ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​សិទ្ធិ​មនុស្ស៖ ប្រជាធិបតេយ្យ​មិនមាន​ភាព​ល្អ​ប្រសើរ​ ​ខណៈ​សហភាព​អឺរ៉ុប​ចាប់​ផ្តើម​ទស្សន​កិច្ច​នៅ​កម្ពុជា


រូបឯកសារ៖ អ្នកគាំទ្រ​អង្គការ​សិទ្ធិមនុស្ ស​ត្រូវបាន​បង្ខំឲ្យ​ដើរ​ទៅ​មុខ ដោយ​ក្រុម​ប៉ូលិស​សន្តិសុខ ខណៈ​ដែល​ពួក​គេ​នាំ​គ្នា​ដើរ​ហែរ​ក្បួនប្រឆាំង​នឹង​ការ​ចោទប្រកាន់​លើ​សកម្មជន​សិទ្ធិមនុស្ស​ នៅ​ក្បែរ​គុកព្រៃស រាជធានី​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី៩ ខែឧសភា ឆ្នាំ២០១៦។ (AP)
រូបឯកសារ៖ អ្នកគាំទ្រ​អង្គការ​សិទ្ធិមនុស្ ស​ត្រូវបាន​បង្ខំឲ្យ​ដើរ​ទៅ​មុខ ដោយ​ក្រុម​ប៉ូលិស​សន្តិសុខ ខណៈ​ដែល​ពួក​គេ​នាំ​គ្នា​ដើរ​ហែរ​ក្បួនប្រឆាំង​នឹង​ការ​ចោទប្រកាន់​លើ​សកម្មជន​សិទ្ធិមនុស្ស​ នៅ​ក្បែរ​គុកព្រៃស រាជធានី​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី៩ ខែឧសភា ឆ្នាំ២០១៦។ (AP)

អស់រយៈពេល​ជិត​៤​ខែ​ហើយ ដែល​សហភាព​អឺរ៉ុប​បាន​សម្រេច​ជា​ផ្លូវការ​ក្នុង​ការដាក់​ឲ្យ​ដំណើរការ​នីតិវិធី​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា (EBA)។ មន្រ្តី​សហភាព​អឺរ៉ុប កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ដើម្បី​ពិនិត្យ​មើល​ថា តើ​មាន​ភាព​ល្អ​ប្រសើរ​ដែរ​ ឬ ទេ​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បាន​។

ក្រុម​មន្រ្តី​របស់​គណៈ​កម្មការ​សហភាព​អឺរ៉ុបកំពុង​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ដើម្បី​សិក្សា​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ ខណៈ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​អះអាង​ថា​ ​ស្ថានភាព​នេះមិន​មាន​ការ​ប្រែប្រួល​នោះ​ទេ​រហូត​មក​ដល់​ពេល​នេះ​ ហើយ​មាន​ការ​រឹតត្បិត​សេរីភាព​នយោបាយ​បន្ថែម​ទៀត​ទៅ​លើ​អតីត​មន្រ្តី​គណបក្ស​ប្រឆាំង។​

នេះ​ជា​ដំណើរ​ទស្សន​កិច្ច​មួយ​នៃ​«ការ​ស្វែង​រក​ការណ៍​ពិត»​បន្ទាប់​ពី​សហភាព​អឺរ៉ុប​ កាល​ពី​ខែ​កុម្ភៈ​បាន​ប្រកាស​ចាប់​ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នូវ​នីតិវិធី​នៃ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា ​(EBA) ​បន្ទាប់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​មាន​ភាព​ធ្ងន់ធ្ងរ។​

លោក អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​ថ្លែង​ប្រាប់​ VOA ​ថា​ រូប​លោក​និង​មន្រ្តី​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​នឹង​ជួប​ជា​មួយ​ក្រុម​មន្រ្តី​របស់​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ។ ​លោក​បន្ថែម​ថា​ ស្ថាន​ភាព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យមិន​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ​ តែ​ផ្ទុយ​ទៅ​វិញ​ ​វា​បន្ត​ធ្លាក់​ចុះ​ដោយ​សារអតីត​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​ជាង​១៤០​នាក់ត្រូវ​បាន​កោះ​ហៅ​ទៅ​សាក​សួរ​នៅ​តុលាការ ​និង​នៅ​បុស្តិ៍​នគរបាល​អំពី​ការ​បំពាន​ដីកា​រំលាយ​គណបក្ស​ប្រឆាំង។​

លោក​មាន​ប្រសាសន៍​ថា៖​

«កម្ពុជា​យើង​ហាក់ដូច​ជា​មិន​ទាន់​មាន​អ្វី​ដែល​កែ​ប្រែ​ទៅ​រក​ភាព​ល្អ​ប្រសើរ ​ទាក់​ទង​នឹង​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ​ទេ។ ​ផ្ទុយ​ទៅ​វិញ ​យើង​ឃើញ​ថា ​បញ្ហា​សិទ្ធិ​មនុស្ស​កាន់​តែ​ធ្លាក់​ចុះ​ ហើយ​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​ហ្នឹង​ក៏​បាន​ធ្លាក់​ចុះ​ដែរ»។​

គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូលរំលាយកាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​ ហើយ​បន្ទាប់​មក​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​១១៨​នាក់​បាន​បាត់​បង់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ។ ​ចំណែក​មន្រ្តី​គណបក្ស​ប្រឆាំង​ជាង​៥​ពាន់​នាក់​បាន​បាត់​បង់​តំណែង​របស់​ពួកគេ​នៅ​ថ្នាក់​ក្រោម​ជាតិ ​ដែល​ប្រជា​ពលរដ្ឋ​បាន​បោះ​ឆ្នោត​ឲ្យ ​ហើយ​ពួកគេ​បាន​រាយ​ការណ៍​ថា ​មាន​ការ​រឹតត្បិត​ក្នុង​ការ​បញ្ចេញ​មតិ​និង​ការ​តាម​ដាន​ការ​ប្រើប្រាស់​សិទ្ធិ​នយោបាយ។​

មេ​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ​ លោក​កឹម សុខា​ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​រង​ការ​ចោទ​ប្រកាន់​ថា​ ​ចូលដៃ​ចូល​ជើង​ជាមួយ​អាមេរិក​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ ​សែន។​ ប៉ុន្តែ​មន្រ្តី​សហ​រដ្ឋ​អាមេរិក​និង​លោក​កឹម សុខា​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ជា​បន្ត​បន្ទាប់។ ​លោក​កឹម សុខា​កំពុង​ត្រូវ​បានឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​របស់​លោក​ រង់ចាំ​សវនាការ​របស់​តុលាការ។​

ស្រប​ពេល​មន្រ្តី​សហភាព​អឺរ៉ុបកំពុង​ធ្វើ​ទស្សន​កិច្ច ​ក្រុម​បញ្ញវន្តនិង​អង្គការ​សមាគម​ចំនួន​៨៥​ ​ក្នុង​នោះ​មាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​និង​អង្គការ​លីកាដូ​ផង​ដែរ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​នយោបាយ​របស់​កម្ពុជា​មិន​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ។ ​ពួក​គេ​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចរចា​ជាមួយ​សហភាព​អឺរ៉ុបនិង​សហគមន៍​អន្តរ​ជាតិ​ដើម្បី​បញ្ចៀស​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA។​

សេចក្តី​ថ្លែង​ការណ៍​ដែលចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣​ខែ​មិថុនា​បាន​បញ្ជាក់​ថា៖​ «ប្រសិន​បើ​ស្ថានភាព​នេះ​នៅ​តែ​បន្ត​ ​ នោះ​វា​អាច​នាំ​ឲ្យ​កម្ពុជា​ប្រឈម​នឹង​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​ អសន្តិសុខ​ និង​អស្ថិរភាព​ ដូច​អតីត​កាល​ជា​មិន​ខាន»។​

ទោះ​ជាយ៉ាងណា ​លោក​សុខ ឥសាន្ត​ អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែង​ថា ​សង្គម​ស៊ីវិល​ដែល​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍នេះ​នៅ​មាន​សិទ្ធិ​នៅ​ឡើយ​ក្នុង​ការ​បង្ហាញ​ក្តី​បារម្ភ​របស់​ពួក​គេ ​ដូច្នេះ​លោក​ថា​ មិន​មាន​ការ​រឹតត្បិត​អ្វី​នោះ​ទេ។​

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​រូប​នោះ​បានថ្លែង​ប្រាប់​ VOA​ ថា៖​

«អ៊ីចឹង​ អា​នេះ​វា​គ្រាន់​តែ​ភាសា​វោហារ​សាស្រ្ត​នយោបាយ​តែ​ប៉ុណ្ណោះ​ទេ ​ដែល​មួរ​បង្កាច់​សភាព​ការណ៍​ពិត។ ​ហើយ​បើ​សិន​ណា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ហើយ​លទ្ធិ​ប្រជា​ធិបតេយ្យ​ដើរ​ថយ​ក្រោយ​ដូច​គេ​និយាយ​ ទាំង​អន្តរ​ជាតិ​មួយ​ចំនួន​ ហើយ​ទាំង​ផ្ទៃ​ក្នុងអតីត​គណបក្ស​ប្រឆាំង​ហ្នឹង ​និយាយ​ ខ្ញុំ​យល់​ថា​ ​សង្គម​កម្ពុជា​អត់​មាន​យើង​និយាយ​តេឡេហ្វូន​គ្នា​បាន​ទេ។​ ប្រហែល​ជា​កំពុង​នៅ​ក្នុង​ត្រង់​សេ ​ឬ​គេ​ហៅ​ថា​ លេនដ្ឋាន​ហើយ»។​

អ្នក​នាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ថា​ ​វិទ្យុ​អាស៊ី​សេរី ​ដែល​បាន​បិទ​ការិយាល័យ​នៅ​ភ្នំពេញ ​និង ​VOA ​មិន​អាច​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​រូប​លោក​នោះ​ទេ​ ​ប្រសិន​បើ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​មែន​នោះ។​

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ក៏​បាន​ប្រតិកម្ម​ខ្លាំងៗ​ទៅលោក​សម រង្ស៊ី​ មេ​ដឹកនាំ​គណបក្ស​ប្រឆាំង ​ដែល​កំពុង​នីរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ដែល​ក្រុម​អ្នក​តាម​ដាន​មើល​ឃើញ​ថា​ ជា​សញ្ញា​អវិជ្ជ​មាន​ចំពោះ​នយោបាយ​កម្ពុជា។​

កាល​ពី​សប្តាហ៍​មុន​ នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ពី​ទីក្រុង​តូក្យូ​ ​ប្រទេស​ជប៉ុន ​លោក​ហ៊ុន សែន​បាន​ថ្លែង​ប្រាប់​មេដឹកនាំ​និង​តំណាង​ប្រទេស​ផ្សេងៗ​ថា​ លោក​កំពុង​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ​ហើយ​ថា​ ​កុំ​យក​ការ​អនុវត្ត​ច្បាប់​ជា​រឿង​នយោបាយ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ក៏​ប៉ុន្តែ​គេ​ត្រូវ​តែ​សិក្សា​អំពី​អង្គហេតុ​និង​អង្គច្បាប់​ឲ្យ​បាន​ច្បាស់។ ​កុំ​ដាក់​បញ្ហា​ទាក់ទិន​នឹង​រឿង​ផ្លូវ​ច្បាប់​ទៅ​ជា​សកម្មភាព​នយោបាយ ​ដែល​វា​មិន​យុត្តិធម៌​សម្រាប់​កម្ពុជា​នោះ​ទេ»។​

លោក​បន្ថែម​ថា៖​

«អ៊ី​ចឹង​ប្រទេស​មួយ​ជា​ប្រទេស​ឯករាជ្យ​ ​តើ​យើង​អនុវត្ត​ច្បាប់​របស់​យើង​បាន​ឬ​អត់? ​ប្រទេស​ជប៉ុន​ត្រូវ​អនុវត្ត​ច្បាប់​របស់​ជប៉ុន។​ ​ប្រទេស​កម្ពុជា​ត្រូវ​អនុវត្ត​ច្បាប់​របស់​កម្ពុជា»។​

លោក​ហ៊ុន សែន​ក៏​បាន​ផ្ញើ​សារ​ទៅ​សមាជិក​គណបក្ស​ប្រឆាំង​ដែល​ចង់​បាន​សិទ្ធិ​នយោបាយវិញ​នោះ ឲ្យ​ស្នើ​សុំ​រូប​លោក​ទើប​លោក​អាច​លើក​លែង​ឲ្យ​បាន។​

VOA​ មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្រ្តី​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេទាក់ទង​នឹង​ដំណើរ​ទស្សន​កិច្ច​នេះ។​

ដំណើរ​ទស្សន​កិច្ច​របស់​មន្រ្តី​សហភាព​អឺរ៉ុប​ជាផ្នែក​មួយ​នៃ​នីតិវិធី​មុន​នឹង​ឈាន​ទៅ​ដល់​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ។ ​នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​បាន​ប្រកាស​ចាប់​ផ្តើម​ដំណើរ​ការ​នីតិវិធី​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ កាល​ពី​ខែ​កុម្ភៈ​ ​ស្នងការ​ពាណិជ្ជ​កម្ម​សហភាព​អឺរ៉ុប​គឺ​លោកស្រី​ ​Cecilia​ ​Malmström​ មាន​ប្រសាសន៍​ថា៖​

«វា​ច្បាស់​ហើយ​ថា​ ​ចំណាត់​ការ​នៅ​ថ្ងៃ​នេះ​មិនមែន​ជា​ការ​សម្រេច​ចិត្ត​ចុងក្រោយ​ ​ហើយ​ក៏​មិនមែន​ជាទី​បញ្ចប់​នៃ​ដំណើរ​នីតិវិធី​ដែរ។​ ​តែ​នាឡិកា​កំពុង​តែ​ដើរ​ទៅ​មុខ​ជា​ផ្លូវការ​ហើយ​ ​ហើយ​យើង​ត្រូវ​ការ​ឃើញ​វិធាន​ការ​ពិត​ប្រាកដ​ក្នុង​ពេល​ឆាប់ៗ​នេះ»។​

ការ​ដក​ហូត​ពិត​ប្រាកដ​អាច​នឹង​ធ្វើ​ឡើង​នៅ​ខែ​សីហា​ឆ្នាំ​២០២០​ ប្រសិន​បើ​មិន​មាន​ការ​ធ្វើ​ឲ្យ​ប្រសើរ​ផ្នែក​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។ ​សហ​ភាព​អឺរ៉ុប​ទុក​ពេល​ដើម្បី​តាម​ដានស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

កន្លង​មក កម្ពុជា​បាន​នាំ​ផលិត​ផល​ចូល​ទៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​មួយ​ឆ្នាំៗ​គិត​ជា​ទឹក​ប្រាក់​ជាង​៥ពាន់​៥​រយ​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ដោយ​មិន​បង់ពន្ធ។ ​ការ​មិន​បង់​ពន្ធ​នេះ​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ប្រាក់​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។​ ភាគ​ច្រើន​នៃ​ទំនិញ​ដែល​កម្ពុជា​នាំចូល​សហភាព​អឺរ៉ុប​គឺ​មាន​សម្លៀក​បំពាក់​ ស្បែក​ជើង​ ​ផលិត​ផល​កសិកម្ម​ និង​កង់​ជា​ដើម៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG