ក្រុមអ្នកការពារសិទ្ធិមនុស្សនិងក្រុមមន្ត្រីនៃរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្វែងគំនិតគ្នា ចំពោះស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ដែលកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ក្រោយការរំលាយបក្សជំទាស់សង្គ្រោះជាតិ ការបង្ក្រាបលើក្រុមអង្គការសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យក្នុងស្រុក។
ការបញ្ចេញមតិផ្ទុយគ្នាចំពោះបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា កើតមានឡើងមួយថ្ងៃក្រោយការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នៅឆ្នាំ២០១៧នេះ។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូ បានថ្លែងអំពីស្ថានភាពសិទ្ធិមនុស្សកម្ពុជា គិតតាំងពីការរំលំនៃរបបខ្មែរក្រហមកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ យ៉ាងដូច្នេះ៖
«អារឿងប្រាំពីរមករា នរណាក៏គេទទួលស្គាល់ដែរទាក់ទងនឹងការរំដោះប្រជាពលរដ្ឋអីរួចផុតពីរបបខ្មែរក្រហមអី ប៉ុន្តែក្រោយឆ្នាំ ១៩៩១ កម្ពុជាយើងបានក្លាយជា... ជារដ្ឋភាគី ដែលត្រូវគោរពទៅតាម ...មានកាតព្វកិច្ចគោរពទៅតាម អ្វីដែលកម្ពុជាយើងបានផ្តល់សច្ចាប័ននិងផ្តល់ហត្ថលេខី ទៅបទដ្ឋានអន្តរជាតិ ស្តីអំពីសិទ្ធិមនុស្ស ហើយរដ្ឋធម្មនុញ្ញយើងមានចែង អីចឹង កម្ពុជាយើងត្រូវតែអនុវត្តតាមឲ្យបានហើយធ្វើយ៉ាងណាជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលធ្វើយ៉ាងណា កុំឲ្យប្រជាពលរដ្ឋកុំឲ្យអ្នកសារព័ត៌មាន កុំឲ្យអ្នកការពារសិទ្ធិមនុស្ស រងនូវហានិភ័យនៃការគំរាមកំហែង ឬការធ្វើទុក្ខបុកម្នេញ អានេះគឺជាកាតព្វកិច្ចរបស់រដ្ឋ»។
ស្រដៀងគ្នានោះដែរ ក្រុមសហគមន៍និងក្រុមអង្គការសង្គមស៊ីវិលជាង១០០ បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ពណ៌នាអំពីការវិវត្តចុងក្រោយនៃបរិយាកាសសិទ្ធិមនុស្ស ដោយផ្តើមចេញពីការចាប់ខ្លួនអ្នកសារព័ត៌មាន និងការយាយីខាងច្បាប់មកលើសកម្មជនការពារសិទ្ធមនុស្ស។
សេចក្តីថ្លែងការណ៍បានសរសេរក្នុងន័យដើមថា៖
«ជនរងគ្រោះនៃការធ្វើទុក្ខបុកម្នេញចុងក្រោយនេះ គឺជាអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់រួមមានលោក យាង សុធារិន (យាង សុជាមេត្តា) និងលោក អ៊ួន ឈិន ដែលកំពុងប្រឈមនឹងការចោទប្រកាន់ពីបទចារកម្ម ដោយអាចត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់១៥ឆ្នាំ។ មកទល់ពេលនេះ មិនមានភស្តុតាងគួរឲ្យជឿទុកចិត្តបានណាមួយ ត្រូវបានលើកឡើងដើម្បីបញ្ជាក់ពីការចោទប្រកាន់លើអ្នកទាំងពីរទេ»។
សេចក្តីថ្លែងការណ៍ដដែលបានបន្តឲ្យដឹងថា ក្រៅពីនេះ សមាជិកគណៈកម្មាធិការរៀបចំពិធីបុណ្យសពលោក កែម ឡី រួមមាន លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់តា្រល់) លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅកាលពីខែមុន ដើម្បីសាកសួរជុំវិញ ការចោទប្រកាន់ពីការកិបកេង បច្ច័យបុណ្យសពលោក បណ្ឌិត កែម ឡី។
