ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ក្លាយ​ជា​គោលដៅ​បន្ទាប់​ នៃ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​លោក ​ហ៊ុន សែន


អង្គការ​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា​ដែល​ហៅ​កាត់​ថា CCHR បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ក្រសួង​មហាផ្ទៃ​ពិនិត្យ​មើល​លទ្ធភាព​​​​ផ្លូវ​​ច្បាប់​ ឈាន​ទៅ​បិទ​ទ្វារ​អង្គការ​នេះ ក្រោម​ហេតុ​ផល​ថា​អង្គការ​ក្នុង​​ស្រុក​ដ៏​សកម្ម​មួយ​នេះ​ត្រូវ​បាន​បង្កើត​ក្រោម​បញ្ជា​របស់​បរទេស។ (រូបថត​ Web screenshot)
អង្គការ​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា​ដែល​ហៅ​កាត់​ថា CCHR បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ក្រសួង​មហាផ្ទៃ​ពិនិត្យ​មើល​លទ្ធភាព​​​​ផ្លូវ​​ច្បាប់​ ឈាន​ទៅ​បិទ​ទ្វារ​អង្គការ​នេះ ក្រោម​ហេតុ​ផល​ថា​អង្គការ​ក្នុង​​ស្រុក​ដ៏​សកម្ម​មួយ​នេះ​ត្រូវ​បាន​បង្កើត​ក្រោម​បញ្ជា​របស់​បរទេស។ (រូបថត​ Web screenshot)

លោក​​ ហ៊ុន សែន​ បាន​ថ្លែង​​ថា ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​លោក​ កឹម សុខា​ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០០២ ត្រូវ​តែ​បិទ​ចោល ដោយសារ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​បញ្ជា​បរទេស។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR ដែល​បង្កើត​ឡើង​ដោយ​មេដឹកនាំ​បក្ស​ប្រឆាំង លោក ​កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ បាន​ក្លាយ​ជា​គោលដៅ​បង្ក្រាប​ចុងក្រោយ​ នៅ​ក្នុង​យុទ្ធនាការរបស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ​សែន ដើម្បី​បំបិទ​សំឡេង​រិះគន់​នានា​ ដែល​មាន​ឥទ្ធិពល​នៅ​កម្ពុជា។

គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក ​កឹម សុខា ត្រូវ​បាន​រំលាយ​ចោល​រួច​ទៅ​ហើយ ហើយ​សមាជិក​បក្ស​ជាន់ខ្ពស់​របស់​បក្ស​នេះ ក៏​ត្រូវ​បាន​ហាមឃាត់​ មិន​ឲ្យ​ធ្វើនយោបាយ​ដែរ ប៉ុន្តែ​យុទ្ធនាការ​បង្ក្រាប​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មិន​បង្ហាញ​ភាព​ស្រាកស្រាន្ត​ឡើយ។

​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ លោក ​ហ៊ុន សែន​ បាន​យក​មក​ប្រើ​ជាថ្មី​ទៀត​នូវ​ការ​អះអាង​អំពី​ផែនការ​ឃុបឃិត​ជាមួយ​បរទេស​ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​យក​មក​ប្រើ​ ដើម្បី​ចាប់​ដាក់​ពន្ធនាគារ គំរាមកំហែង និង​ដាក់​ឲ្យ​ខុស​ច្បាប់ រាល់​អ្នក​រិះគន់​រដ្ឋាភិបាល។

​លោក ហ៊ុន សែន​ បាន​ថ្លែង​ទៅ​កាន់​កម្មករ​កាត់​ដេរ​ថា ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​លោក​ កឹម សុខា​ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០០២ ត្រូវ​តែ​បិទ​ចោល ដោយសារ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​បញ្ជា​បរទេស។ លោក ​ហ៊ុន សែន ​បាន​មាន​ប្រសាសន៍​ថា៖

«វា​ឆ្ងាញ់​បំផុត​ត្រង់​ថា នែ! ​គេ​ឱ្យ​ខ្ញុំ​ធ្វើ​នេះ​ហ្អែ!​ ​គេ​ឱ្យ​ធ្វើ​អ៊ីចេះ!»។ ​ការ​ពិត​ អា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​[កម្ពុជា] ​នៅ​ទី​ក្រុង​ភ្នំពេញ អា​ហ្នឹង​ត្រូវ​តែ​បិទ​ចោល​ហ្អែ ​ព្រោះ​អា​ហ្នឹង​ធ្វើ​តាម​បរទេស​ណា ​អា​ហ្នឹង​គួរ​មើល ​ក្រសួង​មហាផ្ទៃ​មើល ​ព្រោះ​ថា​អា​ហ្នឹង​បរទេស​អ្នក​ឱ្យ​បង្កើត​ មិន​មែន​ខ្មែរ​អ្នក​ឱ្យ​បង្កើត​ទេ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ហ៊ាន សុជាតា/VOA)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ហ៊ាន សុជាតា/VOA)

