ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​យាយី​លើ​បក្ស​ប្រឆាំង


រូបឯកសារ៖ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះជាតិ បានជួបជុំគ្នានៅ​សាលាឧទ្ធរណ៍ ទាមទារឲ្យមានការ​ដោះលែងលោក កឹម សុខា ឲ្យ​នៅ​ក្រៅឃុំ រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
រូបឯកសារ៖ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះជាតិ បានជួបជុំគ្នានៅ​សាលាឧទ្ធរណ៍ ទាមទារឲ្យមានការ​ដោះលែងលោក កឹម សុខា ឲ្យ​នៅ​ក្រៅឃុំ រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។

សេចក្តី​ប្រកាស​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ដែលចេញ​ផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​ បាន​កត់​សម្គាល់​ថា ​ក្នុង​អំឡុង​ឆ្នាំ ២០១៩​ នេះ​ អាជ្ញាធរ​កម្ពុជា​បាន​ចេញ​ដីកា​កោះ​តាម​ស្ថានប័ន​តុលាការ​ និង​ប៉ូលិស​ដើម្បី​កោះ​ហៅ​និង​​​ចោទ​សួរ​មន្ត្រី​ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ហោច​ណាស់​ ១៤៧ នាក់។

ការ​បង្ក្រាប​លើ​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ បាន​នាំ​ឲ្យ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ មាន​ការ​បារម្ភ។ អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ បាន​ចូលរួម​ជាមួយ​ក្រុម​បញ្ញវន្ត និង​អង្គការ​សមាគម​ ក្នុង​ការ​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​បៀតបៀន​លើ​សមាជិក និង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះជាតិ។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​(Human Rights Watch) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បានស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​បង្ក្រាប​ដែល​ធ្វើឡើងជា​ថ្មីទៀត ប្រឆាំង​នឹង​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​កម្ពុជា​កាល​ពី​ឆ្នាំ​ ២០១៧។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ​ ដែល​ VOAបាន​ទទួល​នៅថ្ងៃ​ចន្ទ។

​ការ​អំពាវនាវ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បានធ្វើឡើង​ នៅចំ​ពេល​ក្រុម​មន្ត្រី​របស់​សហភាព​អឺរ៉ុប​បាន​ផ្តើម​បេសកកម្មស្វែង​រក​ការណ៍​ពិត​ជាថ្មីទៀត​ ដើម្បី​វាយតម្លៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​ការអនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅកម្ពុជា​ ដែល​ជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​ឲ្យ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ទទួល​បាន​ការ​អនុគ្រោះ​ខាង​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប​ ក្រោម​កម្មវិធី​«អ្វីៗ​ទាំង​អស់​លើកលែង​តែ​អាវុធ»​ ឬហៅថា​ EBA។​ តាម​កម្ម​វិធី​អនុគ្រោះ​ពន្ធ​នេះ​ កម្ពុជា​មិន​តម្រូវ​ឲ្យ​បង់​ពន្ធ​ដើម្បី​នាំ​ទំនិញ​របស់​ខ្លួន​ចូល​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប។

សេចក្តី​ប្រកាស​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ដែលចេញ​ផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​ បាន​កត់​សម្គាល់​ថា ​ក្នុង​អំឡុង​ឆ្នាំ ២០១៩​ នេះ​ អាជ្ញាធរ​កម្ពុជា​បាន​ចេញ​ដីកា​កោះ​តាម​ស្ថានប័ន​តុលាការ​ និង​ប៉ូលិស​ដើម្បី​កោះ​ហៅ​និង​ចោទ​សួរ​មន្ត្រី​ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ហោច​ណាស់​ ១៤៧ នាក់។

អង្គការ​សិទ្ធិ​មនុស្ស​នេះ​ បាន​បញ្ជាក់​ទៀតថា ឯកសារ​នាំខ្លួន​ជា​ច្រើន​មិនមាន​ភាព​ច្បាស់លាស់​តាម​ច្បាប់​និង​ការ​ចោទ​ថា​ មនុស្ស​ដែល​ត្រូវបាន​កោះហៅ​នោះ​ ប្រហែល​ជា​បាន​ «បំពាន​សាល​ដីកា​របស់​តុលាការ​កំពូល»​ ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​កាលពី​ឆ្នាំ​ ២០១៧»។

លោក​ Brad Adams​ នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​ត្រូវ​បាន​គេ​ស្រង់​សម្តី​ក្នុង​សេចក្តី​ប្រកាស​តាម​ន័យ​ដើម​ថា៖ ​«វា​មាន​ពេល​ជាង​មួយ​ឆ្នាំ​ទៅ​ហើយ​ ចាប់​តាំងពី​តុលាការ​កំពូល​ដែល​មាន​លក្ខណៈ​នយោបាយ​ បាន​ប្រែ​ក្លាយ​កម្ពុជា​ជា​រដ្ឋ​ដឹកនាំ​ដោយ​គណបក្ស​តែមួយ​ពេញ​ទី​ ប៉ុន្តែ​រដ្ឋាភិបាល​នៅ​កំពុង​តែ​បៀតបៀន​សមាជិក​គណបក្ស​ប្រឆាំងតាម​រយៈការ​សួរ​ចម្លើយ​របស់​នគរបាល​ និង​ការ​នាំខ្លួន​របស់​តុលាការ»។

លោក Adams បាន​បន្ថែម​ថា៖​ «សហភាព​អឺរ៉ុប​ និង​ម្ចាស់​ជំនួយ​ទាំងអស់​ដល់​កម្ពុជា គួរតែ​ទាម​ទារ​ថា​ រដ្ឋាភិបាល​លោកហ៊ុន​ សែន​ ដោះលែង​ជា​បន្ទាន់​រាល់​សមាជិក​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ស្រេច​តែចិត្ត​ និង​ស្តារ​គណបក្ស​សង្គ្រោះជាតិ​ឲ្យ​ក្លាយ​ជា​គណបក្ស​នយោបាយ​មួយ​បាន​ដំណើរការ​ពេញ​លេញ​ឡើងវិញ»។

ស្របពេល​ជាមួយ​គ្នានេះ​ដែរ ក្រុម​បញ្ញវន្ត​ និង​អង្គការ​សមាគម​ចំនួន​៨៥​ ក្នុងនោះ​មាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc)​ និង​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និងយុត្តិធម៌​ ឬ​ហៅថា​ Comfrelបាន​ស្នើ​ដោយ​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ខ្លឹម​សារ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដែល​តម្រូវ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​ផ្តល់​សេរីភាព​ដល់​គណបក្ស​នយោបាយ​មកពី​គ្រប់​និន្នាការ​ដើម្បី​ចូលរួមក្នុង​ការ​បោះ​ឆ្នោត។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុមបញ្ញវន្ត​ និង​អង្គការ​សមាគម​ខាងលើ​ បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ខ្សោយ​ទៅ​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួល​បាន​ការគាំទ្រ​ពី​អ្នកបោះឆ្នោត​ក្នុង​ការ​បោះឆ្នោត​ជាតិឆ្នាំ​២០១៣ និង​ការបោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ​ ២០១៧​ ត្រូវ​បានរំលាយ​ និង​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ដល់​អង្គការ​សង្គម​ស៊ីវិលថា​ មាន​និន្នាការ​ធ្វើ​បដិវត្តន៍។

សេចក្តី​ថ្លែង​ការណ៍​បាន​សរសេរ​ក្នុងន័យ​ដើម​ថា៖​ «ប្រសិន​បើ​ស្ថានភាព​នៅ​តែ​បន្ត អាចនាំ​ឲ្យ​កម្ពុជា​ប្រឈម​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ អសន្តិសុខ​ និង​អស្ថិរភាព​ ដូច​អតីតកាល​ជាមិន​ខាន»។

ពួក​គេ​បាន​បន្ថែម​ថា​ រដ្ឋាភិបាល​កម្ពុជា​គប្បី​ចរចារ​ជាមួយ​សហភាព​អឺរ៉ុប​ និង​សហគមន៍​អន្តរ​ជាតិ​ ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​ និង​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅកម្ពុជា​ឡើងវិញ​ និង​ដើម្បី​បញ្ចៀស​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ប្រព័ន្ធ​អនុគ្រោះពន្ធទូទៅ​ (GSP)​ ដែល​បានហុច​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស។

លោកស៊ឹង សែន​ករុណា​ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​ប្រាប់ VOA នៅថ្ងៃ​ចន្ទនេះថា​ បើ​រាប់​តាំងពី​ថ្ងៃ​ដែល​សហភាព​អឺរ៉ុប​ជូន​ដំណឹង​អំពីការផ្តើមដំណើរ​ការ​ដែល​ឈាន​ដល់ការ​ព្យួរ​កម្ពុជា​ជា​បណ្តោះ​អាសន្ន​ពី​ប្រព័ន្ធ​ឋានៈ​អនុគ្រោះពន្ធ​ EBA​ នោះ រដ្ឋា​ភិ​បាល​កម្ពុជា​មិនត្រឹមតែ​មិនទាន់​បានធ្វើ​ឲ្យ​ស្ថានភាព​នយោបាយប្រសើរ​ឡើង​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កើន​ការ​យាយី​លើ​សមាជិក និង​អ្នកគាំទ្រ​របស់​គណបក្ស​ប្រឆាំង។

«ការ​រឹតត្បិត​ទៅលើ​សកម្មជន​នយោបាយ​ ក្នុង​អតីត​គណបក្ស​ប្រឆាំង​ហ្នឹង​ក៏បាន​ មាន​ការ​គាប​សង្កត់​ច្រើន​ ហើយ​ធ្វើ​ទុក្ខបុកម្នេញ​ផ្សេងៗ​ មាន​ការ​កោះហៅ​សាកសួរ​ មាន​ការ​ចាប់​ខ្លួន​ មាន​ការ​ឃុំខ្លួន​ជាដើម»។

VOA ​មិនទាន់​អាច​សុំការ​អធិប្បាយពី​ លោកផៃ​ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ទេ​ ដោយ​ទូរស័ព្ទ​លោក​រោទិ៍​តែ​គ្មាន​អ្នក​ទទួល។ យ៉ាងណា​ក៏ដោយ​ លោកស្រី នាវ ចន័្ទថាណា​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា ធ្លាប់​លើក​ឡើង​ក្នុងពេល​ចេញ​របាយការណ៍​ចុងក្រោយ​ស្តីពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​របស់​ធនាគារ​ពិភពលោក​ កាលពី​ខែ​ឧសភា​ថា​ លោកស្រី​មាន​ក្តី​បារម្ភ​ចំពោះ​ការ​បាត់​បង់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA នេះ​ តែ​ថា​ រដ្ឋាភិបាល​បាន​ត្រៀម​រួចរាល់​ក្នុង​ការ​ឆ្លើយតប​ចំពោះ​ផលវិបាក​រួច​រាល់​ហើយ។

ចំណាត់​ការ​របស់​សហភាព​អឺរ៉ុប​ទៅលើ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​កើត​មាន​ឡើង​ ​ក្រោយ​ពី​មាន​ការ​បង្ក្រាប​លើ​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ ការ​គាប​សង្កត់​អង្គការ​សង្គម​ស៊ីវិល​ដែល​ទទួល​ថវិកា​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ និង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន​ រួម​ទាំង​ការ​រំលោភ​សេរីភាព​ផ្សេងៗ​ជា​ច្រើន​ទៀត​ មាន​ដូច​ជា​ការ​រំលោភ​សិទ្ធិ​ដីធ្លី​ជាដើម។

ធនាគារ​ពិភព​លោក​បាន​ឲ្យ​ដឹង​កាល​ពីខែមុន​ថា បើសិន​ជា​ប្រព័ន្ធ​នេះ​ត្រូវ​បាន​ដកនោះ ការ​នាំចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​អាច​នឹង​ធ្លាក់​ចុះ។

ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ មិនទាន់​ឆ្លើយ​តបទៅនឹង​សំណួរ​របស់ VOA ​ដែល​បាន​ផ្ញើ​តាមសារ​អេឡិច​ត្រូនិក​ ឬអ៊ីមែល​ទេ៕

XS
SM
MD
LG