ក្រុមសហគមន៍និងអង្គការទាំងនោះ បានថ្លែងក្នុងសេចក្តីថ្លែងការណ៍នោះឲ្យដឹងបន្តថា អ្នកហ៊ាននិយាយរិះគន់ផ្សេងទៀត ត្រូវបានបំបិទសំឡេងបន្ទាប់ពីចាត់ទុកថា បានធ្វើការរិះគន់លើអាជ្ញាធរ ហើយសហគមន៍ និងក្រុមប្រជាពលរដ្ឋមូលដ្ឋាន ត្រូវបានរឹតត្បិតសិទ្ធិសេរីភាពក្នុងការជួបជុំគ្នាដោយសន្តិវិធីផងដែរ។
ទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មិនមានការយល់ស្របចំពោះការអះអាងរបស់សហគមន៍និងក្រុមអង្គការការពារសិទ្ធិមនុស្សនោះទេ។ លោកបានប្រាប់ VOA ថា ពលរដ្ឋកម្ពុជាមានសិទ្ធិហូរហៀរ ហើយប្រជាធិបតេយ្យក៏កាន់តែទូលំទូលាយ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩។
លោកមានប្រសាសន៍យ៉ាងដូច្នេះ៖
«យើងឃើញថា ក្រោយតែមានរបបសេរីបក្ស ពហុបក្សនេះ ហាក់ដូចជា យើងបើកទ្វារចំហ បើកបង្អួចចំហ។ អីចឹង ឆ្លងតាមរយៈហ្នឹង ក៏យើងឃើញហើយ ប្រជាធិបតេយ្យនៅកម្ពុជា កាន់តែទូលំទូលាយ សិទ្ធិមនុស្សនៅកម្ពុជា កាន់តែទូលំទូលាយ រហូតទៅដល់មានការហូរចូលជំងឺអេដស៍ក៏មាន ដែលយើងមិនធ្លាប់ជួបប្រទះ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជាទេ។ បាទហើយក្រៅពីនោះ យើងឃើញហើយថា ការបញ្ចេញមតិ ការសរសេរ ការនិពន្ធ ការផ្សព្វផ្សាយតាមប្រព័ន្ធឃោសនាផ្សេងៗនោះ វាទូលំទូលាយពេកទៅហើយ ដោយមិនបានត្រួតពិនិត្យខ្លឹមសារ ការសរសេរ ការផ្សាយនេះជាមុនទេបាទ បើគ្រាន់ថាមានការខុសឆ្គងគ្រាន់តែអាជ្ញាធររបស់រដ្ឋហ្នឹង គឺបញ្ជាឲ្យកែតម្រូវតែប៉ុណ្ណោះ អានេះហើយវាសរបញ្ជាក់ឲ្យឃើញថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជាសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសសិទ្ធិខាងការបញ្ចេញមតិនេះ ក៏វាមានលក្ខណៈទូលំទូលាយ ក្នុងបរិបទកម្ពុជា ក៏ប៉ុន្តែ បើប្រៀបធៀបនឹងបណ្តាប្រទេសនៅលើពិភពលោក ឃើញថា លក្ខណៈហ្នឹងវាទូលំទូលាយជាងបណ្តាប្រទេសមួយចំនួនទៀត»។
លោក សុខ ឥសាន បានរៀបរាប់បន្តថា៖
«បាទរហូតទៅដល់វាទូលំទូលាយពេកទៅ វាទៅជាចង់ទៅបង្កើតអំពើអនាធិបតេយ្យ ផឹកស្រាស្រវឹងបើកទៅបុកគេហើយ អាហ្នឹងគឺថា ប៉ូលីស កម្រនឹងមានការចាប់វាយខ្នោះណាស់ បើដូចប្រទេសជឿនលឿនខ្លះហ្នឹងគ្រាន់តែ ឆ្លុះឃើញថា ផឹកស្រាបើកឡានហ្នឹង គេវាយខ្នោះបាត់ទៅហើយ។ អាហ្នឹងហើយដែលថា សរបញ្ជាក់ថា សិទ្ធិមនុស្ស ឬមួយក៏សេរីភាពនៅកម្ពុជា វាទូលំទូលាយដល់ថ្នាក់ហ្នឹង»។
លោក សុខ ឥសាន ក៏បានថ្លែងដល់ការចោទប្រកាន់របស់តុលាការទៅលើលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិថា ជាការរកឃើញនូវការបំពារបំពានយ៉ាងធ្ងន់ធ្ងរនៃដំណើរប្រជាធិបតេយ្យនៅកម្ពុជា ដោយសារមេដឹកនាំគណបក្សប្រឆាំងរូបនេះ បានលាតត្រដាងឲ្យដឹងពីឧបាយកលផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលមានសហរដ្ឋអាមេរិកនៅពីក្រោយ។
ក៏ប៉ុន្តែ ក្រុមសហគមន៍ និងអង្គការសង្គមស៊ីវិលជាង ១០០ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ ដោយបានបរិយាយពីដំណើរចាកឆ្ងាយរបស់កម្ពុជា លើគន្លងលទ្ធិប្រជាធិបតេយ្យថា ការធ្វើទុក្ខបុកម្នេញលើសង្គមស៊ីវិល និងការរំលាយគណបក្សជំទាស់ចុងក្រោយនេះ ត្រូវបានធ្វើឡើងស្រដៀងគ្នាទៅនឹងការហាមឃាត់ ឬបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងប្រព័ន្ធផ្សព្វផ្សាយដែលមានលក្ខណៈរិះគន់មួយចំនួន ដែលភាគច្រើនផ្សាយព័ត៌មានបន្តពីវិទ្យុអាស៊ីសេរី (RFA) សំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ក៏ដូចជាការបង្ខំឲ្យបិទកាសែត The Cambodia Daily ជាដើម។
ក្រោយការចាប់ខ្លួនលោក កឹម សុខា ដែលត្រូវបានរដ្ឋាភិបាលសង្ស័យថា បានប្រព្រឹត្តអំពើក្បត់ជាតិនោះ ប្រទេសចិនកុម្មុយនិស្ត បានចេញមុខ ប្រកាសគាំទ្ររដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលជាអតីតកម្មាភិបាលខ្មែរក្រហម ហើយថា ចិននឹងធ្វើជាខ្នងបង្អែកការពាររដ្ឋាភិបាលលោក ហ៊ុន សែន ផងដែរ។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូ ព្រួយបារម្ភពីដំណើរថយក្រោយនៃការគោរពសិទ្ធិមនុស្ស និងការពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅពេលកម្ពុជា ត្រូវគេមើលឃើញថា កំពុងផ្ញើវាសនាលើចិនកុម្មុយនិស្ត ដែលគេដឹងថា មិនផ្តល់តម្លៃដល់សារៈសំខាន់នៃការគោរពសិទ្ធិមនុស្សនោះឡើយ។
«ប្រទេសកម្ពុជា យើងជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពេញលេញ អាហ្នុងគឺយើងមិនអាច ចាប់យកតែចិនមួយបានទេ ពីព្រោះ ជានយោបាយ យើងត្រូវតែសហការជាមួយនឹងប្រទេសផ្សេងៗ ដែលជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យហ្នឹង ដើម្បីជំរុញឲ្យកម្ពុជាយើងអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ អះអាងថា ស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា បានបន្តប្រែប្រួល ទៅតាមបរិយាកាសនយោបាយ ពោលគឺស្ថានភាពទាំងនេះនឹងល្អប្រសើរពេលដែលអ្នកនយោបាយត្រូវរ៉ូវគ្នា តែស្ថានភាពទាំងនេះ នឹងអាប់អួរពេលដែលវិវាទនយោបាយកើតឡើង។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាង ៣០ឆ្នាំ បានថ្លែងថា នយោបាយការបរទេសរបស់រដ្ឋាភិបាលកម្ពុជា បានឈរលើគោលការណ៍អព្យាក្រឹត ដោយរដ្ឋាភិបាលមិនបានងាកទៅស្និទ្ធនឹងបរទេសណាឡើយ។ លោកមានប្រសាសន៍ថា កម្ពុជារាប់អានប្រទេសតូចធំទាំងអស់ជាមិត្ត ដោយផ្អែកលើគោលការណ៍ឯករាជ្យភាព និងអធិបតេយ្យភាព និងមិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនោះឡើយ។
ដោយឡែក លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងកោតសរសើរពីវីរភាពរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការណ៍ដែលលោកនាយករដ្ឋមន្ត្រីបាននាំមកឲ្យកម្ពុជានូវសន្តិភាព ដែលបានបើកផ្លូវឲ្យមានការគោរពសិទ្ធិមនុស្ស ក្រោយការដួលរលំទៅនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។
លោកត្រូវបានអង្គភាពព័ត៌មាន Fresh News ដែលគេដឹងថា មាននិន្នាការលម្អៀងទៅរករដ្ឋាភិបាលកម្ពុជា ដកស្រង់សម្តីតាមន័យដើមថា៖
«សន្តិភាពមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះសន្តិភាពបង្កើតឱកាសឲ្យប្រទេសជាតិអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតជាដើម។ ដូច្នេះហើយសម្តេចតេជោ ហ៊ុន សែន ផ្តោតយ៉ាងខ្លាំងទៅលើសន្តិភាព ដោយសារកម្ពុជា ធ្លាប់ទទួលភាពមហន្តរាយ ដោយប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាម។ សម្តេចតេជោ បានទប់ស្កាត់រាល់បាតុភាពណានាំឲ្យប្រទេសទៅរកភាពចលាចល ជាពិសេសបានទប់ស្កាត់ជនមួយចំនួនតូច យករូបភាពនៃសិទ្ធិមនុស្ស មានគំនិតចង់បង្កើតបដិវត្តន៍ពណ៌នៅកម្ពុជាឲ្យទទួលបរាជ័យ»។
លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក ដែលមានអ្នក like ឬ ចូលចិត្តជាង៩លាននាក់ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ តាមន័យដើមថា៖
«យើងចាំបានថា “៧ថ្ងៃក្នុង១អាទិត្យ” ចាប់ពីថ្ងៃ ១៧ មេសា ១៩៧៥-៦ មករា ១៩៧៩ គឺជាថ្ងៃដែលពលរដ្ឋខ្មែរគ្មានសិទ្ធិសេរីភាពអ្វីទាំងអស់ រួមទាំងសិទ្ធិរស់រានមានជីវិត និងសិទ្ធិទទួលទានអាហារគ្រប់គ្រាន់។ តែថ្ងៃអាទិត្យ ទី១០ធ្នូនេះ គឺជាថ្ងៃនៃទិវាសិទ្ធិមនុស្សអន្តរជាតិដែលពលរដ្ឋទូទាំងពិភពលោកបានចូលរួមអបអរសាទរ។ ថ្ងៃ៧ មករា ១៩៧៩ គឺបាននាំមកវិញនូវសិទ្ធិសេរីភាព និងវឌ្ឍនភាពសម្រាប់ពលរដ្ឋកម្ពុជារហូតមកដល់សព្វថ្ងៃ»។
អ្នកសង្កេតការណ៍សិទ្ធិមនុស្សសាកលយល់ផ្ទុយពីលោក ហ៊ុន សែន អំពីស្ថានការណ៍សិទ្ធិមនុស្ស និងដំណើរវិវត្តខាងនយោបាយនៅកម្ពុជា។
អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ និងដែល VOA ទទួល ដោយបានលើកឡើងថា ប្រទេសកម្ពុជា គួរងាកមករកផ្លូវប្រជាធិបតេយ្យសេរីពហុបក្សរបស់ខ្លួន ហើយធានាឲ្យមានសេរីភាពពេញលេញ ដល់សង្គមស៊ីវិល និងអ្នកសារព័ត៌មានឲ្យពួកគេអាចធ្វើប្រតិបត្តិការបាន។
អ្នកស្រីស្មីត ត្រូវបានដកស្រង់សម្តីតាមន័យដើមថា៖
«នេះគឺជាពេលវេលាសម្រាប់ប្រជាជនកម្ពុជាទាំងអស់ឆ្លុះបញ្ចាំងលើផ្លូវដែលប្រទេសរបស់ខ្លួនកំពុងតែធ្វើដំណើរ។ ការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងការទទួលយកសង្គមស៊ីវិលដ៏រស់រវើក សូម្បីតែសង្គមស៊ីវិលដែលអាចរិះគន់រដ្ឋាភិបាល គឺមិនគ្រាន់តែជាសិទ្ធិមនុស្សទេ វាថែមទាំងជាការត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាព និងសន្តិភាពយូរអង្វែងផងដែរ»៕