នៅខេត្តនេះ ជនជាតិភាគតិចវីហ្គើ (Uighurs) ចំនួន១លាន៥សែននាក់ ហើយនិងសហគមន៍កាន់សាសនាឥស្លាមផ្សេងៗទៀត ត្រូវបានគេប៉ាន់ស្មានថា បានត្រូវចាប់ឃុំឃាំងនៅក្នុងអ្វីដែលរដ្ឋាភិបាលក្រុងប៉េកាំងហៅថា «មជ្ឈមណ្ឌលហ្វឹកហាត់វិជ្ជាជីវៈ»។ សកម្មជនសិទ្ធិមនុស្សមានការព្រួយបារម្ភអំពីជំហរដ៏គគ្លើនរបស់ចិនបែបនេះ ហើយអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយបញ្ចប់ការធ្វើបាបអ្នកកាន់សាសនាឥស្លាមដោយធ្វើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសចិន។
អ្នកជំនាញនិយាយថា ចំណាត់ការនេះបង្ហាញថា ចិនបានចាប់ផ្តើមខិតខំធ្វើការដើម្បីធ្វើឲ្យលទ្ធិជ្រុលនិយមខុសច្បាប់ហើយថា ការណ៍នេះបង្ហាញថា ជាជ័យជម្នះនៃសង្គ្រាមឃោសនានៅពេលដែលប្រទេសជាច្រើន និងអង្គការសាសនាឥស្លាម នៅរក្សាស្ងៀមស្ងាត់អំពីការឃុំឃាំងមនុស្សដ៏ច្រើននេះ។
ទោះជាឯកសារសនោះអាចឲ្យចិនបង្ហាញការពិតក៏ដោយ ក៏ចិនមិនបាននិយាយថាតើមនុស្សប៉ុន្មាននាក់បានត្រូវឃុំខ្លួននៅក្នុងមជ្ឈមណ្ឌលទាំងនោះទេ។
ការវាយតម្លៃនៅបរទេសគឺថា មនុស្សជាង១លាននាក់បានត្រូវរដ្ឋាភិបាលចោទប្រកាន់ថា បានទាក់ទិននឹងអំពើជ្រុលនិយមនេះ។ ឯកសារស បានប្រាប់ឲ្យដឹងទៀតថាចាប់តាំងពីឆ្នាំ២០១៤មក ភេរវជនជិត១ម៉ឺន៣ពាន់នាក់បានត្រូវចាប់ខ្លួននៅក្នុងតំបន់ស៊ីនជាង។
ក្នុងចំណោមមនុស្ស១ម៉ឺន៣ពាន់នាក់នោះ អ្នកដែលត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់ដល់សង្គម នឹងត្រូវគេបញ្ជូនទៅកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈឬ អ្វីដែលក្រុមអង្គការសិទ្ធិមនុស្ស បានហៅថា ជំរំឃុំឃាំង បន្ទាប់ពីបានជាប់ពន្ធនាគាររួចហើយ។
ឯកសារសនោះបានប្រាប់ឲ្យដឹងទៀតថា អ្នកដែលបានស្គាល់សកម្មភាពជ្រុលនិយមហើយ ក៏ប៉ុន្តែ មិនទាន់បានប្រព្រឹត្តឧក្រិដ្ឋកម្មណាមួយឬត្រូវបានគេជឿជាក់ថា មានភាពគ្រោះថ្នាក់ខ្លាំងនៃការប្រើអំពើហិង្សាក៏ត្រូវបានគេរក្សាទុកនៅឯមជ្ឈមណ្ឌលបណ្តុះបណ្តាលនោះដែរ។
ឯកសារសនោះបានសន្និដ្ឋានថា តំបន់ស៊ីនជាង ជាសមរភូមិដ៏សំខាន់មួយរបស់ចិនដើម្បីតទល់នឹងភេរវកម្ម ហើយឯកសារសនោះពោលអះអាងទៀតថា គោលនយោបាយរបស់ខ្លួននៅក្នុងតំបន់នោះ បានធ្វើការរួមវិភាគទានដ៏ធំមួយដល់ការប្រយុទ្ធរបស់សាកលលោកប្រឆាំងនឹងលទ្ធិជ្រុលនិយម។