ប្រតិកម្ម​ឆ្លើយ​តប​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា

​ប្រធាន​បច្ចុប្បន្ន​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​គឺ​អ្នកស្រី ចក់ សុភាព មិន​បាន​លើក​ទូរស័ព្ទ​ឆ្លើយ​តប​នឹង​ VOA កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​ទេ។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​សរសេរ​ថា៖

«ជា​ការ​ពិត​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ គឺ​ជា​ស្ថាប័ន​មួយ​នៅ​ប្រទេស​កម្ពុជា​ ដែល​ធ្លាប់​ប្រឈម​នឹង​ប្រតិកម្ម​តប​មក​វិញ​ពី​គណបក្ស​កាន់​អំណាច​ផង និង​គណបក្ស​ជំទាស់​ផង​ ដោយសារ​តែ​ការ​រិះគន់​ឈរ​លើ​គោលការណ៍​ច្បាស់លាស់​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចំពោះ​គោលនយោបាយ​ សកម្មភាព ឬ​ការ​លើក​ឡើង​ណា​មួយ​របស់​គណបក្សទាំង​នោះ។ ... មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្នុង​ករណី​ដែល​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ និង​ឥត​លម្អៀង​មក​លើខ្លួន នោះ​នឹង​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា»។​

សេចក្ដី​ថ្លែងការណ៍​ខាង​លើ​បាន​បន្ត​ថា៖

«មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ឲ្យ​មាន​កិច្ច​សន្ទនា​ប្រកប​ដោយ​អត្ថន័យ​ជាមួយ​នឹង​តំណាង​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ជុំវិញ​ការ​ចោទប្រកាន់​មិន​ត្រឹមត្រូវ​ទាំង​នេះ ក្នុង​ស្មារតី​ច្បាស់លាស់​មួយ​ថា ការ​យល់​ខុស​ណាមួយ​ចំពោះ​ការ​បំពេញ​ការងារ និង​អព្យាក្រឹតភាព​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អាច​នឹង​ត្រូវ​បំភ្លឺ​ឲ្យ​ច្បាស់ និង​ឈាន​ទៅ​ដល់​ការ​ដោះស្រាយ​មន្ទិល​ទាំង​នេះ ដោយ​ការ​យោគយល់​គ្នា»។

សេចក្ដី​ថ្លែងការណ៍​ដដែល ក៏​បាន​លើក​ឡើង​ពីភាព​ចម្រុះ​នៃ​កម្មវិធី​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​រួម​មាន ការ​អប់រំ​ផ្នែក​សិទ្ធិ​មនុស្ស ការ​ជួយ​ជ្រោមជ្រែង​សំឡេង​របស់​សហគមន៍​នៅ​ជនបទ ដែល​រង​ការប៉ះពាល់​ពី​ជម្លោះ​ដីធ្លី និង​ការ​លើកកម្ពស់​សមភាព​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា។

អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក​ អ៊ូ វីរៈ បាន​និយាយ​ថា សាធារណជនពិបាក​នឹង​ជឿពី​ផែនការ​ឃុបឃិត​ផ្ដួល​រំលំ​រដ្ឋាភិបាល​ណាស់ ដោយសារ​តែ​សាធារណជន​ភាគ​ច្រើន​ មាន​មតិ​វិជ្ជមាន​ទៅ​លើ​បស្ចិម​លោក ខណៈ​ដែល​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​បន្ទច់បង្អាក់​សេចក្ដី​ជឿ​ទុក​ចិត្ត នៅ​ពេល​ដែល​មាន​ការ​ចោទប្រកាន់​ណា​មួយពី​ការ​ឃុបឃិត​ជាមួយ​នឹង​បរទេស។

លោក ​អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​ថា៖.

«វា​មើល​ទៅ​ដូច​ជា​ វិធានការ​ទាំងអស់​សង្ឃឹម ​ដើម្បី​បន្ត​កាន់​អំណាច​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ រាល់ពេល​ដែល​គាត់​បិទ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដូច​ជា​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ ជាដើម គាត់​នឹង​ទាញ​បាន​ការ​រិះគន់​ និង​ការ​ខក​ចិត្ត​កាន់តែ​ច្រើន​ឡើង​ពី​សាធារណជន​ខ្មែរ»។

រូបឯកសារ៖ លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ​ (ហ៊ុល រស្មី/VOA) ​
រូបឯកសារ៖ លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ​ (ហ៊ុល រស្មី/VOA) ​

លោក​ អ៊ូ វីរៈ​ ​បាន​បន្ថែម​ថា៖​

«វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​មើល​ទៅ​លើ​ហេតុផល​អ្វី បាន​ជា​គាត់​ចង់​ធ្វើ​អី​ចឹង​នៅ​ពេល​ឥឡូវ​នេះ។ ជា​យុទ្ធសាស្ត្រ​ វា​មិន​មាន​ន័យ​អ្វី​ទាល់​តែ​សោះ ក្នុងការ​បិទ​អង្គការ​ដូច​ជា​ CCHR​នេះ»។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន​ បាន​ប្រាប់​ VOA ថា​ការព្រួយបារម្ភ​ពី​សំណាក់​ក្រុម​អង្គការ​គាំពារ​សិទ្ធិមនុស្ស​ ជុំវិញ​ការ​តម្រង់​គោលដៅ​លើ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា គឺ​ជា​ការ​បង្ហាញ​ការ​គាំទ្រ​គណបក្ស​ប្រឆាំង ដែល​នៅ​ពេល​ត្រូវ​បាន​រំលាយ​ចោល​រួច​ទៅ​ហើយ។

លោក​ សុខ ឥសាន​ បាន​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​យល់​ថា​ ដូច​ជា​គ្មាន​បញ្ហា​អី​ពាក់​ព័ន្ធ​ជាមួយ​នឹង​ឯករាជ្យ​ភាព​ និង​អធិបតេយ្យ​កម្ពុជា​ដែល​ទទួល​យក​ការ​និយាយ​របស់​គាត់​ទេ​បាទ​ គឺ​កម្ពុជា​ជា​ ប្រទេស​ឯករាជ្យ​ និង​អធិបតេយ្យ​ គឺ​ថា​ យើង​ធ្វើ​អ្វី​ត្រូវ​ផ្អែក​ទៅ​លើ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​អនុវត្ត​នីតិរដ្ឋ​នៅ​កម្ពុជា​បាទ។ អត់​មាន​ប៉ះពាល់​ដល់​ប្រទេស​ណា​ទេ​ យើង​ធ្វើ​តែ​ក្នុង​ក្រប​ខណ្ឌ​ប្រទេស​យើង»។

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា ​(ហ៊ាន​ សុជាតា​/ VOA​)
រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា ​(ហ៊ាន​ សុជាតា​/ VOA​)

លោក​បាន​បន្ថែម​ថា៖

«ហើយ​ចំពោះ​ការណ៍​ដែល​ពិនិត្យ​លទ្ធភាព​នូវ​អង្គការ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អា​ហ្នឹង​យើង​ត្រូវ​មើល​អង្គហេតុ​ និង​អង្គច្បាប់​ឲ្យ​បាន​ច្បាស់​លាស់។​ ហើយ​បើ​សិន​ណា​ជា​អង្គហេតុ​ អង្គ​ច្បាប់​ច្បាស់​លាស់​ហើយ​បាន​នែ៎​មាន​ពិរុទ្ធភាព​ ជាក់​ស្ដែង​ហើយ ​អា​ហ្នឹង​គឺ​ថា​ យើង​មិន​អាច​ទុក​បាន​ទេ។ អា​ហ្នឹង​វា​ត្រូវ​តែ​អីចឹង»។​

ការ​បង្ក្រាប​បាន​រីក​សាយភាយ

អ្នកស្រី Naly Pilorge នាយិកា​អង្គការ​ការពារ​សិទ្ធិ​មនុស្សលីកាដូ (Licadho) បាន​មាន​ប្រសាសន៍ថា ការ​គំរាមកំហែង​បិទ​អង្គការ​នានា​ គឺ​គួប​ផ្សំ​ជាមួយ​នឹង​វិធានការ​ត្បិតត្បៀត​ផ្សេងៗ​ដូចជា ការ​បញ្ជា​ពី​ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ទី០៤ ខែ​សីហា ទៅ​កាន់​អាជ្ញាធរ​តាម​ខេត្ត​ ដើម្បី​ធានា​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ បញ្ជាក់​ប្រាប់​ពួកគេ​មុន​នូវ «រាល់​សកម្មភាព​ផ្សេងៗ» ដែល​អង្គការ​ទាំង​នោះ​រៀបចំ​ធ្វើ។

អ្នកស្រី​ បាន​មាន​ប្រសាសន៍​ថា៖

«អ្នក​ដឹង​ហើយ​ថា ទោះ​បី​ជា​យើង​ មិន​បិទ​ទ្វារ​ក៏ដោយ ហើយ​ដូច​នឹង​ករណី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ភាគច្រើន​ទៀត​ដែរ បរិយាកាស​គឺ​ លំបាក​ខ្លាំង។ មាន​ការ​រឹត​ត្បិត​យ៉ាង​ខ្លាំង​ មិន​ត្រឹម​តែ​ទៅ​លើ​អ្វី​ដែល​យើង​និយាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទៅ​លើ​អ្វី​ដែល​យើង​ធ្វើ​ទៀត​ផង។ ខ្ញុំ​មាន​និយាយ​ថា ការណ៍​នេះ ​ប៉ះពាល់​សង្គម​ទាំង​មូល។ ដូច្នេះ វា​ដូចជា​ធ្ងន់ធ្ងរ​ដែរ»។

អ្នក​ស្រី Naly Pilorge បន្ត​ថា មិន​ត្រឹម​តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ដែល​ជា​គោលដៅ​នៃ​ចំណាត់​ការនេះ ប៉ុន្តែ​ថែម​ទាំង​អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​ធម្មតា​ផង​ដែរ ក៏​ត្រូវបាន​ចាប់​ដាក់​ពន្ធនាគារ​ ចំពោះ​ការ​សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ពួកគេ។

នៅ​ខែ​នេះ អ្នកសារព័ត៌មាន​ពីរ​រូប គឺ​លោក ​យាង សុធារិន និង​លោក ​អ៊ួន ឈិន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បន្ត​ធ្វើការ​ឲ្យ​វិទ្យុ​អាស៊ី​សេរី បន្ទាប់​ពី​វិទ្យុ​នេះ​បាន​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ក្រុង​ភ្នំពេញ កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ។ តុលាការ​បាន​ចាត់​ទុក​ទង្វើ​របស់​អ្នកសារព័ត៌មានខាង​លើ​នេះ ស្មើ​នឹង​អំពើ​ចារកម្ម។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​Human Rights Watch បាន​និយាយ​ថា ការ​វាយប្រហារ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​លើ​បក្ស​ប្រឆាំង លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​លើ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស គឺ «កៀក​នឹង​ចំណុច​មួយ ដែល​មិន​អាច​វិល​ត្រលប់​ក្រោយ​វិញ​បាន»។

សេចក្ដី​ថ្លែងការណ៍​បាន​សរសេរ​ថា៖

«សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​ បាន​គំរាមកំហែង​ចាត់​វិធានការជាក់ស្ដែង​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្ក្រាប ប៉ុន្តែ​ពួកគេ​គួរ​តែ​ធ្វើ​លើស​ពី​នេះ​ទៀត។ ប្រទេស​ម្ចាស់​ជំនួយ និង​ដៃគូ​ពាណិជ្ជកម្ម​ រួម​មាន​ អូស្ត្រាលី និង​ជប៉ុន ក៏​គួរ​តែ​ដាក់​ទណ្ឌកម្ម​ជាក់លាក់​នានា ដូចជា ការ​ផ្អឹប​ទ្រព្យសម្បត្តិ និង​បម្រាម​លើ​ការ​ធ្វើ​ដំណើរ ទៅ​លើ​លោក​ ហ៊ុន សែន និង​សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​ជា កងកម្លាំង​ប្រដាប់​អាវុធ»។

លោក​ កឹម សុខា បាន​ជាប់​ពន្ធនាគារ​នៅ​ថ្ងៃ​ទី០៣ ខែ​កញ្ញា​កន្លង​ទៅ​នេះ ពី​បទ​ចោទ​ប្រកាន់​ពី​អំពើ​ក្បត់ជាតិ និង​កំពុង​រង់ចាំ​ការ​ជំនុំជម្រះ​ទោស។ លោក​ កឹម សុខា ​បាន​លាឈប់​ពី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជានៅ​ឆ្នាំ ២០០៧ ដើម្បី​បន្ត​អាជីព​នយោបាយ​របស់​លោក ដែល​ដំបូង​ឡើយ​ លោក​បាន​ធ្វើ​ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG