ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ថាច់ សេដ្ឋា ​ស្រែក​ប្រាប់​អង្គ​ទូត​ឱ្យ​ជួយ​ប្រជាធិបតេយ្យ​កម្ពុជា​ក្រោយ​តុលាការ​ផ្តន្ទាទោស​លោក​៣​ឆ្នាំ


រូបឯកសារ៖ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថ្លែងនៅក្នុងពិធីអបអរបេក្ខជនជាប់ឆ្នោតមេឃុំ និងក្រុមប្រឹក្សាជាប់ឆ្នោត នៅក្នុងខេត្តកំពង់ធំ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថ្លែងនៅក្នុងពិធីអបអរបេក្ខជនជាប់ឆ្នោតមេឃុំ និងក្រុមប្រឹក្សាជាប់ឆ្នោត នៅក្នុងខេត្តកំពង់ធំ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ។ (ស៊ុន ណារិន/វីអូអេ)

បន្ទាប់​ពី​ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៣​ឆ្នាំ ​ពី​បទ​«ញុះញង់»​ ​លោក ​ថាច់ សេដ្ឋា ​បាន​ស្រែក​ផ្តាំ​មន្ត្រី​ទូត​ដែល​ឃ្លាំ​មើល​សវនាការ​ថា​ ​ឱ្យ​ជួយ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា។​

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ អ្នក​ស្រី ​ឈុន ដាវី ​ចៅ​ក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​ប្រកាស​សាល​ក្រម​ផ្តន្ទាទោស​លោក ​ថាច់ សេដ្ឋា ​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ ៤​លាន​រៀល​ចូល​រដ្ឋ ​ពី​បទ ​«ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម ​និង​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង»។

ក្រោយ​ការ​ប្រកាស​សាល​ក្រម​ ​លោក ​ថាច់ សេដ្ឋា ​ក្នុង​សម្លៀក​បំពាក់​ពណ៌​ទឹក​ក្រូច​ ឬ​ហៅ​ថា​សម្លៀក​បំពាក់​អ្នក​ជាប់​ឃុំ​ ​បាន​ក្រោក​ឈរ ​និង​ងាក​ក្រោយ​ស្រែក​ប្រាប់​មន្ត្រី​ស្ថានទូត​ប្រទេស​មួយ​ចំនួន​ រួម​មាន​មន្ត្រី​ទូត​សហគមន៍​អឺរ៉ុប​(EU) ​មន្ត្រី​អង្គការ​សហប្រជាជាតិ ​(UN)​ ដែល​បាន​ចូល​រួម​ស្តាប់​ការ​ប្រកាស​សាលក្រម​នោះ​ថា៖​ «នេះ​ហើយ​នយោបាយ​កម្ពុជា។ ​យើង​តស៊ូ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ។ ​សូម​អស់​លោក​ជួយ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ផង។ ​អស់​លោក​ឃើញ​ផ្ទាល់​ភ្នែក ​ឭ​ផ្ទាល់​ត្រចៀក»។ ក្រោយ​មក ​លោក​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ចូល​ទៅ​ក្នុង​បន្ទប់​រង់​ចាំ​ដើម្បី​យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស​បន្ត។​

អ្នក​ស្រី ​ថាច់ សុខបូរ៉ានី ​ភរិយា​របស់​លោក ​ថាច់ សេដ្ឋា ​យល់​ថា ​ការ​សម្រេច​របស់​តុលាការ​ជា​រឿង​អយុត្តិ​ធម៌​សម្រាប់​ស្វាមី។​ អ្នក​ស្រី​នៅ​តែ​ចាត់​ទុក​ថា ​ស្វាមី​អ្នកស្រី​មិន​មាន​កំហុស​អ្វី​ ដែល​ត្រូវ​សារភាព ​និង​សុំ​ទោស​នោះ​ទេ។​

អ្នក​ស្រី​ប្រាប់​អ្នក​សារ​ព័ត៌មាន​ដោយ​លាយ​ឡំ​ជា​មួយ​ទឹក​ភ្នែក​ថា៖​ «ហ្នឹង​ហើយ​អ្នក​ស្នេហា​ជាតិ ​បាន​តែ​ចូល​គុក។ ​អ្នក​ធ្វើ​ឃោរឃៅ​ធ្វើ​បាប​មនុស្ស​ បាន​ឡើង​បុណ្យ​ស័ក្តិល្អ។​ ដល់​ប្តី​ខ្ញុំ​ធ្វើ​ដើម្បី​ជាតិ​ទៅដាក់​ទោស​កំហុស​ប្តី​ខ្ញុំ​ ៣​ឆ្នាំ។​ បើ​គាត់​ធ្វើ​ដើម្បី​ជាតិ ​បើ​មិន​ឱ្យ​គាត់​និយាយ​ការ​ពិត​ឱ្យ​គាត់​និយាយ​អ្វី​ខ្លះ? ​ឱ្យ​ពួក​ខ្ញុំ​បែក​បាក់​គ្រួសារ​ ដាក់​បន្ទុក​នេះ ​បន្ទុក​នោះ​គ្រប់​សព្វ​បែប​យ៉ាង​ទាំង​អស់​លើ​ប្តី​ខ្ញុំ។ ​អយុត្តិធម៌​លើ​ប្តី​ខ្ញុំ ​អាយុ​៧០​ឆ្នាំ។​ គាត់​ចាស់​ហើយ​ ជំងឺ​បេះ​ដូង​ទៀត»។​ ​

អ្នកស្រី​រៀប​រាប់​សម្តី​របស់​លោក ​ថាច់ សេដ្ឋា ​ដែល​ប្រាប់​មន្ត្រី​ទូត​ថា៖ ​«គាត់​ថា​ជួយ​ប្រជាធិបតេយ្យ​ស្រុក​ខ្មែរ​ផង។ ​នយោបាយ​ស្រុក​ខ្មែរ​ធ្វើ​ហើយ​ចូល​គុក។ ​[ធ្វើ]​ដើម្បី​ជាតិ ​ចូល​គុក។​ អន្តរ​ជាតិ​ជួយ​មើល​ផង​…​ ឱ្យ​អន្តរ​ជាតិ​ជួយ​រក​យុត្តិធម៌​ឱ្យ​គាត់​ផង។ ​គាត់​លះ​បង់»។​

ជា​រឿយៗ​ នៅ​រៀង​រាល់​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​របស់​លោក ​ថាច់ សេដ្ឋា ​គេ​តែង​ឃើញ​មាន​វត្តមាន​តំណាង​ពី​ស្ថានទូត​នានា​ចូល​រួម​ឃ្លាំ​មើល​ ដូច​ជា​សហរដ្ឋ​អាមេរិក ​អូស្រ្តាលី ​អាល្លឺម៉ង់​ និង​សហ​គមន៍​អឺរ៉ុប​ជាដើម។​

អ្នក​នាំ​ពាក្យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ លោក​ Hammad Ahmad​ បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​នៅ​ពេល​នេះ​ ដោយ​ស្នើ​ឱ្យ​អ្នក​សារ​ព័ត៌មាន​រង់​ចាំ​សេចក្តី​ប្រកាស​ព័ត៌មាន ដែល​នឹង​ចេញ​ផ្សាយ​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។​

អ្នកស្រី ​Katherine M. Diop ​អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​ប្រាប់​វីអូអេ​តាម​សារ​អេឡិច​ត្រូនិច​អ៊ីម៉ែល​តាម​ន័យ​ដើម​ថា៖​ «យើង​ជំរុញ​ឱ្យ​អាជ្ញាធរ​រក្សា​កាតព្វកិច្ច​អន្តរ​ជាតិ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​ការពារ​សិទ្ធិ​មនុស្ស ​និង​សេរីភាព​ជា​មូលដ្ឋាន​ រួម​ទាំង​អ្វី​ដែល​បាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​ផង​ដែរ។ ​សហរដ្ឋ​អាមេរិក​នៅ​តែ​ប្តេជ្ញា​ចិត្ត​ចំពោះ​ប្រជាជន​កម្ពុជា ​និង​ក្តី​ប្រាថ្នា​របស់​ពួក​គេ​សម្រាប់​ប្រទេស​មួយ​កាន់​តែ​រីក​ចម្រើន ​ប្រជាធិបតេយ្យ ​និង​ឯករាជ្យ​ ដែល​សំឡេង​ទាំង​អស់​ត្រូវ​បាន​គេ​ស្តាប់ ​និង​គោរព»។​

ចំណែក​ស្ថានទូតអូស្ត្រាលី​ ស្ថាន​ទូត​អាល្លឺម៉ង់​ និង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ​មិន​ទាន់​ឆ្លើយ​តប​សំណួរ​ដែល​វីអូអេ​ បាន​សួរ​តាម​សារ​អ៊ីម៉ែល​នៅ​ឡើយ​ទេ​ ​គិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ​នេះ។

ក្នុង​សវនាការ​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​ទី​ ២១ ​ខែ​កញ្ញា ​ឆ្នាំ​២០២៣​ ​អ្នកស្រី ​ឈុន ដាវី ​ចៅ​ក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បញ្ជាក់​ប្រាប់​លោក ​ថាច់ សេដ្ឋា ​ថា ការ​ចោទ​ប្រកាន់​នេះ​ ពាក់​ព័ន្ធ​នឹង​វីដេអូ​ឃ្លីប​មួយ​ដែល​ត្រូវ​បាន​គេ​ចែក​ចាយ​តាម​បណ្តាញ​សង្គម ​យូធូប ​(Youtube) ​កាល​ពី​ថ្ងៃ​ទី ១៣ ​ខែ​មករា ​ឆ្នាំ​ ២០២៣ ​ដែល​លោក​ ថាច់ សេដ្ឋា​ និយាយ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា រួម​មាន​ថ្ងៃ​៧ ​មករា​ ឆ្នាំ​១៩៧៩ ​និង​ការ​សង់​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម ​ធ្វើ​ឱ្យ ​«បែក​បាក់​ជាតិ» ​និង​និយាយ​អំពី​ប្រវត្តិ​នៃ​ការ​កកើត​គណបក្ស​ប្រជាជន​កម្ពុជា​ជាដើម។

នា​ពេល​នោះ​ លោក​ ថាច់​ សេដ្ឋា ​បាន​ការពារ​ខ្លួន​ថា​ លោក​ពិត​ជា​បាន​និយាយ​អំពី​ប្រវត្តិ​សាស្ត្រ​ទាំង​នោះ ​ដោយ​យោង​តាម​ឯក​សារ​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ដែល​លោក​បាន​អាន រួម​ទាំង​ប្រវត្តិ​កកើត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រវត្តិ​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​ ឯកសារ​នៃ​ការ​កាត់​ក្តី​របស់​សាលាក្តី​ខ្មែរ​ក្រហម​ និង​ឯកសារ​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ផ្សេងៗ​ជា​ច្រើន​ទៀត​ បូក​រួម​សៀវ​ភៅ​ «អង្គការ​ជា​នរណា»​ ដែល​បាន​សរសេរ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា។​

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក ​ថាច់ សេដ្ឋា ​គឺ​លោក ​សឺន​ ជុំជួន ​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សម្រេច​របស់​ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ថា លោក​ ថាច់ សេដ្ឋា ​បាន​លើក​ឡើង​អំពី​ប្រវត្តិសាស្ត្រ​ ដោយ​ផ្អែក​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​ គឺ​មិន​មាន​អ្វី​ខុស​នោះ​ទេ។ ​លោក​បន្ថែម​ថា​ ទាំង​ក្នុង​ច្បាប់​ជាតិ ​ច្បាប់​អន្តរជាតិ ​និង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ​ក៏​មាន​ចែង​ការ​ពារ​សិទ្ធិ​សម្តែង​មតិ ​និង​ការ​បញ្ចេញ​ទស្សនៈ​របស់​បុគ្គល​ណា​ម្នាក់​ ដែល​មិន​ពេញ​ចិត្ត​លើ​អ្វី​មួយ​ដែល​កើត​ឡើង​ក្នុង​សង្គម​ផង​ដែរ។​

លោក​ថ្លែង​ថា៖​ «សម្រាប់​ខ្ញុំ​ជា​មេធាវី [ការ​ចោទ​ប្រកាន់​នេះ] ​មិន​មាន​ធាតុ​ផ្សំ​គ្រប់​គ្រាន់​ទេ​ ដោយ​សារ​ការ​លើក​ឡើង​របស់​គាត់ ​មិន​មែន​ទើប​តែ​គាត់​ម្នាក់​ឯង​ទេ។​ សូម្បី​តែ​អ្នក​ដទៃ​ក៏​បាន​លើក​ឡើង​បែប​ហ្នឹង​ដែរ​ ហើយ​ប្រជា​ពលរដ្ឋ​សឹង​តែ​កន្លះ​នគរ​ អ្នក​ណា​ក៏​លើក​ឡើង​បែប​ហ្នឹង​ដែរ។ ​ហើយ​ឯកសារ​ប្រវត្តិសាស្ត្រ​ក៏​មាន​ចែង​ ក៏​បាន​លើក​ឡើង​ សរសេរ។ ​ហើយ​ដាក់​លក់​ពេញ​ព្រះ​រាជាណាចក្រ​កម្ពុជា​ហ្នឹង។ ​ដូច្នេះ ​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​គាត់​ផ្អែក​ទៅ​តាម​ឯកសារ»។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក​ អំ សំអាត​ ប្រាប់​វីអូអេ​ថា​ ការ​សម្រេច​ក្តី​គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅ​ក្រម ​ប៉ុន្តែ​លោក​ថា​ ករណី​នេះ​ត្រូវ​បាន​សហគមន៍​ជាតិ ​និង​អន្តរ​ជាតិ​រិះ​គន់​ជារឿយៗ​ថា​ ពាក់​ព័ន្ធ​នយោបាយ​ ដែល​អាច​រង​នូវ​ការ​រិះគន់​បន្ថែម​ទៀត​លើ​បញ្ហា​សិទ្ធិ​មនុស្ស ​សិទ្ធិ​នយោបាយ ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

លោក​ អំ សំអាត ​បន្ថែម​ថា ​អ្នក​នយោបាយ​ទាំង​អស់​គួរ​តែ​រក្សា​ឧត្តម​ប្រយោជន៍​ជាតិ ​និង​ប្រជា​ពលរដ្ឋ​ជា​ធំនិង​ត្រូវ​ងាក​ទៅ​ផ្សះផ្សារ​ និង​បង្រួប​បង្រួម​ជាតិ ​តាម​បណ្តាំ​របស់​មហា​វីរក្សត្រ​ព្រះ​បាទ​នរោត្តម​សីហនុ។​

គួរ​បញ្ជាក់​ថា ​លោក ​ថាច់ សេដ្ឋា ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន ​និង​ឃុំ​ខ្លួន ​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មករា​ ឆ្នាំ​២០២៣។ តាម​ពាក្យ​បណ្តឹង​របស់​ក្រុមហ៊ុន​បញ្ចាំ​រិន​ឆាយ​ ផនសប​(Rin Chhay Pawn Shop)​ ​ កាល​ពី​ថ្ងៃ​ទី ២១​ខែ​ កញ្ញា​ លោក​ក៏​ត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ អ្នក​ស្រី ​ឈុន ដាវី ​សម្រេច​ផ្តន្ទាទោស​ក្នុង​សំណុំ​រឿង​ ចេញ​សែក​អត់​សាច់​ប្រាក់ ដោយសម្រេច​ដាក់​ពន្ធនាគារ​រយៈពេល​ ១​ឆ្នាំ​កន្លះ ​និង​ត្រូវ​បង់​លុយ​ជំពាក់​ចំនួន​ ៣៣.៤០០​ដុល្លារ​អាមេរិក ​និង​ត្រូវ​បង់​ប្រាក់​ពិន័យ​ចូល​រដ្ឋ​ចំនួន​ ៣​លាន​រៀល​ និង​ ៥​លាន​រៀល​ត្រូវ​បង់​សង​ជំងឺ​ចិត្ត​ដល់​ក្រុមហ៊ុន​បញ្ចាំ​នោះ។​

សហ​មេធាវី​ការពារ​ក្តី ​លោក​ សឺន​ ជុំជួន ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ​សំណុំ​រឿង​ចេញ​សែក​អត់​សាច់​ប្រាក់​នេះ ​គឺ​កូន​ក្តី​របស់​លោក​បាន​ប្តឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​ កាលពី​ថ្ងៃ​ទី​ ១៧ ​ខែ​តុលា ​ឆ្នាំ​ ២០២៣ ​ចំពោះ​ការ​មិន​សុខ​ចិត្ត​នឹង​ការ​សម្រេច​របស់​ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ អ្នក​ស្រី ​ឈុន ដាវី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG