ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​អាមេរិក​ចាប់​ផ្តើម​ចុះ​ស៊ើប​អង្កេត​អំពើ​ហិង្សា​ក្នុងបាតុកម្ម​របស់​កម្មករ


ប៉ូលិស​ដាក់​លួស​បន្លា​ឃាំង​កម្មករ​រោងចក្រ​កាត់ដេរ (ស្តាំ) នៅ​ក្បែរ​អគារ​ទីស្តី​ការគណៈ​រដ្ឋមន្រ្តី ក្នុង​ពេល​ការប្រមូលផ្តុំ​មួយ ដើម្បី​ទាមទារ​តម្លើង​ប្រាក់ខែ​ពី ៨០ដុល្លារ​ក្នុង​មួយ​ខែ​ដល់ ១៦០ ដុល្លារ ក្នុង​មួយ​ខែ នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៣។
ប៉ូលិស​ដាក់​លួស​បន្លា​ឃាំង​កម្មករ​រោងចក្រ​កាត់ដេរ (ស្តាំ) នៅ​ក្បែរ​អគារ​ទីស្តី​ការគណៈ​រដ្ឋមន្រ្តី ក្នុង​ពេល​ការប្រមូលផ្តុំ​មួយ ដើម្បី​ទាមទារ​តម្លើង​ប្រាក់ខែ​ពី ៨០ដុល្លារ​ក្នុង​មួយ​ខែ​ដល់ ១៦០ ដុល្លារ ក្នុង​មួយ​ខែ នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៣។

កាល​ពី​ដើម​សប្តាហ៍​នេះ មេធាវី​មួយ​ក្រុម​មក​ពី​សហ​រដ្ឋ​អាមេរិក​របស់​ក្រុម​ហ៊ុន​ ដែល​មាន​ភាគ​ហ៊ុន​ជា​មួយ​រោងចក្រ​យ៉ាកជីង​ បាន​ចាប់​ផ្តើម​ចុះ​ស៊ើប​អង្កេត​នៅ​រោងចក្រ​យ៉ាកជីង​ ដែល​មាន​អំពើ​ហិង្សា​ដ៏​រំជើប​រំជួល​កាល​ពី​ដើម​ខែ​មករា។ ​ក៏ប៉ុន្តែ ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​មិន​បាន​ចេញ​ផ្សាយ​ឲ្យដឹង​ជា​សារធារណៈ​ទេ។​

រោងចក្រ​យ៉ាកជីង​ ដែល​មាន​ម្ចាស់ភាគ​ហ៊ុន​មកពី​ប្រទេស​កូរ៉េ​ខាង​ត្បូង ​ត្រូវ​បាន​អ្នក​ជំនាញ​សិទ្ធិ​ការងារ​អន្តរជាតិ​ ដែល​ត្រូវ​បាន​ជួល​ដោយ​ភាគី​ម្ចាស់ភាគ​ហ៊ុន​មួយ​ផ្សេង​ទៀត ​មក​ធ្វើ​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ ក្រោយ​ពី​មាន​អំពើ​ហិង្សា។​

ការ​ស៊ើប​អង្កេត​បាន​ចាប់​ផ្តើម​ដោយ​ធ្វើ​បទ​សម្ភាសន៍ជាមួយ​សាក្សី ​ដែល​ជា​កម្មករ​ និង​ថ្នាក់​ដឹក​នាំ​ក្នុង​រោងចក្រ​មួយ​ចំនួន​ ដើម្បី​ស្វែង​រក​មូលហេតុ​ពិត​ប្រាកដនៅពី​ក្រោយអំពើ​ហិង្សា​កាល​ពី​ដើម​ខែ​មករា។​

លោក​ជា មុន្នី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ មាន​ប្រសាសន៍ថា​ តំណាង​សហជីព​សេរី ត្រូវ​បាន​ក្រុម​មេធាវី​ចុះ​សម្ភាសន៍។​

លោក​បាន​បញ្ជាក់​ថា​ ការ​ស៊ើប​អង្កេត​នេះ​ជា​ដំណើរការ​ល្អ​មួយ​ ព្រោះ​ថា ​វា​នឹង​អាច​បញ្ចប់​រឿង​ទាក់ទង​នឹង​អំពើ​ហិង្សា​ទាំង​ឡាយ ​ដែល​បាន​កើត​មាន​ឡើង​នៅ​តាម​បណ្តា​រោងចក្រ។​

