ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​បំផុស​សហគមន៍​ខ្មែរ-អាមេរិកាំង​ឱ្យ​ជំរុញ​តំណាងរាស្ត្រ​ប្រញ៉ាប់​អនុម័ត​ច្បាប់​ទណ្ឌកម្ម


កំពូល​​វិមាន​​សភា​​សហរដ្ឋ​​អាមេរិក ដែល​មាន​ទីតាំង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

រហូត​មក​ដល់ពេល​នេះ​ក្រុម​សកម្មជន​​បាន​ទាក់ទង​ការិយាល័យ​អ្នកតំណាងរាស្រ្ត​នៅ​តាម​រដ្ឋ​ជាច្រើន​ដូចជា​រដ្ឋ​កាលីហ្វញ៉ា​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន​ជាងគេ​បំផុត​​ វ៉ាស៊ីនតោនស្តេត ​តំបន់រដ្ឋ​ធានី​វ៉ាស៊ីនតោន​និង​រដ្ឋ​​អូហៃយោ​ជាដើម។

សកម្មជន​ខ្មែរ-អាមេរិកាំង កំពុងតែ​ធ្វើសកម្មភាព​មមាញឹក​ថែមទៀត ដើម្បី​ស្នើសុំ​ឱ្យ​អ្នកតំណាងរាស្រ្ត​និង​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​គាំទ្រ​និង​ជំរុញ​សេចក្តីស្នើច្បាប់ដែល​បាន​ស្នើឡើង​ដើម្បី​ដាក់​ទណ្ឌកម្ម​ប្រទេស​កម្ពុជា​និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​កំពុង​តែ​ដំណើរការ​ទៅ​មុខ​មាន​ភាព​យឺតយ៉ាវ។

នៅតាម​រដ្ឋ​នានា ពួកគេ​បាន​ទូរស័ព្ទ​និង​អ៊ីម៉េល​ទៅ​ការិយាល័យ​អ្នកតំណាងរាស្រ្ត​និង​ព្រឹទ្ធសភា​ឱ្យ​គាំទ្រ​សេចក្តី​ស្នើច្បាប់​ចំនួន​បួន​ដែលមាន​«សេចក្តីស្នើច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​‍» ដែល​ស្នើ​ឡើង​ដោយ​អ្នកតំណាងរាស្រ្ត​«សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការទទួល​ខុសត្រូវ​របស់​កម្ពុជា​និង​ការធ្វើ​ឱ្យ​វិលត្រឡប់​មក​វិញ​នូវ​ការវិនិយោគ‍» ​ហៅ​ថាCARI Act ​ដែល​ស្នើ​ឡើង​ដោយ​សមាជិក​ព្រឹទ្ធសភា​ និង​សេចក្តី​ស្នើ«ច្បាប់ស្តីពីពាណិជ្ជកម្ម​កម្ពុជា​‍»​របស់​អ្នកតំណាងរាស្រ្ត​និង​សមាជិក​ព្រឹទ្ធសភា។ ​

ទាំងនេះ ជាសកម្ម​ភាព​បន្ថែម​ទៅ​នឹង​ការទៅជួប​អ្នកតំណាងរាស្រ្ត​សំខាន់ៗ​មួយចំនួន​ដោយផ្ទាល់​ដោយ​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស​។

រូបឯកសារ៖ លោកស្រី ធិត គឹមហ៊ុន ប្រធាន​កិច្ចការ​ស្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។ (រូប​ពី​ទំព័រ​ហ្វេសប៊ុក Kimhun Thit)
រូបឯកសារ៖ លោកស្រី ធិត គឹមហ៊ុន ប្រធាន​កិច្ចការ​ស្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។ (រូប​ពី​ទំព័រ​ហ្វេសប៊ុក Kimhun Thit)

​លោក​ស្រី ធិត គឹមហ៊ុន ​ប្រធាន​ចលនា​ស្រ្តី​នៃ​គណបក្ស​សង្គ្រោះជាតិ​អាមេរិកាំង​បាន​ពន្យល់​ថា៖

«ដំណាក់កាលពីមួយ​គឺយើង​ទូរស័ព្ទទៅតំណាងរាស្រ្ត​ក៏ដូច​ជា​តំណាងព្រឹទ្ធសភា​របស់​បងប្អូន​នៅ​តាម​បណ្តារដ្ឋ​នីមួយៗ​ដើម្បី​ឱ្យ​ច្បាប់​ហ្នឹង​មាន​សំទុះ​កាន់តែ​ខ្លាំង​។ ហើយ​ដំណាក់​កាល​ទីមួយយើងធ្វើ​ការ​ទូរស័ព្ទ​ដើម្បី​ឱ្យ​មាន​ភាព​សស្រាក់សស្រាំ​ឱ្យ​គាត់​ដឹង​ថា​យើង​ចង់​បាន​អ្វីយើង​ចង់​បាន​ច្បាប់​នេះ​ឱ្យ​មាន​សំទុះទៅមុខ​កាន់តែខ្លាំងឡើង​ដើម្បី​ឱ្យ​ច្បាប់​ហ្នឹង​ទាមទារ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​ក្នុង​ប្រទេស​កម្ពុជា‍»។​

រូបឯកសារ៖ លោកស្រី​ ណាឡែន ស្មីត ហិរញ្ញិក​នៃ​គណបក្ស​សង្គ្រោះជាតិ​ក្រៅ​ប្រទេស។ (រូបថតដកស្រង់ពីហ្វេសប៊ុក)
រូបឯកសារ៖ លោកស្រី​ ណាឡែន ស្មីត ហិរញ្ញិក​នៃ​គណបក្ស​សង្គ្រោះជាតិ​ក្រៅ​ប្រទេស។ (រូបថតដកស្រង់ពីហ្វេសប៊ុក)

រហូត​មក​ដល់ពេល​នេះ​ក្រុម​សកម្មជនបាន​ទាក់ទង​ការិយាល័យ​អ្នកតំណាងរាស្រ្ត​នៅ​តាម​រដ្ឋ​ជាច្រើន​ដូចជា​រដ្ឋ​កាលីហ្វញ៉ា​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន​ជាងគេ​បំផុត វ៉ាស៊ីនតោនស្តេត ​តំបន់រដ្ឋ​ធានី​វ៉ាស៊ីនតោន​និង​រដ្ឋអូហៃយោ​ជាដើម។ នេះ បើ​តាម​ការបញ្ជាក់​របស់​លោកស្រី ណាឡែន ស្មីត ហិរញ្ញិក​នៃ​គណបក្ស​សង្គ្រោះជាតិ​ក្រៅ​ប្រទេស។​

លោក​ស្រី​បាន​បន្ថែម​ទៀតថា៖

«បើ​យើង​និយាយ​ពី​ញត្តិ​វិញ​គឺ​បាន​ជាង​១០.០០០​ដែល​បងប្អូន​យើង​បាន​ចុះ​ហត្ថលេខា​គ្រប់​រដ្ឋ​ទាំងអស់​ហើយ​ដែល​ពួកយើង​ទូរស័ព្ទ​ទៅ​អ្នកតំណាងរាស្រ្ត​និង​សមាជិក​ព្រឹទ្ធសភា ដែល​តាម​ខ្ញុំ​ស្មាន​ប្រហែល​ជាជាង​៥០០។ ក្នុង​ចំណោម​ជាង​៥០០ហ្នឹង​គឺ​ពួកគាត់​ខ្លះ​បាន​ទូរស័ព្ទ​ហើយ​ពួកគាត់​ខ្លះ​បាន​អ៊ីម៉េល‍»។​

លោកស្រី​បន្ថែម​ថា ពួកគេ​ទទួល​បាន​ការសន្យា​ជាច្រើន​ពីអ្នក​តំណាងរាស្រ្ត​របស់​គេ​ក្នុងការ​ជំរុញ​សេចក្តី​ស្នើ​ច្បាប់​ទាំងបួន​នេះ​ឱ្យ​សម្រេច​បាន។​

«ពួកគាត់​ជំរុញ​ឱ្យ​យើង​ថា​កុំ​ឈប់​ឱ្យ​សោះ​នៅបន្ត​កិច្ចការ​ហ្នឹង​ទៀត​ហើយ​ពួកគាត់​ហ្នឹង​ក៏បន្ត​កិច្ចការ​ហ្នឹង​ឱ្យ​ពួកយើង​ដែរ​។ គាត់​នឹង​ជំរុញ​ខ្លាំង​មែន​ទែននៅក្នុង​ឆ្នាំ​នេះ ត្រូវ​តែធ្វើ​ឱ្យ​មាន​ជោគជ័យ​ជាដាច់​ខាត‍»។​

សេចក្តី​ស្នើច្បាប់​ទាំងបួន​បាន​ស្នើ​ឱ្យ​ដោះលែង​និង​ទម្លាក់​ចោល​ការចោទ​ប្រកាន់​លើ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ដែល​ខ្លះ​កំពុង​រស់នៅ​នីរទេស​ខ្លួន​ក្រៅប្រទេស។ ច្បាប់​ទាំងនេះ​ក៏​ស្នើ​ឱ្យ​មាន​ការរៀបចំ​ការបោះឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស​និង​ស្នើ​ឱ្យ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ បង្កក​ទ្រព្យសម្បត្តិ​និង​ទិដ្ឋាការ​លើ​អ្នក​ដែល​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​ផងដែរ។​

លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជាត្រូវ​បានមជ្ឈដ្ឋាន​អន្តរជាតិ​វាយ​តម្លៃ​ថា​បាន​ធ្លាក់​ចុះ​យ៉ាងខ្លាំង​ក្រោយ​ពី​តុលាការ​កំពូល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​កាន់អំណាច​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​កាលពី​ចុងឆ្នាំ​២០១៧។ ​

រូបឯកសារ៖ លោក យ័ប គឹមទឹង ប្រធាន​សមាគម​ខ្មែរ-អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​។ (ចាប ចិត្រា/VOA)
រូបឯកសារ៖ លោក យ័ប គឹមទឹង ប្រធាន​សមាគម​ខ្មែរ-អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​។ (ចាប ចិត្រា/VOA)

លោក យ័ប គឹមទឹង ​ប្រធាន​សមាគម​ខ្មែរ-អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​បាន​បញ្ជាក់​ថា​លោក​ក៏បាន​គៀងគរ​សមាជិក​គាំទ្រ​និង​សមាជិក​សហគមន៍​ដទៃ​ទៀត​ឱ្យ​សរសេរ​លិខិត​និង​ទូរស័ព្ទ​ទៅ​អ្នកតំណាងរាស្រ្ត​ប្រចាំ ​មណ្ឌល​របស់​ខ្លួន​និង​សមាជិកព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​ដើម្បី​ឱ្យ​គាំទ្រ​សេចក្តី​ស្នើ​ច្បាប់​នោះ​ផងដែរ។​

លោក​បាន​បន្ថែម​ថា៖​

«គ្រាន់តែគេ​ធ្វើ​ច្បាប់​ហ្នឹង​ទៅ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ខ្លះ​គេ​ពិចារណា​ថា​តើ​គេ​គួរប្រថុយធ្វើ​ការរកស៊ី​នៅ​ស្រុក​ខ្មែរ​ទៀតឬយ៉ាង​ណា? ដោយសារ​ប្រថុយ​ស៊ុំគ្រលំ​ជាមួយ​មនុស្ស​ និង​អ្នក​ដឹកនាំ​មួយ​ចំនួន​ដែល​ធ្វើ​មិន​ត្រឹមត្រូវ​ហើយ​នៅ ថ្ងៃក្រោយ​នៅពេល​ដែល​ច្បាប់ហ្នឹង​កើត​ឡើង​ពិតមែន​តើ​ក្រុមហ៊ុន​គេ​ខាត​ប៉ុណ្ណា​និង​ចំណេញ​ប៉ុណ្ណា‍»។​

លោក​គឹមទឹង​បាន​បន្ថែម​ថាវាជាកាព្វកិច្ច​របស់​សហគមន៍​អន្តរជាតិ​ដែល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​នឹង​សិទ្ធិ​របស់​ពលរដ្ឋ​ទន់ខ្សោយ​ក្នុង​ប្រទេសកម្ពុជា៖

«យើង​ប្រជាពលរដ្ឋ​ទាំងក្រៅ​ប្រទេស​និង​ក្នុង​ប្រទេស​ធ្វើ​ម៉េច​ជួយ​ប្រាប់​រដ្ឋាភិបាល​ខ្មែរ​យើង​ឱ្យ​កែសម្រួល​ឱ្យ​មាន​ការបោះឆ្នោត​ដោយ​យុត្តិធម៌​ហើយ​នឹង​គោរពសិទ្ធិ​មនុស្ស​ឱ្យ​បាន​ត្រឹមត្រូវ​ពីព្រោះ​ប្រទេស​ផ្សេងៗ​ទៀត​ចេះតែចង់រកស៊ី​ជាមួយ​យើង​ហើយ​ប៉ុន្តែ​ដល់​តែ​យើង​ធ្វើ​ហួសហេតុ​ពេក​គេ​មិន​អាច​ធ្មេច​ភ្នែក​មិន​ជួយ​ប្រជាជន​បាន​ទេ‍»។​

ក្រុមប្រឹក្សា​ធុរៈកិច្ច​សហរដ្ឋ​អាមេរិក​និង​អាស៊ាន​(US-ABC)បាន​វាយ​តម្លៃ​ថា​ស្ថានភាព​នយោបាយកម្ពុជា​ពិត​ជា​បានធ្វើ​ឱ្យ​ទំនុក​ចិត្ត​របស់​វិនិយោគិន​ធ្លាក់​ចុះ​ផងដែរ។​

ការវាយតម្លៃ​របស់​ក្រុមប្រឹក្សា​US-ABC ​កាលពី​ពាក់កណ្តាល​ខែ​ឧសភា​បាន​បន្ថែម​ថា៖

«...​បញ្ហា​ប្រឈម​នៅ​តែមាន ដោយសារតែ​ទំនុកចិត្ត​របស់​អ្នកវិនិយោគ​ទុន​ពិភពលោក​លើ​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ​ដោយ​សារតែ​ការតាន​តឹង​នយោបាយ​នៅ​ក្នុង​ប្រទេស​និង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​អាច​នឹង​កើត​មានឡើង ដែល​មាន​ដូច​ជា​ការព្យួរ​ឋានៈ​អនុគ្រោះពន្ធ​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ (EBA) ​និង​ការដកហូត​ប្រព័ន្ធ​អនុគ្រោះពន្ធ​ទូទៅ​របស់​សហរដ្ឋ​អាមេរិក ដែល​ទំនង​ជា​នឹង​មាន​ផលប៉ះពាល់​យ៉ាង​មហន្តរាយ​ដល់​វិស័យ​កាត់ដេរ‍»។​

សហភាព​អឺរ៉ុប​ដែលជា​ទីផ្សារ​ដ៏ធំ​បំផុត​របស់​កម្ពុជា​កំពុង​ដំណើរការ​ដក​ហូត​ឋានៈ​អនុគ្រោះពន្ធ​«រាល់មុខ​ទំនិញលើកលែង​តែសព្វាវុធ​‍»​ដែល​កម្ពុជា​ទទួលបាន​ហើយ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញប្រាក់​ជិត​៧០០លាន​ដុល្លារ​ក្នុងមួយឆ្នាំ។​

បច្ចុប្បន្ន​នេះ​ប្រទេសចិន​គឺ​ជា​អ្នកវិនិយោគ​ទុន អ្នកផ្តល់ជំនួយ ​ដៃគូ​ពាណិជ្ជកម្ម​និង​ជាប្រភព​ទេសចរណ៍​ដ៏ធំ​ជាង​គេ​បំផុត​របស់កម្ពុជា។ រីឯ​ទំនាក់ទំនង​យោធា​និង​យោធា​វិញ​គឺ​ប្រទេស​ទាំងពីរ​កាន់តែ​ឈាន​ចូល​មក​កៀក​គ្នា​ជាលំដាប់​ចាប់តាំងពីឆ្នាំ​២០១០មក។ ប៉ុន្តែ​ទំនាក់ទំនង​យោធា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​មិន​ដំណើរការល្អ​ចាប់តាំងពីឆ្នាំ​២០១៧​មក​ដោយ​កម្ពុជា​បាន​ប្រកាស​ផ្អាក​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​រវាង​ប្រទេស​ទាំងពីរ​ដោយ​គ្មាន​ពេល​កំណត់។ សហរដ្ឋ​អាមេរិក​ក៏​ព្រួយ​បារម្ភ​ថាចិន​នឹង​ប្រើប្រាស់​កម្ពុជា​ធ្វើ​ជាមូលដ្ឋាន​ទ័ព​ជើង​ទឹក​នៅ​ក្នុង​ពេល​អនាគត​ផងដែរ។

សមាជិក​ព្រឹទ្ធសភា​និង​អ្នកតំណាងរាស្រ្ត​ខ្លះ​បាន​សម្តែង​ការព្រួយ​បារម្ភ​ពីឥទ្ធិពលចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សេចក្តី​ស្នើ​ច្បាប់​ចុងក្រោយ​គឺ​«ច្បាប់​ស្តីពី​ការទទួលខុសត្រូវ​របស់​កម្ពុជា​និង​ការ​ធ្វើ​ឱ្យ​ការវិនិយោគ​វិលត្រឡប់​មកវិញ​‍» (CARI Act) ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពីការ​តម្រូវ​ឱ្យ​កម្ពុជា​ទប់​ស្កាត់​ឥទ្ធិពល​របស់​ចិន។

ប៉ុន្តែ​លោក ផៃ ស៊ីផាន​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា ការពិត​នៅ​កម្ពុជា​គឺ​ខុស​ពីនេះ៖ «ការបារម្ភ​ថា​កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល​ចិន​គឺជារឿង​យល់ច្រឡំ​ក៏ប៉ុន្តែ ការពិត​កម្ពុជា​ស្ថិតនៅ​ក្នុងកិច្ច​សហប្រតិបត្តិការ​ជាមួយ​ចិន​ខាងផ្នែក​សេដ្ឋកិច្ច​ហើយ​កម្ពុជា​ដើរ​តួ​មានសារៈ​សំខាន់​ណាស់នៅ​ក្នុង​អ្វី​ដែល​ជាការប៉ុនប៉ង​របស់ខ្លួន​រក្សា​ខ្លួន​ស្ថិតនៅ​អព្យាក្រិតគឺ​យើង​នៅតែ​មាន​ទិសដៅរក្សា​វេទិការ​ពិភាក្សា​គ្នាប្រឆាំង​នឹងការប្រើប្រាស់​កម្លាំង​ឬ​ឥទ្ធិពល​ដែល​បង្កើត​ឱ្យ​មាន​អ្វី​ទៅដែល​ញ៉ាំង​ឱ្យ​មាន​សង្គ្រាម​ឬទំនាស់‍»។​

រហូត​មកដល់​ពេលនេះ​មានតែ​សេចក្តីស្នើ«ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា‍» ត្រូវ​បាន​គណៈកម្មាធិការ​កិច្ច​ការបរទេស​នៃ​សភា​តំណាងរាស្រ្ត​អនុម័ត​កាលពី​ខែ​មេសា​ហើយ​រង់​ចាំ​បញ្ជូនទៅសភា​ពេញអង្គ។​

សេចក្តី​ស្នើ «ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​កម្ពុជា‍»កំពុងតែ​ស្ថិត​នៅ​ក្នុង​គណៈកម្មាធិការ​ពន្ធដារ​របស់​សភា​តំណាងរាស្រ្ត​នៅឡើយ។​ រីឯសេចក្តី​ស្នើ​ច្បាប់​ដៃគូ​របស់​ខ្លួន​ដែល​ស្នើឡើង​ដោយ​ព្រឹទ្ធសភា​កំពុង​ស្ថិតនៅ​ជាប់គាំង​នៅ​ គណៈកម្មាធិការ​ហិរញ្ញវត្ថុ​របស់​ព្រឹទ្ធសភា​តាំងតែ​ពី​ខែ​មករា​មកម្ល៉េះ។

ក្នុងខណៈពេល​ដែល​សេចក្តី​ស្នើច្បាប់​ស្តីពី​ការទទួល​ខុសត្រូវ​របស់​កម្ពុជា​និង​ការធ្វើ​ឱ្យ​ការវិនិយោគ​វិល​ត្រឡប់​មកវិញ​នៅតែ​ស្ថិតនៅ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG