អ្នកនាំពាក្យរបស់កងយោធាបានថ្លែងកាលពីថ្ងៃសៅរ៍ថា ប្រជាជនចំនួន៨៧នាក់ រួមមានទាំងកងកម្លាំងសន្តិសុខចំនួន៨នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃការវាយប្រហារដែលមានការពាក់ព័ន្ធគ្នាទៅលើទីបញ្ជាការយោធាចំនួន៣កន្លែងនៅក្នុងរដ្ឋធានីនៃប្រទេសប៊ូរុនឌី។
លោកវរសេនីយ៍ឯក Gaspard Baratuza បានមានប្រសាសន៍ថា តួលេខចុងក្រោយនៃការវាយប្រហារទាំង៣កាលពីថ្ងៃសុក្របានធ្វើឲ្យសត្រូវចំនួន៧៩នាក់ស្លាប់ ចាប់បាន៤៥នាក់ និងរឹបអូសបានអាវុធចំនួន៩៧គ្រឿង រីឯយោធា និងប៉ូលិសរបស់រដ្ឋាភិបាលចំនួន៨នាក់ត្រូវបានសម្លាប់ និង២១បានរងរបួស។
នៅក្នុងហេតុការណ៍មួយផ្សេងទៀត គេបានរកឃើញសាកសពយ៉ាងហោចណាស់ចំនួន២០ នៅតាមដងផ្លូវនានាក្នុងរដ្ឋធានីនៃប្រទេសប៊ូរុនឌីកាលពីថ្ងៃសៅរ៍។
គេបានរកឃើញ សាកសពទាំងអស់នោះនៅក្នុងតំបន់ Nyakabiga ក្នុងរដ្ឋធានី Bujumbura។ មិនទាន់មានព័ត៌មានច្បាស់ការអំពីថាតើនរណាជាអ្នកសម្លាប់ប្រជាជនទាំងនោះនៅឡើយទេ។
សាក្សីម្នាក់នៅកន្លែងកើតហេតុបាននិយាយថា ជនរងគ្រោះមួយចំនួនត្រូវបានគេចងដៃទាំង២មកក្រោយ៕