ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្លឹប​អ្នក​សារព័ត៌មាន​បរទេស​នៅ​ប្រទេស​ថៃ ​ស្រងាកចិត្ត​ចំពោះ​ការ​ចាប់ខ្លួន​អតីត​អ្នក​កាសែត​ខ្មែរ

  • សាយ មុន្នី

រូបឯកសារ៖ លោក​ អ៊ួន​ ឈិន​ ​បុគ្គលិក​វិទ្យុអាស៊ី​សេរី​ ​ត្រូវបាន​​ត្រូវបាន​បញ្ជូន​ទៅ​អគ្គ​ស្នងការ​នគរបាលជាតិ​​​ នៅរាជធានីភ្នំពេញ​ ​នៅ​ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។

សេចក្ដីថ្លែងការណ៍​របស់​ក្រុម​អ្នក​សារព័ត៌មាន​បរទេស​ក្នុង​ប្រទេស​ថៃ បន្ត​ថា ការ​ចាប់​ខ្លួន​អតីត​អ្នក​កាសែត​អាស៊ី​សេរី​ទាំង​ពីរ​នាក់​នេះ ធ្វើឡើង​ ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា បាន​បង្កើន​យុទ្ធនាការ ប្រឆាំង​នឹង​សារព័ត៌មាន​ឯករាជ្យនៅ​ប្រទេស​កម្ពុជា​ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។

ក្រុម​អ្នក​សារព័ត៌មាន​អាជីព​ដែល​ជា​សមាជិក​នៃ​ក្លឹប​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​បរទេស​ក្នុង​ប្រទេស​ថៃ (Foreign Correspondents' Club of Thailand) បាន​សម្ដែង​ការ​ស្រងាក​ចិត្ត​របស់​ពួកគេ ចំពោះ​ការ​ចាប់ខ្លួន​ និង​ចោទប្រកាន់​អតីត​អ្នកសារព័ត៌មាន​អាស៊ី​សេរី​ពីរ​នាក់​ក្នុង​ប្រទេស​កម្ពុជា​ដែល​អស់​ការងារ​ធ្វើ​ ពី​បទ​ធ្វើ​ចារកម្ម​ឲ្យ​បរទេស។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​ក្រុម​អ្នក​សារព័ត៌មាន​បរទេស​នេះ ដែល​បាន​ចេញ​ផ្សាយ​តាម​គេហទំព័រ​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ។

​ប្រតិកម្ម​របស់​ក្លឹប​អ្នក​សារព័ត៌មាន​បរទេស​នៅ​ប្រទេស​ថៃ​នេះ កើតឡើង​ បន្ទាប់​ពី​អតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​នាក់ គឺ​លោក អ៊ួន ឈិន និង​លោក​យាង សុធារិន​ ហៅ​ យាង​ សុជាមេត្តា ​ ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ហើយ​ក្រោយមក​ ពួកគេ​ទាំង​ពីរ​ ក៏​ត្រូវ​បាន​ចោទប្រកាន់ពី​បទ​«ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ ដែល​បង្ក​ឲ្យ​មាន​ការ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ»​ ​តាម​មាត្រា​៤៤៥​ ​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ ដែល​ធ្វើ​ឲ្យ​អ្នក​ទាំងពីរ​ប្រឈម​នឹង​ការ​ជាប់​ទោស​ពី​៧​ទៅ​១៥ឆ្នាំ ប្រសិន​បើ​ពួកគេ ត្រូវ​បាន​រក​ឃើញ​ថា មាន​ទោស​កំហុស​មែន​នោះ។

លោក​ យាង​ សុជា​មេត្តា​ បុគ្គលិក​វិទ្យុអាស៊ី​សេរី​ ត្រូវបាន​បញ្ជូន​ទៅ​អគ្គ​ស្នងការ​នគរបាលជាតិ​, នៅរាជធានីភ្នំពេញ​ ​នៅ​ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​ (ខាន់​ សុគុំមនោ​/VOA)
លោក​ យាង​ សុជា​មេត្តា​ បុគ្គលិក​វិទ្យុអាស៊ី​សេរី​ ត្រូវបាន​បញ្ជូន​ទៅ​អគ្គ​ស្នងការ​នគរបាលជាតិ​, នៅរាជធានីភ្នំពេញ​ ​នៅ​ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​ (ខាន់​ សុគុំមនោ​/VOA)

សេចក្ដីថ្លែងការណ៍​របស់​ក្រុម​អ្នក​សារព័ត៌មាន​បរទេស​ក្នុង​ប្រទេស​ថៃ បន្ត​ថា ការ​ចាប់​ខ្លួន​អតីត​អ្នក​កាសែត​អាស៊ី​សេរី​ទាំង​ពីរ​នាក់​នេះ ធ្វើឡើង​ ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា បាន​បង្កើន​យុទ្ធនាការ ប្រឆាំង​នឹង​សារព័ត៌មាន​ឯករាជ្យនៅ​ប្រទេស​កម្ពុជា​ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ យុទ្ធនាការ​នេះ រួម​បញ្ចូល​ទាំង​ការ​បិទ​កាសែត​ The Cambodia Daily ​និង​ការិយាល័យ​របស់​អាស៊ី​សេរី​ក្នុង​ប្រទេស​កម្ពុជា​ទាំង​បង្ខំ​ចិត្ត​ផង​ដែរ។

ថ្មីៗ​នេះ ក្រុម​អ្នក​សារព័ត៌មាន​ខ្មែរ​ ប្រមាណ​៦០​នាក់ ក៏​បាន​សរសេរ​ញត្តិចំហ​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ​ ដោយ​ស្នើ​ឲ្យ​ព្រះ​រាជអាជ្ញា ​និង​ចៅក្រម​ស៊ើបសួរ​ក្នុង​សំណុំ​រឿង​នេះ ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទៅលើ​អតីត​អ្នកកាសែត​អាស៊ី​សេរី​ទាំង​ពីរ​នាក់​នេះ​ផង​ដែរ ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ខ្មែរ​ទាំង​នេះ លើក​ឡើង​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា ​និង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​របស់​កម្ពុជា បាន​ធានា​សេរីភាព​សារព័ត៌មាន។

​ក្រុម​អ្នក​សារព័ត៌មាន​នៃ​ក្លឹប​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​បរទេស​នៅ​ប្រទេស​ថៃ បាន​ថ្លែង​ថា ពួកគេ​គាំទ្រ​រាល់​ការ​អំពាវនាវ​នានា ឱ្យ​មាន​ការ​ដោះលែង​លោក អ៊ួន ឈិន និង​លោក​យាង សុធារិន​ ហៅ ​យាង​ សុជាមេត្តា ជា​បន្ទាន់ ដោយសារ​អ្នក​ទាំង​ពីរ មិន​ត្រឹម​តែ​ត្រូវ​បាន​គេ​ដកហូត​សិទ្ធិ​ប្រកបរបរ​ចិញ្ចឹម​ជីវិត​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​សេរីភាព​របស់​អ្នក​ទាំង​ពីរ ក៏​ត្រូវ​បាន​គេ​ដក​ហូត​ដែរ៕

XS
SM
MD
LG