ​មាន​ការ​ដកហូត​សម្ភារៈ​ល្មើស​ និង​ស្នើ​សុំ​បិទ​ទីតាំង​អាជីវកម្ម​ ក្នុង​ករណី​មិន​រាង​ចាល​នោះ។

លោក​ម៉ក់ ប៊ុន​ធឿន​ មន្ត្រី​គម្រោង​នៃ​អង្គការ​ ​ACRA Foundation​ បាន​ប្រាប់​ក្រុម​អ្នក​ចូល​រួម​នៅ​ក្នុង​សិក្ខា​សាលា​ដដែលនោះ​ថា​ ប្រទេស​កម្ពុជា​ខ្វះ​ទីកន្លែង​សម្រាប់​កែ​ច្នៃ​ថង់​ប្លាស្ទិក​ ដែល​ជា​ហេតុ​ធ្វើឲ្យ​ថង់​បា្លស្ទិក​ដែល​ប្រើ​រួចហើយនោះ​ ត្រូវ​ក្លាយ​ជា​សម្រាម​ទាំងអស់។​ ​

«នៅ​ក្នុង​ស្រុក​យើង​ យើង​ដោយ​សារ​អត់​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធដើម្បី​កែច្នៃ​ថង់​ហ្នឹង។​ អញ្ចឹង​ថង់​ហ្នឹង​គឺថា បន្ទាប់​ពី​ប្រើ​ហើយ​ ជា​សម្រាម​សុទ្ធ​សាធ»។​

អ្នកចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ប្រកាស​អន្តរក្រសួង​ ស្តីពី​វិធានការ​កាត់បន្ថយ ការប្រើប្រាស់​ថង់​ប្លាស់ស្ទិក ថតរូប​ជុំ​គ្នា​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ ទី ២២ ខែមិថុនា ឆ្នាំ ២០១៦។ (ហ៊ុល រស្មី/VOA)
អ្នកចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ប្រកាស​អន្តរក្រសួង​ ស្តីពី​វិធានការ​កាត់បន្ថយ ការប្រើប្រាស់​ថង់​ប្លាស់ស្ទិក ថតរូប​ជុំ​គ្នា​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ ទី ២២ ខែមិថុនា ឆ្នាំ ២០១៦។ (ហ៊ុល រស្មី/VOA)

ដោយមើល​ឃើញ​ថា​ ចំនួន​នៃ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​នេះ​ច្រើន​ហួស​ហេតុនោះ​ លោក​ម៉ក់ ប៊ុនធឿន​បាន​ស្នើ​ឲ្យ​ធ្វើ​សេចក្តីប្រកាស​ស្តីពីការ​កាត់​បន្ថយ​ការប្រើ​ប្រាស់​ថ្លង់​បា្លស្ទិក​នេះ​ ផ្តោត​លើ​ការ​បង្កើត​ហេដ្ឋា​រចនា​សម្ព័ន្ធ​កែច្នៃ​ឲ្យ​បាន​ច្រើន​ ដើម្បី​ទប់​នឹង​កំណើន​នៃការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​នៅ​តាម​ទីផ្សារ​ និង​ទីកន្លែង​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ។​

ប្រការ​១៦​ ជំពូក​ទី​បួន​នៃសេចក្តី​ព្រាងសេចក្តី​ប្រកាសស្តី​ពី​វិធាន​ការកាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ បានចែង​ថា​ ការ​កែច្នៃ​សំណល់​ថង់​បា្លស្ទិក​នៅ​ក្នុង​ស្រុក​ ដើម្បី​ផលិត​ជាសម្ភារៈ​ប្រើ​ប្រាស់ផ្សេង​ទៀត​ ត្រូវ​បាន​លើក​ទឹកចិត្ត​តាមរយៈ​ការ​ផ្តល់​ការ​លើក​លែង​ពន្ធអាករ​តម្លៃ​បន្ថែម​ (VAT)។​

ប្រសិន​បើ​ប្រកាស​ដែល​រដ្ឋាភិបាល​កំពុង​ព្រាង​ជាមួយ​ដៃ​គូ​អភិវឌ្ឍន៍​សម្រាប់​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​បា្លសិ្ទក​ត្រូវ​ដាក់​ឲ្យប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នោះ​ ​ ​នោះ​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​មាន​កាតព្វកិច្ច​រួម​គ្នា​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ តាមរយៈ​ការ​នាំ​យក​ថង់​ប្លាស្ទិក​មក​ប្រើ​ប្រាស់​ឡើង​វិញ​ ឬ​ប្រើ​ប្រាស់​សម្ភារៈ​ផ្សេង​ទៀត​ជំនួស​ឲ្យ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ សម្រាប់​ដើរ​ទិញ​ទំនិញ​នៅ​តាម​ហាង​ និង​តាម​ទីផ្សារ។​

អ្នក​ជំនាញ​ក្នុង​ផ្នែក​គីមី​សាស្ត្រឲ្យ​ដឹង​ថា ​ថង់​ប្លាស្ទិក​ត្រូវ​បាន​បង្កើត​ឡើង​ពី​សារធាតុ​គីមី​ដែល​អាច​បង្ក​គ្រោះថ្នាក់។ ​ថង់​ប្លាស្ទិក​មួយ​ចំនួន​ផ្ទុក​នូវ​សារជាតិ​គីមី ​ដែល​អាច​បង្កើត​ជំងឺ​មហារីក​ ហើយ​អាច​ប៉ះ​ពាល់​ដល់​សមាស​ភាព​បន្ត​ពូជ​ និង​ការ​លូតលាស់​មិន​ប្រក្រតី​របស់​ទារក៕​

XS
SM
MD
LG