លោក​បាន​បញ្ជាក់​ថា ​មាន​រោងចក្រ​ជា​ច្រើន​បាន​ជួល​ជន​ដៃ​ដល់​មក​ការពារ​និង​ហ៊ាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ ពេល​មាន​បាតុកម្ម​ផ្ទុះ​ឡើង។​

លោក​និយាយ​ថា៖​ «នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​មែន​តែ​រោងចក្រ​យ៉ាកជីង​ទេ​មាន​រោងចក្រ​ជាច្រើន​ទៀត​ ដែល​គេ​យក​ទាហ៊ាន​ទៅ​ការ​ពារ ​ហើយ​បើ​ប្រមូល​ទាហ៊ាន​ទាំង​អស់​ហ្នឹង​មក​គឺ​អត់​បាត់​ពី​៤០០​ទៅ​៥០០​នាក់​ទេ»។​

កាល​ពី​ដើម​ខែ​មករា ​ក្រុម​កម្មករ​រោងចក្រយ៉ាកជីង ​ដែល​មានទី​តាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខបួន​ បាន​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើងបាក់​បៀវត្ស​ឲ្យបាន​ដល់​១៦០​ដុល្លារក្នុង​មួយ​ខែ។​ ការ​ដឹក​នាំ​ធ្វើ​បាតុកម្ម​នេះ​បណ្តាល​ឲ្យមាន​ការ​វាយ​បង្ក្រាប​យ៉ាង​ធ្ងន់​ធ្ងរ​ពី​កង​ទ័ព​ឆ័ត្រ​យោង​៩១១។​

យ៉ាង​តិច​មាន​មនុស្ស​ចំនួន​ជាង​២០​នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ដោយរាប់​បញ្ចូលទាំង​លោក​វ៉ន់ ពៅ​ ប្រធាន​សមាគម​ឯករាជ្យ ​និង​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​ចាប់​ខ្លួន​ប្រមាណ​១៥​នាក់​រួម​ទាំង​ព្រះ​សង្ឃ។ ​ក៏​ប៉ុន្តែ​ក្រោយ​មក​ ព្រះ​សង្ឃ​ត្រូវ​បាន​ដោះ​លែង​មក​វិញ។

វីអូអេបាន​ព្យាយាម​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​លោកគង់ សុគន្ធា​ អ្នក​ឈរ​ឈ្មោះ​ឲ្យក្រុម​ហ៊ុន​រោងចក្រ​យ៉ាកជីង​ តែ​មិន​អាច​ស្នើ​អត្ថាធិប្បាយ​តាម​សារ​អេឡិច​ត្រូនិច​បានទេ​នៅ​ថ្ងៃ​សុក្រ​នេះ។​

លោក​ខែន លូ​ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ដែល​ហៅ​កាត់​ថា​GMAC ​មាន​ប្រសាសន៍ថា​ នេះ​ជាការ​ល្អមួយ​ដែល​ក្រុម​មេធាវី​មក​ពី​សហ​រដ្ឋ​អាមេរិក​បើក​ការ​ស៊ើប​អង្កេត​នៅ​រោងចក្រ​យ៉ាកជីង​ក្រោយពីមាន​អំពើ​ហិង្សា។​

លោក​និយាយ​ថា៖​ «អាហ្នឹង​ល្អ​តើ​ មាន​ន័យ​ថា ​អ្នក​វិនិយោគ​នៅ​ខាង​ក្រៅ​គាត់​ដឹង​ច្បាស់​ថា​ បញ្ហា​កើត​ហេតុ​មកពីអ្វី​ខាង​ណា​ធ្វើ​ខុស​ ខាង​ណា​ធ្វើ​ត្រូវ​ ខាង​ណា​ប្រើ​អំពើ​ហិង្សា»។​

វីអូអេបាន​ព្យាយាម​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពីលោក​ហេង សួរ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ តែ​មិន​អាច​ស្នើ​សុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ។

ទាក់ទង​នឹង​សំណុំ​រឿង​នៅ​រោងចក្រ​យ៉ាកជីង​នេះ​ ​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ចុង​ខែ​ឧសភា​បាន​ដោះ​លែង​ជនជាប់​ចោទ​ចំនួន​១០​នាក់​ឲ្យមាន​សេរីភាព​វិញ ​បន្ទាប់​ពី​បាន​ជាប់​ឃុំ​អស់​រយៈ​ពេល​ជាង​៤​ខែ៕

XS
SM
MD
LG