ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​បន្ត​សវនាការ​វន់ ពៅ​និង​កម្មករ​តវ៉ា​នៅ​រោងចក្រ​យ៉ាកជីង


ក្រុម​បាតុករ​កាន់ផ្ទាំង​បដា​​ដែល​សរសេរ​ថា «ដោះលែង​លោក វន់ ពៅ និង​អ្នកទាំង​២០នាក់​ផ្សេង​ទៀត»​នៅ​ខាង​មុខ​​សាលា​ឧទ្ធរណ៍ ក្នុង​ការផ្តុំ​គ្នា​តវ៉ា​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។
ក្រុម​បាតុករ​កាន់ផ្ទាំង​បដា​​ដែល​សរសេរ​ថា «ដោះលែង​លោក វន់ ពៅ និង​អ្នកទាំង​២០នាក់​ផ្សេង​ទៀត»​នៅ​ខាង​មុខ​​សាលា​ឧទ្ធរណ៍ ក្នុង​ការផ្តុំ​គ្នា​តវ៉ា​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។
តុលាការ​រាជធានីភ្នំពេញ​ បាន​បើកសវនាការលើ​សំណុំរឿង​អំពើ​ហិង្សា​នៅ​រោងចក្រ​យ៉ាកជីង ​បន្តទៀត​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​មាន​ជន​ជាប់​ចោទ​ វន់ ពៅ ​និង​កម្មករ​ដទៃ​បាន​ឆ្លើយ​ប្រាប់​អង្គសវនាការ​ថា ​ក្រុម​យោធា​ឆ័ត្រ​យោង​ជា​អ្នក​ប្រព្រឹត្ត​ហិង្សា​មក​លើ​ពួកគេ។

សវនាការ​នេះ​ បាន​ធ្វើ​ឱ្យ​អ្នក​តាម​ដាន​សិទ្ធិ​មនុស្ស​មាន​ការ​ខក​ចិត្ត ​និង​មិន​សង្ឃឹម​ថា​ទទួលបាន​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ទេ​ នៅ​ពេល​ដែល​សំណួរ​សំខាន់ៗ​របស់​មេធាវី​ការពារ​ជន​ជាប់​ចោទ​ត្រូវ​ចៅក្រម​ជំនុំ​ជម្រះ​សង្កត់​ជាប់។

លោក​ វន់ ពៅ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​ប្រាប់​តុលាការ​ថា​ លោក​ត្រូវ​បាន​កងទាហានឆ័ត្រ​យោង​៩១១​វាយ​នឹង​បំពង់ទីប​រហូត​ដល់​បែក​ក្បាល​ហូរ​ឈាម។​ បន្ទាប់​ពី​បាន​សម្លុត​គំរាម​កំហែង​បាញ់​សម្លាប់​លោក​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​បង្ក្រាប​បាតុកម្ម​ដោយ​អំពើ​ហិង្សា​មួយ​នៅ​រោង​ចក្រ​យ៉ាក​ជីង​កាល​ពី​ដើ​ខែមករា។​

ស្ថិត​ក្នុង​សម្លៀក​បំពាក់​ជាអ្នក​ទោស​ លោក​ វន់​ ពៅ​ អាយុ​៣៤​ឆ្នាំ​បាន​បញ្ជាក់​ថា​លោក​មិន​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​ជាមួយ​ក្រុម​កម្មករ​ទេ​គឺ​គ្រាន់​តែ​បាន​ឃ្លាំ​មើល​ការ​ធ្វើ​បាតុកម្ម​តែ​ប៉ុណ្ណោះ។​ លោក​មាន​ប្រសាសន៍​តាម​ការ​សាក​សួរ​របស់​លោក​កែវ មុន្នី​ ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​និង​តំណាង​អយ្យការ​ថា​លោក​បាន​ឮ​ទាហាន​កង​ទ័ព​ឆ័ត្រ​យោង​៩១១​បាន​ប្រើប្រាស់សំដី​មិន​សម​រម្យ​ទៅ​លើ​ព្រះសង្ឃ​និង​ក្រុមកម្មករ​ដែលឈរ​ទាមទារ​ឱ្យ​ដំឡើង​ប្រាក់​ខែ​ឱ្យ​បាន​ដល់​១៦០​ដុល្លា​ក្នុង​មួយ​ខែ។​

លោក​ វន់ ពៅ​ និង​ក្រុម​កម្មករ​ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់​ចំនួន​១០​នាក់​ត្រូវ​បាន​កង​ទ័ព​ឆ័ត្រ​យោង​៩១១​បាន​វាយ​ឱ្យ​រង​របួស​ដោយ​ចោទ​ប្រកាន់​ថា​ «ពួកគេ​បាន​ចូល​រួម​ធ្វើ​បាតុកម្មនិង​ញុះ​ញង់ក្រុម​កម្មករ​ឱ្យ​ប្រើ​ប្រាស់​អំពើ​ហិង្សា»។​

លោក​ វន់ ពៅ​បាន​ប្រាប់​តុលាការ​ថា​វត្តមាន​របស់​លោក​នៅ​ពេល​នោះ ​គឺ​បាន​អំពាវនាវ​តាម​ឧគ្ឃោសនសព្ទ​បំពង​សំឡេង​ថា ​«យើង​ជាខ្មែរ​ដូច​គ្នា​ទេ​សូម​កុំ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ធ្វើ​អ្វី»។

​ការ​អង្វរ​របស់​លោក​វន់ ពៅ​មិន​ត្រឹម​តែ​មិន​ទទួល​បាន​លទ្ធផល​ទេ​តែ​ត្រូវ​បាន​កង​ទ័ព​ឆ័ត្រ​យោង​៩១១​វាយ​ឱ្យ​រង​របួស។​

សវនាការ​ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​អង្គារនេះ​តុលាការ​បាន​បញ្ចប់​ការសាក​សួរ​ជនជាប់​ចោទ​ទាំង​១០​នាក់​បន្ទាប់​ពី​សវនាការ​បាន​អូស​បន្លាយ​ពេល​ជាច្រើន​លើករួច​មក​ហើយ។​

បន្ទាប់​ពី​បាន​បញ្ចប់​សវនាការ​លោក​ កែវ មុន្នី​ ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​បាន​ប្រកាស​ថា​សវនាការ​នឹង​បន្ត​នៅ​ថ្ងៃ​ពុធ​ស្អែក​ទៀតដោយ​គ្រោង​នឹង​បន្ត​សាក​សួរ​សាក្សី​ទាំង​ដើ​មចោទនិងសាក្សីចុង​ចោទ​បន្ថែម​ទៀត។​

នៅ​ក្នុង​បន្ទប់​សវនាការ​ជនជាប់​ចោទ​ដែល​បាន​សាក​សួរ​បន្ត​មាន​លោក​ ចាន់​ ពុទ្ធិស័ក​ សកម្ម​ជន​ដី​ធ្លី​នៅ​តំបន់​បឹង​កក់​និង​លោក​ ថេង សាវឿន​ អ្នក​សម្រប​សម្រួល​លេខាធិការដ្ឋាននៃ​អង្គការ​សម្ព័ន្ធ​សមាគមកសិករ​កម្ពុជា ​សុទ្ធ​តែ​បាន​ឆ្លើយ​អះអាង​ថា ​កង​ទ័ព​ឆ័ត្រ​យោង​ប្រដាប់​ដោយ​ខែល​ ដំបង​ឈើ​ ដែក​បំពង់​ទីប​ និង​ ជំពាម​កៅ​ស៊ូ​បាន​វាយ​ដំ​ពួកគេ​រហូត​ដល់​បែក​ក្បាល​ហូរ​ឈាម។ ប៉ុន្តែ​នៅ​ពេល​ដែល​មេធាវី​ការពារ​ក្តី​និង​ជន​ជាប់​ចោទ​ព្យាយាម​លើក​យក​ហេតុផល​អំពី​កង​ទ័ព​ឆ័ត្រ​យោង​៩១១​ប្រើ​ប្រាស់​អំពើ​ហិង្សា​មក​លើក​ពួកគេ ​គឺជាញឹក​ញាប់​ត្រូវ​បាន​លោក​ចៅ​ក្រម​និង​ព្រះរាជ​អាជ្ញា​បាន​កាត់​និង​រារាំង​មិន​ឱ្យ​តាំង​សំណួរ​ទាំង​នេះ​ទេ។​

លោក​ អំ សំអាត​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្គការ​សមាគម​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​បានតាម​ឃ្លាំ​មើល​ដំណើរ​ការ​សវនាការ​ពេញ​មួយ​ថ្ងៃ​នេះ​បាន​អះអាង​ថា​លោក​គ្មាន​ជំនឿ​ថា​តុលាការ​អាច​រក​យុត្តិធម៌​ចំពោះ​ជន​ជាប់​ចោទ​ទាំង​២៣​នាក់​បាន​ទេ។​

លោក​និយាយ​ថា៖​

«ឃើញ​ក្នុង​អង្គសវនាការ​នេះ​បាន​ខ្ញុំ​គិត​ថា​ភាព​យុត្តិធម៌​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ហ្នឹង​វា​នៅ​ឆ្លាយ​ពេក​ដោយ​សារ​តែ​ រឿង​ហ្នឹង​គឺ​គឺ​ផ្អែក​ទៅ​លើ​តែ​ស្ថាន​ភាព​នយោបាយ ​មិន​បាន​គិត​គូរ​ពី​គោល​ការណ៍​នៃ​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់​គោល​ការណ៍​យុត្តិធម៌​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ទេ»។​

ក្រុម​ជន​ជាប់​ចោទ​ទាំង​២៣​នាក់​ក្រោយ​ពី​បាន​បញ្ចប់​សវនាការ​ក្រុម​អ្នក​សារ​ព័ត៌មាននិង​អ្នក​សង្កេត​ការណ៍​សិទ្ធិមនុស្ស​ ​ត្រូវ​បាន​លោក​ព្រះ​រាជ​អាជ្ញា​ មាស ច័ន្ទ​ពិសិដ្ឋ​ និង​ លោក​ចៅ​ក្រម កោ វណ្ឌីបានបណ្តេញ​ចេញ​ពី​ក្នុង​បរិវេណ​តុលាការ​មិន​អនុញ្ញាត​ឱ្យ​សាក​សួរ​ជន​ជាប់​ចោទ​ដូច​សវនាការ​លើក​មុនៗ​ទេ។​

លោក​ស្រី​ ប្រាក់ សុវណ្ណារី​ ភរិយា​លោក​វន់ ពៅ​ បាន​ប្រាប់​អ្នក​កាសែត​នៅ​ខាង​ក្រៅ​អគារ​ របង​តុលាការ​ថា​អ្នកស្រី​មិន​រំពឹង​ថា​តុលាការ​និង​ផ្តល់​យុត្តិធម៌​ដល់​ស្វាមី​លោក​ស្រី​ទេ​បើ​ទោះ​បី​ជាក្នុង​អង្គ​សវនាការ​តុលាការ​មិន​បាន​រក​ឃើញ​ភស្តុតាង​ដើម្បី​ដាក់​បន្ទុក​លោក​វន់ ពៅ​ក៏​ដោយ។​

លោក​ស្រី​និយាយ​ថា៖

​«​ ប្រសិន​បើ​គេមិន​មាន​គំនាប​ទេ​គឺ​ស្វារមី​ខ្ញុំ​ព្រម​ទាំង​អ្នក​ទាំង​២០​នាក់​នឹងរួច​ខ្លួន។​ហើយ​ខ្ញុំ​ក៏សប្បាយ​ចិត្ត​ខ្លះ​ដែរ​ដោយ​សារ​តែ​ម្តង​នេះ​សវនាការ​មិន​ពន្យាពេល​រហូត​ដល់​កន្លះ​ខែ​ដូច​រាល់​ដង​ដែល​សវនាការ​បន្ត​នៅ​ថ្ងៃ​ស្អែក​ទៀត»។​

នៅ​ខាង​ក្រៅ​អគារ​តុលាការ​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រដាប់​ដោយ ​អាវុធ​ស្វ័យ​ប្រវត្តិ​ រថយន្ត​បាញ់​ទឹក​ ខែល​ និង​ តំបង​ឆក់​ជាច្រើន​រយ​នាក់​បាន​ដាក់​របាំង​ការពារ​មិន​ឱ្យ​ក្រុម​អ្នក​តវ៉ា​ចូល​ដល់​ខាង​មុខ​បរិវេណ​អគារ​តុលាការ​ទេ។​

សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​និង​និង​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា​យ៉ាង​តិច​មាន​មនុស្ស​ចំនួន​៤​នាក់​បាន​រង​របួស​តិច​តួច​នៅ​ពេល​មាន​ការប៉ះ​ទង្គិច​គ្នា​រវាង​ព្រះ​សង្ឃ​និង​កងកម្លាំង​សមត្ថកិច្ច៕
XS
SM
MD
LG