ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​បង្រួបបង្រួម​ជាតិ ក្នុង​ខួប​៣២​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស


រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាព​​នៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពី​​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ AFP
រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាព​​នៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពី​​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ AFP

អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​អំពាវ​នាវ​ដល់​អ្នក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​អនុវត្ត​ស្មារតី​បង្រួប​បង្រួម​ជាតិ និង​បង្រួប​បង្រួម​គ្រប់​ភាគី​នយោបាយ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩១។

នេះ​ជា​ការ​លើក​ឡើង​របស់​សមាគម សហជីព សហគមន៍ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ប្រមាណ​២០​ស្ថាប័ន នៅ​ចំ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ខួប​៣២​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​២៣ តុលា។ ក្រុម អង្គការ​ទាំង​នោះ​មាន​ដូច​ជា​អង្គការ​លីកាដូ សមាគម​អាដហុក ខុមហ្រ្វែល និង​សមាគម​សង់ត្រាល់​ជា​ដើម។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចុះ​ថ្ងៃ​ទី​២២ ខែ​តុលា អង្គការ​ទាំង​នោះ​បាន​ស្នើ​ឱ្យ​ បញ្ឈប់​ការ​ចោទ​ប្រកាន់​នយោបាយ ហើយ​អនុវត្ត​ស្មារតី​បង្រួប​បង្រួម​គ្នា។ អង្គការ ទាំង​នោះ​ស្នើ​ឱ្យ​ធានា​សិទ្ធិ​របស់​ពលរដ្ឋ បើក​លំហ​សេរី​ភាព​ឱ្យ​ប្រជាពលរដ្ឋ ដាក់​ទោស​អ្នក​ដែល​បំពាន​សិទ្ធិ និង​បំបិទ​សេរី​ភាព​ពលរដ្ឋ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា។

សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ថា៖ «សូម​ឱ្យ​រាជរដ្ឋាភិបាល​បើក​លំហ​ប្រជាធិប​តេយ្យ​ប្រកប​ដោយ​អត្ថន័យ សេរី​ភាព​បញ្ចេញ​មតិ​ដល់​ពលរដ្ឋ និង​បញ្ឈប់​ការ​យាយីអ្នក​ហ៊ាន​ងើប​តវ៉ា ដើម្បី​ការពារ​សិទ្ធិមនុស្ស ការពារ​បរិស្ថាន និង​ការពារ​ធនធាន​ធម្មជាតិ»។

សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ទៀត​ថា៖ «សូម​ឱ្យ​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស រួម​ទាំង​រាជ​រដ្ឋាភិបាល​កម្ពុជា ធានា​នូវ​ការអនុវត្ត​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​បារីស​នេះ​ឱ្យ​បាន​ពេញ​លេញ ស្រប​តាម​ស្មារតី និង​កាតព្វកិច្ច​នៃ​កិច្ច​ព្រម​ព្រៀង​នេះ»។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​វីអូអេ​ថា​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​នៅ​កម្ពុជា​មិន​ទាន់​មាន​ភាព​ពេញ​លេញ​នៅ​ឡើយ ខណៈ​កិច្ច​ព្រម​ព្រៀង​នេះ​បាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។ លោក​បន្ត​ថា​សេរី​ភាព​សារ​ព័ត៌មាន លំហ​សេរី​ភាព​នយោបាយ និង​សេរីភាព​សមាគម​អង្គការ​សង្គម​ស៊ីវិលនៅ​មិន​ទាន់​ធានា​ឱ្យ​បាន​ពេញ​លេញ ស្រប​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​នៅ​ឡើយ​ទេ។

លោក​ថ្លែង​ថា៖ «កន្លង​មក​អ្នក​ការពារ​សិទ្ធិ មនុស្ស សកម្មជន​ការពារ​បរិស្ថាន មេ​ដឹក​នាំ​សហជីព​ សកម្មជន​សហជីព​ ឬ​សកម្ម​ជន​ការពារ​សង្គម​ ឬ​សកម្មជន​នយោបាយ​ផ្សេងៗ​ ដែល​គាត់​អនុវត្ត​សិទ្ធិ និង​សេរីភាព​ជា​មូលដ្ឋាន​ក្នុង​កិច្ច​ការពារ​និង​ចូល​រួម​ទៅ​លើ​សកម្មភាព​ទាំង​អស់​នេះ។ ប៉ុន្តែ​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ហើយ​ជាប់​ពន្ធនាគារ​ទៅ​វិញ​ដោយ​សារ​តែ​អនុវត្ត​សិទ្ធ​របស់​ខ្លួន។ ចំណុច​នេះ​ហើយ​បាន​ជា​មាន​ការ​រិះ​គន់​ច្រើន»។

លោក​បន្ថែម​ទៀត​ថា​ដើម្បី​ទទួល​បាន​នូវ​ការ​អនុវត្ត​ពេញ​លេញ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ ត្រូវ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ពិសេសគឺរដ្ឋាភិបាល។

លោក​លើក​ឡើង​ថា​៖ «ភាគី​ដែល​ត្រូវ​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ​ គឺ​យើង​ឃើញ​ថា​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ជាមួយ​រដ្ឋ​ធម្មនុញ្ញ​មាន​កាតព្វ​កិច្ច​បំពេញ​មុន​គេ​នោះ​គឺ​រាជ​រដ្ឋាភិបាល ​ព្រោះ​ទី​មួយ​គាត់​ត្រូវ​មាន​ការ​គោរព​ទី​ពីរ​ការការពារ​និង​ទី​បី​គឺ​បំពេញ​បន្ថែមនិង​ត្រូវ​គោរព​លើ​គោល​ការណ៍​ទាំង​អស់​នេះ។ រី​ឯ​ពលរដ្ឋ​និង​ភាគី​ដទៃ​ទៀត​ក៏​ចូល​រួម​ក្នុង​ការ​អនុវត្ត​ដើម្បី​ឱ្យ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក៏​ដូច​ជា​ការ​អនុវត្ត​តាម​រដ្ឋ​ធម្មនុញ្ញ​នេះ​បាន​ពេញ​លេញ»។

ស្ថាន​ទូត​បារាំង​ប្រ​ចាំ​នៅ​កម្ពុជា​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​X ឬTwitter​នៅ​ថ្ងៃទី​២៣ ខែតុលា​ ឆ្នាំ​២០២៣​ ថា​៣២​ឆ្នាំ​ក្រោយ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ កម្ពុជា​ព្រម​ទាំង​ប្រជាជន​របស់​ខ្លួន​ បាន​បោះ​ជំហាន​យ៉ាង​ឆ្ងាយ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។ ស្ថានទូត​បារាំង​ក៏​ជំរុញ​ឱ្យ​កម្ពុជា​បើក​លំហ​សេរី​ភាព​នយោបាយ និង​ប្រជាធិប​តេយ្យ​ពហុបក្ស។

ស្ថាន​ទូត​បារាំង​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា​៖«​បារាំង​ជំរុញ​ឱ្យ​កម្ពុជា​បើក​ទូលាយ​លំហ​ពល​រដ្ឋ និង​នយោបាយ​ ហើយ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ ដែល​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ចំណុច​ស្នូល​នៃ​កិច្ច​ព្រមព្រៀង»។

អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​រួច​ទៅ​ហើយ។ លោក​អះអាង​ថា​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​មាន​ភាព​ពេញ​លេញ​ ស្រប​ទៅតាម​រដ្ឋ​ធម្មនុញ្ញ។

លោក​ថ្លែង​ថា៖​ «សរុប​មក​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​គោរព​ច្បាប់​ គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ការ​រិះ​គន់​តាម​បែប​ស្ថាបនា​គ្រប់​បែប​យ៉ាង​ទាំង​អស់ ​គឺ​ត្រូវ​បាន​បើក​ទូលាយ និង​ត្រូវ​បាន​គោរព។ ក៏​ប៉ុន្តែ​ការ​បញ្ចេញ​មតិ​ទាំង​ឡាយ​ណា​ដែល​លើស​ពី​ហ្នឹង​ បាន​ន័យ​ថា​ជា​ការ​ជេរ​ប្រមាថ​ ជា​ការ​មូល​បង្កាច់​ ជា​ការ​បំផ្លើស​បំភ្លៃ​ នោះ​ គឺ​ជា​រឿង​មួយ​ផ្សេង​ដែល​ច្បាប់​បាន​ហាម​ឃាត់​បាទ»។

គួរ​បញ្ជាក់​ថា​ចាប់​តាំង​ពី​ឆ្នាំ​២០២០​មក ​រដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​ថ្ងៃ​២៣​តុលា សម្រាប់ការ​ឈប់​សម្រាក​ជា​សាធារណៈ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG