បើតាមរបាយការណ៍ថ្មីមួយរបស់សហរដ្ឋអាមេរិក ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃពុធ បានបង្ហាញថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសចិនមិនបានល្អប្រសើរជាងមុនទេកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្រសួងការបរទេសអាមេរិកក៏បានថ្កោលទោសប្រទេសអារ៉ាប៊ីសាអូឌីត នៅក្នុងសេចក្តីរាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនអំពីការរំលោភលើសិទ្ធិមនុស្សនៅទូទាំងពិភពលោកផងដែរ។
ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ត្រូវបានរិះគន់ខ្លាំងអំពីការសម្លាប់លោក Jamal Khashoggi អ្នកកាសែតអារ៉ាប៊ីសាអូឌីត កាលពីឆ្នាំទៅមិញ នៅក្នុងក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
ប្រទេសវ៉េណេស៊ុយអេឡាក៏បានត្រូវកត់សម្គាល់ដែរអំពីប្រវត្តិសិទ្ធិមនុស្សអាក្រក់ក្រៃលែងរបស់ផងខ្លួន។
នៅក្នុង«របាយការណ៍អំពីការអនុវត្តន៍សិទ្ធិមនុស្សនៅក្នុងប្រទេសនានាក្នុង ពិភពលោកក្នុងឆ្នាំ២០១៨» ក្រសួងការបរទេសអាមេរិក ឲ្យដឹងថា ការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសទាំងឡាយដែលមានប្រវត្តិគួរឱ្យសង្វេគអំពីសិទ្ធិមនុស្សនៅតែមិនចុះថមថយទេ។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានលើកឡើងអំពីការប្រព្រឹត្តរបស់អាជ្ញាធរចិនទៅលើពួកជនអម្បូរភាគតិចគោរពសាសនាឥស្លាម។
លោកថ្លែងថា៖ «សព្វថ្ងៃនេះ ក្រុមជនអម្បូរ Uighur អម្បូរ kazakh និងអ្នកកាន់សាសនាឥស្លាមជាង១លាននាក់ ត្រូវបានឃុំឃាំងនៅក្នុងជំរំអប់រំ ដែលត្រូវបានរៀបចំឱ្យមានឡើង ដើម្បីបំបាត់អត្តសញ្ញាណខាងសាសនា និងខាងពូជសាសន៍របស់ពួកគេ»។
អាជ្ញាធរប្រទេសវ៉េណេស៊ុយអេឡាក៏ត្រូវបានរិះគន់ខ្លាំងអំពីការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការរឹតបន្តឹងសេរីភាពក្នុងការនិយាយស្តីបញ្ចេញមតិ និងការរឹតត្បិតលើការចូលរួមក្នុងវិស័យនយោបាយ។ លោក Michael Kozak នៃការិយាល័យខាងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងពលកម្ម បាននិយាយថា៖
«ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេស Venezuela អាក្រក់ណាស់។ ខ្ញុំយល់ថា មានការសំអាងលើឯកសារពិតប្រាកដនៅក្នុងសេចក្តីរាយការណ៍នេះ ហើយជាការពិត របាយការណ៍នេះនិយាយត្រឹមតែដំណាច់ឆ្នាំទៅមិញប៉ុណ្ណោះ ហើយស្ថានភាពនេះរឹតតែអាក្រក់ជាងមុនចាប់តាំងពីពេលនោះមក»។
ទោះបីជារបាយការណ៍នេះថ្កោលទោសរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ទាក់ទិននឹងការសម្លាប់អ្នកសារព័ត៌មាន Jamal Khashoggi កាលពីឆ្នាំទៅមិញក៏ដោយ ក៏សេចក្តីរាយការណ៍នេះមិនបានបង្ហាញឈ្មោះជនជាប់សង្ស័យធំជាងគេនោះទេ ដែលក្នុងករណីនេះ គឺព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman។
លោក Michael Kozak នៃក្រសួងការបរទេសអាមេរិក បានថ្លែងថា សហរដ្ឋអាមេរិកបានជំរុញប្រទេសអារ៉ាប៊ីសាអូឌីត ឱ្យស្វែងរកអ្នកទទួលខុសត្រូវលើការធ្វើឃាតនេះ។
លោក Michael Kozak បាននិយាយថា៖
«ក៏ប៉ុន្តែនៅពេលនេះការស៊ើបអង្កេតមិនទាន់ចប់សព្វគ្រប់ទេ។ ដូច្នេះ យើងស្ថិតនៅកណ្តាលខ្សែកុននេះ យើងសង្ឃឹមថា នឹងមានការពិតជាក់ស្តែងច្បាស់លាស់ជាងមុនដែលនាំឱ្យយើងដឹងថា នរណាជាអ្នកទទួលខុសត្រូវ និងនរណាមិនទទួលខុសត្រូវ ហើយយើងនឹងចាត់វិធានការតាមនោះ»។
លោក Pompeo បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកប្រមូលឯកសារអំពីការរំលោភលើសិទ្ធិមនុស្សប្រព្រឹត្តដោយប្រទេសជាមិត្ត «ដូចគ្នា» នឹងប្រទេសទាំងអស់ដែរ។
«គោលដៅរបស់យើង គឺរកឱ្យឃើញឧបសគ្គខាងសិទ្ធិមនុស្ស ហើយប្រើប្រាស់ឥទ្ធិពលនិងអំណាចអាមេរិក ដើម្បីជំរុញប្រទេសជាតិទាំងអស់ឆ្ពោះទៅកាន់ការអនុវត្តន៍សិទ្ធិមនុស្សឱ្យបានល្អប្រសើរជាងមុន និងទៀងទាត់ជាងមុនផងដែរ»។
ករណីមានការយកចិត្តទុកដាក់ច្រើនអំពីលោកស្រី Nasrin Sotoudeh មេធាវីសិទ្ធិមនុស្សអ៊ីរ៉ង់ ក៏បានត្រូវបង្ហាញនៅក្នុងរបាយការណ៍នេះដែរ។ លោកស្រី Sotoudeh បានត្រូវចាប់ខ្លួនកាលពីខែមិថុនា ហើយបានត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ៣៨ឆ្នាំនិងត្រូវវាយដោយរំពាត់១៤៨ខ្វាប់។
លោក Robert Palladino នៃក្រសួងការបរទេសអាមេរិក បាននិយាយថា៖
«ការវិនិច្ឆ័យទោសនេះហួសពីភាពព្រៃផ្សៃ។ ឧក្រិដ្ឋកម្មរបស់លោកស្រី Sotoudeh គឺការពារសិទ្ធិស្ត្រីអ៊ីរ៉ង់ និងការពារស្ត្រីអ៊ីរ៉ង់ឯទៀតៗ ដែលរបបគ្រប់គ្រងប្រទេសអ៊ីរ៉ង់បានចាប់ខ្លួនអ្នកស្រី ដោយសារតែអ្នកស្រីបានធ្វើបាតុកម្មដោយសន្តិវិធីប្រឆាំងនឹងច្បាប់ដែលតម្រូវដាច់ខាតឱ្យស្ត្រីប្រើកន្សែងរុំក្បាលកុំឱ្យគេឃើញសក់ដែលហៅថា hijab»។
ពួកអ្នករិះគន់និយាយថា របាយការណ៍អំពីសិទ្ធិមនុស្សរបស់រដ្ឋាភិបាលអាមេរិកមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ អំពីការរំលោភដែលមានផលប៉ះពាល់ដោយគ្មានសមាមាត្រទៅលើស្ត្រីនិងនារីទេ៕
ប្រែសម្រួលដោយ ឈឹម សុមេធ