ក្រុមអង្គការសិទ្ធិមនុស្ស បានសម្តែងនូវការព្រួយកង្វល់អំពីជំហរដ៏គគ្លើនរបស់ចិន ដោយបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យប្រើការដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំងដើម្បីតបតការសង្កត់សង្កិនរបស់រដ្ឋាភិបាលចិនលើអ្នកកាន់សាសនាឥស្លាមនៅក្នុងតំបន់ស៊ីនជាង។
អង្គការសមាជវីហ្គើពិភពលោក បានរិះគន់យ៉ាងខ្លាំងដល់ឯកសារសនោះ ដោយបានហៅឯកសារសនោះថា មានចេតនាបំភ្លៃការពិត ហើយបានជជែកឲ្យហេតុផលថា ការឃុំឃាំងជនជាតិភាគតិចវីហ្គើជាងមួយលាននាក់ដោយការបង្ខំរបស់ចិន ជាការខុសច្បាប់។
លោក Dilxat Raxit អ្នកនាំពាក្យរបស់ក្រុមនិរទេសខ្លួនដែលមានទីស្នាក់ការនៅប្រទេសអាល្លឺម៉ង់បាននិយាយថា៖ «ការចោទប្រកាន់ដែលមានឈ្មោះនៅក្នុងឯកសារនោះ ជាការបង្កហេតុនិងខ្វះតម្លាភាព។ ជនជាតិភាគតិចវីហ្គើដែលត្រូវបានបង្ក្រាបនិងចាប់ខ្លួនដោយរដ្ឋអំណាចមូលដ្ឋានចិនមិនដែលបានទទួលការកាត់ទោសតាមនីតិវិធីមុនពេលពួកគេត្រូវបានកំណត់អត្តសញ្ញាណថាជាភេរវជនទេ។ ចិនមិនដែលបានផ្តល់ភស្តុតាងណាមួយដើម្បីគាំទ្រអ្វីដែលខ្លួនបានហៅថា សកម្មភាពភេរវកម្មនោះទេ»។
លោកបាននិយាយទៀតថា អ្នកដែលគេចោទប្រកាន់មិនមានមធ្យោបាយដើម្បីការពារខ្លួន ឬរួចផុតពីការចោទប្រកាន់ទេ។
យោងទៅតាមរបាយការណ៍នោះ ជ្រុលនិយមបានធ្វើការវាយប្រហាររាប់ពាន់ដងនៅក្នុងប្រទេសចិននៅរវាងឆ្នាំ១៩៩០ និងឆ្នាំ២០១៦។
លោក Raxit និយាយទៀតថា ការប្រឆាំងភេរវកម្មក្នុងតំបន់ស៊ីងជាងនៅប្រទេសចិន តំណាងឲ្យការខំប្រឹងប្រែងក្លែងក្លាយដែលបានធ្វើឡើងនៅក្នុងចំណោមក្រុមជនជាតិភាគតិច។
លោកបាននិយាយថា៖ «យើងជំរុញឲ្យសហគមន៍អន្តរជាតិកុំចាញ់បោកដោយការប៉ុនប៉ងរបស់ចិន តាមរយៈមធ្យោបាយការទូតឬឃោសនាអន្តរជាតិដើម្បីបិទបាំងគោលបំណងការពិតរបស់ចិនដោយការស្ថាបនាជំរំអប់រំនៅក្នុងតំបន់ស៊ីងជាង»។ លោកបានអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មប្រកបដោយប្រសិទ្ធិភាពហើយនិងបញ្ឈប់ការរំលោភសិទ្ធិមនុស្សរបស់ចិន។
