ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​សិទ្ធិ​មនុស្ស​៖ រដ្ឋាភិបាល​ប៊ូរុនឌី​មិន​ចាប់​អារម្មណ៍​លើ​កិច្ច​ចរចា​សន្តិភាព


រូប​ឯកសារ៖ លោក Pierre Nkurunziza ប្រធានាធិបតី​ប៊ូរុនឌី​ ស្បថ​ចូល​កាន់​តំណែង​សម្រាប់​អាណត្តិ​ទី​៣​នៅ​ក្នុង​សភា​ នៅរដ្ឋ​ធានី​ប៊ូយ៉ាំប៊ូរ៉ា​ ​ ប្រទេស​ប៊ូរុនឌី​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា​ ឆ្នាំ​២០១៥។​

ទីក្រុង​ Arusha នៃ​ប្រទេស​តង់សានី​ (Tanzania) គឺ​ជា​ទីតាំង​ដែល​នឹង​ត្រូវ​មាន​កិច្ចចរចា​សន្តិភាព​រវាង​រដ្ឋាភិបាល​ប្រទេស​ប៊ូរុនឌី​ និង​ក្រុម​ប្រឆាំង​នៅ​ថ្ងៃ​ទី​៦​ មករា​ បន្ទាប់​ពី​ការពិភាក្សា​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​មុន​ នៅ​ប្រទេស​អ៊ូហ្គង់ដា​ (Uganda)​ ។ ប៉ុន្តែ​កិច្ច​ចរចា​ត្រូវ​បាន​លុប​ចោល​វិញ ដោយ​គ្មាន​ការកំណត់​សារជាថ្មី​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ។

ទីក្រុង​ Arusha នៃ​ប្រទេស​តង់សានី​ (Tanzania) គឺ​ជា​ទីតាំង​ដែល​នឹង​ត្រូវ​មាន​កិច្ចចរចា​សន្តិភាព​រវាង​រដ្ឋាភិបាល​ប្រទេស​ប៊ូរុនឌី​ និង​ក្រុម​ប្រឆាំង​នៅ​ថ្ងៃ​ទី​៦​ មករា​ បន្ទាប់​ពី​ការពិភាក្សា​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​មុន​ នៅ​ប្រទេស​អ៊ូហ្គង់ដា​ (Uganda)​ ។

ប៉ុន្តែ​កិច្ច​ចរចា​ត្រូវ​បាន​លុប​ចោល​វិញ ដោយ​គ្មាន​ការកំណត់​សារជាថ្មី​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ។ ការណ៍​នេះ​បាន​បន្ថែម​បញ្ហា​សម្រាប់​ប្រទេស​ប៊ូរុនឌី​ ដែល​កំពុង​ជួប​ប្រទះ​ភាព​ចលាចល​ចាប់​តាំង​ពី​ខែ​មេសា​ឆ្នាំ​មុន។​

លោកស្រី Carina Tertsakianគឺ​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watch ​អំពី​ប្រទេស​ប៊ូរុនឌី​និង​ប្រទេស​រវ៉ាន់ដា (Rwanda)​។

«ប៉ុន្តែ​វា​ពិត​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​សោកស្តាយ​ ដែល​ភាគី​នីមួយៗ​មិន​អាច​មក​ជួប​គ្នា​ពិភាក្សា​បាន​ ហើយ​ខ្ញុំ​អាច​និយាយ​បាន​ថា​ ភាគី​រដ្ឋាភិបាល​ហាក់​បី​ដូច​ជា​មិន​ទទួល​ស្គាល់​ពី​ភាព​ចាំបាច់​នៃ​ការចាត់​វិធានការ​បន្ទាន់​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា។»

លោកស្រី​ Tertsakian​ បាន​កត់​សម្គាល់​ឃើញ​ថា​ អំពើ​ហិង្សា​ត្រូវ​បាន​ប្រព្រឹត្តិ​ដោយ​ភាគី​ទាំង​សង​ខាង​ គឺ​រដ្ឋាភិបាល​និង​ក្រុម​ប្រឆាំង​ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​តែ​ទទួល​ស្គាល់​ចំពោះ​តួនាទីរបស់​ខ្លួន។

​«ជា​ពិសេស រដ្ឋាភិបាល​មិន​បាន​ទទួល​ខុស​ត្រូវ​ទេ​ ចំពោះ​ការប្រើប្រាស់​កងកម្លាំង​សន្តិសុខ​ដែល​បាន​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​នាក់​ ចាប់​តាំង​ពី​វិបត្តិ​នេះ​បាន​កើត​ឡើង​។ ផ្ទុយ​ទៅ​វិញ​ រដ្ឋាភិបាល​បាន​ដាក់​កំហុសទាំង​ស្រុង​ទៅ​លើ​ក្រុម​ប្រឆាំង​ចំពោះ​ការសម្លាប់​ទាំង​អស់​ ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​ប៊ូរុនឌី បើ​ទោះ​បី​ជា​មាន​ភស្តុតាង​បាន​បង្ហាញ​ផ្ទុយ​ពី​នេះ​ក៏​ដោយ។»

កាល​ពី​ខែ​មុន​ សហភាព​អាហ្វ្រិក​បាន​ប្រកាស​ថា​ ខ្លួន​នឹង​បញ្ចូន​កងរក្សា​សន្តិភាព​ចំនួន​៥០០០​នាក់ទៅ​ប្រទេស​ប៊ូរុនឌី​ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា។ លោក​ប្រធានាធិបតី​ Pierre Nkurunziza បាន​ឆ្លើយ​តប​ថា​ ៖ «អ្នក​រាល់​គ្នា​ត្រូវ​តែ​គោរព​អធិបតេយ្យភាព​ប្រទេស​ប៊ូរុនឌី។» លោក​បាន​បន្ថែម​ថា​ បើ​មិន​ដូច្នេះ​ទេ​នោះ​ ប្រទេស​ប៊ូរុនឌី​នឹង​ចាត់​ទុក​ថា​ ខ្លួន​កំពុង​រង​ការវាយ​ប្រហារ ហើយ​នឹង​វាយ​តបត​វិញ។​

មាន​មនុស្ស​ជា​ច្រើន​សង្ឃឹម​ថា​ ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​នឹង​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​បន្ត​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្នុង​ទីក្រុង ​Arusha ប៉ុន្តែ​ចំពោះ​លោក​ Thierry Vircoulon ដែល​ជា​ប្រធាន​គម្រោង​អាហ្វ្រិក​កណ្តាល​នៃអង្គការ​វិបត្តិ​អន្តរជាតិ​បាន​និយាយ​ថា​ ការណ៍នោះ​គឺ​គ្រាន់​តែ​ជា​ការគំរាម។​

​«ខ្ញុំ​គិត​ថា​ការពិត​ទៅ​ សហភាព​អាហ្វ្រិក​បាន​គំរាម​ប្រទេស​ប៊ូរុនឌី​តាម​រយៈ​ការបញ្ចូន​កងកម្លាំង​រក្សា​សន្តិភាព​ដែល​ខ្លួន​មិន​មាន​ ​ដូច្នេះ​ការគំរាម​នោះ​គឺ​មិន​គួរ​ឲ្យ​ជឿ​ទាល់​តែ​សោះ​... ខ្ញុំ​ចង់​បាន​ន័យ​ថា មាន​បញ្ហា​ចំនួន​២។ បញ្ហា​ទី១​ គឺការ​អនុម័ត​ផ្នែក​នយោបាយ​ដោយ​រដ្ឋ​ដែល​ជា​សមាជិក​។ បញ្ហា​ទី​ពីរ​នោះ​គឺ​កងកម្លាំង​រក្សា​សន្តិភាព​នោះ​គឺ​មិន​មាន​នោះ​ទេ។​»

លោក​ Vircoulon និយាយ​ថា​លោក​មិន​មាន​ជំនឿ​ថា​ មន្រ្តី​រដ្ឋាភិបាល​មាន​ទឹក​ចិត្ត​ក្នុង​ការចរចា​នោះ​ទេ​ បើ​ទោះ​បី​ជា​មាន​សកម្មភាព​ណា​មួយ​ដែល​សហគមន៍​អន្តរជាតិ​ខិតខំ​ព្យាយាម​ធ្វើ​ដើម្បី​ដោះ​ស្រាយវិបត្តិ​នេះ​ក្តី។

​«បើ​ទោះ​បី​ជា​របប​នយោបាយ​នេះ​កំពុង​មាន​ភាពតានតឹង​ក៏​ដោយ​ ជាពិសេស​ភាព​តានតឹង​ផ្នែកហិរញ្ញវត្ថុ​ ពួក​គេ​មិន​បាន​ផ្លាស់​ប្តូរ​ទៅ​មុខ​។ ពួកគេ​មិន​បាន​ធ្វើ​សម្បទាន​ណា​មួយ​ ឬ​ក៏​អ្វី​ទាំង​អស់។ ហើយ​ដោយ​សារ​តែ​ពួក​គេ​គឺ​ជា​ក្រុម​ជ្រុល​និយម​ ដូច្នេះ​ពួកគេ​បាន​ត្រៀម​ខ្លួន​សម្រាប់​ទីបញ្ចប់​រួច​ទៅ​ហើយ...ហើយ​ប្រសិន​បើ​ពួកគេ​មិន​ស្ថិត​នៅ​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង​ណា​មួយ​ទេ​ ពួកគេ​នឹង​មិន​ផ្លាស់​ប្តូរ​អ្វី​ទាំង​អស់។»

កិច្ច​ពិភាក្សា​នោះ​មាន​គោល​បំណង​ជួយ​កាត់​បន្ថយ​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ប៊ូរុនឌី​ ដែល​មាន​មនុស្ស​យ៉ាង​តិច​៤០០​នាក់​ត្រូវ​បាន​សម្លាប់​ចាប់​តាំង​ពី​លោក​ Nkurunziza បាន​ប្រកាស​កាល​ពី​ខែ​មេសា​ថា លោក​នឹង​បន្ត​ការឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី​៣​ដ៏​មាន​ភាព​ចម្រូង​ចម្រាស​។ លោក​បាន​ឈ្នះ​ការបោះ​ឆ្នោត​ម្តង​ទៀត​កាល​ពី​ខែ​កក្កដា​ ដែល​ការបោះ​ឆ្នោត​នោះ​ត្រូវ​បាន​គណបក្ស​ប្រឆាំង​ធ្វើ​ពហិការ​មិន​ចូលរួម៕

​ប្រែ​សម្រួល​ដោយ​៖ នូវ​ ពៅ​លក្ខិណា

XS
SM
MD
LG