ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ពាធ​តុលាការ ​និង​ការ​គំរាម​កំហែង​ បង្ខំ​ឲ្យ​ក្រុមប្រឹក្សា​បក្ស​ប្រឆាំងខ្លះ​ ចុះ​ចូល​បក្សកាន់​អំណាច និង​គេចខ្លួន


លោក កែវ អ៊ាត អាយុ​៥២​ឆ្នាំ និង​ភរិយា​របស់​លោក អង្គុយ​នៅ​ផ្ទះ​របស់​លោក ក្នុង​ភូមិ​ស្រែបឹង ឃុំ​ព្រៃ​ខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។ លោក កែវ អ៊ាត បាន​សម្រេច​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា ដោយសារ​លោក​ត្រូវបាន​តុលាការ​កោះ​ហៅ​ ករណី​ចោទ​ប្រកាន់​ញុះញង់ ក្នុង​ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឃុំសង្កាត់ កាល​ពី​ខែឧសភា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
លោក កែវ អ៊ាត អាយុ​៥២​ឆ្នាំ និង​ភរិយា​របស់​លោក អង្គុយ​នៅ​ផ្ទះ​របស់​លោក ក្នុង​ភូមិ​ស្រែបឹង ឃុំ​ព្រៃ​ខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។ លោក កែវ អ៊ាត បាន​សម្រេច​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា ដោយសារ​លោក​ត្រូវបាន​តុលាការ​កោះ​ហៅ​ ករណី​ចោទ​ប្រកាន់​ញុះញង់ ក្នុង​ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឃុំសង្កាត់ កាល​ពី​ខែឧសភា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

លោក ​កែវ អ៊ាត ​អាយុ​៥២​ឆ្នាំ​ ធ្លាប់​ជា​ជំទប់​ទី​២​នៃ​ឃុំ​ព្រៃ​ខ្លាថា​ មាន​ការ​សន្យា​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​នៅ​ឃុំ​ស្រុក​របស់​លោក​ថា ​បើ​លោក​ចុះ​ចូល​ នឹង​រួច​ខ្លួន​ពី​ផ្លូវ​ច្បាប់។

លោក ​កែវ អ៊ាត ​អាយុ​៥២​ឆ្នាំ​ ធ្លាប់​ជា​ជំទប់​ទី​២​នៃ​ឃុំ​ព្រៃ​ខ្លា​ ស្រុក​កោះ​អណ្តែត ខេត្ត​តាកែវ​ មក​ពី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​ កាល​ពី​ថ្ងៃ​ទី​៤ ខែមិថុនា​ ឆ្នាំ២០១៧។​ លោក​បាន​សម្រេច​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ មួយថ្ងៃ​មុន​កាល​កំណត់​ឱសានវាទ​របស់​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ ដែល​បាន​អំពាវនាវ​ឲ្យ​ចុះ​ចូល​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា។​ ទោះ​ជា​យ៉ាងណា​ លោក​នៅ​មាន​មន្ទិល​ក្នុង​ខ្លួន​នៅ​ឡើយ​ ដោយសារ​លោក​បាន​ស្បថ​ស្បែ​នឹង​ខ្លួន​ឯង​ និង​ប្រជាជន​រួច​ហើយ​ថា ​មិន​ចុះ​ចូល​ជា​ដាច់​ខាត។

រឿង​មួយ​ជា​អកុសល​សម្រាប់​រូប​លោក​ គឺ​លោក​កំពុង​ប្រឈម​នឹង​ដីកា​កោះ​ហៅ​របស់​តុលាការ​ខេត្ត​តាកែវ​ ដែល​តម្រូវ​ឲ្យ​លោក​ត្រូវ​តែ​សម្រេចចិត្ត​ចុះ​ចូល​ ដើម្បី​រួច​ខ្លួន។​ លោក​មាន​ប្រសាសន៍​ថា​ មាន​ការ​សន្យា​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​នៅ​ឃុំ​ស្រុក​របស់​លោក​ថា ​បើ​លោក​ចុះ​ចូល​ នឹង​រួច​ខ្លួន​ពី​ផ្លូវ​ច្បាប់។

នៅ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​ ចុះ​ថ្ងៃ​ទី​២២ ​ខែវិច្ឆិកា​ ចៅក្រម​ស៊ើប​សួរ​នៃ​សាលាដំបូង​ខេត្ត​តាកែវ លោក ​អឿង វណ្ណា ​បាន​កោះ​ហៅ​លោក​ កែវ អ៊ាត​ ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧​ ករណី​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ ប្រព្រឹត្ត​នៅ​ភូមិ​តាំ​រាសី​ ឃុំព្រៃ​ខ្លា ​ស្រុក​កោះអណ្តែត​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ​ឆ្នាំ២០១៧។​ ការ​ចោទ​ប្រកាន់​នោះ ​គឺ​ទាក់ទង​នឹង​ការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ជាង​៦​ខែ​មុន​ ដែល​លោក អ៊ាត​ បាន​អះអាង​ថា លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។​ លោក​មាន​ប្រសាសន៍​ថា​ សំឡេង​ និង​សកម្មភាព​របស់​លោក​ត្រូវ​បាន​កាត់ត​ ដើម្បី​បង្ហាញ​ថា ​លោក​បាន​ប្រព្រឹត្ត​ខុស។

ទោះ​ជា​យ៉ាងណា ​លោក កែវ អ៊ាត ​មាន​ប្រសាសន៍​ថា​ លោក​យល់​ថា​ ករណី​ទាំង​នេះ​ បាន​បញ្ចប់​រួ​ច​ទៅ​ហើយ​ តែ​ពេល​នេះ​ស្រាប់​តែ​តុលាការ​ចេញ​ដីកា​ឲ្យ​ចូល​ខ្លួន​ ដែល​លោក​យល់​ថា ​នេះ​ជា​សម្ពាធ​ធ្ងន់ធ្ងរ​មួយ ​ដើម្បី​ឲ្យ​លោកចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេល​នេះ។

លោក​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៥​ខែ​វិច្ឆិកា ​ថា៖​ «ឥឡូវ​ខ្ញុំ​មិន​ដឹង​សម្រេច​ថាម៉េច ​មាន​តែ​សម្រេច​ទៅចូល​ជាមួយ​គេ​ អាហ្នឹង​យើង​វា​រួច​ខ្លួន។​ ហើយ​ដល់យើង​មិន​ចូល​ជាមួយ​គេ​ វា​ពិបាក​នឹង​ដោះ​ស្រាយ ហើយ​គ្មាន​ពី​ណា​ជួយ​ខ្ញុំ​ផង​ឥឡូវ​។​ វាពិបាក​អញ្ចឹង ​បង​ឯង​គិត​មើល​ ឥឡូវ​តុលាការ​ គេ​ហៅ​ទៅ គេមិនហៅ​ធ្វើ​អី ​រឿង​តែ​ប៉ុណ្ណឹង​។ ​ទីមួយ​គេ​ដាក់គំនាប​ឲ្យ​យើង​ ចុះ​ចូល​ជាមួយ​គេ ​អាហ្នឹងយើង​អាច​រួច​ខ្លួន។ ​បើ​យើង​មិន​ចុះ​ចូល ​កម្មវិធី​របស់​គេ​ មាន​ត​ទៅ​មុខ​ទៀត​ មិន​ដឹង​គេ​ធ្វើ​អី​យើង។ ​ឥឡូវ​មាន​តែ​សម្រេច​ថា ​ទៅ​ជាមួយ​គេ​អញ្ចឹងម្មងទៅ​បង ​យក​ម៉ា​រស់​សិន​ទៅ ​យក​ម៉ា​រួច​ខ្លួន​ ចាំ​ម៉េច​ម៉ា​ ចាំ​គិត​ទៀត»។

សិស្សសាលា​ជិះ​ម៉ូតូ​កាត់​សាលាឃុំ​ព្រៃ​ខ្លា នៅ​ក្នុង​ស្រុកកោះអណ្តែត ខេត្តតាកែវ (ស៊ុន ណារិន/VOA)
សិស្សសាលា​ជិះ​ម៉ូតូ​កាត់​សាលាឃុំ​ព្រៃ​ខ្លា នៅ​ក្នុង​ស្រុកកោះអណ្តែត ខេត្តតាកែវ (ស៊ុន ណារិន/VOA)

លោក​បាន​ថ្លែង​បែប​នេះ​នៅ​ពេល​VOA​ទាក់ទង ​តាម​ទូរស័ព្ទ មុន​ថ្ងៃ​កំណត់​ចុះ​ចូល​ថ្ងៃទី​២៦ ​ខែវិច្ឆិកា។

មុន​ពេល​ចុះ​ចូល ​លោក​ កែវ អ៊ាត​ ដែល​បាន​ចូលរួម​ជាមួយ​គណបក្ស​សម រង្ស៊ី ​តាំង​ពី​ឆ្នាំ​១៩៩៨ បាន​ឲ្យ​ដឹង​ទៀត​ថា​ លោក​ត្រូវ​បាន​គេ​ព្យាយាម​បញ្ចុះ​បញ្ចូល​យ៉ាង​តិច​៤​ដង​ និងរង​ការ​គំរាម​កំហែង​ក្នុង​រូបភាព​យក​នគរបាល ​និង​ទាហាន​ សរុប​ជិត​២០​នាក់ ​មក​មុខ​ផ្ទះរបស់​លោក ​នា​ពេល​យប់​ ចំនួន​ពីរ​ដង។ ​ទោះជាយ៉ាងណា ​លោក​បញ្ជាក់​ថា នា​ពេល​នោះ ​លោក​នៅ​តែ​ប្រកាន់​ជំហរ​មិន​ចុះ​ចូល បើ​ទោះ​ជា​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​រំលាយ​ក៏​ដោយ។

លោក​ កែវ អ៊ាត ​មាន​ប្រសាសន៍​បន្ត​ថា ពីរ​ថ្ងៃ​មុន​ការ​ចេញ​ដីកា​នេះ​ លោក​បាន​ស្បថស្បែ និង​និយាយ​នៅ​ចំពោះ​មុខ​ប្រជាជន​ដែល​គាំទ្រ​រូប​លោក​ថា លោក​មិន​ចុះ​ចូល​នោះ​ទេ​ ដែល​ពេល​នោះ​លោក​មិន​បាន​ដឹង​ថា ​តុលាការ​ចេញ​ដីកា​ឲ្យ​លោក​ចូល​ខ្លួន​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ ​«ពលរដ្ឋ​គាត់​ចេះ​តែ​សួរ​ម៉េច​ឡូវ​វិញ​យើង។ ​សម្តេច​កោះ​ហៅ​ពួក​យើង​ឲ្យ​ទៅ​ចូល​រួម​ជាមួយ​គេ​ហើយ ​ម៉េច​យើង​ទៅ​ឬ​ក៏​មិន​ទៅ?​ ខ្ញុំ​ក៏​បាន​ស្បថ​ថា​ ខ្ញុំ​មិន​អាច​ក្បត់​ឆន្ទៈ​ខ្លួន​ឯង ឬ​ក៏​ឆន្ទៈ​ពលរដ្ឋ​បាន​ទេ​ ខ្ញុំ​មិន​ទៅ​ចុះ​ចូល​ជាមួយ​អ្នក​ណា​ទេ​ ព្រោះ​ក្តាម​ឥឡូវ​វា​ពេញ​តាមភ្លឺ(ស្រែ)​ ភ្លឺ​ណា​ក៏​មាន​ក្តាម​ដែរ​ ខ្ញុំ​មិន​ចង់​បាន​ទេ​ អា​រឿង​ប្រាក់​ខែ​ប៉ុណ្ណឹង»។

កាល​ពីថ្ងៃ​ទី​២៧​ ខែ​វិច្ឆិកា ​VOA​បាន​ចុះ​ទៅ​ជួប​លោក​ កែវ អ៊ាត​ នៅ​ផ្ទះ​របស់​លោកក្នុង​ឃុំ​ព្រៃ​ខ្លា លោក​បាន​បដិសេធ​អត្ថាធិប្បាយ​បន្ថែម​លើ​ករណី​របស់​លោក ​ក្រោយ​ការ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

នៅ​ពេល​ លោក ​កែវ អ៊ាត ​កំពុង​ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​VOA ​ក្រុមប្រឹក្សា​ឃុំ​ព្រៃ​ខ្លា ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​លោក ​ផឹង ផាន ​បាន​ជិះ​ម៉ូតូ ​ចូល​មក​ផ្ទះ​របស់លោក​ កែវ អ៊ាត ​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ​ដោយ​ប្រាប់​លោក ​កែវ អ៊ាត ​ឲ្យទៅ​ចូល​រួម​ពិធី​ប្តេជ្ញា​សច្ចា ​នៅ​ថ្ងៃទី​២៨​ ខែ​វិច្ឆិកា។

មិន​មែន​តែ​លោក​ អ៊ាត នោះ​ទេ​ដែល​ជាប់​បណ្តឹង​តុលាការ ​ក្រុមប្រឹក្សា​ពីរ​រូប​ទៀត​នៃ​ឃុំ​ព្រៃ​ខ្លា ក៏​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​ផង​ដែរ ​ដោយ​ពួកគេ​សង្ឃឹម​ថា ​នឹង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ ​នៅ​ក្នុង​សំណុំ​រឿង​ដូច​គ្នា។​ ក្រៅ​ពីនោះ ​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​៣​រូប​ទៀត​ ដែល​មិន​ជាប់​ឆ្នោត ​ក៏​កំពុង​ប្រឈម​មុខ​នឹង​ចំណាត់​ការ​របស់​តុលាការ​ ក្នុង​សំណុំ​រឿង​ដូច​គ្នា ​ប៉ុន្តែ​ពួកគេ​មិន​បាន​ចុះ​ចូល​នោះ​ទេ​ ដោយ​សង្ឃឹម​ថា​ ការ​ចុះ​ចូល​របស់​លោក​ កែវ អ៊ាត ​និង​ក្រុមប្រឹក្សា​ពីរ​រូប​ទៀត​ នឹង​អាច​ជួយ​ពួកគេ​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ។

គណបក្ស​សង្រ្គោះ​ជាតិ​ទទួល​បាន​៣អាសនៈ​សម្រាប់​ឃុំ​ព្រៃខ្លា​ កើន​ឡើង​១​អាសនៈ ​ខណៈ​គណបក្ស​ប្រជាជន​ទទួល​បាន​៦​អាសនៈ​ សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ខែមិថុនា ឆ្នាំ២០១៧។

លោក​ កែវ អ៊ាត ​មាន​ប្រសាសន៍​ថា ​មិន​មាន​អ្នក​ណា​អាច​ជួយ​រូប​លោក​បាន​នោះ​ទេ ​សូម្បី​តែ​លោក ម៉ៅ ផល​ ដែល​ធ្លាប់​ជា ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិខេត្ត​នៃ​គណបក្ស​សង្រ្គោះជាតិ ក៏​ត្រូវ​បាន​កាត់​សិទ្ធិ​នយោបាយ​ចំនួន​ ៥ឆ្នាំ​ផង​ដែរ។

អ្នកនាំពាក្យ​តំណាង​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​តាកែវ​ លោក ​លឹម សុខន ​មាន​ប្រសាសន៍​ថា នេះ​ជា​នីតិវិធី​របស់​តុលាការ ដោយ​មិន​ពាក់ព័ន្ធ​នឹង​សម្ពា​ធ​ ដើម្បី​ឲ្យ​មាន​ការ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។

គំនាបសង្កត់​ប្រឆាំង​នឹងការ​គោរពឆន្ទៈរាស្រ្ត

ក្រុមប្រឹក្សា​ស្រុក​កោះអណ្តែត​មក​ពី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ លោក​ ចាន់ លាភ ​អាយុ​៦៦ឆ្នាំ​ ជា​អតីត​ទាហាន​ម្នាក់ ​ដែល​មិន​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា ចំណាត់​ការ​របស់​តុលាការ​ គ្មាន​គោល​បំណង​អ្វី​ក្រៅ​ពី​បង្ខំ​ឲ្យ​មន្រ្តី​គណបក្ស​ទាំង​នោះ​ចុះ​ចូល​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «វា​អត់​ដាក់​គំនាបអីធ្ងន់ធ្ងរ​ទេ វា​មក​ចិត្តសាស្រ្ត​ អង្វរក ជា​យុទ្ធវិធី​បត់​បែន លួង​លោម។ វា​មិន​ឲ្យ​ចំណុច​ក្តៅ​មក​យើង​ទេ តែ​ដល់​ក្រោយ​ការ​រំលាយ​ហើយ​នេះ​ មាន​ការ​ដាក់​គំនាប​ ដូចជា​ឃុំ​ព្រៃ​ខ្លា​ហ្នឹង​ ពាក់ព័ន្ធ​នៅ​ជាប់​ពាក្យ​បណ្តឹង​ហ្នឹង វា​ដាក់គំនាប ​ដាក់ដីកា​នាំ​ខ្លួន​ ឲ្យ​ចូល បើ​មិន​ចូល ​ចាប់​ដាក់​គុក។ បើ​អញ្ចឹង​ ខ្ញុំ​គ្មាន​យុទ្ធ​វិធី​អី​ដោះ​ស្រាយ​ទេ ខ្ញុំ​សម្រប​សម្រួល​រក​វិធី​សាស្រ្ត​ ដើម្បី​ឲ្យ​មនុស្ស ដោះ​ខ្លួន​រួច​ពី​គុក ឲ្យ​ចុះ​ចូល​គេ​ទៅ ដើម្បី​បត់​បែន​ផ្ទៃ​ក្នុង ព្រោះ​មិន​មែន​ឲ្យ​ចូល​ដោយ​វា​ចង់​ទេ។ ពួក​អស់​ហ្នឹង មិន​ចង់​ចូល​សោះ»។

លោក​បញ្ជាក់​ថា អ្នក​ចុះ​ចូល​ភាគ​ច្រើន រង​គំនាប​ ដូចជា​ការ​ឃ្លាំមើល​ពី​សំណាក់​អាជ្ញាធរ​ និង​សមត្ថកិច្ច និង​គំនាប​ខាង​ផ្លូវ​តុលាការ​ជា​ដើម។

ក្រុមប្រឹក្សា​ស្រុក​កោះអណ្តែត​មក​ពី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ លោក ចាន់ លាភ អាយុ​៦៦ឆ្នាំ អង្គុយ​នៅ​ផ្ទះ​របស់​លោក​ក្នុង​ភូមិ​វត្តស្លា ឃុំ​ក្រពុំ​ឈូក ស្រុកកោះអណ្តែត​ ខេត្តតាកែវ។ លោកបាន​ប្រកាន់​ជំហរ​មិន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា បើ​ទោះ​មាន​ការ​លួងលោម បញ្ចុះ​បញ្ចូល​ក៏​ដោយ។ (ស៊ុន ណារិន/VOA)
ក្រុមប្រឹក្សា​ស្រុក​កោះអណ្តែត​មក​ពី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ លោក ចាន់ លាភ អាយុ​៦៦ឆ្នាំ អង្គុយ​នៅ​ផ្ទះ​របស់​លោក​ក្នុង​ភូមិ​វត្តស្លា ឃុំ​ក្រពុំ​ឈូក ស្រុកកោះអណ្តែត​ ខេត្តតាកែវ។ លោកបាន​ប្រកាន់​ជំហរ​មិន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា បើ​ទោះ​មាន​ការ​លួងលោម បញ្ចុះ​បញ្ចូល​ក៏​ដោយ។ (ស៊ុន ណារិន/VOA)

លោក ចាន់ លាភ ដែល​បាន​ចូលរួម​ជាមួយ​គណបក្ស​សម រង្ស៊ី តាំង​ពី​ឆ្នាំ១៩៩៧ មាន​ប្រសាសន៍​ថា ​លោក​មិន​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ បើ​ទោះ​ជា​លោក​ប្រឈម​នឹង​ការ​អូស​ទាញ​ពី​សំណាក់​មន្រ្តី​គណបក្ស​កាន់​អំណាច​ក៏​ដោយ។

លោកមាន​ប្រសាសន៍​ថា៖ «បើ​កុំ​ចោទ កុំ​រំលាយ​គណបក្ស​ខ្ញុំ​ចោទ​ថា ក្បត់​ជាតិ ខ្ញុំ​អាចនឹងសម្រប​សម្រួល​ការងារ​ហ្នឹង​កើត​ដែរ។ ប៉ុន​ខ្ញុំ​ខំ​តស៊ូមក​ ថា​ធ្វើ​នូវ​អំពើ​ល្អ ចូល​រួមក្នុងការ​អភិវឌ្ឍ ដើម្បី​សង្គមជាតិ ទី​បំផុត​មក​ចោទ​ខ្ញុំ​ថា​ក្បត់​ជាតិ ហើយ​ឲ្យ​ខ្ញុំ​ចូល​ទៅ​ មនុស្ស​ក្បត់​ជាតិ ចូល​ទៅ​អង្គុយនៅ​ជាមួយនឹង​គ្នា​ម៉េច​នឹង​កើត​ទៅ»។

លោក​បន្ត​ថា​ ក្រោយ​ការរំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្នាក់​ស្រុក បាន​ទាក់ទង​រូប​លោក ដោយ​អះអាង​ថា នឹង​រក្សា​តួនាទី និង​ប្រាក់​ខែ​របស់​លោក​ចំនួន​ ៧៥ម៉ឺន​រៀល​ ឲ្យ​នៅ​ដដែល ប្រសិន​បើ​ចុះ​ចូល។

ដោយសារ​ការ​បាត់​បង់​តំណែង​ក្រុមប្រឹក្សា​ស្រុក​នេះ ​លោក ​ចាន់ លាភ ​មាន​ប្រសាសន៍​ថា ​លោក​ពឹង​ផ្អែក​ជីវិត​លើ​ការ​ធ្វើ​ស្រែ​បន្តិច​បន្តួច​ និង​ការ​ជួយ​ផ្គត់​ផ្គង់​របស់​កូនៗ​ ដែល​ធ្វើ​ការ​ជា​កម្មករ​សំណង់​នៅ​ប្រទេស​ថៃ។

ចំណែក​លោក អ៊ុំ​ សំអឿន ​អាយុ​៤៨​ឆ្នាំ ជា​អតីត​ជំទប់​ទី​២នៃ​ឃុំ​ក្រពុំ​ឈូក​ ​ក្នុង​ស្រុក​កោះ​អណ្តែត​ដែរ​នោះ​ ក៏​មិន​បាន​សម្រេច​ចិត្ត​ចូល​ដែរ បើ​ទោះមានការ​បញ្ចុះ​បញ្ចូល​ជា​បន្តបន្ទាប់​យ៉ាង​ណា​ក៏ដោយ។ លោក​បញ្ជាក់​ថា លោក​គោរព​ឆន្ទៈ​រាស្រ្ត​ដែល​បាន​បោះឆ្នោត​ជូន​រូប​លោក។

លោក​មាន​ប្រសាសន៍​ថា៖ «ស្ថានភាព​ឥឡូវ​ហ្នឹង នៅ​បន្ត​អូស​ទាញមិន​ឈប់​ទេ ប៉ុន្តែ​ខ្ញុំ​ដាច់​ខាត​គឺ​ជំហរ មិន​អាច​ក្បត់​ឆន្ទៈ​ប្រជារាស្រ្ត​ខ្ញុំ​បាន​ទេ មិន​អាច​ចូល​ទៅ​ជាមួយ​គេ​បាន​ទេ ទោះ​បីយ៉ាងណា​ក៏​ដោយ ក៏​មិន​ត្រូវ​ទៅ​ដែរ អត់​ទេ»។

លោក អ៊ុំ​ សំអឿន អាយុ​៤៨​ឆ្នាំ ជា​អតីត​ជំទប់​ទី​២នៃ​ឃុំ​ក្រពុំ​ឈូក​ ​ក្នុង​ស្រុក​កោះ​អណ្តែត​ សម្រេច​ចិត្ត​មិន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​លោក​មិន​អាច​ក្បត់​ឆន្ទៈ​រាស្រ្ត​ដែល​បោះឆ្នោត​ឲ្យ​រូប​លោក​នោះ​ទេ។ (ស៊ុន ណារិន/VOA)
លោក អ៊ុំ​ សំអឿន អាយុ​៤៨​ឆ្នាំ ជា​អតីត​ជំទប់​ទី​២នៃ​ឃុំ​ក្រពុំ​ឈូក​ ​ក្នុង​ស្រុក​កោះ​អណ្តែត​ សម្រេច​ចិត្ត​មិន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​លោក​មិន​អាច​ក្បត់​ឆន្ទៈ​រាស្រ្ត​ដែល​បោះឆ្នោត​ឲ្យ​រូប​លោក​នោះ​ទេ។ (ស៊ុន ណារិន/VOA)

លោក​មាន​ប្រសាសន៍​ថា មុន​រំលាយ​គណបក្ស លោក​ត្រូវបាន​ទាក់ទង​ចំនួន៣ដង​ពី​សំណាក់​មន្រ្តី​គណបក្ស​ប្រជាជន​នៅ​ថ្នាក់​ឃុំ ដើម្បី​ឲ្យ​ចុះចូល​តែ​លោក​បាន​បដិសេធ​ជា​បន្ត​បន្ទាប់។

លោក​មាន​ប្រសាសន៍​ថា៖ «ពេល​ហ្នឹង​គេ​ថា មេឃុំ គេថា​មក​មក កុំ​នៅ។ ជៀស​អាលាយ​មិន​រួច​ទេ។ ខ្ញុំ​ថា​អ្ហេ​ខ្ញុំ​មិន​អាច​ទៅ​បាន​ទេ។ អាលាយ​ក៏​អាលាយ​ទៅ ពូ​ឯង​មិន​បាច់​មកទាក់ទង​ខ្ញុំ​អី​អញ្ចឹង​ទេ ឈប់​ណា។ ហើយ​គាត់​អ្ហេ​អានេះគ្នា​ឯង គាត់​ចេះ​តែ​ប្រាប់​ទៅឲ្យ​មកមក យក​ប្រាក់ខែ​ ប្រាក់​អី ​ស៊ី​ដដែល ហើយ​អំណាច​នៅ​ដដែល»។

គេច​ខ្លួន ដោយសារ​រង​ការ​គំរាមកំហែង​ឲ្យ​ចុះចូល

លោក ​ហ៊ន ឈោយ​ អាយុ​៦៥​ឆ្នាំ ​ជំទប់ទី ២​ ឃុំតាគ្រាម​ ស្រុកបាណន់ ​ខេត្ត​បាត់ដំបង ​បាន​កំពុង​រត់គេច​ខ្លួន ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២២ ​ខែវិច្ឆិកា​ ដោយសារ​តុលាការ​បាន​ចេញ​ដីកា​ឲ្យ​លោក​ចូល​ខ្លួន​ទៅ​តុលាការ​ ករណី​ជម្លោះ​ដី​ធ្លី​ជាមួយ​បងប្អូន​កាល​ពី​ឆ្នាំ២០១៤។ ​លោក​យល់​ថា ​ករណី​នេះ​បាន​បញ្ចប់​រួច​ទៅ​ហើយ តែ​តុលាការទើបតែចេញ​ដីកា​កោះ​ហៅ​នា​ពេល​នេះ។​ ដោយ​លោក​បាន​ឃើញ​មាន​ការ​ចាប់ខ្លួន​សកម្មជន​គណបក្ស​មួយ​រូប​ក្នុង​ឃុំ​តាគ្រាម ​ក្នុង​សំណុំ​រឿង​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា ឃាត​កម្ម ដូច្នេះ​លោក​បាន​សម្រេច​ចិត្ត​គេច​ខ្លួន។

លោក​មាន​ប្រសាសន៍​ថា៖ «គេ​ឲ្យ​ខ្ញុំ​ចុះ​ចូល​ រឿង​ហ្នឹង​គេ​ហ្នឹង​បញ្ចប់​អញ្ចឹង​។ ខ្ញុំ​ថា​អត់​ទេ ខ្ញុំ​អត់​មាន​បញ្ចប់​ទេ ព្រោះ​អី​រឿង​ខ្ញុំ វា​មិន​មែន​ដល់​ទោស​ព្រហ្មទណ្ឌ​ណា។ ខ្ញុំ​ដឹង​ថា​ ពួក​ហ្នឹង​វា​អត់​មាន​បំណង​ល្អ​នឹង​យើង​ទេ វា​កំពុង​តែ​ដាក់​សម្ពាធ​ហើយ ព្រោះ​អី​គាត់​ចាប់ ​សមាជិក​ខ្ញុំ​មួយ​ហើយ ​គាត់​ធ្លាក់​ឆ្នោត​ហើយ»។

​លោក​បាន​បញ្ជាក់​បន្ថែម​ថា៖​ «ប៉ុន​ខ្ញុំ​ថា​ បង​ប្អូនកុំ​បារម្ភ​ រឿង​ខ្ញុំ​ដាច់​ខាត ​អត់​ក្បត់​ឧត្តម​គតិ អត់​ក្បត់​បង​ប្អូន​ដែល​បោះឆ្នោត​ឲ្យ​សង្រ្គោះ​ជាតិ​ ឲ្យ​ខ្ញុំ​ទៅ​ចូល​គេ វា​ទាប​ថោក​ ខ្ញុំ​មិន​អាច​រស់​នៅ​ឃុំ​តា​គ្រាម​បាន​ទេ»។

លោក ជា ជីវ ​ជា​អតីត​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ខេត្ត​បាត់ដំបង​របស់គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន​កាត់សិទ្ធិ​នយោបាយ​ដែរ ​មាន​ប្រសាសន៍​ថា ​សមាជិក​របស់​លោក​ចំនួន​ពីរ​នាក់ ម្នាក់​បាន​ជាប់​បណ្តឹង​នៅ​តុលាការ ​ហើយ​ម្នាក់​ទៀត​រងការ​គាប​សង្កត់ ​ដោយសារ​កម្លាំង​សមត្ថកិច្ច​បាន​មក​ដល់​ផ្ទះ​ បាន​គេ​ច​ខ្លួន​ ដើម្បី​កុំ​ឲ្យ​ប្រឈម​នឹង​ការ​បង្ខំ​ឲ្យ​ចុះចូល។​ លោក​មាន​ប្រសាសន៍​ថា សមាជិក​ម្នាក់​ទៀត​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ និង​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​ឃាតកម្ម​ និង​បាន​ឃុំ​ខ្លួន​រូប​លោក ​ដោយសារ​លោក​ប្រកាន់​ជំហរ​តឹង​រ៉ឹង​មិន​ចុះ​ចូល។

លោក ​ជា ជីវ ​មាន​ប្រសាសន៍​ថា៖​ «អញ្ចឹង​ប្រព័ន្ធ​តុលាការ​គេ​កោះ​ហៅ ​គេ​កោះ​ហៅ​ឲ្យ​គាត់​នឹង​អញ្ជើញ​មក ​ហើយ​ខាង​គណបក្ស​កាន់អំណាច​នៅ​មូលដ្ឋានបាន​ជជែក​ជាមួយ​គាត់​ បើ​សិន​ជាមាន​ការ​ចុះ​ចូល​ អាហ្នឹង​ផ្លូវ​តុលាការ​ដោះ​ស្រាយ​បាន»។​ លោក​បញ្ជាក់​ថា​ សកម្មជន​រូប​នោះ​មិន​ព្រម​ចុះចូល​នោះ​ទេ​ ដោយសារ​លោក​យល់​ថា ​លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

ចុះចូល​ដោយ​អស់​ពី​ចិត្ត?

អ្នកវិភាគ​នយោបាយ ​លោក​ មាស នី​ យល់​ថាប្រសិន​បើ​មានការ​ចុះ​ចូល​ច្រើន​ នោះ​បង្ហាញ​ថា គណបក្ស​សង្រ្គោះជាតិ​មាន​ភាព​ទន់​ខ្សោយ។​ ទោះ​ជា​យ៉ាង​ណា​ លោក​បាន​ចោទ​ជា​សំណួរ​ទៅ​លើ​ការ​ចុះ​ចូល​ដោយ​ស្មោះត្រង់​ ដោយ​លោក​សង្កេត​ឃើញ​មាន​ការ​ដាក់​សម្ពាធ​តាម​ប្រព័ន្ធ​តុលាការ​នេះ។​

លោក​មាន​ប្រសាសន៍ថា៖​ «វា​មិន​ច្បាស់​ថា​ការ​ចុះ​ចូល​នេះ​ វា​នឹងបង្ហាញ​អំពីការ​ចុះ​ចូល​ទាំង​ចិត្ត ទាំងគំនិត ​ទាំង​បេះ​ដូច​១០០​ភាគរយ​ទេ​បាទ​ ដោយសារ​តែ​មាន​សម្ពាធ ​អញ្ចឹង​អ្នក​ខ្លះ​ក៏​ចូល​ដើម្បី​តែ​រួច​ខ្លួន។​ ប៉ុន្តែ​បេះដូង​គេ ​ទឹក​ចិត្ត​គេ​ វា​មិន​បាន​ទៅ​ជាមួយ​ណា»។

ស្លាកសញ្ញាមេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ឃុំព្រៃខ្លា ស្រុកកោះអណ្តែត​ ខេត្តតាកែវ (ស៊ុន ណារិន/VOA)
ស្លាកសញ្ញាមេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ឃុំព្រៃខ្លា ស្រុកកោះអណ្តែត​ ខេត្តតាកែវ (ស៊ុន ណារិន/VOA)

អ្នកស្រី ​ម៉េង សុភារី ​អតីត​ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត​ និង​នីតិកម្ម​នៃ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​កាត់​សិទ្ធិ​នយោបាយ​ដោយសារ​អ្នកស្រី​ជា​សមាជិក​គណៈកម្មាធិការ​នាយក​ មាន​ប្រសាសន៍​ថា ភាគ​ច្រើន​អ្នក​ដែល​ចុះ​ចូល ​គឺ​ដោយសារ​ពួកគេ​រង​ការ​គំរាម​កំហែង ​និង​រង​គំនាប​ ជា​បន្ត​បន្ទាប់។​ អ្នកស្រី​បញ្ជាក់​ថា ​មាន​តែ​ចំនួន​តូច​ប៉ុណ្ណោះ​ ដែល​ពួកគេ​ចុះ​ចូល ​ដើម្បី​រក្សា​តំណែង​ និង​ទទួល​លាភសក្ការៈ​មួយ​ចំនួន។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់គំនាប ​ដើម្បី​ឲ្យ​មាន​ការ​ចុះ​ចូល។​ លោក​បញ្ជាក់​ថា​ រាល់​ការ​ចុះ​ចូល​គឺ​ មាន​ការ​ស្ម័គ្រចិត្ត​ដោយ​ខ្លួន​ឯង។

ឧទាហរណ៍​មួយគឺ​លោក ​កែវ អ៊ាត ​និង​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ​ផ្សេង​ទៀត​នៅ​ក្នុង​ស្រុក​កោះ​អណ្តែត​ ដែល​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទោះជាលោក​ធ្លាប់​បាន​ប្រកែក​មិនចុះ​ចូលមែន​ តែ​ទីចុងបំផុត​ដោយសារ​សម្ពាធពី​តុលាការ​និង​ការរំខាន​ផ្សេងៗ​ លោក​បាន​ចូល​ប្តេជ្ញា​កាល​ពីថ្ងៃ​ទី​២៨ ​ខែវិច្ឆិកា​ជាមួយ​គណបក្ស​កាន់​អំណាច។​ នៅ​ចំពោះ​មុខ​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា លោក ​កែវ អ៊ាត ​បាន​ឡើង​ប្តេជ្ញា​តាម​សារ​សរសេរ​ដោយ​មន្រ្តី​គណបក្ស​ប្រជាជន​ថា លោក​សូម​ចុះ​ចូល​និង​ប្តេជ្ញា​គាំទ្រ​គណបក្ស​កាន់​អំណាច​ ដោយ​មិន​ងាករេនោះ​ទេ។

នៅ​ក្នុង​សំឡេង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ​កាល​ពី​សប្តាហ៍​មុន ​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន ​មាន​ប្រសាសន៍​ថា​ការ​ចុះ​ចូល​របស់​មន្រ្តី​ថ្នាក់​ក្រោម​គណបក្ស​សង្រ្គោះ​ជាតិ គឺ​ដើម្បី​កុំ​ឲ្យ​ពួក​គេប្រមូល​ផ្តុំ​កម្លាំង ​និង​បង្កើត​បក្ស​ថ្មី ឬ​ក៏​ទៅ​ចូលរួម​ជាមួយ​បក្ស​សិទ្ធិ​មនុស្ស​ និង​ភ្លើង​ទៀន​ ដែល​ជា​សម្ព័ន្ធ​របស់​គណបក្ស​សង្រ្គោះ​ជាតិ។​ លោក​បន្ត​ថា ​សមាជិក​ក្រុមប្រឹក្សា​របស់​គណបក្ស​ប្រឆាំង​ មិន​អាច​ក្បត់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នោះ​ទេ​ ដោយសារ​ពួកគេ​នៅ​រយៈ​ពេល​យូរ​ មុន​នឹង​មាន​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ទៀត។

លោក​មាន​ប្រសាសន៍​ថា៖ «ហើយ​ពួកគេ​ចូលរួម​ជាមួយ​យើង​យ៉ាង​ស្មោះ​ស្ម័គ្រ ដើម្បី​ប្រមូល​កម្លាំង ដើម្បី​គាទ្រ​គណបក្ស​ប្រជាជន។​ ពី​មុន​គេ​ប្រមូល​កម្លាំង​គាំទ្រ​សង្រ្គោះជាតិ​ ឥឡូវ​ត្រូវ​ធ្វើ​ឲ្យ​ពួកគេ​គាំទ្រ​កម្លាំង​គាំទ្រ​គណបក្ស​ប្រជាជន​ ព្រោះ​ពួកគេ​នៅ​មាន​រយៈ​ពេល​ជិត​៥ឆ្នាំ​ទៀត​ ដូច្នេះ​ពួកគេ​មិន​អាច​ក្បត់​យើង​បាន​ទេ​ បើ​ក្បត់​យើង ក៏​យើង​ត្រូវ​ដក​គេ​ចោល​ដែរ។​ ប៉ុន្តែ​បើ​សិន​វា​នៅ​សេស​សល់​តិចតួច ​អាហ្នឹងគឺ​ជា​រឿង​មួយ​ ប៉ុន្តែ​គឺ​នៅ​រយៈ​ពេល​៥​ឆ្នាំ យើង​អាច​អប់រំគេ ​ទាក់​ទាញ​គេ ​ហើយ​ឲ្យ​ពួកគេ​សកម្ម ​ដើម្បី​យក​ពួកគេ​ប្រើប្រាស់ ដើម្បី​ទាញ​យក​កម្លាំង​ត្រឡប់មក​វិញ»។

បើតាម​ទិន្នន័យ​ដែល​ផ្តល់​ដោយ​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​២.៦០៣នាក់ ​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ​ក្នុង​នោះ​មាន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ចំនួន​ ៩នាក់ ក្រុងស្រុក​ចំនួន ​៧១​នាក់ មេឃុំ​ចៅ​សង្កាត់​ចំនួន ​៦៤នាក់​ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន ​៧៧២​នាក់ ​និង​បេក្ខជន​មិន​ជាប់​ឆ្នោត​ចំនួន​១.៦៣៤នាក់។

ក្នុង​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​កាលពី​ខែ​មិថុនា​កន្លង​ទៅ គណបក្ស​សង្គ្រោះ​ជាតិ​ ​ដណ្ដើម​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ចំនួន​៥០០៧ ​និង​ទទួល​បាន​តំណែង​ជា​មេឃុំ-ចៅ​សង្កាត់​ចំនួន​៤៨៩ ​ក្នុង​ចំណោម​១៦៤៦​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស ​និង​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ជាង​៣​លាន​សំឡេង៕​

XS
SM
MD
LG