លោកបានមានប្រសាសន៍ទៀតថា ប្រសិនបើចិនមិនមានអ្វីលាក់បាំងនោះទេ ចិនត្រូវតែអនុញ្ញាតជាបន្ទាន់ឲ្យអង្គការសហប្រជាជាតិបញ្ជូនក្រុមស៊ើបអង្កេតទៅកាន់តំបន់ស៊ីងជាង ជាការស្នើមួយដែលរដ្ឋាភិបាលក្រុងប៉េកាំងបានច្រានចោលក្នុងអំឡុងនៃសើរើពិនិត្យមើលរយៈពេល៥ឆ្នាំម្តងនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការស ប្រជាជាតិនៅក្នុងទីក្រុងហ្សឺណែវកាលពីសប្តាហ៍មុន។
នៅខាងក្រៅជំនួបរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនោះ លោក Le Yucheng អនុរដ្ឋមន្រ្តីការបរទេសចិនបានប្រាប់ពួកអ្នកយកព័ត៌មានថា រដ្ឋាភិបាលក្រុងប៉េកាំងអាចកាត់បន្ថយជាបណ្តើរៗនូវទំហំមជ្ឈមណ្ឌលអប់រំកែប្រែ ប្រសិនបើការប្រយុទ្ធប្រឆាំងភេរវកម្មនៅតំបន់ស៊ីងជាង បង្ហាញសញ្ញានូវភាពប្រសើរឡើង។
ក៏ប៉ុន្តែ លោកបាននិយាយទទូចថា ករណីសិទ្ធិមនុស្សទាំងនោះបានរាយការណ៍នៅក្នុងការពិនិត្យតាមដានមើលមិនមែនជាបញ្ហាសិទ្ធិមនុស្សទេ ក៏ប៉ុន្តែ បញ្ហាទាំងនោះទាក់ទិនទៅនឹងអធិបតេយ្យភាពនិងភាពត្រឹមត្រូវរបស់តុលាការចិន។ លោក Albert Ho ជាប្រធានអង្គការសម្ព័ន្ធភាពក្រុងហុងកុង បានឆ្លើយតបក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានមួយកាលពីថ្ងៃចន្ទថា៖ «ការណ៍នេះបង្ហាញពីការប៉ុនប៉ងរបស់ចិនដើម្បីការពារវិធានការណ៍ដ៏ឃោរឃៅរបស់ខ្លួននៅក្នុងគោលការណ៍រំលោភសិទ្ធិមនុស្ស។ ដូច្នេះ អ្នកដែលខំព្យាយាមស្វែងរកការពិត ត្រូវតែបង្ហាញថាការអត្ថាធិប្បាយរបស់ពួកមន្រ្តីចិននោះខុស។
លោក James Leibold ជាសាស្រ្តាចារ្យជំនួយខាងការសិក្សានយោបាយចិននិងអាស៊ីនៅឯសាកលវិទ្យាល័យ La Trobe បាននិយាយថា របាយការណ៍ថ្មីៗនេះបង្ហាញថា គ្រប់ផ្នែកនៃម៉ាស៊ីនឃោសនារបស់ចិន បានចាប់ផ្តើមមានប្រសិទ្ធភាពដើម្បីជួយផ្សព្វផ្សាយសាររបស់ខ្លួនគ្រប់កម្មវិធីទាំងអស់ដូចជាបណ្តាញព័ត៌មានសង្គមឬបណ្តាញព័ត៌មានរដ្ឋដោយមានគោលបំណងឈ្នះសង្គ្រាមឃោសនានៅតំបន់ស៊ីងជាង។
លោក Leibold បាននិយាយទៀតថា៖ «ខ្ញុំយល់ថា វាជាការប៉ុនប៉ងមួយដើម្បីបង្កើតការលើកឡើងប្រឆាំងតបតវិញដែលអាចជឿទុកចិត្តបាននិងទទួលយកបាន ដែលអាចត្រូវបានប្រើប្រាស់ដោយដៃគូពាណិជ្ជកម្មរបស់ចិនដើម្បីបន្ធូបន្ថយការកើនឡើងនូវការរិះគន់ពីសំណាក់អន្តរជាតិចំពោះការរំលោភសិទ្ធិមនុស្សដ៏ខ្លាំងធ្ងន់ធ្ងរមដែលកំពុងកើតមានឡើងនៅក្នុងតំបន់ស៊ីងជាងនៅពេលសព្វថ្ងៃនេះ»។
លោក Leibold បាននិយាយទៀតថា ជាអកុសល ប្រទេសចិននៅពេលបច្ចុប្បន្ននេះមានប្រៀបនៅពេលដែលប្រទេសមួយចំនួនតូច ក្រៅពីសហរដ្ឋអាមេរិកនិងប្រទេសខ្លះនៅអឺរ៉ុបដែលរិះគន់លើប្រទេសចិនយ៉ាងខ្លាំងនោះ។
ក្នុងពិភពឥស្លាម តួកគី ជាប្រទេសតែមួយគត់ដែលបាននិយាយរិះគន់ឥតសំចៃប្រឆាំងនឹងប្រទេសចិនចំពោះការធ្វើបាបជនជាតិភាគតិចវីហ្គើ និងជនជាតិភាគតិចកាន់សាសនាឥស្លាម។ ផ្ទុយទៅវិញ ព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីតនិងប្រទេសកាហ្សាក់ស្ថាន បានគាំទ្រជំហប្រឆាំងភេរវកម្មរបស់ចិន។
លោក Shih Chienyu ដែលរស់នៅក្រុងហុងកុងនិងជាអគ្គលេខាធិការនៃសមាគមការសិក្សាតំបន់អាស៊ីកណ្តាលនៅកោះតៃវ៉ាន់ បាននិយាយថា ឯកសារសនោះ ក៏បានជួយពន្យល់អំពីនិយមន័យដ៏ធំទូលាយរបស់ចិនអំពីអ្វីដែលខ្លួនចាត់ទុកថាជាពួកជ្រុលនិយម។ ការណ៍នេះរួមបញ្ចូលមិនត្រឹមតែអ្នកដែលត្រូវបានចោទប្រកាន់តាមផ្លូវច្បាប់ទេ ប៉ុន្តែក៏សម្រាប់អ្នកដែលគ្រាន់តែគិតទុកក្នុងចិត្ត។
លោក Shih បាននិយាយនៅក្នុងរបាយការណ៍កាលពីពេលថ្មីៗនេះថា ការណ៍នេះមានន័យថា អ្នកកាន់សាសនានៅតំបន់ស៊ីងជាងណាក៏ដោយ អាចត្រូវបានគេចាត់ទុកថា បានប្រព្រឹត្តអំពើជ្រុលនិយម ប្រសិនបើពាក្យសម្តីហើយនិងការអនុវត្តរបស់ពួកគេមិនបានធ្វើទៅតាមការបកស្រាយផ្លូវការរបស់រដ្ឋនិងការប្រតិបត្តិនៃការប្រៀនប្រដៅសាសនាឥស្លាមក្នុងប្រទេសចិន។
លោក Shih បាននិយាយទៀតថា៖ «សកម្មភាពនៃលទ្ធិជ្រុលនិយមរួមបញ្ចូលអ្វីៗស្ទើរទាំងអស់ រួមទាំងវិធីនិងខ្លឹមសារនៃការសូត្រធម៌ ការរៀបអាពាហ៍ពិពាហ៍និងបុណ្យសព ការទទួលបានទ្រព្យសម្បត្តិ សាសនា ប្រពៃណីនិងសៀវភៅសិក្សា។ អ្វីៗនៅក្នុងជីវភាពប្រចាំថ្ងៃ អាចស្ថិតនៅក្នុងប្រភេទដែលតម្រូវឲ្យមានការត្រួតពិនិត្យ»។
ទោះជាយ៉ាងណាក៏ដោយ លោក Shih បានសន្និដ្ឋានថា យុទ្ធសាស្រ្តរបស់ចិននៅក្នុងតំបន់ស៊ីងជាងដែលទាក់ទិននឹងការឃុំឃាំង ឬដាក់កម្រិតលើសេរីភាពរបស់បុគ្គល នឹងនាំឲ្យបរាជ័យដូចជាការឃុំឃាំងក្នុងទ្រង់ទ្រាយធំមិនត្រឹមតែមានការលំបាកដើម្បីការពារប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឲ្យមានការទោមនស្សដែលនៅទីបញ្ចប់នឹងមានការលំបាកដើម្បីលុបបំបាត់៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន